Reading Article
Public date : 18, Jun 2023 (63,088 Read)
អាការៈរោគរបស់ទោសៈមហារីកចិត្ត ៦ យ៉ាង

|
អាការៈរោគរបស់ទោសៈមហារីកចិត្ត ៦ យ៉ាង
១- កោធោៈ មានសេចក្ដីខឹងក្រោធ សេចក្ដីខឹងក្រោធ ជារោគសញ្ញារបស់ទោសៈមហារីក។ ទង្វើរបស់បុគ្គលខឹងក្រោធ ធ្វើឲ្យឥតខ្លាចញញើត នរណាពេលទោសៈនៅក្នុងខ្លួន មើលមកខ្លួនឯងមិនមានអ្នកណាធំជាងខ្លួនឡើយ ហើយមិនបានដឹងគុណអ្នកដទៃទេ សូម្បីតែមាតាបិតារបស់ខ្លួន។ អ៊ីចឹងបានជាក្នុងព្រះធម៌ បានសម្ដែងថាលោភៈបាំងអនិច្ចំ ទោសៈបាំងទុក្ខំ មោហៈបាំងអនត្តា ព្រោះថាលោភតណ្ហាបើកើតក្នុងសន្ដាននៃបុគ្គលណាហើយមិនបានចាប់ភ្លឹកនឹកឃើញ អនិច្ចំ គឺសភាពមិនទៀងសោះឡើយ ឃើញតែស្អាតល្អប៉ុណ្ណោះ។ ទោសៈនេះមានកំលាំងខ្លាំងបាំងនូវសេចក្ដីទុក្ខទាំងអស់ ឧទាហរណ៍នៅក្នុងគ្រួសារដ៏តូចមួយ មានជម្លោះឈ្លោះទាស់ទែងគ្នារវាងប្ដីហើយនឹងប្រពន្ធ ពេលនោះអ្នកទាំងពីរមិនបានឃើញទុក្ខលំបាក សេចក្ដីក្ដៅក្រហាយក្នុងពេលអនាគតកាលឡើយ បានវាយគ្នារហូតវាយកំទេចសម្ភារៈប្រើប្រាស់ទៀត ដូចជាពាង ក្រឡ ចាន ឆ្នាំង ផ្ទះសំបែងជាដើម ធ្វើឲ្យខាតបង់អស់ ដល់រោគមហារីកក្រោធនេះ វាធូរទៅស្រាប់តែត្រូវគ្នាវិញ នាំគ្នាព្យាបាលជម្ងឺ ដែលខ្លួនបានវាយបែកក្បាល បាក់ដៃ បាក់ជើងជាដើមឬនាំគ្នាដើរទៅទិញសម្ភារៈប្រើប្រាស់នៅឯផ្សារជាថ្មីទៀត អាការៈរោគរបស់ទោសៈមហារីកយ៉ាងនេះឯង។ ២- ឧបនាហោ ចងក្រោធទុក្ខ មនុស្សយើងបើចេះគ្រប់គ្រងចិត្តមិនលំបាកដោះស្រាយទេ សេចក្ដីក្រោធនោះ រាល់រូបទាំងអស់ដែលកើតឡើង ទោះបីកុសលវិបាកក្ដី អកុសលវិបាកក្ដី យើងប្រគល់ឲ្យចក្ខុវិញ្ញាណអ្នកឃើញរាល់សម្លេង ដែលកើតឡើងទាំងអស់ កុសលវិបាកក្ដី អកុសលវិបាកក្ដី យើងមិនបានប្រកាន់ថា យើងអ្នកឭទេ គឺប្រគល់ឲ្យដល់សោតវិញ្ញាណ ក្លិនក្ដី រសក្ដី ផោដ្ឋព្វក្ដី ធម្មារម្មណ៍ក្ដី ដែលកើតឡើងក្នុងការដឹងដោយអំណាច នៃវិញ្ញាណ យើងប្រគល់ឲ្យវបិញ្ញាណអ្នកដឹងទៅមិនបាច់ប្រកាន់ បើយើងមិនបានប្រគល់ឲ្យនាមរូបទេ វាអាចយល់ថាជាតួខ្លួន ហើយនៅក្នុងអំណាចរបស់ខ្លួន