Reading Article
Public date : 27, Jul 2019 (22,942 Read)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន

|
មនុស្សដែលកើតមកក្នុងលោកគ្រប់រូប ត្រូវតែធ្វើការងារ ដើម្បីចិញ្ចឹមជីវិតរៀងខ្លួន, យើងអាស្រ័យនៅក្នុងលោក មិនធ្វើកិច្ចការអ្វីមិនបានជាដាច់ខាត ព្រោះកិច្ចការរបស់មនុស្ស បីដូចជាតួចក្រឬកង់យ៉ាងធំសម្បើមអស្ចារ្យ ដែលអាចធ្វើឲ្យមនុស្សលោកវិលទៅកាន់សេចក្ដីចម្រើនឥតអាក់រាប់ចាប់ តាំងពីបុរាណ ដរាបមកដល់សម័យបច្ចុប្បន្ន ។ មនុស្សសម័យបុរាណបានចាប់ផ្ដើមធ្វើការត ៗ គ្នាមកហើយ រាប់រយរាប់ពាន់ឆ្នាំ ទើបលោកយើងបានដុះដាលចម្រើនដូចសម័យសព្វថ្ងៃនេះ។
តាមដោយពិតកិច្ចការស្នាដៃរបស់មនុស្សទេតើ ដែលជាតួចក្រយ៉ាងសំខាន់ សម្រាប់ឯកជន ឬមហាជន ឬសង្គម ឬសម្រាប់ប្រទេសជាតិ រហូតដល់ពិភពលោកទាំងមូល ដែលយើងអាស្រ័យនៅសព្វថ្ងៃនេះ ។ ហេតុនេះ ទើបយើងមើលឃើញជាក់ច្បាស់ថា ក្នុងលោកនេះ គ្មានមនុស្សនៅទំនេរទេ សុទ្ធតែមានការងារទៅតាមសភាពរៀងៗខ្លួន កាលយើងនៅតូចយើងក៏ធ្វើការផ្សេងៗ មានស៊ីផឹក, ដេក, ដើរ, ឈរ, អង្គុយ, យំ, សើច ។ល។ ដល់ចម្រើនវ័យធំបន្តិចឡើង យើងក៏ធ្វើការសិក្សារៀនសូត្រ ហាត់លោត, ហាត់រត់, ហាត់ហែលទឹក ។ ល ។ ដល់មានអាយុគ្រប់នីតិភាព យើងត្រូវធ្វើការចិញ្ចឹមជីវិតអាត្មានឹងគ្រួរសាទៅទៀត ។ ការធ្វើរបរចិញ្ចឹមជីវិតនឹងការគ្រប់គ្រងរក្សាគ្រួសារ ជាភាសវៈប្រចាំរបស់មនុស្សគ្រប់រូបដោយពិត ។ ខួរក្បាលនឹងសេចក្ដីឈ្លាសវៃ ព្រមទាំងសេចក្ដីព្យាយាមរបស់មនុស្សទេតើ ដែលធ្វើឲ្យពិភពលោកដ៏ធំទូលាយមហិមានេះ សមជាទីស្នាក់នៅនៃមនុស្សលោក ។ សេចក្ដីចំរើនដែលហៅថា អារ្យធម៌របស់លោកជាផលដែលបានមកពីខួរក្បាលនឹងសេចក្ដីប្រឹងប្រែង ធ្វើការរបស់មនុស្សទាំងអស់ ។ គ្រប់យ៉ាងក្នុងលោក តែងតែមានការប្រែប្រួលជានិច្ចគ្រប់ៗនាទី ។ មនុស្សសម័យបុរាណ មានគំនិតចង់ហោះហើរដើរធ្យានលើវេហាស៍ដូចជាបក្សី ។ មានគំនិតគិតចង់បង្កើតយានជំនិះវិសេសផ្សេងៗ មកហើយ ដូចមានសេចក្ដីដំណាលពីមនោភាពរបស់មនុស្ស ក្នុងសាស្រ្តាល្បែងនានា មានរឿងហង្សយន្ត ឬភួងម៉ាល័យជាដើម។ គំនិតគិតស្មានរបស់មនុស្សសម័យជាន់ដើម ក្លាយទៅជាការពិតឡើងក្នុងសម័យជាន់ក្រោយនេះ ដូចជាយានជំនិះយ៉ាងវិសេស ៗ ទាំងខាងជើងទឹក ទាំងខាងជើងគោក ទាំងឃាងអាកាស ដូចរថយន្ត, រថភ្លើង, កប៉ាល់, យន្តហោះ សម្រាប់ពង្រួញផ្លូវគមនាគមន៍ឲ្យខ្លីចុះ អាចទៅបានគ្របិទិសទីក្នុងលោក ។ ខាងការជូនដំណឹងគ្នាទៅវិញទៅមក ហាក់ដូចជាយើងបានសម្រេចវិជ្ជាភ្នែកទិព្វ ត្រចៀកទិព្វទាន់ចិត្ត ដូចទូរស័ព្ទទូរលេខនឹងវិទ្យុជាដើម ។ ផ្នែកខាងការរីករាយកំសាន្តចិត្តក្នុងវេលារាត្រីវិញក៏មានភាព យន្ត ( កុនស្រមោល ) នឹងវិទ្យុភាពយន្ត ហើយមកក្នុងសម័យបរមាណូនេះ វិជ្ជាការរបស់មនុស្សរឹងរឹតតែចំឡែកអស្ចារ្យណាស់ទៅទៀត ដូចជាគ្រាប់បែកបរមាណូនឹងវត្ថុសព្វសារពើ ដែលធ្វើពីរិទ្ធិ៍បរាណូ សុទ្ធសឹងតែអស្ចារ្យណាស់ ។ ហើយអំណើះតទៅខាងមុខទៀត អាចកើតអស្ចារ្យចំឡែកប្លែក ៗ ថ្មី ៗ ទៀត ។ ច្រើនលើសលន់គណនា ដែលសម្រេចដោយបញ្ញានឹងស្នាដៃរបស់មនុស្សមិនខាន ។ ក្នុងចំណោមពួកអ្នកជញ្ជឹងរំពឹងគិតចង់រៀបចំ ពិភពលោកឲ្យបានចម្រើនរុងរឿង ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត បើពោលដោយភាគច្រើន គឺពួកអ្នកប្រាជ្ញវិទ្យាសាស្រ្ត ដែលបានខំប្រឹងកសាងសេចក្ដីចម្រើននឹងការស្រួលសប្បាយ ដល់មនុស្សជាតិផងគ្នា ។ មានជួនកាល លោកអ្នកនឹកស្មានថា គំនិតពួកអ្នកប្រាជ្ញវិទ្យសាស្រ្ត ជាគំនិតឥតហេតុផលហួសវិស័យមនុស្សលោក តមកសម័យខាងក្រោយ ក្លាយទៅជាការពិតជាក់ស្ដែងឡើង ពិភពលោកទើបប្រដាប់ប្រដាដោយរបស់ចំឡែក ៗ ច្រើនជាអនេកប្រការ គួរឲ្យអស្ចារ្យណាស់ ដែលជាផលកើតឡើងដោយសតិបញ្ញានឹងស្នាដៃរបស់អ្នកប្រាជ្ញ វិទ្យាសាស្រ្តដោយភាគច្រើនបំផុត។ កាលបើយើងសំឡឹងមើលជុំវិញខ្លួនយើង ហើយសួរខ្លួនឯងថា នរណាជាអ្នកសាងវត្ថុផ្សេង ៗ អស់ទាំងនោះឡើង អ្នកណាកសាងរថយន្ត, រថភ្លើង, ភ្លើងអគ្គិសនី, យន្តហោះជាដើម អ្នកណាជាអ្នកគិតផ្សំថ្នាំបំបាត់រោគនានា, អ្នកណាជាអ្នកគិតប្រឌិតផលិតភ័ណ្ឌ អំពីវត្ថុឥតដំឡៃនានាឲ្យទៅជារបស់មានប្រយោជន៍ ត្រាតែយើងមានគ្រឿងប្រើប្រាស់ប្លែក ៗ ច្រើនជាអនេកអនន្ត, យើងអាចតបដោយខ្លួនឯងថា ពួកអ្នកប្រាជ្ញវិទ្យាសាស្រ្តអស់នោះហើយដែលបានប្រសិទ្ធិ៍ និរមិត្តវត្ថុអស់នោះឲ្យកើតឡើង ។ អ្នកប្រាជ្ញវិទ្យាសាស្រ្តទាំងឡាយ មិនបានប្រាថ្នាផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្មានទេ ដោយយល់ឃើញហើយប្រកាន់ថា កាលបើកើតមកជាមនុស្ស ត្រូវតែបំពេញមុខក្រសួងរបស់មនុស្សគឺជួយគ្នាព្រួតដៃគ្នាគ្រប់ គ្រងពិភពលោកឲ្យបានចំរើន ប្រកបដោយបកតិសុខយ៉ាងធំទូលាយ ។ ដោយហេតុពួកអ្នកប្រាជ្ញវិទ្យសាស្រ្ត មានបំណងចំពោះផលចំរើនដោយរួបរួមគ្នានេះ ទើបយើងគួរចារិករំលឹកគុណ របស់បុគ្គលដែលធ្វើសារប្រយោជន៍ដល់លោកគ្រប់ខណៈ។ ផលសម្រេច ដែលជួយស្ទួយមនុស្ស ឲ្យមានកេរ្តិ៍ឈ្មោះនឹងកិត្តិយសល្បីល្បាញ ព្រមទាំងធ្វើឲ្យប្រទេសជាតិចំរើនរុងរឿងឡើង នេះនាំឲ្យយើងយល់ថា ផលសម្រេចជារបស់សំខាន់ក្រៃលែង ប៉ុន្តែការដែលនឹងញ៉ាំងផលសម្រេចរបស់ខ្លួន ឲ្យបានដល់គោលបំណងនោះ លុះតែអាស្រ័យសមត្ថភាពក្នុងការងារជាគោលសំខាន់ ។ រដ្ឋបុរសរាល់រូប អ្នកប្រាជ្ញវិទ្យាសាស្រ្តរាល់គ្នានឹងពួកអ្នកសិល្បៈករ បានខំព្យាយាមយ៉ាងម៉ឺងម៉ាត់ ដើម្បីញ៉ាំងការដែលខ្លួនធ្វើនោះឲ្យបានសម្រេចជារូបរាងឡើង។ តាមធម្មតា មនុស្សយើងមានអំណាចមួយ ដែលធម្មជាតិបានប្រគល់ឲ្យមក តាំងពីកំណើតគឺខួរក្បាល ។ មនុស្សដែលមានខួរក្បាល រមែងមានសតិបញ្ញាសម្រាប់ត្រិះរិះរកហេតុផល ចំពោះរបស់ដែលមាននៅជុំវិញខ្លួនយើង ព្រមទាំងគោលការណ៍សម្រាប់ការពិចារណាព្រឹត្តិការណ៍បានជាក់ច្បាស់, ដំណើរនេះធ្វើឲ្យមនុស្សជាតិ មានភាវៈខ្ពង់ខ្ពស់ជាងសព្វសត្វទាំងឡាយយ៉ាងត្រដែតត្រដឹម ។ ផលសម្រេចគ្រប់ចំណែកដែលមាននៅក្នុងលោកនេះ កើតមកអំពីស្នាដៃរបស់មនុស្សទាំងអស់ចំណែកខាងសព្វសត្វទាំងឡាយ គ្រាន់តែជាគូដៃ ឬជាគ្រឿងឧបករណ៍មួយយ៉ាង ដែលមនុស្សប្រើប្រាជ្ញាឈ្លាសវៃរបស់ខ្លួន យកមកបង្ហាត់ប្រើការជាប្រយោជន៍ដល់មនុស្សផងគ្នា ។ មនុស្សជាតិនេះជាអ្នកគ្រប់គ្រងពិភពលោកមកហើយរាប់សែនរាប់លាន ឆ្នាំ ហើយនឹងតាំងនៅក្នុងលោកដរាបដល់លោកបែកធ្លាយទំលាយទៅវិញ ។ កាលបើយើងដឹងថា មនុស្សជាតិត្រូវបានគ្រប់គ្រងលោកដូច្នេះ ទើបត្រូវតែយើងដែលជាមនុស្សគ្រប់ ៗ រូប ប្រើសមត្ថភាពក្នុងការគ្រប់គ្រងលោក ដោយការធ្វើឲ្យកើតសន្តិសុខព្រមទាំងអារ្យធម៌ថ្លៃថ្នូរដល់លោកបាន ដល់ការធ្វើខ្លួនឲ្យមានប្រយោជន៍ដល់លោករួបរួមគ្នា។ សេចក្ដីសម្រេចគ្រប់យ៉ាង កើតមកពីគំនិតមានបំណងមុតមាំ ជាមូលដ្ឋានដ៏សំខាន់ ។ កាលពីមួយរយឆ្នាំមុននេះ ឬមុននោះឡើងទៀត គ្មាននរណាគិតនឹកថា មនុស្សយើងអាចហោះហើរបាន ឬមានយន្តហោះអណ្ដែតលឿនទៅក្នុងអាកាសបាន ជាយានយ៉ាងវិសេស មានសន្ទុះលឿនស្លៅគួរឲ្យអស្ចារ្យ ជាការពង្រួញផ្លូវគមនាគមន៍យ៉ាងឆ្ងាយណាស់ ដែលពីដើមត្រូវធ្វើដំណើររាប់ខែឬឆ្នាំទើបទៅដល់ ឥឡូវនៅត្រឹមតែរាប់ម៉ោងឬរាប់ថ្ងៃប៉ុណ្ណោះ ។ ក្នុងទឹកមានកប៉ាល់កាណូតជាដើម ប្រើជាយានយ៉ាងលឿនស្លៅមិនបាច់ប្រើចែវច្រវា ថ្នោលឬក្ដោង ។ លើគោក មានរថយន្ត រថភ្លើង ប្រើបានរហ័សស្រួលសប្បាយជាអនេក ជាជំនួសរថសេះ ឬរទេះគោ ឬដំរី ។ ក្រៅអំពីនេះនៅមានគ្រឿងឧស្សាហកម្មផ្សេង ៗ ទៀត ដូចជាឧស្សាហកម្មតម្បាញការដេរប៉ាក់ ដោយយន្ត ពួកអ្នកគិតប្រឌិតវត្ថុអស់នេះដំបូងបំផុតនោះ ត្រូវនាំគ្នាសើចចំអកឡកឡឺយ ហើយយល់ថា ជាគំនិតឆ្កួតរវើរវាយឥតខ្លឹមសារ ។ ដរាបដល់ពួកអ្នកដែលធ្វើគ្រឿងភាជនដីដុត ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ ក៏ត្រូវគេចោទបរិហារថាឆ្កួតផ្ដេសផ្ដាស ឬថាល្ងង់ល្ងឹតណាស់ ។ ប៉ុន្តែអ្នកដែលមានគំនិតដែលគិតប្រឌិត បានខំព្យាយាមរកវិធីធ្វើគ្រឿងភាជនដី ( ពែង, ចាន, កន្ថោរ, ) ត្រាដែលបានសម្រេចដូចបំណងនោះ តោងចាយវាយទ្រព្យសម្បត្តិស្ទើរតែអស់រលីងពីខ្លួន ហើយអស់ពេលវេលាស្រាវជ្រាវរកដល់ ១០ ឆ្នាំ ទើបបានសម្រេច ដូច្នេះទើបឃើញថាអ្នកដើមគំនិតដែលបានគិតប្រឌិតរបស់ប្លែក ៗ ឡើង