Reading Article
Public date : 05, Jan 2023 (20,997 Read)
រឿងស្វាទេវទត្ត

|
រឿងស្វាទេវទត្ត
( ចាក ត. ឯ. ) ( ព្យាបាទចំពោះអ្នកមិនព្យាបាទតប ដូចបាចធូលីច្រាសខ្យល់ ) ក្នុងអវសរ ដែលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះភិក្ខុទេវទត្តកើតជាស្វា ត្រោសនៅក្នុងព្រៃហេមពាន្ត ជាប្រធាននៃស្វាទាំងឡាយក្នុងទីនោះ កាលបើមានកូនឈ្មោលរបស់ខ្លួនកើតឡើង តែងសម្លាប់ចោល ខ្លាចក្រែងកូននោះដណ្តើម ធ្វើជាមេហ្វូង ។
កាលនោះ ព្រះពោធិសត្វ ចាប់បដិសន្ធិក្នុងផ្ទៃស្វាញី ជាភរិយាស្វាទេវទត្តនោះ ។ ស្វាញីដឹងថាខ្លួនមានគត៏ហើយ ក៏រត់បាត់ទៅពួន នៅកន្លែងដទៃ ដល់សម្រាលកូនស្វាឈ្មោលមក ខំលាក់មិនឪ្យចេញទៅទីណាឆ្ងាយ ។ កូនស្វានោះ មានកំលាំងដូចដំរីសារ ក្លាហានអង់អាចដូចរាជសីហ៏ ព្រោះជាតិព្រះពោធិសត្វ ដល់ធំឡើង សួរមាតាថា អ្នកណាជាបិតាខ្ញុំ សូមនាំខ្ញុំទៅជួប មាតាប្រាប់ថា បិតាឯងជាមេហ្វូងនៅក្នុងព្រៃភ្នំឯនោះ កូនឯងទៅជួបមិនបានទេ ព្រោះបិតានោះនោះចិត្តអាក្រក់ណាស់ តែឃើញកូនឈ្មោល ចាប់ច្របាច់សម្លាប់ចោលហើយ ។ ព្រះពោធិសត្វថា មិនស្លាប់ទេ សូមមាតានាំខ្ញុំទៅចុះ មាតាឃាត់មិនបានក៏នាំទៅ ។ បិតាឃើញហើយ កើតព្យាបាទក្នុងចិត្ត ក៏ធ្វើជាស្រឡាញ់ ហៅព្រះពោធិសត្វឪ្យចូលទៅជិត ចាប់ឪបរឹតពេញទំហឹង ព្រះពោធិសត្វ ប្រឹងចំកោងច្រាន បិតាទ្រាំមិនបានចាញ់កំលាំងព្រះពោធិសត្វ ក៏លែងទៅ កើតក្តៅក្រហាយគិតថា កូននោះពូកែតែធំពេញរូបឡើង វាសម្លាប់អញ ដណ្តើមឋានះជាមេហ្វូងហើយ ទើបហៅព្រះពោធិសត្វ មកប្រាប់ដោយឧបាយថា នែកូនសម្លាញ់ ! ឥឡូវឪពុកចាស់ហើយនឹងប្រគល់ឋានះ មេហ្វូងឪ្យឯង គឺតាំងឯងជាស្តេចស្វា ឪ្យនៅត្រួតត្រាហ្វូងស្វាទាំងអស់ជំនួសបិតា ឯងត្រូវទៅកាច់ផ្កាក្នុងស្រះឯណោះ មកឪ្យបិតា បិតានឹងអភិសេកឪ្យ ។ ព្រះពោធិសត្វ ទទួលដោយរីករាយ ហើយម្នីម្នាទៅកាន់ស្រះនោះ ទៅដល់ដើរឆ្វែលពិចារណាមើល មិនឃើញមានស្នាមជើងឡើងវិញសោះ ឃើញតែចុះទៅ ទើបព្រះពោធិសត្វយល់ច្បាស់ថា ក្នុងស្រះមានអារ័ក្សទឹកហើយ អញមិនត្រូវចុះទេ ក៏ដើរបេះជុំវិញ្ស្រះ មិនឪ្យជ្រុលខ្លួលទៅក្នុងអាណាខេត្ត របស់អារ័ក្សទឹក បេះផ្កាជាច្រើនដាក់គរក្បែរមាត់ស្រះ ។ អារ័ក្សទឹកឃើញហើយ នឹកអស្ចារ្យក្នុងចិត្តថា ស្វានេះចំជាបណិ្ឌតអ្នកប្រាជ្ញ បេះយកផ្កាអញបានហើយ មិនឪ្យអញចាប់ស៊ីកើតទៀត ទើបបង្ហាញខ្លួនឪ្យព្រះពោធិសត្វឃើញ ហើយសូត្រពាក្យស្លោកថា ៖ យសេ្សតេ ច តយោ ធ ម្មា វានរិន្ទ យថា តវ ទក្ខិយំ សូរិយំ បញ្ញា(១) ទិដ្ធ សោ អតិវត្តតិ ។ ប្រែថា បពិត្រស្តេចស្វា ធម៏ទាំងឡាយ ៣ យ៉ាងនេះ គឺ ទក្ខិយ ១ , សុរិយ ១ , បញ្ញា ១ , មានដល់បុគ្គលណាដែលដូចលោក បុគ្គលនោះតែងតែបង្គ្របនូវខ្មាំងបាន ។ សូត្រដូចនេះហើយ សួរព្រះពោធិសត្វថា អ្នកយកផ្កាទៅធ្វើអ្វី ? ព្រះពោធិសត្វថា បិតាខ្ញុំឪ្យយកទៅដើម្បីអភិសេកខ្ញុំជាស្តេច ។ អារ័ក្សទឹកគិតថា អ្នកមានស្តេចក្តីក្លាហាន អង់អាចយ៉ាងនេះ គួរតែអញយកផ្កាទៅឪ្យ ក៏កាន់ផ្កាដើរតាមក្រោយ ព្រះពោធិសត្វទៅ ។ បិតាឃើញកូនមកវិញ មានអារ័ក្សទឹកជាអ្នកកាន់ផ្កាឪ្យដូច្នោះ ក៏កើតក្តៅក្រហាយ អន្ទះអន្ទែងបែកទ្រូងស្លាប់ទៅ ។ ពួកស្វាទាំងឡាយក៏នាំគ្នាអភិសេក ព្រះពោធិសត្វជាស្តេចរបស់ខ្លួនតទៅ ។ ប្រជុំជាតក ស្វាជាបិតា គឺភិក្ខុទេវទត្ត កូនស្វាគឺ ព្រះតថាគត ។ ១, ទក្ខិយ ប្រែថា សេចក្តីប្រសប់ រវាសរវៃ ២, សូរិយ ប្រែថា
សេចក្តីក្លាហាន អង់អាច ៣, បញ្ញា ប្រែថា សេចក្តីប្រាជ្ញ មិនគាំងគំនិត ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំជាតក វាយអត្តបទដោយ កញ្ញា ហេង សំដាណែត ដោយ៥០០០ឆ្នាំ |