Reading Article
Public date : 30, Jul 2019 (6,622 Read)
វធកបច្ចុប្បដ្ឋានតោ

|
វធកបច្ចុប្បដ្ឋានតោ
(ដោយការប្រាកដដូចពេជ្ឈឃាត) ក្នុង ៨ បទនោះ បទថា វធកបច្ចុប្បដ្ឋានតោ ប្រែថា ដោយការប្រាកដ ( នៃសេចក្ដីស្លាប់ ) ដូចពេជ្ឈឃាត មានន័យថា ព្រះយោគាវចរគប្បីរឭកថា ពេជ្ឈឃាតគិតថា នឹងកាត់ក្បាលអ្នកនេះ ( បាន ) ដាក់ដាវផ្អឹបនឹងក ឈរប្រកៀកខ្លួនយ៉ាងនា សូម្បីសេចក្ដីស្លាប់ក៏ប្រាកដដូច្នេះ សួរថា ព្រោះហេតុអ្វី? ឆ្លើយថា ព្រោះ ( សេចក្ដីស្លាប់ ) វាមកព្រមជាមួយនឹងការកើត និង ព្រោះវាផ្ដាច់យកជីវិតទៅ ឧបមារដូចជាផ្សិតរមែងទូលល្អងដី ពេលដែលវាដុះឡើងមក យ៉ាងណា សត្វទាំងឡាយក៏នាំយកជរា និងមរណៈ មកជាមួយនឹងការកើតក៏យ៉ាងនេះដែរ ពិតហើយ បដិសន្ធិចិត្ត របស់សត្វទាំងឡាយនោះ ក៏ដល់នូវជរា បន្ទាប់ពីការកើតហើយនោះឯងដូចដុំសិលាធ្លាក់ចុះពីលើកំពូលភ្នំ បែកទៅដូច្នោះ ( នេះពោលដោយ ) ខណិកមរណៈដែលមកព្រមជាមួយនឹងការកើត តែមរណៈដែលទ្រង់បំណងយកក្នុងមរណស្សតិនេះ ក៏មកព្រមជាមួយការកើតដែរ ព្រោះសត្វដែលកើតមកហើយ ត្រូវស្លាប់ជាប្រាកដ ព្រោះហេតុនោះ សត្វនោះចាប់តាំងពីកើតមកហើយ ក៏ឆ្ពោះទៅមុខកាន់សេចក្ដីស្លាប់ ទៅដោយមិនត្រឡប់បន្តិចឡើយ ប្រៀបដូចជាព្រះអាទិត្យ ដែលរះឡើងហើយ រមែងលិចទៅវិញជាធម្មតា មិនបានត្រឡប់ពីទីដែលឆ្ពោះទៅសូម្បីតែបន្តិចឡើយ ឬមិនដូច្នោះ ដូចខ្សែទឹកហូរចុះពីលើកំពូលភ្នំ ខ្សែទឹករមែងហូរនាំយកវត្ថុផ្សេងៗ ឲ្យធ្លាក់ចុះទៅតែម្យ៉ាង មិនបានឲ្យត្រឡប់វិញ សូម្បីតែបន្តិចឡើយ ព្រោះដូច្នោះ ( បិដកលេខ ៦០ ទំព័រ ១៤២ ) អយោឃរកុមារព្រះបរមពោធិសត្វ ទើបពោលថា៖ សត្វនៅក្នុងគក៌ អស់រាត្រីណាមួយជាដំបូង សត្វនោះប្រព្រឹត្តទៅ ដូចជាពពកដែលតាំងឡើយ សត្វនោះកាលទៅរមែងមិនត្រឡប់វិញទេ។ ម្យ៉ាងទៀត កាលសត្វនោះឆ្ពោះទៅយ៉ាងនេះ សេចក្ដីស្លាប់រមែងហូរចូលមកពីគ្រប់ទិសទី ដូចជាការហួតហែងទៅនៃដំណក់ទឹកទាំងឡាយ ដែលត្រូវកម្ដៅថ្ងៃក្នុងរដូវប្រាំង ដូចជាផ្លែឈើទាំងឡាយ ដែលត្រូវជ្រុះ ព្រោះទងស្ងួតជាតិទឹកអស់ហើយក្នុងពេលព្រឹក ដូចជាការបែកធ្លាយទៅ នៃភាជន៍ទាំងឡាយ ដែលត្រូវគប់ដោយដុំដី និងដូចជាការហួតហែងទៅ នៃដំណក់ទឹកសន្សើមទាំងឡាយ ដែលត្រូវរស្មីនៃព្រះអាទិត្យដូច្នោះ ព្រោះហេតុនោះ ( ក្នុងបិដកលេខ ២៩ ទំព័រ ២៩៧ ) ព្រះមានព្រះភាគទើបត្រាស់ថា ៖ ថ្ងៃនិងយប់តែងកន្លងទៅ ជីវិតតែងរួញថយចុះមកអាយុរបស់សត្វទាំងឡាយ ចេះតែអស់ទៅ ដូចទឹកស្ទឹងតូចទាំងឡាយ ( ដែលរីងស្ងួតទៅដូច្នោះ ) ។ ភ័យកើតពីសេចក្ដីស្លាប់ រមែងមានជាប្រាកដ ដល់សត្វទាំងឡាយ ដែលកើតមកហើយ ដូចភ័យកើតពីការជ្រុះក្នុងពេលព្រឹក រមែងមាន ដល់ផ្លែឈើទាំងឡាយ ដែលទុំហើយដូច្នោះ។ ភាជន៍ដែលស្មូតឆ្នាំងធ្វើហើយ ទោះបីតូចក្ដី ធំក្ដី ឆ្អិនក្ដី ឆៅក្ដី ភាជន៍ទាំងអស់នោះ មានកិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ ទឹកសន្សើមនៅនឹងចុងស្មៅ កាលដែលព្រះអាទិត្យរះ ឡើងមក ក៏ហួតហែងទៅ យ៉ាងណា អាយុរបស់មនុស្សទាំងឡាយ ក៏ដូច្នោះ សូមម៉ែកុំហាមខ្ញុំ ក្នុងការបួសឡើយ ( គាថាទី ៤ នេះ ជារបស់ព្រះបរមពោធិសត្វ )។ មរណៈមកព្រមជាមួយនឹងជាតិ ដូចជាពេជ្ឈឃាតងាដាវឡើង ម្យ៉ាងទៀត មរណៈនោះ រមែងឆក់យកជីវិតទៅកាលដែលឆកយកទៅហើយ ក៏មិនបានដោះលែងឲ្យត្រឡប់វិញឡើយ ដូចពេជ្ឈឃាតផ្អឹកដាវជាប់នឹងកដូច្នោះ ព្រោះហេតុនោះ មរណៈ ទើបឈ្មោះថា ប្រាកដដូចពេជ្ឈឃាតងាដាវឡើង ព្រោះមកព្រមជាមួយនឹងជាតិ និងព្រោះឆក់យកជីវិតទៅ ដោយប្រការ ( ទី ) ១ ដូច្នេះ ព្រះយោគាវចរ ទើបគួររឭកដល់សេចក្ដីស្លាប់ ដោយអាការប្រាកដ ដូចពេជ្ឈឃាត ដូចដែលពោលមកដូច្នេះចុះ។ ដកស្រង់ចេញពីសៀវភៅ មរណស្សតិ ដោយ៥០០០ឆ្នាំ |