Reading Article
Public date : 06, Jul 2021 (9,933 Read)
ឧបសំហរណតោ

|
ឧបសំហរណតោ
(ដោយការប្រៀបធៀប) បទថា ឧបសំហរណតោ គឺ ដោយការប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃៗ ( ដែលស្លាប់ហើយ ) ក្នុងខនោះ មានអធិប្បាយថា ព្រះយោគាវចរ គប្បីរឭកដល់សេចក្ដីស្លាប់មានការប្រៀបធៀប ដោយអាការ ៧ យ៉ាង គឺ៖ ១- យសមហត្តតោ ដោយការមានយសជាធំ ២- បុញ្ញមហត្តតោ ដោយការមានបុណ្យច្រើន ៣- ថាមមហត្តតោ ដោយការមានកម្លាំងខ្លាំង ៤- ឥទ្ធិមហត្តតោ ដោយការមានឬទ្ធិច្រើន ៥- បញ្ញាមហត្តតោ ដោយការមានបញ្ញាច្រើន ៦- បច្ចេកពុទ្ធតោ ដោយភាពជាព្រះបច្ចេកពុទ្ធ ៧- សម្មាសម្ពុទ្ធតោ ដោយភាពជាព្រះសម្មាសម្ពុទ្ធ ១- យសមហត្តតោ សួរថា ( ការរឭកដោយការមានយសជាធំ ) ដូចម្ដេច? ឆ្លើយថា គប្បីរឭកដោយការមានយសជាធំ យ៉ាងនេះថា សេចក្ដីស្លាប់នេះបានពាល់ត្រូវលោកអ្នកដែលមានយសធំ អ្នកមានបរិវារច្រើន មានទ្រព្យ និងពាហនៈច្រើន ពាល់ត្រូវ សូម្បីព្រះបាទមហាសម្មតៈ ព្រះបាទមន្ធាតុ ព្រះបាទមហាសុទស្សនៈ ព្រះបាទទឡ្ហនេមិមកហើយ ក៏គេចមិនរួចរឿងអ្វីដែលថា វាមិនពាល់ត្រូវយើង។ លោកអ្នកដែលមានយសធំទាំងឡាយ សូម្បីសក្កទេវរាជដ៏ប្រសើរ ដូចជាព្រះបាទមហាសម្មតៈ ក៏នៅតែជួបប្រទះអំណាចនៃមច្ចុ ចាំបាច់ពោលថ្វីដល់បុគ្គល ដូចជាយើងនេះនោះ។ ដូច្នេះ ជាបឋម។ ២- បុញ្ញមហត្តតោ ( គប្បីរឭក ) ដោយការមានបុណ្យច្រើន ដូចម្ដេច? គប្បីរឭក ដោយការមានបុណ្យច្រើន យ៉ាងនេះថា៖ សេដ្ឋីទាំងឡាយនេះ គឺ ជោតិយៈ ជដិល ឧគ្គៈ មេណ្ឌកៈ បុណ្ណៈ និងបុគ្គលដទៃ ដែលប្រាកដថា ជាអ្នកមានបុណ្យច្រើនក្នុងលោក ក៏គង់ដល់នូវសេចក្ដីស្លាប់ទាំងអស់ នឹងពោលថ្វីដល់បុគ្គលទាំងឡាយ ដូចជាយើង។ ៣- ឋាមមហត្តតោ ( គប្បីរឭក ) ដោយការមានកម្លាំងខ្លាំង ដូចម្ដេច? គប្បីរឭក ដោយការមានកម្លាំងខ្លាំង យ៉ាងនេះថា៖ ព្រះវាសុទេព ព្រះពលទេព ព្រះភីមសេន ព្រះយុធិដ្ឋិលៈ សូម្បីហនុរៈ ជាអ្នកកបោកចំបាប់ដ៏ល្បីល្បាញ ក៏ទៅកាន់អំណាចនៃសេចក្ដីស្លាប់ហើយ សូម្បីបុគ្គលទាំងឡាយនោះ ជាអ្នកល្បីឈ្មោះក្នុងលោក ជាមនុស្សមានកម្លាំងខ្លាំងក្លាយ៉ាងនេះ ក៏គង់ដល់នូវសេចក្ដីស្លាប់ ចាំបាច់ពោលថ្វីដល់បុគ្គលទាំងឡាយ ដូចជាយើង។ ៤- ឥទ្ធិមហត្តតោ ( គប្បីរឭក ) ដោយការមានឫទ្ធិច្រើន ដូចម្ដេច? គប្បីរឭក ដោយការមានឫទ្ធិច្រើន យ៉ាងនេះថា៖ ព្រះអគ្គសាវ័ក ទី ២ អ្នកបានឈ្មោះថា ជាកំពូលនៃអ្នកមានឫទ្ធិទាំងឡាយ អាចញ៉ាំងវេជ្ជយ័ន្តប្រាសាទ ឲ្យញាប់ញ័របានដោយមេជើង ព្រះអគ្គសាវ័ក ទី ២ នោះ ក៏ធ្លាប់ចូលទៅកាន់មាត់របស់មច្ចុ ដែលគួរឲ្យភ័យខ្លាច ទៅព្រមជាមួយនឹងឫទ្ធិទាំងឡាយ ដូចម្រឹគចូលមាត់សីហៈ ចាំបាច់ពោលថ្វី ដល់មនុស្សទាំងឡាយដូចជាយើង។ ៥- បញ្ញាមហត្តតោ ( គប្បីរឭក ) ដោយការមានបញ្ញាច្រើន ដូចម្ដេច? គប្បីរឭក ដល់ង្នកមានបញ្ញាច្រើន យ៉ាងនេះថា៖ លើកលែងតែព្រះលោកនាថចេញ សត្វទាំងឡាយដទៃណាមានហើយ សត្វទាំងនោះ ពោលដោយបញ្ញា ក៏នៅមិនដល់ចម្រៀកទី ១៦ នៃព្រះសារីបុត្ត ព្រះអគ្គសាវ័ក ទី ១ បានឈ្មោះថា មានបញ្ញាច្រើនយ៉ាងនេះ ក៏គង់ដល់នូវអំណាចនៃសេចក្ដីស្លាប់ ចាំបាច់ពោលថ្វី ដល់មនុស្សទាំងឡាយ ដូចជាយើង? ៦- បច្ចេកពុទ្ធតោ ( គប្បីរឭក ) ដោយភាពជាព្រះបច្ចេកពុទ្ធ ដូចម្ដេច? គម្បីរឭកចំពោះព្រះបច្ចេកពុទ្ធ យ៉ាងនេះថា សូម្បីពុទ្ធបុគ្គលទាំងឡាយ ដែលធ្វើការបៀតបៀននូវសត្រូវគឺសព្វកិលេសដោយពលៈ គឺ ញាណ និងវិរិយរបស់ខ្លួន បានសម្រេចបច្ចេកសម្ពោធិ ជាព្រះសយម្ភូ ( មានចរិយា ) ដូចកុយរមាសសូម្បី ពុទ្ធបុគ្គលទាំងឡាយនោះ ក៏មិនបានឆ្លងផុតពីសេចក្ដីស្លាប់ ( ចុះ ) យើង នឹងផុតយ៉ាងម៉េចទៅ? ព្រះមហាឥសីទាំងឡាយណា អាស្រ័យនិមិត្តនោះៗ ពិចារណារហូតបានសម្រេចនូវអាសវក្ខយៈ ដោយកម្លាំងញាណដ៏ខ្លាំងក្លា ជាព្រះសយម្ភូ ប្រៀបដូចជាកុយរមាសព្រោះត្រាច់ទៅនិងនៅតែមួយអង្គឯង សូម្បីព្រះមហាឥសីទាំងឡាយនោះ ក៏កន្លងផុតសេចក្ដីស្លាប់មិនបាន ចាំបាច់ពោលថ្វីដល់បុគ្គលដូចជាយើង។ ៧- សម្មាសម្ពុទ្ធតោ ( គប្បីរឭក ) ដល់ភាពជាព្រះសម្មាសម្ពុទ្ធ ដូចម្ដេច? គម្បីរឭកដល់ភាពជាព្រះសម្មាសម្ពុទ្ធ យ៉ាងនេះថា សូម្បីព្រះមានព្រះភាគជាម្ចាស់ មានព្រះរូបកាយវិចិត្រទៅដោយមហាបរិសលក្ខណៈ ៣២ ប្រដាប់ដោយអនុព្យព្ជានៈ ៨០ ប្រការ មានព្រះធម្មកាយសម្រិតដោយព្រះគុណរតនៈ មានសីលក្ខន្ធដ៏បរិសុទ្ធ ដោយអាការទាំងពួង ជាដើម ទ្រង់ដល់នូវត្រើយនៃការមានយសធំ មានបុណ្យច្រើន មានកម្លាំងច្រើន មានឫទ្ធិច្រើន និងមានបញ្ញាច្រើន គ្មានអ្នកស្មើ ទ្រង់ស្មើដោយអ្នកដែលមិនមានអ្នកណាស្មើ រកអ្នកប្រៀបមិនបាន រកបុគ្គលផ្ទឹមមិនបាន ជាព្រះអរហន្ត ត្រាស់ដឹងឯងដោយប្រពៃ សូម្បីព្រះមានព្រះភាគអង្គនោះ ក៏ទ្រង់បាត់ទៅយ៉ាងឆាប់រហ័ស ដោយភ្លៀងគឺមរណៈ ដូចជាភ្នក់ភ្លើងធំរលត់ទៅដោយដំណក់ទឹកភ្លៀងដូច្នោះ។ សេចក្ដីស្លាប់នោះ ផ្សាយអំណាចមកដល់អង្គព្រះមហាឥសី ដែលទ្រទ្រង់នូវអានុភាពដ៏ធំយ៉ាងនេះបាន ដោយមិនខ្លាចញញើត រឿងអ្វីដែលថាសេចក្ដីស្លាប់នោះ ដែលគ្មានការក្រែងរអែង បំណងតែនឹងបៀតបៀនសត្វមិនរើសមុខ នឹងមិនគ្របសង្កត់សត្វ ដូចជាយើង?។ កាលព្រះយោគាវចរនោះ ប្រៀបធៀបខ្លួនជាមួយនឹងបុគ្គលដទៃៗ ដែលដល់ព្រមដោយភាពជាធំ មានភាពជាអ្នកមានយលធំជាដើម ដោយភារៈ គឺការមានមរណៈស្មើគ្នាយ៉ាងនេះហើយ ក៏រឭកទៅថា សេចក្ដីស្លាប់នឹងត្រូវមានដល់យើង ដូចមានដល់អ្នកពិសេសៗទាំងឡាយនោះ ដូច្នេះដែរកម្មដ្ឋាននឹងដល់ឧបចារៈ, ព្រះយោគាវចរ គប្បីរឭកដល់សេចក្ដីស្លាប់ ដោយការប្រៀបធៀប ដោយប្រការដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ មរណស្សតិ ដោយ៥០០០ឆ្នាំ |