Reading Article
Public date : 28, Jan 2022 (102,380 Read)
ចូឡមាលុង្ក្យោវាទសូត្រ

|
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិតសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះមាលុង្ក្យបុត្តដ៏មានអាយុ បានចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលសូមឲ្យព្រះអង្គទ្រង់ប្រកាសសម្ដែងនូវមិច្ឆាទិដ្ឋិ គំនិត យល់ឃើញខុសផ្សេងៗ ១០ យ៉ាង ដែលពួកមនុស្សក្រៅព្រះពុទ្ធ សាសនាកាន់យកទីបំផុតរៀងៗខ្លួន ឈ្លោះប្រកែកគ្នាថាខ្លួនឯង យល់ត្រូវ អ្នកដទៃយល់ខុស ដូច្នេះតើព្រះដ៏មានព្រះភាគទ្រង់ ជ្រាបទិដ្ឋិមួយណាក្នុងទិដ្ឋិទាំង ១០ នោះ សូមព្រះអង្គទ្រង់ត្រាស់ សម្ដែងឲ្យទាន។
មិច្ឆាទិដ្ឋិ ១០ យ៉ាង
១ លោកទៀង (សស្សតោ លោកោ)
២ លោកមិនទៀង (អស្សស្សតោ លោកោ)
៣ លោកមានទីបំផុត (អន្តវា លោកោ)
៤ លោកមិនមានទីបំផុត (អនន្តវា លោកោ)
៥ ជីវៈនោះគឺសរីរៈនោះ (តំ ជីវំ សរីរំ)
៦ ជីវៈដទៃ សរីរៈដទៃ (អញ្ញំ ជីវំ អញ្ញំ សរីរំ)
៧ សត្វស្លាប់ហើយកើតទៀត
៨ សត្វស្លាប់ហើយមិនកើតទៀត
៩ សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន
១០ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏ មិនមែន។
ព្រះដ៏មានព្រះភាគ ទ្រង់មិនត្រាស់ព្យាករនូវចំណុចមួយក្នុង មិច្ឆាទិដ្ឋិទាំង ១០ នេះឡើយ ព្រះអង្គទ្រង់ត្រាស់ថា កាលបើ មានការយល់ឃើញទៅតាមមិច្ឆាទិដ្ឋិទាំង ១០ នេះ ណាមួយ ការអប់រំព្រហ្មចរិយធម៌មិនមានឡើយ ប៉ុន្តែគឺជាការប្រព្រឹត្តទៅ នាំឲ្យមានជាតិ ជរា មរណៈ សោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្តដោយពិត ព្រះតថាគត ទ្រង់បញ្ញត្តការកម្ចាត់បង់នូវកងទុក្ខទាំងអស់នេះ ដែលត្រូវបាន ឃើញច្បាស់ក្នុងបច្ចុប្បន្ន គឺថាព្រះអរិយសាវ័កទាំងឡាយ នឿយ ណាយក្នុងជរានិងមរណៈ ជាដើមហើយ ទើបសម្រេចនូវ ព្រះនិព្វានក្នុងព្រះសាសនានេះឯង។
ព្រោះហេតុទិដ្ឋិទាំង ១០ យ៉ាងនេះ មិនប្រកបដោយប្រយោជន៍ មិនមែនជាខាងដើមនៃព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បីរួច ផុតចាកទុក្ខ ទើបព្រះអង្គទ្រង់មិនព្យាករ ប៉ុន្តែអ្វីដែលព្រះអង្គ ទ្រង់ត្រាស់ព្យាករសម្ដែងគឺអរិយសច្ចធម៌ ព្រោះការព្យាករសម្ដែង នូវអរិយសច្ចធម៌ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ជាខាងដើមនៃ ព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីជាក់ច្បាស់នូវព្រះនិព្វានជា អសង្ខតធាតុ។
ស្រង់ពីសៀវភៅ ជំនួយសតិភាគ ២១
ដោយ៥០០០ឆ្នាំ
|