Reading Article
Public date : 25, Jul 2019 (21,127 Read)
រឿងឆ្កែខាំប្រេត

|
រឿងឆ្កែខាំប្រេត
(ចាក បេ. ខុ) (ទោសក្បត់ស្វាមី និងមុសាវាទ) កាលសាសនាព្រះទសពលព្រះនាមកស្សប មានគហបតីម្នាក់ ជាឧបាសកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានបបួលឧបាសក ៥០០ នាក់សុទ្ធតែបានសម្រេចសោតាបត្តិផល នាំគ្នាធ្វើទានផ្សេងៗ មានធ្វើវត្តអារាមធ្វើស្ពានផ្លូវថ្នល់ ធ្វើទីចង្រម ធ្វើព្រះវិហារថ្វាយព្រះសង្ឃមានព្រះពុទ្ធជាប្រធាន បាននាំភរិយារបស់ខ្លួនគ្រប់គ្នា ដើរធ្វើបុណ្យទាន ពីវត្តមួយទៅវត្តមួយ មានបិតិរីករាយសើចសប្បាយរាល់ថ្ងៃ។ មានថ្ងៃមួយនោះ ភរិយាគហបតីឧបាសកនាំបរិវារ ៥០០ ទៅវត្ត ទៅដល់សាលាសំណាក់មួយ នាំគ្នាឈប់សំរាក ជួនជាមានអ្នកលេងរបាំកំលោះពីរនាក់នៅលើសាលានោះបានឃើញពួកស្រ្តីហើយ ក៏និយាយគៀរគនាយអាយ ដោយឃើញស្រ្តីទាំងនោះមានរូបឆោមល្អឆើតឆាយឯពួកស្រ្តីទាំងនើមិនស្តីរកមួយម៉ាត់សោះ ។ អ្នកលេងបានទៅនិយាយនឹងបរុសម្នាក់ ឲ្យជួយនិយាយ បើបានឲ្យរង្វាន់ ១ ពាន់កហាបណះបុរសនោះទៅនិយាយបានលើភរិយាគហបតីឧបាសក ។ ថ្ងៃក្រោយមកភរិយនោះ ក៏បានប្រព្រឹត្តអសទ្ធក្បត់ស្វាមីខ្លួន ហើយបានហាមប្រាមស្រ្តីបរិវារ ៥០០ របស់នាងមិនឲ្យនិយាយឲ្យស្វាមីដឹង ។ អំពីអាក្រក់លាក់មិនកំបាំងដូចពាក្យស្លោកបូរាណថា "ផោមក្នុងទឹកគង់ធុំស្អុយ" ថ្ងៃមួយគហបតីឧបាសកបានដឹងថា ភរិយាខ្លួនប្រព្រឹត្តអនាចារនឹងអ្នករបាំ ក៏ហៅទៅសួរស្ងាត់កំបាំង នាងកុហកថាមិនបានក្បត់ដូច្នោះទេ កំពុងតែនិយាយជួនជាមានឆ្កែខ្មៅកំបុតត្រចៀកមួយរត់កាត់មុខ នាងក៏ស្បថជូនឧបាសកថាបើខ្ញុំក្បត់មែន សូមឲ្យឆ្កែខ្មៅកំបុតត្រចៀកនេះខាំស៊ីសាច់ឈាមខ្ញុំរាល់ថ្ងៃ ។ គហបតីឧបាសក ក៏នៅមិនទាន់ជឿស៊ប់ ទើបហៅស្ត្រីបរិវារទាំង ៥០០ មកសួរម្នាក់ម្តង ៗស្រ្តីទាំងនោះឆ្លើយតែពាក្យមួយដូចគ្នាថា ខ្ញុំមិនដឹង មិនដែលឃើញបុរសណាទៅជិត ឬនិយាយអ្វីជាមួយម្ចាស់ស្ត្រីឡើយបើបែរជាឃើញហើយថាមិនដឹង