Reading Article
Public date : 29, Jul 2019 (8,398 Read)
ជានអជាប្បញ្ហា

|
ជានអជាប្បញ្ហា
(រវាងអ្នកដែលដឹងបុណ្យបាបនិងអ្នកមិនដឹង ពេលធ្វើបាបតើអ្នកណាបាបធ្ងន់ជាង)? ការដែលលើកយកបញ្ហានេះមកសម្ដែង ព្រោះខ្ញុំធ្លាប់ឬពពួកជនខ្លះតែងជជែកគ្នាជារឿយៗ ប៉ុន្តែនៅតែមិនដាច់ស្រេចសោះ ហើយក្នុងពេលនេះខ្ញុំក៏មិនចាំបាច់ពន្យល់ឲ្យពិស្ដារទេ សូមមិត្តអ្នកអាចសិក្សាការសន្ទនាសាកច្ឆា រវាងស្ដេចមិលិន្ទ្រារាជ និង ព្រះនាគសេនត្ថេរ ដូចតទៅៈ ព្រះបាទមិលិន្ទ្រៈ ស្ដេចទ្រង់សួរទៅព្រះនាគសេនត្ថេរថាៈ បពិត្រព្រះថេរៈដ៏ចម្រើន ជនពីរនាក់ ជនម្នាក់ជាអ្នកចេះដឹងស្គាល់បុណ្យបាប ហើយទៅប្រព្រឹត្តធ្វើអំពើបាប ជនម្នាក់ទៀតជាអ្នកមិនចេះដឹងមិនស្គាល់បុណ្យបាបទេ ហើយទៅប្រព្រឹត្តធ្វើបាបកម្មដូចគ្នា បណ្ដាជនទាំងពីរនោះ តើជនណាបានដល់បាបច្រើនជាងជនណាលោកម្ចាស់? ព្រះនាគសេនត្ថេរថ្វាយព្រះពរថា បពិត្រសម្ដេចមហារាជជំនុំជនទាំងពីរនោះ ជនណាដែលមិនចេះដឹង ជាអ្នកល្ងង់ខ្លៅហើយទៅធ្វើបាបកម្ម ជននោះបានផលបាបច្រើនជាងអ្នកដែលចេះដឹងសូមទ្រង់ជ្រាប។ មៈ បពិត្រព្រះថេរៈដ៏ចម្រើន បើដូច្នោះទោសនោះប្លែកគ្នានឹងទោសក្នុងបច្ចុប្បន្ននេះលោកម្ចាស់ ឯទោសក្នុងបច្ចុប្បន្ននេះថា បើជនណាជារាជបុត្រ ឬជារាជមហាអាមាត្យ ជាអ្នកដឹងកាលខុសត្រូវ ធ្ងន់ស្រាល ហើយទៅប្រព្រឹត្តធ្វើអំពើអាក្រក់ផ្សេងៗឲ្យខុសចាករាជប្បញ្ញតិហើយ យើងខ្ញុំត្រូវដាក់ទោសដាក់ទណ្ឌកម្មដល់ជនទាំងនោះ ជាទ្វេគុណលោកម្ចាស់។ នៈ បពិត្រសម្ដេចមហារាជ ចុះព្រះអង្គទ្រង់ព្រះយោបល់ឈ្វេងយល់ក្នុងសេចក្ដីនេះដូចម្ដេចទៅ អាត្មាភាពនឹងប្រៀបជាសេចក្ដីថ្វាយឲ្យជាក់ច្បាស់ថា ដូចជាជនពីរនាក់ ជនម្នាក់ជាអ្នកល្ងង់ខ្លៅ មិនដឹង មិនស្គាល់នូវដុំដែកមានភ្លើងកំពុងឆេះក្រហមរន្ទាលច្រាលឆ្អៅ គួរឲ្យញញើតស្ងើបជាពន្លឹកពេក ហើយជននោះយកដៃទៅចាប់កាន់ដោយស៊ប់សួនចំពោះដុំដែកនោះ ដោយសេចក្ដីយល់ខុសថាជាវត្ថុឯទៀតផ្សេង ឯជនម្នាក់ទៀតជាអ្នកដឹងប្រាកដថា ដុំក្រហមនោះចំពោះជាដុំដែកមានភ្លើងកំពុងឆេះក្រហមរន្ទាលច្រាលឆ្អៅ តែត្រូវការនឹងលូកទៅឆាប់យកដុំដែកនោះដែរក៏បណ្ដាជនទាំងពីរនាក់នោះ តើជនណានឹងត្រូវគ្រោះរលាករលួយដៃនោះច្រើនជាងជនណា មហាបពិត្រ? មៈ បពិត្រលោកម្ចាស់ដ៏ចម្រើន ជនណាដែលមិនដឹង មិនស្គាល់នូវដុំដែកក្ដៅហើយ យកដៃទៅចាប់កាន់ដោយស៊ប់សួនជននោះនឹងត្រូវកំដៅក្ដៅខ្លាំងដល់រលាករលួយដៃមិនខាន សូមលោកម្ចាស់ជ្រាប។ នៈ បពិត្រមហារាជ សេចក្ដីនេះគួរនាដូចម្ដេចមិញថាមានគួរនាដូចជាជនដែលជាអ្នកដឹងការខុសត្រូវធ្ងន់ស្រាលហើយទៅប្រព្រឹត្តធ្វើអំពើអាក្រក់ ជននោះឯងនឹងបានផលបាបច្រើនជាងអ្នកដែលចេះដឹងនោះ សូមស្ដេចជ្រាប។ មៈ លោកម្ចាស់ប្រសប់ប្រៀបប្រាយអធិប្បាយ ជាសេចក្ដីងាយស្ដាប់ពេកណាស់។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |