Reading Article
Public date : 28, Jan 2022 (25,823 Read)
រដ្ឋបាលសូត្រ

|
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅក្នុងដែនកុរុ ថុល្លកោដ្ឋិតនិគម មួយអន្លើដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងសម័យនោះឯងដែលព្រះរដ្ឋបាលត្ថេរ បានចូលកាន់ផ្នួស ក្រោយមកព្រះពុទ្ធអង្គទ្រង់តែងតាំងក្នុងតំណែងឯតទគ្គៈ ខាងមានសទ្ធាចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត ។
ក្នុងកាលដែលព្រះថេរៈបួសហើយ បានកន្លះខែ ព្រះដ៏មានព្រះភាគ បាននាំព្រះរដ្ឋបាលត្ថេរទៅកាន់ក្រុងសាវត្ថី ព្រះរដ្ឋបាលត្ថេរជានេយ្យបុគ្គល បំពេញព្យាយាមអស់ ១២ ឆ្នាំ ទើបបានសម្រេចព្រះអរហត្ត ។ បានជាព្រះអរហន្តហើយ ព្រះរដ្ឋបាលត្ថេរ បានក្រាបថ្វាយ បង្គំព្រះដ៏មានព្រះភាគ និមន្តមកកាន់ស្រុកកំណើតរបស់លោក ទទួលចង្ហាន់នៅផ្ទះញោម ហើយសម្តែងព្រះធម៌ រួចហើយបាននិមន្តគង់សម្រាកនៅក្នុងព្រះរាជឧទ្យានឈ្មោះមិគាចីរៈ របស់ព្រះបាទកោរព្យរាជ ។ ព្រះរាជាបានយាងមកជួបហើយ បានសន្ទនាជាមួយនឹងព្រះថេរៈអំពីធម្មុទ្ទេស ៤ យ៉ាង ។ ធម្មុទ្ទេស ៤ យ៉ាង គឺ ១- ឧបនីយតិ លោកោ អទ្ធុវោ សត្វលោកមិនទៀង ត្រូវជរានាំចូលទៅរកសេចក្តីស្លាប់ ។ ២- អតាណោ លោកោ អនភិស្សរោ សត្វលោកមិនមានគ្រឿងការពារ មិនមានទីពឹងឡើយ ។ ៣- អស្សកោ លោកោ សព្វំ បហាយ គមនីយំ សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវលះបង់នូវរបស់គ្រប់-យ៉ាងហើយទៅ ។ ៤- ឩនោ លោកោ អតិត្តោ តណ្ហាទាសោ សត្វលោកមានតែការខ្វះខាត មិនចេះឆ្អែតសុទ្ធតែជាខ្ញុំរបស់តណ្ហា ។ ព្រះរដ្ឋបាលដ៏មានអាយុ បានសម្តែងធម្មុទ្ទេសរួចហើយ ទើប បានសម្តែងគាថាពន្ធ តទៅទៀតដូច្នេះថា៖ បស្សាមិ លោកេ សធនេ មនុស្សេ លទ្ធាន វិត្តំ ន ទទន្តិ មោហា
លុទ្ធា ធនំ សន្និចយំ ករោន្តិ
ភិយ្យោ ច កាមេ អភិបត្ថយន្តិ ។
អាត្មាភាព ឃើញពួកមនុស្សអ្នកមានទ្រព្យក្នុងលោក បានទ្រព្យគាប់ចិត្តហើយ មិនឲ្យទានព្រោះតែសេចក្តីវង្វេង រមែងធ្វើនូវការសន្សំ ព្រោះជាប់ជំពាក់នឹងទ្រព្យ រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ ឲ្យក្រៃលែងទៅទៀត ។
រាជា បសយ្ហ បឋវឹ វិជិត្វា សសាគរន្តំ មហិមាវសន្តោ
ឱរំ សមុទ្ទស្ស អតិត្តរូបោ
បារំ សមុទ្ទស្សបិ បត្ថយេថ ។
ព្រះរាជាប្រាបប្រាម ឈ្នះមនុស្សលើផែនដី ហើយគ្រប់គ្រងសម្បត្តិលើផែនដី មានសមុទ្រជាទីបំផុត តែនៅមិនស្កប់នឹងប្រទេសខាងអាយនៃសមុទ្រ តែងប្រាថ្នានូវប្រទេសខាងនាយនៃសមុទ្រទៀត ។
រាជា ច អញ្ញេ ច ពហូ មនុស្សា អវីតតណ្ហា មរណំ ឧបេន្តិ
ឩនាវ ហុត្វាន ជហន្តិ ទេហំ
កាមេហិ លោកម្ហិ ន ហត្ថិ តិត្តិ ។
ព្រះរាជាក្តី មនុស្សទាំងឡាយដទៃច្រើនក្តី នៅមិនទាន់អស់តណ្ហាផង ក៏រមែងចូលដល់សេចក្តីស្លាប់ មានសភាពជាអ្នកខ្វះខាត ហើយលះបង់នូវរាងកាយ ឈ្មោះថាសេចក្តីឆ្អែតឆ្អន់ដោយកាមទាំងឡាយ រមែងមិនមានក្នុងលោកឡើយ ។
កន្ទន្តិ នំ ញាតិ បកីរិយំ កេសេ អហោ វតានោ អមរាតិ ចាហុ
វត្ថេន នំ បារុតំ នីហរិត្វា
ចិតំ សមាទាយ តតោ ឌហន្តិ ។
ពួកញាតិរំសាយសក់ទាំងឡាយ ហើយកន្ទក់កន្ទេញ នឹងអ្នកស្លាប់នោះថា ឱហ្ន៎ ! ញាតិយើងស្លាប់ហើយ រួចក៏យកបុគ្គលដែលស្លាប់នោះ រុំដោយសំពត់ នាំទៅដល់ជើងថ្ករហើយដុតក្នុងទីនោះ ។
សោ ឌយ្ហតិ សូលេហិ តុជ្ជមានោ ឯកេន វត្ថេន បហាយ ភោគេ
ន មិយ្យមានស្ស ភវន្តិ តាណា
ញាតី ច មិត្តា អថវា សហាយា
ទាយាទកា តស្ស ធនំ ហរន្តិ
សត្តោ បន គច្ឆតិ យេន កម្មំ ។
បុគ្គលដែលស្លាប់ទៅនោះ លះបង់នូវភោគៈទាំងឡាយ នៅតែសំពត់មួយ ត្រូវគេដុតចាក់ដោយឈើសូល៍ ពួកញាតិមិត្ត ឬ សម្លាញ់ទាំងឡាយមកជាគ្រឿងការពារឲ្យដល់អ្នកស្លាប់នោះ មិនមានឡើយ មានតែពួកទាយាទនាំយកទ្រព្យរបស់បុគ្គលដែលស្លាប់នោះឯងទៅ ចំណែកសត្វក៏ទៅតាមយថាកម្ម ។
ន មិយ្យមានំ ធនមន្វេតិ កិញ្ចិ បុត្តា ច ទារា ច ធនញ្ច រដ្ឋំ ។
ទ្រព្យបន្តិចបន្តួច រមែងមិនទៅតាមបុគ្គលស្លាប់ឡើយ ពួកកូនប្រពន្ធ ទ្រព្យនិងដែនក៏មិនជាប់តាមទៅដែរ ។
ន ទីឃមាយុំ លភតេ ធនេន ន ចាបិ វិត្តេន ជរំ វិហន្តិ
អប្បកញ្ចិទំ ជីវិតមាហុ ធីរា
អស្សសតំ វិប្បរិណាមធម្មំ ។
បុគ្គលមិនមែនបានអាយុវែងព្រោះទ្រព្យទេ ទាំងមិនមែនលះបង់ជរាបាន ព្រោះទ្រព្យដែរ អ្នកប្រាជ្ញទាំងឡាយ ពោលថា ជីវិតនេះតិចពេកណាស់ មិនទៀងទាត់ មានសភាពប្រែប្រួលជាធម្មតា ។
អឌ្ឍា ទលិទ្ទា ច ផុសន្តិ ផស្សំ ពាលោ ច ធីរោ ច តថេវ ផុដ្ឋោ
ពាលោ ហិ ពាល្យា វធិតោ វ សេតិ
ធីរោ ច ន វេធតិ ផស្សផុដ្ឋោ ។
ពួកអ្នកស្តុកស្តម្ភក្តី អ្នកកំសត់ក្តី តែងពាល់ត្រូវនូវសម្ផស្សស្លាប់ ទាំងពាលទាំងប្រាជ្ញ ក៏ពាល់ត្រូវដូច្នោះដែរ តែថាមនុស្សពាលរមែងដេកទាំងតក់ស្លុត ព្រោះសេចក្តីល្ងង់ ចំណែកអ្នកប្រាជ្ញដែលបានពាល់ត្រូវសម្ផស្សស្លាប់ហើយ ក៏មិនញាប់ញ័រឡើយ ។
តស្មា ហិ បញ្ញា ច ធនេន សេយ្យោ យាយ វោសានំ ឥធាធិគច្ឆតិ
អព្យាសិតត្តា ហិ ភវាភវេសុ
បាបានិ កម្មានិ ករោន្តិ មោហា ។
ព្រោះហេតុនោះ បុគ្គលបានដល់អរហត្តផលជាទីបំផុតកិច្ច ក្នុងលោកនេះដោយបញ្ញាណា បញ្ញានោះប្រសើរវិសេសជាងទ្រព្យ ( ផ្ទុយមកវិញ ) ព្រោះតែខ្លួនមិនទាន់ដល់កិច្ចជាទីបំផុត និងព្រោះតែសេចក្តីវង្វេង ពួកជនរមែងធ្វើអំពើអាក្រក់ ក្នុងភពតូចនិងភពធំទាំងឡាយ ។
ឧបេតិ គព្ភញ្ច បរញ្ច លោកំ សំសារមាបជ្ជ បរម្បរាយ
តស្សប្បបញ្ញោ អភិសទ្ទហន្តោ
ឧបេតិ គព្ភញ្ច បរញ្ច លោកំ ។
បុគ្គលរមែងចូលទៅកាន់គភ៌ផង កាន់លោកខាងមុខផង ព្រោះដល់នូវការអន្ទោលទៅតៗគ្នា បុគ្គលអប្បប្រាជ្ញាជឿបុគ្គលនោះ ក៏ចូលទៅកាន់គភ៌ផង កាន់លោកខាងមុខដូចគ្នាដែរ ។
ចោរោ យថា សន្ធិមុខេ គហីតោ សកម្មុនា ហញ្ញតិ បាបធម្មោ
ឯវំ បជា បេច្ច បរម្ហិ លោកេ
សកម្មុនា ហញ្ញតិ បាបធម្មា ។
ចោរកាន់ធម៌អាក្រក់ ដែលគេចាប់បាន ត្រង់កន្លែងនោះៗ ហើយត្រូវគេបៀតបៀន ( ដាក់ទារុណកម្ម ) ព្រោះកម្មរបស់ខ្លួន យ៉ាងណា ពួកសត្វកាន់ធម៌អាក្រក់ លុះលះលោកនេះទៅ រមែងក្តៅក្រហាយ ព្រោះកម្មរបស់ខ្លួន ក្នុងលោកខាងមុខ យ៉ាងនោះដែរ ។
កាមា ហិ ចិត្រា មធុរា មនោរមា វិរូបរូបេន មថេន្តិ ចិត្តំ
អាទីនវំ កាមគុណេសុ ទិស្វា
តស្មាហំ បព្វជិតោម្ហិ រាជ ។
ព្រោះតែកាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ និងជាទីរីករាយនៃចិត្ត ទើបបានញាំញីនូវចិត្ត ដោយសភាពផ្សេងៗ បពិត្រមហារាជ ព្រោះហេតុនោះ អាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយហើយ បានជាអាត្មាភាពបួស ។
ទុមប្ផលានេវ បតន្តិ មាណវា ទហរា ច វុឌ្ឍា ច សរីរភេទា
ឯតំ វិទិត្វា បព្វជិតោម្ហិ រាជ
អបណ្ណកំ សាមញ្ញមេវ សេយ្យោតិ ។
មនុស្សទាំងឡាយ ទាំងក្មេង ទាំងចាស់ រមែងបែកធ្លាយសរីរៈ ដូចជាផ្លែឈើទាំងឡាយដែលតែងតែជ្រុះចុះ ដូច្នោះឯង បពិត្រមហារាជ អាត្មាភាព បានយល់ច្បាស់នូវហេតុនេះថា សមណភាព ជាការប្រតិបត្តិមិនខុស ប្រសើរជាទីបំផុត ដូច្នេះបានជាអាត្មាភាពបួស ។ សូមអនុមោទនា !
ដកស្រងពី សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ |