Reading Article
Public date : 05, Jan 2023 (35,653 Read)
រឿងនាងសុភទ្ទ្រា

|
រឿងនាងសុភទ្ទ្រា
( ចាក វិ. ខុ. ) ( គុណនៃការធ្វើសង្ឃគតាទក្ខិណាទាន ) កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅក្នុងវត្តជេតពន នាក្រុងសាវត្ថី ។ កាលនោះមានកុដុម្ពិក៍ម្នាក់ ជាញោមឧបដ្ឋាកព្រះរេវតត្ថេរ នៅក្នុងនាឡន្តគ្រាម ។ កុដុម្ពិក៍នោះ មានកូនស្រីពីរនាក់ ឈ្មោះភទ្រ្ទា ១. សុភទ្ទ្រា ១. នាងភទ្ទ្រា មានស្វាមី ទៅនៅក្នុងត្រកូលមាតាបិតាក្មេក ប៉ុន្តែនាងជាស្ត្រីអាឥតកូន នាងបាននិយាយនឹងស្វាមីថា ខ្ញុំមានប្អូនស្រីមួយឈ្មោះសុភទ្ទ្រា ខ្ញុំនឹងនាំមកជាភរិយារបស់អ្នក ដើម្បីឱ្យបានបុត្រ ។ បុរសជាស្វាមីព្រមទទួលតាមពាក្យរបស់នាង ។
ឯនាងភទ្ទ្រា ជាស្ត្រីមានសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា បានរំឭកដាស់តឿន នាងសុភទ្ទ្រាជាប្អូន ឱ្យខំធ្វើទានរក្សាសីល បំពេញការកុសលគ្រប់បែបយ៉ាង ។ នាងសុភទ្ទ្រា ក៏ខំប្រតិបត្តិតាមឱវាទ របស់បង ។ ថ្ងៃមួយ នាងបាននិមន្តព្រះរេវតត្ថេរ ព្រមទាំងភិក្ខុដទៃទៀតជាគំរប់ ៨ អង្គ មកថ្វាយសង្ឃទាន ក្នុងគេហស្ថានរបស់នាង ។ ព្រះរេវតត្ថេរ លោកមានព្រះទ័យករុណា ចង់ឱ្យនាងសុភទ្ទ្រាបានបុណ្យច្រើន លោកក៏នាំភិក្ខុសង្ឃទាំង ៧ អង្គ ឡើងគង់លើ អាសនៈហើយប្រាប់ថា នាងចូរថ្វាយទានដល់សង្ឃចុះ ។ នាងសុភទ្ទ្រា ក៏លើកភោជនហារ ទៅប្រគេនព្រះសង្ឃទាំង ៨ អង្គ បានតាំងចិត្តចំពោះសង្ឃតែម្យ៉ាង លុះឆាន់ហើយព្រះរេវតត្ថេរ បានធ្វើភត្តានុមោទនារួច ក៏និមន្តទៅ អារាមវិញទៅ ។ ចំណែក ខាងនាងសុភទ្ទ្រា ដល់អស់អាយុ បានទៅកើតក្នុងស្ថាន និម្មានរតី ។ ឯនាងភទ្ទ្រាជាបង ដែលជាអ្នកពេញចិត្តក្នុងការធ្វើទាន ដល់អស់អាយុ បានទៅកើតជាបាទបរិច្ចារិកា របស់ព្រះឥន្ទ្រ នាស្ថានត្រៃត្រឹង្ស ។ ក្នុងពេលនោះនាងសុភទ្ទ្រាទេវធីតា បានរំពឹងមើលបុព្វកម្មរបស់ខ្លួន ឃើញថាដែលបានមកកើតក្នុង ស្ថាននិម្មានរតីនេះ ដោយសាឱវាទរបស់នាងភទ្ទ្រាជាបង ។ ទើបនាងនឹករកនាងភទ្ទ្រា ក៏ឃើញក្នុងស្ថានត្រៃត្រឹង្ស មានយសស័ក្តិទាបជាងនាង នាង មានចិត្តអាណិតបងខ្លាំងណាស់ ទើបហោះចុះទៅស្ថានត្រៃត្រឹង្ស ចូលទៅក្នុងប្រាសាទនាងភទ្ទ្រាទេវធីតា ។ នាងភទ្ទ្រាទេវធីតានោះ មិនស្គាល់ជាប្អូនរបស់ខ្លួនឡើយ ទើបសួរថា ម្នាលនាងមានតេជៈច្រើន ថ្កើងរុងរឿងដោយពន្លឺរស្មី គ្រប់ដណ្តប់នូវពួកទេវតាក្នុងជាន់ត្រៃតឹង្ស ។ នាងមកពីស្ថានណា ? បានធ្វើបុណ្យដូចម្តេចពីជាតិមុន ? ។ នាងសុភទ្ទ្រាទេវធីតាប្រាប់ថា បពិត្រអ្នកបង ខ្ញុំមកពីស្ថាននិម្មានរតី កាលពីជាតិមុន ខ្ញុំត្រូវជាប្អូនបង្កើតរបស់អ្នកបង ដែលខ្ញុំមានតេជៈរុងរឿងយ៉ាងនេះ ដោយសាឱវាទរបស់អ្នកបង ។ នាងភទ្ទ្រាសួរទៀតថា ម្នាលនាងទេពធីតា នាងបានធ្វើបុណ្យអ្វី បានមានបុណ្យស័ក្តធំជាងយើង ? យើង កាលនៅស្ថានមនុស្ស បានធ្វើបុណ្យច្រើនណាស់ ហេតុអ្វីក៏មានស័ក្តិតូចដូច្នេះ ? ។ នាងសុភទ្ទ្រាប្រាប់ថា អ្នកបងធ្វើទានច្រើនមែន ប៉ុន្តែបានធ្វើតែបុគ្គលិកទាន ឯខ្លួនខ្ញុំបានធ្វើទាន តែចំពោះព្រះសង្ឃ ៨ អង្គ ទាននោះឈ្មោះថាសង្ឃទាន ព្រោះខ្ញុំតាំងចិត្តចំពោះសង្ឃតែម្យ៉ាង បានជាខ្ញុំមានស័ក្តិធំជាងអ្នកបង ។ និយាយដូច្នេះហើយ ក៏លានាងភទ្ទ្រាត្រឡប់ទៅស្ថានរបស់ខ្លួនវិញ ។ ថ្ងៃមួយ ព្រះមោគ្គល្លាននិមន្តទៅស្ថានត្រៃត្រឹង្ស បានជ្រាបប្រវត្តិរបស់នាងទាំងពីរ អំពីសំណាក់ព្រះឥន្ទ្រហើយ ក៏ចុះមកស្ថានមនុស្សវិញ នាំដំណើរនោះ ទៅក្រាបទូលដល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវរឿងនោះ ឱ្យជាហេតុហើយ ទើបសំដែងនូវ អានិសង្ឃនៃសង្ឃគតាទក្ខិណាទាន ជាភិយ្យោភាពតទៅ ។ វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ។ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។ ដោយ៥០០០ឆ្នាំ |