Reading Article
Public date : 08, Dec 2022 (27,427 Read)
សង្គហធម៌របស់ស្វាមី

|
ស្វាមីគប្បីសង្គ្រោះភរិយា ដោយសង្គហធម៌ ៥ យ៉ាងគឺ៖
១- សម្មាននាយ ស្រឡាញ់រាប់អានថា ជាភរិយារបស់ខ្លួន។ យើងជាស្វាមីរបស់ស្ត្រីណា គប្បីសង្គ្រោះស្ត្រីនោះ ដោយចិត្តស្មោះត្រង់ គឺ លើកតំកើងជាភរិយាពេញសិទ្ធិ។ ២- អវិមាននាយ មិនប្រមាថមើលងាយ ភរិយាដូចជាខ្ញុំកំដរបាវព្រាវ។ ខណៈពោលទៅកាន់ភរិយា គប្បីពោលពាក្យសំដីផ្អែមល្ហែម ពិរោះពិសា មិនពោលពាក្យរោយរាយ ឥតប្រយោជន៍ បើភរិយាមានកំហុងឆ្គងបន្តិចបន្តួច ក៏គួរអន់ឱនឲ្យ ហើយទូន្មានប្រៀនប្រដៅស្ងាត់ៗ ដោយសេចក្ដីល្អ។
៣- អនតិចរិយាយ មិនប្រព្រឹត្តកន្លងចិត្តភរិយា គឺមិនប្រព្រឹត្តក្បត់ព្រំដែនជាប្ដី យកបេះដូងរបស់ខ្លួនដែលមានម្ចាស់ហើយទៅបូជាដល់ស្ត្រីដទៃ សមដូចពាក្យចាស់បុរាណាចារ្យលោកបានពោលថា "ត្រីងៀតឆ្លៀតពង" ។
៤- ឥស្សរិយវោស្សគ្គេន ប្រគល់អំណាចជាធំ ចំពោះភរិយាជាស្ត្រីមេផ្ទះ រៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សាថែទាំ លំអគេហដ្ឋានឲ្យមានសេរីសួស្ដី។
៥- អលង្ការានុប្បទាននេន ក្នុងនាមជាស្វាមី គប្បីរៀបចំឲ្យមានគ្រឿងអលង្ការដល់ភរិយាគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់តាមកាលៈទេសៈ តាមសម័យនិយម និងតាមសមត្ថភាព។
ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀបរៀងដោយ ឈុន គឹមអៀត ដោយ៥០០០ឆ្នាំ |