ជាមនុស្សមានគំនិតមុតមាំមានព្យាយាមម៉ឺងម៉ាត់ណាស់។ ចិត្តិទ្ធិបាទជារបស់សំខាន់បំផុត ដែលអាចញ៉ាំងសេចក្ដីសម្រេចឲ្យបង្កើតឡើងបានដល់មនុស្សគ្រប់រូប ។ អ្នកធំ ៗ ឬរដ្ឋបុរស ត្រូវតែមានបំណងមុតមាំជាប្រធាន ទើបឋិតនៅក្នុងតំណែងសំខាន់ៗបាន ដោយបង្ហាញឲ្យឃើញសមត្ថភាពក្នុងការងារ ហើយអាស្រ័យសេចក្ដីព្យាយាមមិនរួញ ត្រាដែលបានទៅដល់ផលដែលខ្លួនប៉ុនប៉ងសំដៅទុក ទើបឃើញថា សេចក្ដីសម្រេចត្រូវអាស្រ័យហេតុ ២ ប្រការ គឺបំណងនឹងសេចក្ដីព្យាយាម បើខ្វះគុណធម៌ ២ ប្រការនេះ រមែងនឹងសម្រេចទៅបានដោយកម្រណាស់ ។ យើងគង់បានឃើញស្រាប់ហើយថា ហាងរានលក់ដូរឬក្រុមហ៊ុន ដែលលើកលែងធ្វើការជំនួញ ព្រោះខាតទុន ឬលក់ដូរមិនដាច់ ។ ការដែលហាងរាន ឬអ្នកចាត់ការមិនមានបំណងនឹងសេចក្ដីព្យាយាមមុតមាំ ក្នុងការលក់ដូរឲ្យបានចំរើនរុងរឿងត ៗ ទៅ មិនយកចិត្តទុកដាក់នឹងការទទួលបំរើប្រជាជន ដោយសុចរិតស្មោះត្រង់ទេ កិច្ចការខាងផ្លូវជំនួញក៏នឹងចំរើនលូតលាស់ទៅពុំបានដែរ។ ការមានមានះមុតមាំនឹងសេចក្ដីព្យាយាមមិនរួញរា ជាបច្ច័យយ៉ាងសំខាន់ក្នុងកិច្ចប្រកបការងារដែលខ្លួនចាប់ផ្ដើមធ្វើ ឡើងឲ្យបានសម្រេចដូចបំណង។ មានមនុស្សជាចំនួនច្រើន ដែលនឹកចង់ផ្ដើមធ្វើអ្វីក៏ចាប់ធ្វើការនោះទៅ តែគ្រាន់តែធ្វើទៅបានបន្តិច ក៏នឿយណាយរសាយសេចក្ដីព្យាយាមបន្តិចម្ដង ៗ ត្រាតែលែងធ្វើការដែលចាប់ផ្ដើមធ្វើពីដំបូងនោះ ។ នេះបញ្ជាក់ឲ្យឃើញថា គេខ្វះសេចក្ដីមានះ ដែលជាដើមហេតុនៃសេចក្ដីសម្រេចនុះឯង ។ គោលសំខាន់ដែលនឹងធ្វើការឲ្យសម្រេចទៅបាននោះនៅត្រង់សេចក្ដីមានះ ព្យាយាមមិនរួញរា យកជ័យជំនះចំពោះឧបស័គ្កនានាប្រការ ចុះដៃធ្វើរៀង ៗ ទៅមិនអាក់ខាន មុខជានឹងបានទទួលផលសម្រេចជាប្រាកដ ។ មានជនតាំងចិត្តធ្វើការមុតមាំក្នុងជាន់ដំបូង ដល់ចាប់ធ្វើការនោះបានបន្តិចទៅ បែរជាមានគំនិតរារែកកន្ធែកចិត្តលះបង់ការចាស់ចាប់ធ្វើការថ្មីត ទៅទៀត បុរាណលោកពោលទុកថា « ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា » រមែងមិនបានសម្រេចការអ្វីឲ្យបានជាផលប្រយោជន៍ចំពោះខ្លួន ឬចំពោះលោកឡើយ ។ ជនបែបនេះ ក៏មានឈ្មោះថាមនសិការៈចំពោះការងារនឹងសេចក្ដីព្យាយាមមិនរួញរាហ្នឹង ឯង។ គំនិតដែលគិតផ្សងតាមជោគជតា ធ្វើឲ្យមនុស្សមានសេចក្ដីរួញរាដោយយល់ថាខ្លួនឥតមានជោគវាស្នា ឬចួនកាលរងចាំមានជោគល្អសិនសឹមធ្វើការងារ ។ ការពិតនោះ ជោគវាស្នាហ្នឹងឯងមិនសូវជាសំខាន់ប៉ុន្មានទេ បើអ្នកណាគិតតែរង់ចាំជោគវាស្នាមានមក មុខជាអត់បាយស្លាប់មិនខាន ដូចមានរឿងនិទានបុរស ៣ នាក់ៈ ម្នាក់នោះគេបញ្ឆោតថា មានបុណ្យវាស្នានឹងបានគ្រងរាជជាក្ស័ត្រ ក៏គិតតែពីពឺតអង្គុយចាំដេកចាំរាជរថមកទទួលឲ្យទៅគ្រងរាជ សម្បត្តិ មិនគិតខ្វល់ខ្វាយធ្វើការងារត្រាតែអត់បាយស្លាប់ទៅ ។ ឯសម្លាញ់ពីរនាក់ទៀត ខំខ្វល់ខ្វាយធ្វើការងារ ព្រោះគ្រូទាយថា ឥតជោគវាស្នា គ្រាន់តែមានសម្បត្តិចាយវាយគ្រប់គ្រាន់ មិនរហេមរហាម ។ អ្នកខ្លះផ្សងជោគវាស្នាទិញឆ្នោតដែលមានផលយ៉ាងស្ដួចស្ដើងណាស់ ត្រឹម ១% ប៉ុណ្ណោះ ។ រឿងជោគជតារាសីរបស់មនុស្សយើងនេះ ជារបស់មិនគួរជឿទេ អ្នកដែលជឿគ្រូទាយ ក៏គិតតែដេកចាំជោគឥតធ្វើការអ្វី ជាពួកមិនគិតចេញទុនអ្វី គិតតែឲ្យខាងបានចំណេញតែម្យ៉ាង តើគំនិតនេះសមហេតុផលទេ? មានជនានុជនដោយច្រើន មិនសូវនឹកគិតរលឹកដល់ពេលវេលាដ៏មានដំឡៃរបស់ខ្លួន ដែលកន្លងរំលងទៅរាល់ ៗ ថ្ងៃ ដោយមិនបានធ្វើប្រយោជន៍អ្វី ។ ប្រសិនបើនឹកឃើញមុខជានឹកស្ដាយក្រោយច្រើនអ្នកខ្លះបណ្ដោយខ្លួន ឲ្យធ្លាក់ទៅក្នុងអបាយមុខ គិតតែខាងស៊ីផឹកដើរលេងសប្បាយទៅតាមរោងមហាស្រពផ្សេង ៗ រាល់ថ្ងៃ ។ ប្រសិនបើគេគិតថាគេកើតមកគិតតែពីខាងសប្បាយមួយមុខ ឥតគិតដល់កេរ្តិ៍ឈ្មោះកិត្តិយសឬសេចក្ដីចំរើន ឬវិនាស ក៏លើកទុកទៅចុះ ព្រោះមនុស្សជំពូកនេះ បើមានភាគច្រើនក្នុងលោក មុខជាធ្វើលោកទាំងមូលឲ្យទៅជាសត្វលោកមិនមែនជាមនុស្សលោកដូច សព្វថ្ងៃនេះទេ ប៉ុន្តែមនុស្សយើងគ្រប់រូប រមែងមានខួរក្បាលសម្រាប់ហាត់រៀនប្រើការជាប្រយោជន៍បានគ្រប់ខណៈ ហើយអត្ថប្រយោជន៍នេះ កាលបើកាន់តែលូតលាស់ចំរើនឡើង ៗ នឹងជួយបំពេញសេចក្ដីខ្វះខាតរបស់ប្រទេសជាតិ បានជាអនេកប្រការអ្នកដែលបានកសាងសេចក្ដីចំរើនដល់ប្រទេសជាតិ បានច្រើនត្រឹមណាកិត្តិយសនឹងកេរ្តិ៍ឈ្មោះក៏ចារិកជាប់នៅក្នុង ប្រវត្តិសាស្រ្តរបស់ជាតិ អស់កាលជាយូរអង្វែងដរាបនោះ ។ ហេតុដូច្នេះ ទើបយើងត្រូវចេះប្រើពេលទំនេររបស់យើង ឲ្យបានសម្រេចជាអត្ថប្រយោជន៍ដល់ខ្លួនយើង ដរាបដល់វង្សត្រកូលប្រទេសជាតិរបស់យើង សូម្បីក្នុង ១ ថ្ងៃត្រឹម ១ ម៉ោង មួយខែ ៣០ ម៉ោង មួយឆ្នាំ ៣៦៥ ម៉ោង ចុះដល់ ១០ ឆ្នាំទៅ តើប៉ុន្មានម៉ោង? - ការសិក្សារបស់ក្មេងក្នុង ១ ឆ្នាំ ជាង ១.០០០០ ម៉ោង ប៉ុណ្ណោះ ក៏អាចញ៉ាំងផលសម្រេចជាអនេកប្រការរាល់ ៗ ឆ្នាំ ។ បើលោកចេះប្រើពេលទំនេររបស់លោក ត្រឹម ១ ថ្ងៃ ១ ម៉ោង ឬ ២ ម៉ោង សម្រាប់ការសិក្សា លោកក៏នឹងមានចំណេះ កើនចំរើនឡើងមិនមែនតិចឡើយ មានឧទាហរណ៍ដូចវិញ្ញូជន ដែលចេះប្រើពេលទំនេរត្រឹម ១ ថ្ងៃ ១ - ២ ម៉ោងប៉ុណ្ណោះ គេអាចសរសេរវចនានុក្រមបានជាច្រើភាគហើយមានវិញ្ញូជនខ្លះ អាចហាត់និយាយភាសាផ្សេង ៗ បានដល់ ១២ ភាសា ព្រោះចេះប្រើពេលទំនេរត្រឹម ១ ថ្ងៃ ១ ម៉ោង២ម៉ោងប៉ុណ្ណោះ។ តអំពីនេះទៅ លោកនឹងឃើញថា ការប្រើពេលទំនេរឲ្យមានប្រយោជន៍នោះ តើជាការសំខាន់ដូចម្ដេចខ្លះ? អស់លោកអ្នកដែលធ្លាប់ធ្វើការមកយូរ ៗ ហើយ បានទទួលផលកម្រៃនៅដដែល