Reading Article
Public date : 27, Jul 2019 (26,792 Read)
មាលុក្យបុត្រ

|
តាមព្រះពុទ្ធតម្រាស់ដែលត្រាស់ដល់ព្រះមាលុក្យបុត្រថា៖
តំ កឹ មញ្ញសិ មាលុក្យបុត្ត យេ តេ ចក្ខុវិញ្ញេយ្យា រូបា អទិដ្ឋា អទិដ្ឋាបុព្វា ។ ន ច បស្សសិ ។ ន ច តេ ហោតិ បស្សេយ្យន្តិ ។ អត្ថិ តេ តត្ថ ឆន្ទោ វា រាគោ វា បេមំ វា ៕ " ម្នាលមាលុក្យបុត្រ អ្នកសម្គាល់សេចក្តីនោះ យ៉ាងណា រូបគប្បីឃើញដោយចក្ខុពួកណា អ្នកមិនឃើញហើយ ទាំងមិនធ្លាប់ឃើញហើយ រមែងមិនឃើញក្នុងកាលឥឡូវនេះផង និងការត្រិះរិះថាយើងនឹងឃើញ ក៏មិនបានមានដល់អ្នកផង អ្នកមានការពេញចិត្ត មានការកំណត់ដឹង ឬមានការស្រឡាញ់ក្នុងរូបទាំងនោះឬ? "។ មាលុក្យបុត្រ ទូលឆ្លើយថា នោ ហេតំ ភន្តេ ។ មិនមានទេ ព្រះអង្គ ។ ព្រះតម្រាស់នេះ ប្រាថ្នាសម្តែងថា អ្នកបដិបត្តិគប្បីចម្រើនវិបស្សនា ឃើញរូបារម្មណ៍ ដែលធ្លាប់ឃើញមកពីមុនហើយ លះកិលេសដែលកើតឡើងក្នុងខណៈឃើញ ដូចជាកិលេសដែលមិនកើតឡើងក្នុងរូបដែលមិនធ្លាប់ឃើញមកពីមុន ពិតហើយក្នុងខណៈឃើញនោះ កិលេសរមែងពេញចិត្ត ឬមិនពេញចិត្តក្នុងរូបដែលឃើញ និងរួមអវយវៈតូចធំទៀតផង កិលេសដូចពោលនេះ រមែងនាំទៅកាន់ការប្រកាន់ភ្ជាប់ឧបាទាន ដែលជាហេតុឲ្យកើតភពថ្មីតទៅ។ ក្រៅពីនេះមានសេចក្តីដែលត្រាស់សម្តែងដល់ សទ្ទារម្មណ៍ ជាដើមតទៅក្នុងមាលុក្យបុត្តសូត្រនោះថា “ សម្លេងដែលគប្បីដឹងច្បាស់ដោយត្រចៀកពួកណា អ្នកមិនបានស្តាប់ហើយ ទាំងមិនធ្លាប់បានស្តាប់ហើយ រមែងមិនបានស្តាប់ក្នុងកាលឥឡូវនេះផង និងការត្រិះរិះថា យើងនឹងបានស្តាប់ក៏មិនបានមានដល់អ្នកផង អ្នកមានការពេញចិត្ត មានការកំណត់ដឹងឬ មានការស្រឡាញ់ ក្នុងសម្លេងទាំងនោះឬ? ” ។ “ មិនមានទេ ព្រះអង្គ ” ។ “ ក្លិនដែលគប្បីដឹងច្បាស់ដោយច្រមុះពួកណា អ្នកមិនបានស្រូបយកហើយ ទាំងមិនធ្លាប់បានស្រូបយកហើយ រមែងមិនបានស្រូបយកក្នុងកាលឥឡូវនេះផង និងការត្រិះរិះថាយើងនឹងបានស្រូបយកក៏មិនបានមានដល់អ្នកផង អ្នកមានការពេញចិត្ត មានការកំណត់ដឹង ឬមានការស្រឡាញ់ក្នុងក្លិនទាំងនោះឬ? “ ។ “ មិនមានទេ ព្រះអង្គ ” ។ “ រសដែលគប្បីដឹងច្បាស់ដោយអណ្តាតពួកណា អ្នកមិនបានភ្លក្សហើយ ទាំងមិនធ្លាប់បានភ្លក្សហើយ រមែងមិនបានភ្លក្សក្នុងកាលឥឡូវនេះផង និងការត្រិះរិះថា យើងនឹងបានភ្លក្សក៏មិនមានដល់អ្នកផង អ្នកមានការពេញចិត្ត មានការកំណត់ដឹង ឬមានការស្រឡាញ់ក្នុងរសទាំងនោះឬ? ” ។ “ មិនមានទេ ព្រះអង្គ ” ។ “ ផោដ្ឋព្វៈដែលគប្បីដឹងច្បាស់ដោយកាយពួកណា អ្នកមិនបានពាល់ត្រូវហើយ ទាំងមិនធ្លាប់បានពាល់ត្រូវហើយ រមែងមិនបានពាល់ត្រូវក្នុងកាលឥឡូវនេះផង និងការត្រិះរិះថាយើងនឹងបានពាល់ត្រូវក៏មិនបានមានដល់អ្នកផង អ្នកមានការពេញចិត្ត មានការកំណត់ដឹង ឬមានការស្រឡាញ់ក្នុងផោដ្ឋព្វៈទាំងនោះឬ? ” ។ “ មិនមានទេ ព្រះអង្គ ” ។ “ ធម្មារម្មណ៍ដែលគប្បីដឹងច្បាស់ដោយចិត្តពួកណា អ្នកមិនបានដឹងហើយ ទាំងមិនធ្លាប់បានដឹងហើយ រមែងមិនបានដឹងក្នុងកាលឥឡូវនេះផង និងការត្រិះរិះថាយើងនឹងបានដឹងក៏មិនបានមានដល់អ្នកផង អ្នកមានការពេញចិត្ត មានការកំណត់ដឹង ឬមានការស្រឡាញ់ក្នុងធម្មារម្មណ៍ទាំងនោះឬ? ” ។ “ មិនមានទេ ព្រះអង្គ ” ។ ក្រៅពីនោះ ព្រះពុទ្ធអង្គបានត្រាស់ការចម្រើនវិបស្សនា ដោយសង្ខេបថា៖ ឯត្ថ ច តេ មាលុក្យបុត្ត ទិដ្ឋសុតមុតវិញ្ញាតេសុ ធម្មាសុ ទិដ្ឋេ ទិដ្ឋមត្តំ ភវិស្សតិ, សុតេ សុតមត្តំ ភវិស្សតិ, មុតេ មុតមត្តំ ភវិស្សតិ, វិញ្ញាតេ វិញ្ញាតមត្តំ ភវិស្សតិ។ យតោ ខោ តេ មាលុក្យបុត្ត ទិដ្ឋសុតមុតវិញ្ញាតេសុ ធម្មាសុ ទិដ្ឋេ ទិដ្ឋមត្តំ ភវិស្សតិ, សុតេ សុតមត្តំ ភវិស្សតិ, មុតេ មុតមត្តំ ភវិស្សតិ, វិញ្ញាតេ វិញ្ញាតមត្តំ ភវិស្សតិ។ តតោ ត្វំ មាលុក្យបុត្ត ន តេន។ យតោ ត្វំ មាលុក្យបុត្ត ន តេន, តតោ ត្វំ មាលុក្យបុត្ត ន តត្ថ។ យតោ ត្វំ មាលុក្យបុត្ត ន តត្ថ, តតោ ត្វំ មាលុក្យបុត្ត នេវិធ ន ហុរំ ន ខកយមន្តារេន។ ឯសេវន្តោ ទុក្ខស្ស។ “ ម្នាលមាលុក្យបុត្រ ក៏ក្នុងសភាវធម៌ទាំងនោះ គឺរូបដែលឃើញ សម្លេងដែលបានឮ អារម្មណ៍ដែលបានទទួលដឹង និងធម៌ដែលនឹងគប្បីទទួលដឹង កាលឃើញនឹងត្រឹមតែជាការបានឃើញ កាលបានឮ នឹងត្រឹមតែជាការបានឮ កាលដឹងអារម្មណ៍ផ្លូវច្រមុះ អណ្តាត កាយ នឹងត្រឹមតែជាការបានដឹងអារម្មណ៍តាមផ្លូវច្រមុះ អណ្តាត កាយ កាលដឹងអារម្មណ៍តាមផ្លូវចិត្ត នឹងត្រឹមតែជាការដឹងអារម្មណ៍តាមផ្លូវចិត្ត។ ម្នាលមាលុក្យបុត្ត ក្នុងសភាវធម៌ គឺរូបដែលឃើញ សម្លេងដែលបានឮ អារម្មណ៍ដែលបានទទួលដឹង និងធម៌ដែលនឹងគប្បីទទួលដឹង កាលឃើញនឹងត្រឹមតែជាការបានឃើញ កាលបានឮក៏ត្រឹមតែជាការបានឮ កាលដឹងអារម្មណ៍ផ្លូវច្រមុះ អណ្តាត កាយ ក៏ត្រឹមតែជាការបានដឹងតាមច្រមុះ អណ្តាត កាយ កាលដឹងអារម្មណ៍ផ្លូវចិត្តនឹងត្រឹមតែជាការដឹងអារម្មណ៍ផ្លូវចិត្ត ក្នុងកាលណា ក្នុងកាលនោះ អ្នកនឹងមិនមានកិលេសដែលជាប់ដោយសភាវធម៌ទាំងនោះ។ អ្នកនឹងមិនកើតកិលេសដែលជាប់ក្នុងសភាវធម៌ទាំងនោះ ក្នុងកាលណា អ្នកនឹងមិនជាប់ជំពាក់ក្នុងសភាវធម៌ទាំងនោះ ក្នុងកាលនោះ។ ម្នាលមាលុក្យបុត្ត អ្នកនឹងមិនមានក្នុងលោកនេះ មិនមានក្នុងលោកដទៃ មិនមានក្នុងលោកទាំងពីរ នេះឯងជាទីបំផុតនៃទុក្ខ ” ។ ដកស្រង់ចេញពីសៀវភៅ វិបស្សនាន័យ (ភាគ១) ទំព័រ៣៤៤។ ដោយ៥០០០ឆ្នាំ |