Reading Article
Public date : 27, Jul 2019 (20,087 Read)
រឿងស្រីពេស្យាកើតជាប្រេត

|
រឿងស្រីពេស្យាកើតជាប្រេត កាលកន្លងទៅហើយ មានស្ត្រីពេស្យាផ្កាមាសម្នាក់ ឈ្មោះសិរិនី នៅក្នុងហត្ថិនីជនបទនាដែនកុរុជាស្ត្រីគ្មានសីលធម៏ប្រចាំខ្លួន ។ ថ្ងៃមួយជាថ្ងៃឧបោសថ ពួកភិក្ខុសង្ឃប្រជុំគ្នាធ្វើឧបោសថកម្ម ឧបាសក ឧបាសិកាទាំងឡាយ មានសេចក្តីជ្រះថ្លា ក៏នាំគ្នាយកភេសជ្ជៈផ្សេង ៗ មានស្ករទឹកឃ្មុំ ទឹកអំពៅ ជាដើម ។ រៀបចាត់ចែងក្នុងសាលាភត្ត បម្រុងចាំប្រគេនព្រះសង្ឃ ដែលចេញពីរោងឧបោសថមក ។ ពេលនោះពួកឧបាសក ឧបាសិកា ទាំងឡាយជូនជាបានឃើញនាងសិរិនី ស្រីផ្កាមាសដើរទៅក្បែរទីនោះក៏ហៅឪ្យចូលទៅអនុមោទនាយកចំនែកបុណ្យ ស្ត្រីផ្កាមាសនោះមានចិត្តក្រោធខឹង ឆ្លើយតបទៅវិញថា យើងមិនចង់បានទេ គ្មានបុណ្យអ្វីកើតពីពួកស្រមណ៏ត្រងោល អ្នកតិះដៀលមាតុគ្រាមនោះទេ ពួកអ្នករាល់គ្នា សុទ្ធតែចាញ់បោកស្រមណ៏ត្រងោលទាំងនេះ និយាយហើយ ក៏ដើរហួសទៅ ។ សម័យខាងក្រោយមកនាងបានធ្វើមរណកាលទៅកើតជាប្រេតញី នៅលើកំពែង ដែលគេជីកគូពទ័្ធជុំវិញនគរ មានកាយអាក្រក់ ធុំក្លិនស្អុយ ចេញពីមាត់ ដូចសពស្អុយរលួយ មិនដែលមានបាយទឹកបរិភោគឡើយ ។
ថ្ងៃមួយមានឈ្មួញម្នាក់បររទេះទៅលក់ដូរឥវ៉ាន់ ដល់ពេលយប់ ក៏ដាក់រទេះដេកក្បែរកំពែងនគរនោះ ។ ប្រេតញីឃើញបុរសនោះ ស្គាល់ថាជាអ្នកមកពីស្រុកកំណើតខ្លួន ក៏ទៅបង្ហាញខ្លួនឪ្យឃើញ ។ ឈ្មួញបានឃើញហើយភិតភ័យ ព្រោះរូបនោះអាក្រក់គួរខ្លាច ទើបសួរប្រញាប់ប្រញាល់ថា នាងជាអ្វី ? យើងមិនដែលឃើញមនុស្សបែបនេះសោះ នាងប្រេតប្រាប់តាមដំណើរ បុព្វកម្មរបស់នាង ហើយផ្តាំនឹងបុរសឈ្មួញនោះទៅមាតារបស់នាងថា នាងសិរិនីជាកូន ដែលបានស្លាប់ទៅបានទៅជាប្រេតនៅកំពែងនគរ មានសេចក្តីលំបាក ស្រេកឃ្លានខ្លាំងណាស់ សុំឪ្យមាតាយកប្រាក់ ៤ សេន នៅកប់ ក្រោមគ្រែដែលនាងដេក ហើយបែងប្រាក់នោះជាពីរ ចំណែក មួយចំណែក ឪ្យមាតាទុកចិញ្ចឹមជីវិត មួយចំណែកទៀតយកទៅធ្វើបុណ្យទានឧទ្ទិសផលឪ្យខ្ញុំ ត្បិតប្រាក់នោះខ្ញុំសន្សំទុកមកយូរហើយ ។ ឈ្មួញត្រលប់ទៅស្រុកវិញ ប្រាប់មាតាប្រេតនោះតាមបណ្តាំរបស់ប្រេត មាតាក៏ចាត់ចែងគាស់យកប្រាក់ ធ្វើបុណ្យទានឧទ្ទិសផលឪ្យប្រេតនោះ ប្រេតនោះក៏បានរួចកម្មពៀរ ក្លាយខ្លួនជារុក្ខទេវធីតា សោយសម្បត្តិទ្រព្យ មានរូបកាយ ល្អប្រិបប្រិយ ។ យប់មួយក៏ទៅបង្ហាញខ្លួនឪ្យមាតាឃើញ ហើយរៀបរាប់សេចក្តីទុក្ខរបស់ខ្លួន កាលកើតជាប្រេតជម្រាបមាតា ទើបរំលឹកមាតាឪ្យធ្វើទាន រក្សាសីល កុំឪ្យធ្វេសប្រហែស ហើយលាមាតាទៅលំនៅអាត្មាវិញ ។ មាតាធ្វើទានរក្សាសីល ដរាបអស់អាយុបានទៅកើតក្នុងសុគតិភពហោង ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងនិទានជាតក វាយអត្តបទបញ្ចូលដោយ កញ្ញា ហេង សំដាណែត
ដោយ៥០០០ឆ្នាំ |