Reading Article
Public date : 21, Jul 2020 (53,470 Read)
ឧបនិស្ស័យនៃការបដិបត្តិធម៌

|
ក្នុងខណៈដែលព្រះសារីបុត្តបក់ផ្លិតថ្វាយព្រះដ៏មានព្រះភាគ ដែលព្រះដ៏មានព្រះភាគកំពុងតែសម្តែង ព្រះធម៌ដល់ទីឃនខបរិព្វាជក នៅសុករខាតា នាភ្នំគិជ្ឈកូដ ព្រះថេរៈសម្រេចព្រះអរហត្តក្នុងខណៈនោះ គឺកំពុងបក់ផ្លិត មិនមានអាការខុសប្រក្រតីអ្វីទាំងអស់ ។ យើងគ្រប់គ្នាក៏ធ្លាប់បក់ផ្លិតនៅពេលនោះ គិត រឿងអ្វីៗ បានទាំងអស់ គិតធ្វើបុណ្យយ៉ាងនេះ យ៉ាងនោះ ឬគិតដោយអកុសលវិតក្កផ្សេងៗ ក៏បាន តាមតែបច្ច័យនៃការគិតនោះមាន ។ ជំនួសការគិតផ្សេងៗ សតិថ្នាក់សតិប្បដ្ឋានកើតឡើងក៏បានដែរ រលឹកដឹងលក្ខណៈ នៃធម៌ពិតកំពុងកើត កំពុងមាន ដោយអ្នកដទៃមិនបានដឹងឡើយ ព្រោះតាំងនៅ ដោយអាកប្បកិរិយាជាប្រក្រតី រហូតដល់សម្រេចមគ្គផល ។
![]() នៅពេលបរិភោគអាហារ សតិកើតក៏ជាប្រក្រតី នៅពេលនិយាយ ពេលស្តាប់ សតិកើតជាប្រក្រតីបាន ទាំងអស់ ។ នៅក្នុងសំយុត្តនិកាយ ខន្ធវារវគ្គ ខេមកសូត្រ ព្រះខេមកៈកំពុងមានអាពាធ សម្តែងធម៌ ដល់ភិក្ខុ ៦០ អង្គ សម្រេចព្រះអរហត្តគ្រប់អង្គ ។ ព្រះអដ្ឋកថាបានបញ្ចាក់ថា ព្រះថេរៈ ៦០ អង្គនោះ ចម្រើនវិបស្សនាក្នុងទីនោះ ទាំងដែលព្រះថេរៈ កំពុងសម្តែងធម៌ ពិចារណាខ្ពស់ឡើងៗ ពេលចប់ព្រះ ធម៌ទេសនា ក៏បានសម្រេចជាព្រះអរហន្ត ។ ចំណែកព្រះខេមកៈ មិនមែន ពោលដោយទំនងដទៃ តែ ពោលដោយចិត្តដែលប្រព្រឹត្តទៅដោយវិបស្សនានោះឯង ព្រោះហេតុដូច្នោះ ទើបលោកបានសម្រេច ព្រះអរហត្តក្នុងពេលនោះដែរ ។ ការចម្រើនសតិប្បដ្ឋាន មិនមែនសាងអារម្មណ៍ឲ្យសតិ ឬសាងបព្វៈនេះ បព្វៈនោះក្នុងសតិប្បដ្ឋានសូត្រ ដើម្បីចម្រើនសតិប្បដ្ឋាន នោះឡើយ ហើយក៏មិនមែនជាបែបបង្គាប់សតិឲ្យចម្រើនពេលនេះ ពេលនោះ ទីនេះ ទីនោះ ដូច្នោះដែរ ព្រោះសតិជាអនត្តា អ្នកឲ្យសតិកើតមិនមានទេ គឺមានបច្ច័យគ្រប់គ្រាន់ សតិ ទើបកើតឡើង ។ ការស្តាប់យល់អំពីធម៌ពិតជាប្រក្រតី ទើបជាបច្ច័យនៃសតិប្បដ្ឋាន ឯការបានដឹងលក្ខណៈរបស់សតិ ទើបអាចសតិចម្រើនទៅបាន ។ ![]() ការចម្រើនសតិប្បដ្ឋាន មិនមែនធ្វើបែបនេះ បែបនោះ តាមអ្នកណានោះឡើយ ព្រោះអារម្មណ៍របស់ សតិ ជាបរមត្ថធម៌រៀងៗ ខ្លួន គ្រប់ឥរិយាបថ ៤ ពេលណាក៏មានធម៌ពិតដែរ ។ តួធម៌បដិបត្តិ មិន ប្រព្រឹត្តទៅដើម្បីឲ្យខ្លួនឯងបានអ្វីនោះទេ តួធម៌បដិបត្តិ គឺដឹងបរមត្ថធម៌ជាធម៌ពិត ដែលធម៌ពិតនោះ មិនមែនជាសត្វបុគ្គលតួខ្លួនហើយស្រេច ។ នៅក្នុងអដ្ឋកថាធម្មបទ ភិក្ខុវគ្គ សម្តែងអំពីព្រះវក្កលិបាននូវបីតិដ៏ខ្លាំងក្លា ហោះទៅតាមអាកាស ពិចារណាព្រះពុទ្ធគាថា ដែលព្រះពុទ្ធទ្រង់ត្រាស់សម្តែងថា បាមោជ្ជពហលោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។ ភិក្ខុដែលច្រើនទៅដោយសេចក្តីរីករាយជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា គប្បីបានសម្រេចនូវសន្តិបទ គឺព្រះនិព្វាន ដែលស្ងប់នូវសង្ខារទាំង ពួង ជាសុខ ។ ព្រះវក្កលិ សម្រេចព្រះអរហត្តនៅក្នុងអាកាសនោះឯង ហើយហោះចុះមកថ្វាយបង្គំព្រះបរមសាស្តា នៅនាព្រះវេឡុវ័ន មហាវិហារ ។ តើយើងបដិបត្តិធម៌ ដោយធ្វើតាមព្រះវក្កលិ ហោះទៅតាមអាកាស ដូច្នោះឬ ? ព្រះសប្បទាសត្ថេរ លោកមិនចង់មានជីវិតនៅក្នុងផ្នួស តែលោកក៏មិនចង់សឹក ម៉្លោះហើយ លោក សម្រេចចិត្តធ្វើអត្តឃាត ដោយយកកាំបិតកោរទៅអារបំពង់ក ប៉ុន្តែសំណាងល្អ កាំបិតបញ្ញាលឿនជាង កាត់អាសវក្កិលេសដាច់អស់ មុននឹងដាច់បំពង់ក សម្រេចព្រះអរហត្ត ក្នុងទីនោះឯង ។ មានភិក្ខុអង្គខ្លះ កាត់ដាច់បំពង់កស្រេចហើយ ទើបសម្រេចព្រះអរហត្តបរិនិព្វានក្នុងពេលនោះទៅ ។ ដើម្បីសម្រេចព្រះអរហត្ត តើយើងត្រូវបដិបត្តិដោយអារកាត់ផ្តាច់បំពង់កខ្លួនឯង តាមលោកដូច្នោះឬ?
|