ម្លោះហើយបើឃើញល្អ ឭសម្លេងល្អ ធំក្លិនល្អ ដឹងរសល្អ ដឹងផោដ្ឋព្វៈល្អ ដឹងធម្មារម្មណ៍ល្អក៏សប្បាយរីករាយទៅតាមអំណាចនៃលោភៈដល់ទៅឃើញ ដឹង ឮមិនល្អក៏កើតទុក្ខ។ ហើយក៏អាចមានគំនិត ដើម្បីចងគំនុំដើម្បីព្យាបាទបៀតបៀនដល់អ្នកដទៃ។ ៣- មក្ខោ មក្ខប្រែថា សេចក្ដីរមិលគុណ។ កាលណា យើងបានធ្វើសេចក្ដីល្អដល់អ្នកដទៃ យើងកុំរំពឹងថាគេនឹងតបស្នងសងគុណយើងវិញ តាមសេចក្ដីពិត សេចក្ដីល្អ ដែលយើងបានធ្វើហើយ គឺសេចក្ដីល្អហ្នឹងឯងជាអ្នកទំនុកបំរុងចិត្តរបស់យើងឲ្យបានសេចក្ដីសុខសាន្តឲ្យបានសេចក្ដីស្ងប់រម្ងាប់ សំរាន្តក៏ជាសុខ ភ្ញាក់ក៏ជាសុខ សូម្បីយល់សប្តិ ក៏មិនយល់សប្តិអាក្រក់ផងដែរ។ ដោយសេចក្ដីល្អប្រព្រឹត្តទៅក្នុងសន្ដានច្រើន ហើយយើងមិនចាំបាច់ពឹងអ្នកដទៃឲ្យមកដឹងគុណយើងទេ។ បើយើងចង់ឲ្យអ្នកដទៃដឹងគុណយើង មានន័យថាយើងមិនមានសទ្ធា ចំពោះបុណ្យទេ ពីព្រោះយើងធ្វើបុណ្យធ្វើសេចក្ដីល្អចង់ឲ្យអ្នកដទៃចាំជួយតបស្នងយ៉ាងដូច្នេះនោះ។ ដូច្នេះយើងត្រូវមានសទ្ធា គឺសទ្ធាជឿទៅលើបុណ្យ គឺសេចក្ដីល្អ ដែលបានកើតមានឡើងហើយក្នុងសន្ដាននោះ គឺជាទីពឹងរបស់យើង យើងមិនចាំបាច់ពឹងអ្នកដទៃទេ។ យើងធ្វើសេចក្ដីល្អដល់អ្នកដទៃ តែគឺជាសេចក្ដីល្អរបស់យើងដូច្នេះ ការអប់រំនូវសតិសម្បជញ្ញៈ ក៏អាចដឹងថាមក្ខគឺការរមិលគុណ ជាប្រភេទនៃអកុសលធម៌ហេតុបច្ច័យនៃមក្ខ គឺ ខ្វះនូវសតិសម្បជញ្ញៈជាមួយគ្នានេះ គឺមានមោហៈធ្វើឲ្យវង្វេងមិនដឹងសេចក្ដីពិត នៃឧបការគុណដែលជាអារម្មណ៍នាំឲ្យកើតនូវកុសលធម៌នោះ បែរទៅជាកើតនូវអកុសលធម៌វិញ។ ៤- បលាសោ វាយឫកស្មើ គឺការលើកតម្កើងខ្លួនឲ្យស្មើនឹងអ្នកធំ ឬ ដើម្បីយកគ្រាន់បើទៅតាមចំណេះដឹងអ្វីមួយ ដូចថាខ្លួនឯងជាគ្រហស្ថ ឧបាសក ឧបាសិកាទេ តែចេះដឹងជាងលោក ក៏វាយឫកខ្លួនស្មើនឹងលោកឬខ្ពស់ជាងលោក។ ម្យ៉ាងវិញទៀតនិយាយអំពីសកម្មភាពខ្លួនឯងជាព្រះសង្ឃវិញ ខ្លួនឯងជាសាមណេរទេ ជា អនុត្ថេរទេ ប៉ុន្តែមានចំណេះវិជ្ជាផ្សេងៗ ដូចជាសិក្សាក្នុងព្រះវិន័យ ព្រះសូត្រឬក្នុងនិកាយណាមួយ ឬ ក្នុងព្រះអភិធម្ម