មិនកើនចំរើនឡើងសោះ នោះបើគេចេះប្រើពេលទំនេរស្វែងរកផលប្រយោជន៍តទៅទៀត នឹងមានកំរ៉ៃកើនចំរើនឡើង បានធូរចាយសប្បាយចិត្តច្រើនមិនខាន ។ កិលហ្វារ៉ាដេយ៍ ជាអ្នកប្រាជ្ញវិទ្យាសាស្រ្តជាតិអង់គ្លេសយ៉ាងល្បីល្បា្ កាលពីក្មេងទីទាល់ក្រណាស់ ធ្វើការហាត់ដេរក្របសៀវភៅនៅរោងពុម្ព ១ ដោយឥតបានទទួលប្រាក់រង្វាន់ឈ្នួលទេ តែកុមារនេះបានខំប្រើពេលទំនេរ ៗ ដែលនៅសល់ពីការហាត់ដេរក្របសៀវភៅនោះ ខំពិនិត្យមើលសៀវភៅទាំងឡាយ ដែលគេយកមកជួលដេរក្របនោះ ស្ទើរតែគ្រប់ ៗ សៀវភៅ ទើបបណ្ដាលឲ្យសេចក្ដីចេះដឹងរបស់ហ្វារ៉ាដេយ៍ កាន់តែរីកចំរើនឡើង ហើយជួបជួនជាមានគេយកសៀវភៅ « ឥនស៊ីក្លូប៉េឌីប្រីតាន្និក » មកឲ្យដេរក្រប កុមារក៏បើកមើល បានប្រទះត្រង់កន្លែងនិយាយពីវិជ្ជាអគ្គិសនី ក៏នឹកភ្នកចង់ចេះដឹងក៏សាកល្បងលមើល ឃើញផលជាក់ស្ដែងហុចដល់គំនិត ។ តាំងពីកាលនោះមក ហ្វារ៉ាដេយ៍ក៏ខំប្រឹងសិក្សាវិទ្យាសាស្រ្តឡើង តមកបានអានសៀវភៅវិជ្ជាគីមីដែលមានក្នុងសៀវភៅនោះ ត្រាតែស្ទាត់ជំនាញ ។ ថ្ងៃមួយមានឱកាសបានចូលទៅស្ដាប់បាឋកថាខាងវិទ្យាសាស្រ្ត នៅរាជបណ្ឌិត្យស្ថាន មានចិត្តស្ម័គ្រចូលទៅធ្វើការក្នុងតំណែងភ្នាក់ងារវិទ្យាសាស្រ្ត នៅរាជបណ្ឌិត្យស្ថាននោះ ហ្វារ៉ាដេយ៍បានសាកល្បងវិជ្ជាអគ្គិសនីនឹងគីមី ត្រាតែបានជួបប្រទះវិធីផ្សេង ៗ យ៉ាងច្រើនបំផុត ។ តមកបានទទួលនាទីជាចាងហ្វាង ហើយបានទទួលកិត្តយសជានាយកខាងវិជ្ជាហ្វីស៊ិកនឹងគីមី ។ គ្មានអ្នកណានឹកនាថា ក្មេងកំសត់កូនជាងដំដែក នឹងមានកិត្តិយសកេរ្តិ៍ឈ្មោះល្បី ហើយទៅជាអ្នកប្រាជ្ញវិទ្យសាស្រ្តយ៉ាងល្បីល្បាញដល់ម្ល៉ោះឡើយ ។ យ៉ជ៌ស្ទីហ្វេនស័ន ជាតួយ៉ាងដ៏គាប់ប្រសើរមួយរបស់មនុស្ស ។ កាលចាប់ផ្ដើមធ្វើរបរចិញ្ចឹមជីវិត គេជាអ្នកជីកអណ្ដូងរ៉េយ៉ាងកំសត់ តែមានគំនិតគិតជញ្ជឹងដល់ឋានៈរបស់ខ្លួនគួរឲ្យបានគាប់ប្រសើរជាង នេះណាស់ ក៏ស្រាប់តែដុះគំនិតសំខាន់ឡើងក្នុងខួរក្បាលរបស់គេ គឺការគិតសាងតួចក្ររថភ្លើងឡើង ដ្បិតនៅក្នុងសម័យនោះ គេនៅនិយមប្រើរទេះសេះនឹងរទេះលា សម្រាប់ដឹកនាំសម្ភារៈនឹងអ្នកជិះដោយសារ ដែលនាំមិនស្រួលដល់ការគមនាគមន៍ណាស់ ។ តែខ្លួនជាអ្នកទីទាល់ក្រណាស់គំនិតនេះនឹងកើតផលឬឥតផលនៅជា ប្រស្នា គេខំធ្វើការជីកត្បូងថ្មបានកំរៃប្រចាំថ្ងៃបន្តិចបន្តួច ទាំងមិនមានផលកំរៃពីផ្លូវដទៃទៀតផង ។ ទើបគេកើតគំនិតគិតស្វែងរកផលកំរៃពីខាងក្រៅ ក្រៅពីមុខរបរសព្វថ្ងៃ គេគិតធ្វើការស៊ីឈ្នួលជួលដេរប៉ះខោអាវ ជួសជុលស្បែកជើងរបស់ពួកកម្មករផងគ្នា បានកំរ៉ៃកើនចំរើនឡើងខ្លះ ហើយខំសន្សំប្រាក់កាសសម្រាប់ជាដំឡៃសាលារៀននៅពេលយប់ គេមានសេចក្ដីកង្វល់មួយដែលត្រូវទទួលភារៈ គឺបិតាខ្វាក់ភ្នែក