Reading Article
Public date : 22, Feb 2022 (6,979 Read)
ហេតុអ្វីការទទួលទានសុរាមានបាប

|
ការទទួលទានសុរា ហេតុអ្វីថាមានបាប សុរានោះទទួលទានទៅ ជាថ្នាំកែរោគក៏មាន ជាគុណឲ្យទទួលទានបាយបានក៏មាន ?
ការផឹកសុរា បានជាថាបាប, ព្រះបរមគ្រូទ្រង់ហាមពុំឲ្យសេពសុរានោះ ព្រោះជារបស់នាំឲ្យស្រវឹង នាំឲ្យខូចចិត្ត ដ្បិតមនុស្សយើងសព្វថ្ងៃនេះមានស្រវឹងនៅពេញខ្លួនហើយ ។ សេចក្ដីស្រវឹងនេះ លោភោ គឺសេចក្ដីជាប់ជំពាក់ ឬ ចំណង់ចង់បាន នេះជាស្រវឹងប្រការ ១ ទោសោ គឺសេចក្ដីក្រោធខឹង នេះស្រវឹងប្រការ ១ មោហោ គឺសេចក្ដីល្ងង់វង្វេងពុំស្គាល់ខុសត្រូវ នេះជាស្រវឹងប្រការ ១ ។ ស្រវឹងទាំងអស់នេះ តែងមាននៅសម្រាប់រូបមកហើយ ៗ មកថែមផឹកទឹកស្រវឹងចូលទៅទៀត ស្រវឹងថ្មីក៏នាំស្រវឹងចាស់ឲ្យមានកម្លាំងក្លាហានឡើង គឺខ្លួនអ្នកលោភ ក៏នាំឲ្យលោភខ្លាំងឡើង ខ្លួនអ្នកទោសៈ ឬ មោហៈមានៈទិដ្ឋិ ក៏នាំឲ្យចម្រើនទោសៈមោហៈមានះទិដ្ឋិខ្លាំងក្លាឡើង ។ មួយទៀត ពាក្យជាអាថ៌កំបាំង ឬ កេរ្តិ៍ខ្មាសជារបស់មិនគួរនាំចេញសម្ដែងប្រាប់គេនោះ ក៏អាចនាំចេញបង្ហាញគេបានទាំងអស់ ។ មួយទៀតនាំឲ្យកើតជម្លោះប្រកែក ជួនក៏ត្រូវព្រះរាជអាជ្ញា បង់ទ្រព្យធនទៅផ្សេងៗ ។ មួយទៀត ទោសសុរានេះ នាំឲ្យកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរាគ្រាំគ្រាទ្រោមទ្រុឌ ទោសយ៉ាងនេះឯង បានថាមានបាបក្នុងលោកនេះមួយទៀត ។ ប្រាក់ដែលទៅទិញសុរានោះក្នុងមួយឆ្នាំៗ បើជាប្រមូលទុក គង់បាននៅច្រើន ទុកទិញបាយត្រីចំណីឯទៀតចែកកូនប្រពន្ធអាស្រ័យជាជាង ។ (សៀវភៅ គតិលោក) ដោយ៥០០០ឆ្នាំ |