ចេះគ្រាន់បើហើយក៏យកចំណេះដឹងដែលបានសិក្សានោះ មកវាយស្មើនឹងព្រះថេរៈ នេះគឺជាប្រភេទនៃអកុសលធម៌ ម្យ៉ាងដែលមានចំពោះសន្ដានរបស់បុថុជ្ជន។ ៥- ឥស្សា សេចក្ដីច្រណែនឫស្យា ច្រណែនគឺជាលក្ខណៈនៃចេតសិកម្យ៉ាង ដែលប្រកបជាមួយទោសៈចិត្តប្រទូស្ដចំពោះអារម្មណ៍។ ចំពោះការរឭដឹងនូវសភាវៈពិតអាចលះបង់នូវឥស្សាបាន ដូចជាសេចក្ដីច្រណែនអ្នកដទៃដែលបាន លោភ យស សរសើរ សុខ អាចជាអារម្មណ៍នៃសេចក្ដីច្រណែន គឺឥស្សា ប៉ុន្តែអ្វីៗក៏ដោយសុទ្ធតែជារូបធម៌និងនាមធម៌ទាំងអស់ ការបានលាភ ការបានយស លោកធម៌ទាំង៨ គឺត្រឹមតែរូបធម៌ និង នាមធម៌ប៉ុណ្ណោះ។ ដែលមានការកើតឡើងហើយត្រូវកំណត់ដឹងដោយសតិប្បដ្ឋានបដិបត្តិ គេបានលោភគឺមានរូបប្រាកដឡើងហើយគឺ ជាសច្ចៈភាពនៃសភាវៈប្រាកដតាមផ្លូវភ្នែកនេះគឺជារបស់ពិត ការឃើញក៏ជារបស់ពិតទើបនាំមកនូវមនោទ្វារវិថីចិត្តដែលកើតឡើងដឹងរឿងក៏ជាសច្ចធម៌ ការឃើញក៏ជាសច្ចធម៌ ការឃើញសភាវរូបគឺរូបាយតនៈដែលប្រាកដឡើងឲ្យឃើញ គឺជាសច្ចធម៌នេះគឺជានាមធម៌ និងរូបធម៌ដែលប្រាកដឡើងហើយ បើមិនមានសតិសម្បជញ្ញៈ ដឹងក្នុងការកើតឡើងនៃរូប បើមិនមានសតិសម្បជញ្ញៈ ដឹងក្នុងការកើតឡើងនៃរូប ធម៌ និងនាមធម៌នោះទេ ទៅជាអ្នកដែលមានលាភ កាលណាសម្គាល់ថា មានអ្នកដទៃបានលោភហើយក៏ជាបច្ច័យនៃឥស្សា តែសេចក្ដីពិតនោះគឺគ្មានអ្វីក្រៅពីរូបធម៌និងនាមធម៌ប៉ុណ្ណោះទេ។ ៦- មច្ឆរិយំ មានសេចក្ដីកំណាញ់ សេចក្ដីកំណាញ់នេះ មិនមែនទាល់តែគេសុំ ហើយមិនឲ្យគេនោះឈ្មោះថា សេចក្ដីកំណាញ់ទេ ឲ្យតែចិត្តមានការជាប់ជំពាក់ មិនអាចលះបង់ឲ្យទៅអ្នកដទៃ បាននេះក៏ឈ្មោះថាមច្ឆរិយៈដែរ។ សេចក្ដីកំណាញ់នេះគឺកំណាញ់ចំពោះសម្បត្តិខ្លួនដែលបានហើយក្ដី ឬ ដែលគួរនឹងបានក្ដីនេះ គឺជាលក្ខណៈរបស់មច្ឆរិយៈ ក្នុងគម្ពីយោជនា លោកមានសេចក្ដីអធិប្បាយថាៈ ធម្មជាតិដែលប្រព្រឹត្តទៅដោយអាការៈថាសេចក្ដីអស្ចារ្យនេះ ចូរមានដល់តែអាត្មាអញប៉ុណ្ណោះចូរកុំមានដល់អ្នកដទៃឡើយយ៉ាងនេះឈ្មោះថាមច្ឆរិយៈ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀបរៀងដោយ សាមណេរ ចាន់ សុជន ដោយ៥០០០ឆ្នាំ |