ដែលត្រូវចិញ្ចឹមបីបាច់ថែរក្សាបើទុកជាមានឧបសគ្គដូច្នេះក៏ដោយគេ ក៏ឥតរួញរាគោលបំណងរបស់គេគឺការសាងរថភ្លើងឲ្យបានសម្រេច។ កាលគេដំណើររឿងនេះឲ្យអ្នកដទៃស្ដាប់ ពួកអ្នកស្ដាប់ត្រឡប់ជាបន្តុះថា មានគំនិតឆ្កួតរវើរវាយ អ្នកខ្លះក៏ថា រថចក្រអ្នកឯងធ្វើឲ្យកើតភ្លើងឆេះមិនខាន អ្នកខ្លះថាធ្វើដូចម្ដេចកើត បើប្រើដុតភ្លើងដូច្នោះ មុខជាអ្នកជិះរថចក្រឈ្លក់ផ្សែងភ្លើងស្លាប់មិនខាន អ្នកខ្លះបន្តុះថា ប្រហែលជាដល់គ្រាហីនហោចនៃពួកជាងធ្វើរថរទេះទូកក្ដារហើយ ។ ប៉ុន្តែ ១៥ ឆ្នាំ តមក ពួកអ្នកតិះដៀលដល់គំនិតយ៉ាងចំឡែកនោះ ត្រឡប់ងឿងឆ្ងល់នឹកស្ងើចរាល់គ្នា កាលដែលរថភ្លើងមួយដំបូងរបស់គេ បានចាប់បើកលឿនទៅបានលើផ្លូវដែកព្រមទាំងអ្នកជិះជាចំនួនច្រើន នេះហើយជាគំនិតយល់សប្តិ ទ្រឡប់ជាមានមែនពិតឡើងយ៉ាងអស្ចារ្យ។ លិនគល្ន៍ប្រធានាធិបតីនៃទ្វីបអាមេរិកក្នុងសម័យមួយ ដំបូងឡើយជាក្មេងកំសត់ អាស្រ័យនៅក្នុងខ្ទមតូចមួយ មិនដែលចូលសាលារៀន គ្មានសៀវភៅរៀន គ្មានគ្រូបង្រៀន តែដែលអាចអ្វើជាមនុស្សមានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ព្រោះការហាត់ រៀនខ្លួនឯង នឹងការរាប់អានខ្លួនឯង ។ វិធីដែលគេប្រតិបត្តិ គឺខំរៀនអក្សរដោយខ្លួនឯង ដោយអាស្រ័យពន្លឺភ្លើងឧសដែលដុតនៅខាងមុខខ្ទម គេជឿថា គេតោងរៀនឲ្យបានសម្រេច ។ យើងបានដឹងជាក់ច្បាស់ហើយថា សេចក្ដីសម្រេចរបស់មនុស្សនៅត្រង់ខ្លួនឯងតាំងចិត្តពិតជាប្រធាន សេចក្ដីនិយមរាប់អានខ្លួនឯងក៏ជាការសំខាន់ណាស់ដែរ ។ មានទំនងដែលគួរឲ្យស្ដាយពេក ចំពោះយុវជនក្នុងសម័យសព្វថ្ងៃនេះ ច្រើនមានគំនិតមិនរហ័សរួសរាន់ទាន់កាលសម័យរបស់លោក ដែលចំរើនឡើងយ៉ាងឆាប់រហ័ស ហើយគេគិតយល់ដល់ឋានៈ នឹងការរបររបស់ខ្លួន ថាល្មមគ្រប់គ្រាន់សម្រាប់ខ្លួនហើយ ឬដោយទំរន់ខ្ជិលប៉ុណ្ណោះ ទើបគេខំប្រឹងខ្វល់ខ្វាយស្វែងរកអត្ថប្រយោជន៍អ្វីតទៅទៀត ។ មានខ្លះយល់ខុសថា ការស្រួល ៗ ងាយ ៗ ជារបស់គាប់ប្រសើរសម្រាប់ជីវិតរបស់ខ្លួន ទោះបីបានប្រាក់រង្វាន់បៀវត្សបន្តិចបន្តួចក៏ដោយ ជនពួកនេះមិនបានភ្នកនឹកដល់ធម្មជាតិ ដែលបានប្រគល់សតិបញ្ញានឹងសមត្ថភាពមកដល់ខ្លួនគ្រប់ ៗ រូប តាំងពីមកចាប់កំណើតក្នុងនាលោកិយនេះ ហើយឥតបានប្រើសមត្ថភាពនោះសោះ ។ តាមដោយពិតនោះ នៅប្រទេសយើងសព្វថ្ងៃនេះ មានជនដែលបានទទួលការសិក្សាមកហ្មត់ចត់តិចណាស់ ។ អ្នកដែលចង់ចេះចង់ដឹងជ្រៅជ្រះ ត្រូវតែខំសិក្សាដោយខ្លួនឯង តោងយកចិត្តទុកដាក់អានប្រវត្តិរបស់មនុស្សសំខាន់ ៗ ក្នុងលោក ដើម្បីជាផ្លូវគំនិតសម្រាប់ប្រកបកិច្ចការផ្ទាល់ខ្លួន នឹងជាប្រយោជន៍ដល់ប្រទេសជាតិតទៅ ។ ប៉ុន្តែគួរឲ្យស្ដាយពេក ហើយគួរឲ្យអណោចអាធ័មណាស់ ចំពោះប្រទេសខ្មែរយើងសព្វថ្ងៃនេះ មិនសូវមានសៀវភៅធម៌អាថ៌នឹងបាលីបាគូបន្តិចបន្តួច សម្រាប់សិក្សាខាងផ្លូវសាសនា ។ រួមសេចក្ដីខ្លីទៅ នៅស្រុកខ្មែរទាំងមូលមិនទាន់មានរោងពុម្ពនឹងសៀវភៅបោះពុម្ព ឲ្យសមនឹងឋានៈរបស់ប្រទេសនៅឡើយទេ ត្រង់ណេះត្រូវបងប្អូនរួមជាតិព្រួតដៃគ្នាកសាងឲ្យបានចំរើនឡើង ទើបប្រជាជាតិយើង ធ្វើដំណើរទៅមុខបានរហ័ស បើមិនដូច្នោះទេ មុខជារលំរលាយជាតិ ឬជាខ្មែរក្រឡៃក្លាយទៅជាជាតិដទៃមិនខាន ។ នៅនានាប្រទេស គេនិយមរាប់អានសៀវភៅ សំខាន់ជាងការមើលកុនមើលល្ខោនច្រើនណាស់ ។ ប្រជាជនរបស់គេគ្រប់ថ្នាក់ច្រើននិយមមើលកាសែតរាល់ថ្ងៃ យ៉ាងហោចណាស់ក្នុងមួយថ្ងៃ ២ ច្បាប់ក្រៅពីនេះនៅនិយមអានសៀវភៅ របស់អ្នកនិពន្ធដែលមានកេរ្តិ៍ឈ្មោះទៀតរាល់ថ្ងៃ ដើម្បីជាបច្ច័យដុសខាត់ខួរក្បាលរបស់គេឲ្យភ្លឺថ្លា ។ ហេតុដូច្នោះ ទើបគេអាចបោះពុម្ពសៀវភៅចំណាយចេញទៅរាប់ហ្មឺនរាប់សែនក្បាល ចួនកាលរាប់លានក៏មាន។ មានតែការអានសៀវភៅប៉ុណ្ណោះទេ ដែលធ្វើឲ្យអ្នកមានខួរក្បាលឈ្លាសវៃទាន់សម័យនិយម ។ សៀវភៅល្អ ៗ ដែលមានសារប្រយោជន៍អាចនឹងធ្វើជីវិតនឹងថានៈរបស់អ្នកឲ្យបានថ្កើង រុងរឿងជាអនេកប្រការ ដូចពួកមហាបុរសក្នុងលោកធ្លាប់បានប្រព្រឹត្តមកហើយ មានអទិដូចជា ហ្វារ៉ាដេយ៍ពិត្តនាយករដ្ឋមន្រ្តីអង់គ្លេសក្នុងសម័យមួយ នឹង លិនគល្ន៍ប្រធានាធិបតីអាមេរិក ដែលមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ ព្រោះការអានសៀវភៅនេះឯង ។ ណាប៉ូលេអុង ចក្រពត្តិបារាំងសែសក៏ទ្រង់យកព្រះរាជហឫទ័យទុកដាក់នឹងការអាន សៀវភៅយ៉ាងក្រៃលែង។ ហ្រ្វានស៊ិសបេខនពោលថា « ការអានសៀវភៅ ធ្វើមនុស្សឲ្យជាមនុស្សបរិបុណ្ណៈ » ។ តែការអានសៀវភៅនេះ ក៏មិនមែនជាការងាយស្រួលដែរ ព្រោះសៀវភៅនិមួយ ៗ រមែងមានទាំងរឿងល្អ - អាក្រក់ច្របល់គ្នា ទើបមុននឹងអានសៀវភៅអ្វីនោះ គួររើសរកមើលសៀវភៅណាដែលល្អ ៗ សិមអាន ព្រោះសៀវភៅល្អ ៗ ជាឧបាយដាស់តឿនក្រើនរំលឹកចិត្តគំនិតឲ្យទៅជាអ្នកនិពន្ធមាន កេរ្តិ៍ឈ្មោះល្បី ឲ្យកើតមនុស្សធម៌ ឲ្យកើតវិទ្យាសាស្រ្តឲ្យកើតមនុស្សសំខាន់ ៗ ក្នុងលោក រហូតដល់កើតចិត្តចោរឃោរឃៅសម្លាប់គេឥតញញើតដៃដូច្នេះការជ្រើសរើស មើលសៀវភៅសិនសិមអានទើបមានប្រយោជន៍យ៉ាងសំខាន់សម្រាប់ជីវិត។ សៀវភៅជាមិត្តល្អរបស់មនុស្ស យើងបានសប្បាយរីករាយចិត្តនឹងសារប្រយោជន៍អំពីសៀវភៅ សៀវភៅឥតមានពេលប្រែប្រួលទេ បើទុកជាបានទុក្ខសោកយ៉ាងណាក៏ដោយ សៀវភៅលួងលោមចិត្តក្នុងគ្រាមានទុក្ខ នាំឲ្យសប្បាយរីករាយនៅពេលទំនេរ សៀវភៅមិនបោះបង់ឲ្យយើងនៅតែម្នាក់ឯង យ៉ាងកណ្ដោចកណ្ដែង ក្រៅពីនេះ សៀវភៅជាគ្រឿងដាស់តឿនចិត្តឲ្យយើងខំខ្មីឃ្មាត ហើយនៅជាយុវជនទាន់សម័យជានិច្ច ។ ហ្លួងនិពន្ធមន្រ្តី ញ៉ុក - ថែម រៀបរៀង ដោយ៥០០០ឆ្នាំ |