ខ្ញុំស្បចជូនកើតជាតិណាៗឲ្យកើតជាបរិវារម្ចាស់ស្ត្រីរាល់ៗជាតិ ។ គហបតីឧបាសក ក៏ជឿស៊ប់ថា ភរិយាខ្លួនបរិសុទ្ធមែន ។ នាងភរិយានោះ ត្រូវទោសក្បត់ឲ្យផលក៏ចេះតែក្តៅញ័រក្នុងខ្លួនស្គមរីងយូរៗទៅ ក៏ស្លាប់ទៅកើតជាប្រេតញីនៅក្នុងចន្លោះភ្នំនាព្រៃហេមពាន្ត មានវិមានប្រាសាទសួនច្បារនិងស្រះធំមួយឈ្មោះ កណ្ណមុណ្ឌះ ជាទីមនោរម្យក្រៃលែងដោយអំណាចបុណ្យដែលបានធ្វើពីជាតិមុន ។ ចំណែកស្ត្រីជាបរិវារទាំង ៥០០ ដល់អស់អាយុ ក៏ទៅកើតជាបរិវារនាងទាំងអស់គ្នាព្រោះត្រូវសម្បថ ។ ឯនាងប្រេតនោះ វេលាយប់ទទួលទោសត្រូវសម្បថ បណ្តាលឲ្យចុះពីប្រសាទទៅក្នុងស្រះកណ្ណមុណ្ឌះបាបកម្ម បណ្តាលឲ្យឆ្កែខ្មៅកំបុតត្រចៀកមួយធំប៉ុនដំរី ឲ្យកើតឡើងស្ទុះទៅខាំស៊ីនាងជាកំណាត់តូចធំ ហើយកើតឡើងវិញភ្លាម ខាំស៊ីទៀតដរាបដល់ភ្លឺទើបឆ្កែនៅទៅវិញ ដល់វេលាថ្ងៃនាងសោយទិព្វសម្បត្តិ ផ្លាស់ប្តូរតែយ៉ាងនេះរាល់វេលា ។ ថ្ងៃមួយនាងនាំពួកស្ត្រី ៥០០ ទៅលេងសួនច្បារបេះផ្លែស្វាយទិព្វបរិភោគ ហើយបណ្តែតលេងតាមស្ទឹងដែលហូរពីព្រៃហេមពាន្តទៅក្រុងពារណសី ផ្លែស្វាយនោះក៏អណ្តែតទៅជាប់នឹងសំណាញ់ នៅមុខព្រះរាជវាំងព្រះបាទព្រហ្មទត្ត ត្រង់កន្លែងដែលព្រះអង្គតែងតែទៅក្រសាលព្រះឧទកវារី ពួករាជសេវកាមាត្យ រើសផ្លែស្វាយនោះមកថ្វាយ ។ ព្រះរាជាទតឃើញផ្លែស្វាយនោះអស្ចារ្យធំប៉ុនឃ្លោក មានពណ៌ដូចមាស ក៏ទ្រង់ត្រស់ឲ្យរាជសេវកាមាត្យស៊ីមើលដល់ស៊ីទៅអាមាត្យនោះក្លាយខ្លួនទៅជាក្មេង ប្រហែលអាយុ១៦ឆ្នាំ មានពណ៌ល្អ មានកំលាំងច្រើន ព្រះរាជាឲ្យរើសយកទាំងអស់ទៅថ្វាយសោយ ក៏មានព្រះកាយពលស្រស់ល្អដូចកាលព្រហជន្ម ១៦ ឆ្នាំ ដល់សោយអស់ ព្រះរាជាចាត់រាជបុរស ឲ្យស្វែងរកស្វាយទៀត រាជបុរសក៏មិនអាចរកថ្វាយបាន ទើបព្រះរាជាទ្រង់ប្រជុំអ្នកខ្លាំងពូកែ ត្រាស់ថាអ្នកណាអាចទៅរកផ្លែស្វាយនេះបាន យើងឲ្យរង្វាន់ជាទីគាប់ចិត្តពេលនោះមានព្រានម្រឹគម្នាក់ស៊ូលរជីវិតទៅរកផ្លែស្វាយនោះ ។ ព្រះរាជា ក៏ចាត់ឲ្យទៅដោយរួសរាន់. ព្រានម្រឹគដើរទៅតាមដងស្ទឹងជាយូរថ្ងៃបានជួបនឹងឥសី ១ អង្គសួរថាដើមស្វាយទិព្វមាននៅក្នុងទីណា ឥសីបា្រប់ថាមានក្នុងព្រៃហេមពាន្ត នៅត្រង់ចន្លោះភ្នំក្បែរអន្លង់ទឹកធំឈ្មោះកណ្ណមុណ្ឌះចម្ងាយ ៦០ យោជន៍រាប់ពីទីនេះទៅ ។ ព្រានម្រឹគចេះតែខំដើរស្ពាយសតូវឥតឈប់បង្អង់ឲ្យយូរ ឈប់មួយតែពេលដេកប៉ុណ្ណោះ ទៅយូរថ្ងៃបានជួបនឹងឥសី១ អង្គទៀតសួរលោកថា នៅប៉ុន្មានយោជន៍ទៀតទើបដល់ដើមស្វាយទិព្វ លោកប្រាប់ថានៅ ៣០ យោជន៍ទៀត ។ ព្រានម្រឹគខំស្រូតរូតទៅជាយូរថ្ងៃ ក៏បានជួបនឹងឥសី ១ អង្គទៀត ឥសីនេះលោកធ្លាប់ទៅដល់ បានស្គាល់ច្រកល្ហកសព្វគ្រប់ លោកប្រាប់តាមដំណើរថានៅ ១៥ យោជន៍ទៀតដល់ហើយ បើអ្នកទៅតាមស្ទឹងធំនេះឃើញមានស្ទឹងតូចមួយបែកពីស្ទឹងធំ ទៅអ្នកចូរដើរទៅតាមស្ទឹងតូចនោះ លុះទៅដល់ចន្លោះភ្នំនោះងងឹតណាស់ អ្នកត្រូវកាន់ឈើស្ងួតចងធ្វើគប់ភ្លើង អុជកាន់ដើរទៅចំនួន ៣ យោជន៍នឹងដល់ដើមស្វាយទិព្វនោះហើយ ។ ព្រានម្រឹគក៏ដើរទៅធ្វើតាមបង្គាប់ឥសី បានដល់ទៅដើមស្វាយទិព្វនោះស្រាប់តែភ្លឺស្រឡះ មានស្រះធំមានច្បារមានប្រាសាទល្អៗ ត្រកាល ។ មួយស្របក់ពុំទាន់បានបេះផ្លែស្វាយផងស្រាប់តែឃើញស្រី ៥០០ នាក់រត់ប្រសាចមករក ខ្លះសើច ខ្លះបោយដៃហៅថា អ្នកស្វាមីអ្នកបង ។ ព្រានម្រឹគជាមនុស្សកាឡកណ្ណី មានរាសីទន់ ក៏ភិតភ័យ រត់ត្រឡប់មកវិញទាល់តែដល់ក្រុងពារាណសី ចូលទៅក្រាបទូលព្រះបាទព្រហ្មទត្តថា ទូលព្រះបង្គំបានទៅដល់ឃើញដើមស្វាយទិព្វមានផ្លែរយានរយោង រៀបតែនឹងឡើងបេះ ស្រាប់តែឃើញស្ត្រីល្អៗ ដូចទេវតារត់សើចក្អាកក្អាយមករកទូលព្រះបង្គំ ៗ ភ័យតក់ស្លុតទើបរត់ត្រឡប់មកវិញ ។ ព្រះរាជាទ្រង់សណ្តាប់ដូច្នោះហើយមានព្រះទ័យច្រួលច្របល់ស្តេចយាងទៅ ទើបរៀបចំប្រគល់សម្បត្តិឲ្យមហាមាត្យថែរក្សា ក៏ស្តេចយាងទៅមួយព្រានម្រឹគ ។ កាលបើស្តេចយាងទៅជិតដល់ ទតឃើញច្បាស់ហើយឲ្យព្រានម្រឹគត្រឡប់មកនគរវិញ ។ ព្រះរាជាបានយាងចូលទៅក្នុងច្បារ ពួកស្រ្តីបរិវារ ៥០០ ឃើញហើយ រត់មកថ្វាយបង្គំនាំទៅប្រាសាទ ។ នាងប្រេតចេញមកទទួលព្រះរាជា សួរដំណឹងសព្វគ្រប់ដឹងថាព្រះចៅក្រុងពារាណសី ក៏ថ្វាយខ្លួនជាបាទបរិចាកា នាំព្រះអង្គទៅស្រង់ទឹកកណ្ណមុណ្ឌទហះស្រេចហើយថ្វាយសំពត់ទិព្វថ្វាយព្រះស្ងោយទិព្វនាំស្ត្រី៥០០ច្រៀងរាំថ្វាយនាំក្រសាលក្នុងច្បារ ព្រះរាជាសោយព្រះស្ងោយសោយផ្លែស្វាយហើយស្រេច មានព្រះកាយពលស្រស់បស់ហាក់ដូចជាទេវបុត្រសុទ្ធវិស័យ ដល់ពេលរាត្រី ក៏ផ្ទំក្នុងប្រាសាទជាមួយនាងប្រេតនោះ ប៉ុន្តែព្រះរាជាពុំដឹងស្ត្រីទាំងនោះជាពួកប្រេតឡើយ ។ ជាពិសេសគឺ ក្នុងប្រេតស្ថាននោះសុទ្ធតែស្ត្រីទាំងអស់ មានបុរសតែ ព្រះអង្គមួយ ប៉ុណ្ណោះ ។ ចំណែកនាងប្រេតនោះ ជាធម្មតាតែដល់ពេលអាធ្រាត នាងចុះទៅឈរក្បែរឆ្នេរស្រហកណ្ណមុណ្ឌះឆ្កែខ្មៅកំបុតត្រចៀកកើតឡើងភ្លាម ខាំស៊ីដាច់ជាកំណាត់តូចធំស្លាប់កើត ៗ ដរាបដល់ជិតភ្លឺផុតអំណាចកម្ម នាងឡើងចូលទៅផ្ទំក្បែរព្រះរាជាវិញ តែយ៉ាងនេះរាល់ៗ ថ្ងៃចំនួន ៤០ ឆ្នាំគត់ គិតពីត្រឹមដែលព្រះរាជាស្តេចយាងទៅ ប៉ុន្តែព្រះរាជាឥតដឹងសោះ ព្រោះផលកម្មរបស់នាងបិទបាំង ។ ថ្ងៃមួយចុងក្រោយនាងសោយកម្មអស់ ព្រះរាជាទ្រង់តើនពីកណ្តាលអធ្រាតុ បាត់មិនឃើញនាង ក៏ស្តេចតាមរកមើលឃើញឆ្កែកំពុងខាំជាកំណាត់ ៗ ទើបទ្រង់យកព្រះខ័នចុះទៅកាប់ឆ្កែពីរនោះជាបួនកំណាត់ កើតឆ្កែបួន. កាប់ដាច់បួនកើត ៨ កាប់ដាច់៨ កើត ១៦ ទើបនាងប្រេតស្រែកថាព្រះអង្គកុំធ្វើដូច្នោះ បើព្រះអង្គជួយសង្គ្រោះខ្ញុំ សូមខាកស្តោះទៅលើផែនដី ហើយយកព្រះបាទឈ្លី ទើបផលខ្ញុំអស់ឆ្កែលែងកើតទៀត ។ ព្រះរាជាទ្រង់ធ្វើតាម ក៏វិនាសកម្មពៀក្នុងពេលនោះឯង ។ ប្រេតក្រាបទូលថាកម្មខ្ញុំព្រះអង្គអស់ត្រឹមនេះហើយ លែងសោយផលដូច្នេះទៀតហើយ ។ ព្រះរាជាត្រាស់សួរថា ផលកម្មដូចម្តេចពីជាតិមុនបានជាដូច្នេះ? នាងក្រាបទូលតាមដំណើរ ព្រះរាជាបានជ្រាបសព្វគ្រប់ថានាងនោះជាប្រេត ក៏មានព្រះទ័យអផ្សុកលានាងត្រឡប់ទៅនគរវិញ ទោះបីនាងដឹងច្បាស់ថា ព្រះរាជាមិនព្រមនៅជាមួយទៀតហើយ ក៏យកសម្បត្តិទិព្វជាច្រើនបូជាព្រះអង្គហើយហោះនាំបីពរព្រះរាជាទៅដាក់ដល់ប្រាសាទ នាក្រុងពារាណសី ហើយថ្វាយបង្គំឱបព្រះបាទាយំសោកលាត្រឡប់មកលំនៅខ្លួនវិញហោង ។ ចំណែកខាងព្រះរាជា មានព្រះទ័យអាណិតក្រៃពេកទ្រង់ហូរទឹកព្រះនេត្រខ្សិកខ្សួលហើយ ក៏កើតធម្មសង្វេគយល់ច្បាស់នូវកម្ម និងផលរបស់កម្ម ទើបទ្រង់បរិច្ចាគទានរក្សាសីលដរាបដល់ទីវង្គត ទៅកើតនាស្ថានសួគ៌ទេវលោកហោង ។ លុះដល់មកក្នុងពុទ្ធកាលយើងនេះ កាលព្រះអង្កសំដែងធម្មចក្រហើយ គង់នៅក្បែរក្រុងសាវត្ថី កាលនោះព្រះមហាមោគ្គល្លាន បាននិមិត្តទៅព្រៃហេមពាន្ត ទតឃើញប្រេតនោះ ព្រមទាំងបរិវារទាំង ៥០០ នាក់ដើរលេងត្រៀបត្រាក្បែរស្រះកុណ្ណមុណ្ឌះ ក៏ត្រាស់សួរប្រវត្តិបុព្វកម្មរបស់នាង បានដឹងសព្វគ្រប់អស់ហើយ និមន្តវិលត្រឡប់ទៅកាន់សំណាក់ព្រហសម្តុទ្ធបរមគ្រូ ក្រាបទូលតាមដំណើររឿង ។ ព្រះបរមគ្រូ ទ្រង់ប្រជុំពុទ្ធបរិស័ទទាំងគ្រហស្ថនិង បព្វជិត ហើយមានព្រះតម្រាស់ថា នាងប្រេតនោះ តថាគតបានឃើញបានដឹងប្រវត្តិបុព្វកម្មសព្វគ្រប់ តែពីតថាគត ទើបនឹងត្រាស់ដឹងអនុត្តរធម៌ នៅលើរតនបល្លង្ក ក្រោមម្លប់ពោធិព្រឹក្សម្ល៉េះតែគ្មានអ្នកដទៃជាសាក្សី ទើបតថាគតស្ងៀម ទ្រង់មានព្រះតម្រាស់ដូច្នេះហើយ ក៏ប្រារព្ធសំដែងធម៌ទេសនា យករឿងប្រេតនោះជាហេតុ ទីបំផុតទ្រង់ប្រកាលអំពីអរីរសច្ចធម៌ ៤ ប្រការ ពុទ្ធបរិស័ទទាំងឡាយស្តាប់ហើយ មានសទ្ធាជ្រះថ្លាបានសម្រេចមគ្គផលតាមនិស្ស័រៀងៗ ខ្លួន ។ និទានរឿងប្រេតឆ្កែខាំចប់ដោយសង្ខបតែប៉ុណ្ណេះ ។ រឿងនេះក្នុងគម្ពីរលត្ថទីបនីអដ្ឋកថាមង្គលសូត្រមានសំដែងខ្លីៗ តាមបែបសង្គីតិសុត្តវណ្ណនា ហើយបានចង្អុលបា្រប់ថា មានពិស្តារក្នុងគម្ពីប្រេតវត្ថុត្រង់កណ្ណមុណ្ឌប្បេតវត្ថុណ្ណនា ដូចសំដែងមកនេះឯង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |