Reading Article
Public date : 02, Jul 2023 (6,855 Read)
ធម្មទេវបុត្តជាតក

|
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការចូលទៅកាន់ផែនដីរបស់ភិក្ខុទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យសោករោ បុញ្ញករោហមស្មិ ដូច្នេះ (ជាដើម) ។ មែនពិត ក្នុងពេលនោះ ពួកភិក្ខុសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ទេវទត្តខឹងសម្បានឹងព្រះតថាគត ហើយត្រូវផែនដីស្រូប ។
ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលទេវទត្តឲ្យការប្រហារក្នុងជិនចក្ររបស់តថាគតហើយត្រូវផែនដីស្រូបនោះ សូម្បីក្នុងកាលមុន លោកក៏ធ្លាប់ឲ្យការប្រហារក្នុង ធម្មចក្រ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិមហានរកជាទីខាងមុខ ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅថា ៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាទេវបុត្តមានព្រះនាមថា ធម្មៈ ក្នុងកាមាវចរទេវលោក ។ ចំណែកព្រះទេវទត្តជាទេវបុត្ត ឈ្មោះថា អធម្មៈ ។ បណ្ដាទេវបុត្តទាំង ២ អង្គនោះ ធម្មទេវបុត្រប្រដាប់ដោយគ្រឿងអលង្ការជាទិព្វ ទ្រង់រថជាទិព្វដ៏ប្រសើរ ជាអ្នកមានពួកទេពតាចោមរោមហើយ ស្ថិតនៅលើអាកាសក្នុងស្រុក និគម ជនបទ និងរាជធានីទាំងឡាយ ក្នុងថ្ងៃពេញបូណ៌មីដែលជាថ្ងៃឧបោសថ ដែលមនុស្សទាំយឡាយបរិភោគអាហារពេលល្ងាចរួចហើយ ប្រជុំគ្នាដោយកថាជាសុខត្រង់ទ្វារផ្ទះរបស់ខ្លួនៗ ញ៉ាំងពួកមនុស្សឲ្យសមាទាននូវកុសលកម្មបថ ១០ ប្រការថា អ្នកទាំងឡាយចូរវៀរចាកអកុសលកម្មបថ ១០ ប្រការ មានបាណាតិបាតជាដើម នាំគ្នាបំពេញធម៌ គឺការទំនុកបម្រុងបម្រើមាតាផង ការទំនុកបម្រុងបម្រើបិតាផង និងប្រព្រឹត្តសុចរិតធម៌ ៣ ប្រការចុះ កាលធ្វើយ៉ាងនេះ នឹងមានសួគ៌ជាទីទៅខាងមុខ និងបានសោយយសដ៏ធំ ដូច្នេះហើយ ទើបធ្វើប្រទក្សិណជម្ពូទ្វីប (ជាទក្ខិណាវដ្ដ) ។ ចំណែកអធម្មទេវបុត្ត ញ៉ាំងឲ្យមនុស្សទាំងឡាយកាន់យកនូវអកុសលកម្មបទ ១០ ប្រការ ដោយន័យជាដើមថា ពួកអ្នកចូរសម្លាប់សត្វ ដូច្នេះហើយ ទើបធ្វើនូវជម្ពូទ្វីបជា ឧត្តរាវដ្ដ (វិលជុំវិញទៅខាងឆ្វេង) ។ លំដាប់នោះ រថរបស់ទេវបុត្តទាំងពីរនោះ បានជួបគ្នាលើអាកាស ។ បន្ទាប់មកបរិស័ទរបស់ទេវបុត្តទាំងនោះ សួរគ្នាថា ពួកលោកជារបស់ទេវបុត្រណា ពួកលោកជារបស់ទេវបុត្រណា ? នាំគ្នាឆ្លើយថា ពួកយើងជាចំណែកខាងធម្មទេវបុត្ត ពួកយើងជាចំណែកខាងអធម្ម-ទេវបុត្ត ទើបនាំគ្នាញែកផ្លូវចេញជា ២ ចំណែក ។ ចំណែកធម្មទេវបុត្តហៅអធម្មទេវបុត្តមកពោលថា នែសម្លាញ់ លោកជាចំណែកអធម៌ ខ្ញុំជាចំណែកខាងធម៌ ផ្លូវនេះសមគួរដល់ខ្ញុំ លោកចូរបររថរបស់លោកចេញ ចូរឲ្យផ្លូវដល់ខ្ញុំ ហើយពោលគាថាទី ១ ថា យសោករោ បុញ្ញករោហមស្មិ, សទាត្ថុតោ សមណព្រាហ្មណានំ; មគ្គារហោ ទេវមនុស្សបូជិតោ, ធម្មោ អហំ ទេហិ អធម្ម មគ្គំ។ ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណ-ព្រាហ្មណ៍ សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។ បណ្ដាបទទាំងនោះ បទថា យសោករោ បានដល់ ខ្ញុំជាសាងយសឲ្យដល់ទេវតានិងមនុស្សទាំងឡាយ ។ សូម្បីក្នុងបទទី ២ ក៏មានន័យដូចគ្នា ។ បទថា សទាត្ថុតោ គឺ បានទទួលការសរសើរជានិច្ច ក្នុងកាលទាំងពួង ។ លំដាប់នោះ អធម្មទេវបុត្រពោលថា អធម្មយានំ ទឡ្ហមារុហិត្វា, អសន្តសន្តោ ពលវាហមស្មិ; ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ, មគ្គំ អហំ ធម្ម អទិន្នបុព្ពំ។ ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នក ដែលមិនធ្លាប់ឲ្យហើយ ក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។ ធម្មទេវបុត្រពោលថា ធម្មោ ហវេ បាតុរហោសិ បុព្ពេ, បច្ឆា អធម្មោ ឧទបាទិ លោកេ; ជេដ្ឋោ ច សេដ្ឋោ ច សនន្តនោ ច, ឧយ្យាហិ ជេដ្ឋស្ស កនិដ្ឋ មគ្គា។ ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពីព្រេងនាយផង ម្នាលប្អូន អ្នកចូរចៀសចេញ អំពីផ្លូវរបស់បង ។ អធម្មទេវបុត្រពោលថា ន យាចនាយ នបិ បាតិរូបា, ន អរហតា តេហំ ទទេយ្យំ មគ្គំ; យុទ្ធញ្ច នោ ហោតុ ឧភិន្នមជ្ជ, យុទ្ធម្ហិ យោ ជេស្សតិ តស្ស មគ្គោ។ ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នក ដោយសេចក្តីអង្វរ មិនត្រូវឲ្យ ដោយពាក្យសមគួរ មិនត្រូវឲ្យ ព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នា ក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។ ធម្មទេវបុត្រពោលថា សព្ពា ទិសា អនុវិសដោហមស្មិ, មហព្ពលោ អមិតយសោ អតុល្យោ; គុណេហិ សព្ពេហិ ឧបេតរូបោ, ធម្មោ អធម្ម ត្វំ កថំ វិជេស្សសិ។ មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន ។ អធម្មទេវបុត្រពោលថា លោហេន វេ ហញ្ញតិ ជាតរូបំ, ន ជាតរូបេន ហនន្តិ លោហំ; សចេ អធម្មោ ហញ្ឆតិ ធម្មមជ្ជ, អយោ សុវណ្ណំ វិយ ទស្សនេយ្យំ។ គេតែងដំមាស ដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ ។ ធម្មទេវបុត្រពោលថា សចេ តុវំ យុទ្ធពលោ អធម្ម, ន តុយ្ហ វុឌ្ឍា ច គរូ ច អត្ថិ; មគ្គញ្ច តេ ទម្មិ បិយាប្បិយេន, វាចាទុរុត្តានិបិ តេ ខមាមិ។ ម្នាលអធម្មៈ បើអ្នកមានកម្លាំងនឹងច្បាំងបុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោក របស់អ្នកផង ។ គាថាទាំង ៦ នេះ លោកពោលដោយអំណាចជាពាក្យឆ្លើយឆ្លងរបស់ទេវបុត្រទាំង ២ នោះឯង ។ បណ្តាបទទាំងនោះ បទថា ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ សេចក្ដីថា ខ្ញុំនេះឈ្មោះថា អធម្មៈ ឡើងលើអធម្មយានហើយ មិនខ្លាចអ្នកណាឡើយ ជាអ្នកមានកម្លាំង នែធម្មៈ ហេតុអ្វីក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យផ្លូវ ដែលមិនធ្លាប់ឲ្យ ដល់លោក ។ បទថា បុព្ពេ សេចក្ដីថា ធម៌គឺកុសលកម្មបថ ១០ ប្រការប្រាកដហើយក្នុងលោកនេះ ក្នុងកាលជាបឋមកប្ប អធម៌ កើតឡើងខាងក្រោយ ។ បទថា ជេដ្ឋោ ច នេះ ធម្មៈពោលថា ព្រោះសេចក្ដីដែលធម៌កើតឡើងមុន ខ្ញុំទើបចម្រើនជាង ប្រសើរជាង ចាស់ជាង ចំណែកលោកជាប្អូន ហេតុនោះ លោកចូរគេចចេញទៅ ។ បទថា នបិ បាតិរូបា សេចក្ដីថា ខ្ញុំនឹងមិនឲ្យផ្លូវដល់លោក ដោយពាក្យសូម ក្ដី ដោយពាក្យគួរសមក្ដី ព្រោះខ្ញុំជាអ្នកសមគួរនឹងបានផ្លូវ ។ បទថា អនុវិសដោ សេចក្ដីថា ខ្ញុំជាអ្នកប្រាកដដោយគុណរបស់ខ្លួនដែលផ្សាយទៅសព្វទិស គឺ ទិសធំ ៤ និងទិសតូច ៤ និងជាអ្នកប្រាកដដោយបញ្ញា ។ បទថា លោហេន បានដល់ ដោយដុំដែក ។ បទថា ហញ្ឆតិ ប្រែថា នឹងសម្លាប់ ។ បទថា តុវំ យុទ្ធពលោ អធម្ម សេចក្ដីថា នែអធម្មៈ បើលោកជាមានកម្លាំងក្នុងចម្បាំង ។ បទថា វុឌ្ឍា ច គរូ ច សេចក្ដីថា បើយ៉ាងនេះ បុគ្គលចាស់ និងបុគ្គលជាគ្រូ របស់អ្នកមិនមាន ។ បទថា បិយាប្បិយេន សេចក្ដីថា ខ្ញុំកាលឲ្យដោយសេចក្ដីពេញចិត្ត និង មិនពេញចិត្ត រមែងឲ្យផ្លូវដល់លោកដូចឲ្យដោយសេចក្ដីពេញចិត្ត ។ ក្នុងខណៈដែលព្រះពោធសត្វ ពោលគាថានេះចប់ហើយភ្លាម អធម្មៈកាលមិនអាចនឹងតាំងនៅលើរថ ជាអ្នកមានក្បាលសំយុងចុះ ធ្លាក់មកលើផែនដី បានទៅកាន់ចន្លោះនៃផែនដី ហើយកើតក្នុងអវីចិមហានរក ។ កាលព្រះភគវាបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយ ទ្រង់ក៏សម្ដែងព្រះគាថាដ៏សេសថា ៖ ឥទញ្ច សុត្វា វចនំ អធម្មោ, អវំសិរោ បតិតោ ឧទ្ធបាទោ; យុទ្ធត្ថិកោ ចេ ន លភាមិ យុទ្ធំ, ឯត្តាវតា ហោតិ ហតោ អធម្មោ។ អធម្មទេវបុត្រ ឮពាក្យនេះហើយ មានក្បាលសំយុងចុះ មានជើងឡើងលើ ក៏ធ្លាក់ចុះ ពោលពាក្យថា អញត្រូវការដោយចម្បាំង តែមិនបាននូវការច្បាំងឡើយ អធម្មទេវបុត្រ ក៏ស្លាប់ដោយហេតុត្រឹមប៉ុណ្ណេះឯង ។ ខន្តីពលោ យុទ្ធពលំ វិជេត្វា, ហន្ត្វា អធម្មំ និហនិត្វ ភូម្យា; បាយាសិ វិត្តោ អភិរុយ្ហ សន្ទនំ, មគ្គេនេវ អតិពលោ សច្ចនិក្កមោ។ ធម្មទេវបុត្រ មានខន្តិធម៌ ជាកម្លាំង មានចិត្ត មានកម្លាំងក្រៃពេក មានព្យាយាមដ៏ទៀងទាត់ បានផ្ចាញ់ បានសម្លាប់នូវអធម្មទេវបុត្រ ដែលមានចម្បាំងជាកម្លាំង ទម្លាក់ទៅលើផែនដី ហើយឡើងកាន់រថ (របស់ខ្លួន) បរទៅតាមផ្លូវដដែល ។ មាតា បិតា សមណព្រាហ្មណា ច, អសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា និរយំ វជន្តិ តេ; យថា អធម្មោ បតិតោ អវំសិរោ។ បុគ្គលណា មិនបានធ្វើសក្ការៈដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់នរក ដូចជាអធម្មទេវបុត្រ ដែលសំយុងក្បាលធ្លាក់ចុះ ។ មាតា បិតា សមណព្រាហ្មណា ច, សុសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា សុគតិំ វជន្តិ តេ; យថាបិ ធម្មោ អភិរុយ្ហ សន្ទនំ។ បុគ្គលណា បានធ្វើសក្ការៈ ដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់សុគតិ ដូចជាធម្មទេវបុត្រ ឡើងកាន់រថរបស់ខ្លួន ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា យុទ្ធត្ថិកោ ចេ បានដល់ ការពិលាបរបស់អធម្មទេវបុត្រនោះ បានឮថា គេកំពុងពិលាបនោះឯង ធ្លាក់ចុះ ចូលទៅហើយកាន់ផែនដី ។ បទថា ឯត្តាវតា សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អធម្មៈចូលទៅកាន់ផែនដីហើយ អស់កាលត្រឹមណា អធម្មៈឈ្មោះថាត្រូវសម្លាប់ហើយ ត្រឹមនោះ ។ បទថា ខន្តីពលោ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អធម្មទេវបុត្រចូលទៅកាន់ផែនដីហើយយ៉ាងនេះ ធម្មទេវបុត្រជាអ្នកមានកម្លាំង គឺអធិវាសខន្តី ឈ្នះហើយនូវយុទ្ធពលនោះ សម្លាប់ហើយ កប់ក្នុងផែនដី ញ៉ាំងអធម្មៈឲ្យធ្លាក់ចុះហើយ ជាអ្នកមានចិត្តជឿជាក់ ព្រោះកើតភាពពិតប្រាកដ ឡើងកាន់រថរបស់ខ្លួន មានសេចក្ដីព្យាយាមដ៏មាំ បានទៅតាមផ្លូវនោះឯង ។ បទថា អសម្មានិតា ប្រែថា ដែលគេមិនសក្ការៈ ។ បទថា សរីរទេហំ សេចក្ដីថា បានលះបង់កាយពោលគឺសរីរៈក្នុងលោកនេះ។ បទថា និរយំ វជន្តិ សេចក្ដីថា អ្នកសមគួរដល់សក្ការៈដែលមនុស្សអាក្រក់ណាមិនធ្វើក្នុងផ្ទះ មនុស្សអាក្រក់ដែលមានសភាពយ៉ាងនោះ រមែងមានក្បាលសំយុងចុះ ធ្លាក់ទៅកាន់នរក ដូចអធម្មទេវបុត្រមានក្បាលសំយុងចុះធ្លាក់ទៅ ដូច្នោះដែរ ។ បទថា សុគតិំ វជន្តិ សេចក្ដីថា បណ្ឌិតដែលមានសភាពដូច្នោះ ដែលអ្នកណាបានសក្ការៈហើយ អ្នកនោះរមែងទៅកាន់សុគតិ ដូចធម្មទេវបុត្រឡើងកាន់រថបរទៅកាន់ទេវលោក ដូច្នោះដែរ ។ ព្រះសាស្ដា គ្រានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានក្រោធខឹងនឹងតថាគត ហើយចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា តទា អធម្មោ ទេវបុត្តោ ទេវទត្តោ អហោសិ អធម្មទេវបុត្រក្នុងកាលនោះ បានមកជាទេវទត្ត ។ បរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទអធម្មទេវបុត្រនោះ បានមកជាបរិស័ទរបស់ទេវទត្ត ។ ធម្មោ បន អហមេវ ចំណែកធម្មទេវបុត្រ គឺជា តថាគត នេះឯង ។ បរិសា ពុទ្ធបរិសាយេវ បរិស័ទរបស់ធម្មទេវបុត្រ បានមកជា ពុទ្ធបរិស័ទនេះឯង ។ ធម្មទេវបុត្តជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៦) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ |