Reading Article
Public date : 07, Nov 2021 (51,364 Read)
សេចក្តីចង្អៀតចង្អល់ របស់បុគ្គល អ្នកប្រកបមេថុនធម្មរឿយៗ

|
តិស្សមេត្តេយ្យសូត្រ
ព្រះតិស្សមេត្តេយ្យ ដ៏មានអាយុ (អារាធនាថា) បពិត្រព្រះអង្គ និរទុក្ខ សូមព្រះអង្គ សម្តែងសេចក្តីចង្អៀតចង្អល់ របស់បុគ្គល អ្នកប្រកបមេថុនធម្មរឿយៗ យើងខ្ញុំ បានស្តាប់ ពាក្យប្រដៅ ព្រះអង្គហើយ នឹងសិក្សានូវវិវេកទាំងឡាយ ។ (ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តេយ្យ) បុគ្គល អ្នកប្រកបមេថុនរឿយៗ រមែងភ្លេចពាក្យប្រដៅផង ប្រតិបត្តិខុសផង ការប្រព្រឹត្តខុសនុ៎ះ ជាអំពើមិនប្រសើរចំពោះបុគ្គលនោះទេ ។ បុគ្គលណាប្រព្រឹត្តម្នាក់ឯង គឺទ្រង់ភេទបព្វជិតក្នុងកាលពីមុន (លុះខាងក្រោយ) ត្រឡប់សេពមេថុនធម្មវិញ អ្នកប្រាជ្ញហៅបុគ្គលនោះថាជាបុថុជ្ជន អ្នកថោកថយក្នុងលោក ដូចជាយានលឿនទៅដូច្នោះឯង ។ យសនិងសេចក្តីសរសើរណាក្នុងកាលពីមុន យសនិងសរសើរនោះ របស់បុគ្គលនោះរមែងសាបសូន្យទៅ បុគ្គលឃើញការចម្រើន និងការសាបសូន្យយសសរសើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់ នូវមេថុនធម្មចេញ ។ បុគ្គលនោះត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងជ្រប់នៅ ដូចមនុស្សកំព្រា បុគ្គលបែបនោះ ឮពាក្យជនដទៃហើយ រមែងអៀនខ្មាស ។ មួយទៀត បុគ្គលនោះត្រូវវាទៈអ្នកដទៃដាស់តឿនហើយ រមែងធ្វើគ្រឿងសស្រ្តាគឺមុសាវាទ សេចក្តីសាំញ៉ាំធំនោះឯង របស់បុគ្គលនោះ រមែងធ្លាក់ចុះកាន់មុសាវាទ ។ បុគ្គលដែលគេដឹងសុះសាយថាជាបណ្ឌិត តាំងផ្តើមការប្រព្រឹត្តម្នាក់ឯង លុះកាលខាងក្រោយមក បែរទៅជាប្រកប ក្នុងមេថុនធម្មវិញ បណ្ឌិតនោះ នឹងសៅហ្មងដូចជនពាលដែរ ។ អ្នកប្រាជ្ញលុះជ្រាប ទោសនុ៎ះហើយ គួរធ្វើនូវការប្រព្រឹត្តម្នាក់ឯងឲ្យមាំ ក្នុងសាសនានេះ ទាំងមុនទាំងក្រោយ កុំគប្បីសេពនូវមេថុន ឡើយ ។ បុគ្គល គប្បីសិក្សានូវវិវេកតែម៉្យាង ព្រោះវិវេកនុ៎ះ ប្រសើរផុតរបស់ព្រះអរិយៈទាំងឡាយ ប៉ុន្តែបុគ្គលមិនគប្បីសំគាល់ ថាអាត្មាអញប្រសើរដោយវិវេកនោះទេ បុគ្គលនោះឯង ឈ្មោះថា ប្រតិស្ឋាននៅក្នុងទីជិតនៃព្រះនិព្វាន ។ ពួកសត្វអ្នកជាប់នៅក្នុងកាម ទាំងឡាយ តែងស្រឡាញ់ អ្នកប្រាជ្ញដែលមានសេចក្តីស្ងប់ស្ងាត់ មិនអាឡោះអាល័យ ក្នុងកាមទាំងឡាយ ឆ្លងនូវអន្លង់បាន ។ ចប់ តិស្សមេតេយ្យសូត្រ ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៤ ទំព័រ ២៧៧-២៧៩ ដោយ៥០០០ឆ្នាំ |