Reading Article
Public date : 28, Jul 2019 (12,265 Read)
ភាពអំនត់អត់ធន់

|
កូនត្រូវយល់ដឹងថា សេចក្តីអត់ធន់ញ៉ាំងនូវផលឲ្យសម្រេចបានគ្រប់យ៉ាង កូនត្រូវអត់ធន់ដូចតទៅៈ
១. អត់ធន់ក្នុងរឿងដែលគួរអត់ធន់ ២. អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ ។ ឪសូមអធិប្បាយ គឺមុនដំបូងកូនគួរអត់ធន់ក្នុងរឿងដែលគួរអត់ធន់ ដូចជាអត់ធន់ចំពោះមុខនាទី អត់ធន់ក្នុងការបរិភោគ ការដេក ការរៀន ... ចូរកូនអត់ធន់ដើម្បីអនាគតរបស់កូន សូមឲ្យកូនប្រកាន់ទុកថា សេចក្តីអត់ធន់គឺមុខនាទីរបស់យើងមួយផងដែរ ។ តទៅឪសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ ដូចជា យើងធ្វើល្អហើយតែត្រូវគេនិន្ទា ធ្វើល្អដល់គេត្រូវប្រទូស្តរបវិញ និយាយពិតធ្វើដោយស្មោះតែត្រូវធ្វើបានត្រឹត្រូវ មិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវអត់ធន់ទាំងដែលយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុត បើកូនធ្វើបានឈ្មោះថា កូនល្អដ៏ក្រៃលែង កូននឹងមានសេចក្តីសុខ ផលនឹងកើតមានដល់កូនព្រមទាំងបរិវារ កាលណាបើកូនមានសេចក្តីអត់ធន់បែបនេះ ។ - សេចក្តីអត់ធន់ ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់ - សេចក្តីអត់ធន់ ធ្វើឲ្យរួចពីក្រញាំតណ្ហា - សេចក្តីអត់ធន់ ធ្វើឲ្យមានរបៀបវិន័យ - សេចក្តីអត់ធន់ បញ្ឈប់សេចក្តីក្រោធបាន - សេចក្តីអត់ធន់ ធ្វើឲ្យតម្កល់ខ្លួនបាន - សេចក្តីអត់ធន់ ជាដៃគូក្នុងការងារ - សេចក្តីអត់ធន់ ជាអាវក្រោះរបស់ចិត្ត - សេចក្តីអត់ធន់ នាំឲ្យមានមិត្ត ខ្សត់សត្រូវ - សេចក្តីអត់ធន់ ជាបិតានៃគុណធម៌ទាំងពួង ។ ដែកដែលយកទៅដុតដោយភ្លើង ហើយយកមកលត់ដំធ្វើជាឧបករណ៍ផ្សេងៗ រមែងរឹង និងមានតម្លៃយ៉ាងណាមិញ មនុស្ស ដែលអត់ធន់បានល្អ ក៏ជាមនុស្សរឹងប៉ឹង និងមានគុណតម្លៃ យ៉ាងដូច្នោះដែរ ។ ទង់ជ័យព្រះពុទ្ធ ខន្តីប្រែថាការអត់ទ្រាំ រឹងមាំល្អស្រស់ដូចជាទង់ រក្សាកុសលឲ្យគង់វង្ស មេត្តាដូចទង់បក់រវិច ។ មេត្តាខន្តីគូសមស័ក្តិ មិនមានថ្នាំងថ្នាក់អ្វីបន្តិច គឺអទោសៈថ្លៃជាងពេជ្រ កម្ទេចសត្រូវនៅក្នុងខ្លួន ។ ខ្សែកតញ្ញូបង្ហូតទង់ ទ្រទ្រង់បារមីឲ្យមាំមួន បញ្ញាជាដងយ៉ាងស៊ប់សួន ខ្យល់បក់អង្រួនគឺលោកធម៌ ។ សតិជាគ្រឹះកប់ក្នុងដី ដងទង់គ្មានអ្វីត្រូវញាប់ញ័រ ទង់បករវិចរំលេចពណ៌ ទទួលលោកធម៌ទាំង៨ ។ ខៀវលឿងក្រហមសហង្សបាទ ពណ៌ផ្លេកស្រស់ស្អាតចាំងរង្សី ជាផលសម្រេចពីបារមី សីលជាផែនដីទ្រដងទង់ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |