ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា

|
បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា
-ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី ទ្រង់មានឆពណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។ -ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។ -កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា ធ្វើទានឥតមានរួញរា កាលដែលនៅជាព្រះពោធិសត្វ ។ -រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត ។ -រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែធ្វើមាស បិតពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ -រស្មីក្រហមនោះណា កាលដែលមាតាពស់ខាំស្លាប់ពិត បទុមស៊ូប្តូរជីវិត កាត់បេះដូងបិតធ្វើថ្នាំមាតា ។ -រស្មីពណ៌សសុទ្ធសាធ កាលដែលព្រះបាទវេស្សន្តរក្សត្រា ឲ្យទានដំរីសសោភា កាលព្រះប្រាថ្នារកពោធិញ្ញាណ ។ -រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្សចាប់យកបាន វិជ្ជាធរអារសាច់ខ្លួនប្រាណ ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត ។ -រស្មីពណ៌ផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត ឲ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។ -រស្មីពណ៌លឿងក្រហម សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចូរចាំទុកអើយ ។ (ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧)
១.សូមមើលទង់ជ័យ ឆព្វណ្ណរង្សី ដែលមានរស្មីភ្លឺស្រស់ល្អ ខៀវលឿងក្រហម ព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។ ២.ប្រទេសតូចធំ បានស្ម័គ្រស្មាគម ជំនុំគ្នាច្រើនអនេក ព្រមយករស្មី ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង។ ៣.ធ្វើជាសញ្ញា ទង់ជ័យសាសនា នៃព្រះសម្ពុទ្ធធំចម្បង ចូរយើងរាល់គ្នា យកចិត្តចាំចង នឹកដល់ព្រះអង្គជាអម្ចាស់ ។ ៤.ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា សុទ្ធសឹងតែជាពុទ្ធសាសន៍ ចូរយើងសាមគ្គី ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់គ្រប់ៗគ្នា ។ ៥.សូមសាសនាពុទ្ធ ថ្កុំថ្កើងបំផុត រុងរឿងវិសុទ្ធថ្លៃថ្លា ហើយមានជ័យជោគ ផ្សាយពេញលោកា ដោយជនជ្រះថ្លាច្រើនសែនលាន ។ ៦.មានចិត្តស្នេហា គោរពបូជា ចំពោះព្រះធម៌ដ៏កល្យាណ ទាំងមនុស្សទេវតា ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បានសេចក្តីសុខ ។ ៧.យើងខេមរៈជាតិ នាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបានផុតទុក្ខ រួបរួមសាមគ្គី ពីនេះទៅមុខ យើងនឹងបានសុខក្សេមក្សាន្តត្រាណ។ ៨.ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាននិព្វាន ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត ជាតិយើងនឹងបានសោយសុខា ។ (ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧ |