Reading Article
Public date : 29, Jul 2019 (16,635 Read)
សិក្ខាបទទាំង ៥ និងអង្គមានដូចតទៅ

|
សិក្ខាបទទាំង ៥ និងអង្គមានដូចតទៅ
សិក្ខាបទ ៥ (បាលី បញ្ចសីលានិ,សំស្ក្រឹត បញ្ចសីលានិ) គឺជាសិក្ខាបទចាំបាច់របស់ពុទ្ធសាសនិកជន ដែលសមាទានដោយគ្រហស្ថ (ឧបាសក និងឧបាសិកា) ក្នុងសាសនាព្រះពុទ្ធសមណគោតម ក្នុងប្រពៃណី ថេរវាទហើយនិងប្រពៃណីមហាយានផងដែរ។ សិក្ខាបទនៃប្រពៃណីទាំងពីរនេះមានសារៈសំខាន់ដូចគ្នា គឺប្រកាន់យកកិរិយាវៀរចាកការសម្លាប់សត្វវៀរចាកការលួចទ្រព្យទេ វៀរចាកការប្រព្រឹត្តខុសក្នុងកាម វៀរចាកការពោលនូវពាក្យកុហក វៀរចាកការសេពគ្រឿងស្រវឹង។ សមាទានសិក្ខាបទ ៥ គឺការប្រតិបត្តិដំបូង និងទៀងទាត់ប្រកបដោយវីរិយភាព នៃពុទ្ធសាសនិកដែលជាគ្រហស្ថ។ សិក្ខាបទ ៥ នេះមិនតាំងឡើយដោយការបង្ខិតបង្ខំទេ ប៉ុន្តែជាក្បួនរៀន ធ្វើដោយស្ម័គ្រចិត្ត ដើម្បីសម្រួលការប្រតិបត្តិសូមពុទ្ធបរិស័ទសិក្សា ទាំងព្រះបាលីទាំងភាសាខ្មែរដូចតទៅ ១. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។ ២. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។ ៣. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ ៤. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។ ៥. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាហេតុទីតាំងនៃសេចក្ដីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ។ ១. បាណាតិបាត មានអង្គ ៥ គឺ ១- បាណោ សត្វមានជីវិត ២- បាណសញ្ញិតា សេចក្ដីដឹងថាសត្វមានជីវិត ៣- វធកចិត្តំ គិតនឹងសម្លាប់ ៤- ឧបក្កមោ ព្យាយាមនឹងសម្លាប់ ៥- តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។ ២. អទិន្នាទាន មានអង្គ ៥ គឺ ១- បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា ២- បរបរិគ្គតសញ្ញិតា សេចក្ដីដឹងថាទ្រព្យមានម្ចាស់ ៣- ថេយ្យចិត្តំ ចិត្តគិតនឹងលួច ៤- ឧបក្កមោ ព្យាយាមនឹងលួច ៥- តេន ហរណំ លួចបានមកដោយព្យាយាមនោះ។ ៣. កាមេសុមិច្ឆាចារ មានអង្គ ៤ គឺ ១- អគមនីយវត្ថី ស្ត្រីដែលមានគេហួងហែងរក្សា ២- តស្មឹ សេវនចិត្ត គិតនឹងសេពមេថុនធម្មនឹងស្ត្រីនោះ ៣- សេវនប្បយោគោ ព្យាយាមនឹងសេពនូវមេថុនធម្ម ៤- មគ្គេន មគ្គប្បដិបត្តិអធិវាសនំ ញ៉ាំងមគ្គនិងមគ្គឲ្យដល់គ្នា ៤. មុសាវាទ មានអង្គ ៤ គឺ ១- អតថំវត្ថុ វត្ថុមិនពិត ២- វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស ៣- តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស ៤- បរស្សតទត្ថវិជាននំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ ៥. សុរាមេរយ មានអង្គ ៤ គឺ ១- មជ្ជនីវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹងគឺសុរានិងមេរ័យ ២- បាតុកម្យតាចិត្តំ គិតបម្រុងនឹងផឹក ៣- តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ ៤- តស្សបានំ បានផឹកទឹកស្រវឹងនោះឲ្យកន្លងបំពង់ករចូលទៅ។ ក្នុងសិក្ខាបទនីមួយៗ មានអង្គរបស់វាកាលណាបើយើងប្រព្រឹត្តគ្រប់អង្គក្នុងសិក្ខាបទណាមួយហើយទើបឲ្យឈ្មោះថាដាច់សិក្ខាបទ តែមិនមែនដាច់រហូតនោះទេ បើយើងបានដឹងខ្លួនថាដាច់ហើយត្រូវតែសមាទានភា្លម នោះសិក្ខាបទយើងនឹងឡើងដូចដើមវិញ តើកូនអាចធ្វើបានទេមើលទៅ? ក្នុងសង្គមយើងប្រសិនបើយើងមាននូវសីល ៥ យើងនឹងរស់នៅដោយសន្តិភាពមិនមាននូវអំពើហិង្សា មិនមានការលួចប្លន់គ្នា មិនមានការប្រព្រឹត្តខុសក្នុងប្រពន្ធកូនអ្នកដទៃ មិនមានពាក្យចាក់ដោតគ្នា មិនមាននូវការសម្លាប់គ្នា ជីវិតរស់បានយ៉ាងមានសុភមង្គលជារៀងរហូត។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |