Reading Article
Public date : 27, Jul 2019 (23,945 Read)
រឿងសាវត្ថីសេដ្ឋីបុត្រ

|
រឿងសាវត្ថីសេដ្ឋីបុត្រ
( ចាក ម. អ. ) ( គុណនៃការបំរើមាតា បិតា ) បានឮថាមានសេដ្ឋីបុត្រម្នាក់ក្នុងក្រុងសាវត្ថី បានស្តាប់ធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធ មានសេចក្តីជ្រះថ្លា សូមបួសជាឧប្បសម្បទា ។លុះឧបសម្បទារួចហើយ គ្រាន់តែរៀនធម៌ប្រាំឆ្នាំ ចំរើនកម្មដ្ឋានក្នុងសំណាក់ឧបជ្ឈាយ៍ ទើបចេញអំពីវត្តជេតពនទៅកាន់ស្រុក នៅក្នុងព្រៃអាស្រ័យនឹងស្រុកទីបំផុតដែននោះ ។
ឯមាតាបិតារបស់ភិក្ខុនោះ តាំងតែអំពីកាលភិក្ខុនោះសូមបួសទ្រព្យសម្បត្តិក៏ដល់នូវការអស់រលីងតាមលំដាប់ ដល់នូវភាពនៃខ្លូនដែលជនដទៃអាណិតអាសូរក្រៃពេក ទើបកាន់យកអម្បែងដើរសូម នៅអាស្រ័យនៃជញ្ជាំងផ្ទះរបស់ជនដទៃ ។ លុះចំណេរខាងក្រោយមកភិក្ខុនោះឮថា មាតាបិតារបស់ខ្លួនដល់នូវសេចក្តីទុគត៌ ហើយគិតថាអញព្យាយាមនៅក្នុងព្រៃអស់ ១២ឆ្នាំ មិនដល់មគ្គផលសោះអញជាមនុស្សអភ័ព្វ ប្រយោជន៍អ្វីដោយបព្វជ្ជារបស់អញ បើសឹកទៅជាគ្រហស្ថ អញនឹងចិញ្ចឹម មាតាបិតាឲ្យនូវទានមានឋានសួគ៌ ប្រព្រឹត្តទៅខាងមុខ ទើបចេញអំពីព្រៃដល់ក្រុងសាវត្ថីចូលទៅកាន់ វត្តជេតពនដោយបំណងថា ក្នុងថ្ងៃនេះនឹងបានជួបព្រះសាស្តាស្តាប់ធម៌ទេសនាក្នុងថ្ងៃស្អែក នឹងបានឃើញមាតាបិតាពីព្រលឹម ។ ក្នុងថ្ងៃនោះ ព្រះសាស្តាទ្រង់ប្រមើលនូវសត្វលោកក្នុងកាលជាទីកំចាត់បង់នូវទីងងឹត ឃើញឧបនិស្ស័យនៃមគ្គជាដំបូងរបស់ភិក្ខុនោះ ព្រះអង្គទ្រង់ត្រាស់សរសើរគុណ របស់មាតាបិតា ដោយមាតាបិតាបោសកសូត្រ ភិក្ខុនោះគិតថា អញនឹងសឹកទៅជាគ្រហស្ថបំរើមាតាបិតា ស្រាប់តែព្រះសាស្តាត្រាស់ថា បព្វជិតក៏ឈ្មោះថាជាអ្នកធ្វើឧបការៈដល់មាតាបិតាបាន ប្រសិនបើអញមិនជួបព្រះសាសា្តហើយលាចាកបព្វជ្ជាមានសភាពបែបនេះ ឥឡូវនេះអញជាបព្វជិតនឹងបំរើមាតាបិតា ។ លុះដល់ព្រឹកឡើងភិក្ខុនោះចាប់ស្លាក ដែលគេធ្វើដោយបបរដល់ខ្លួនផង នឹងស្លាកដែលគេធ្វើដោយបាយដល់ខ្លួនផង ចូលទៅក្នុងស្រុកយកបបរនិងបាយទៅជូនមាតាបិតា និមន្តទៅបិណ្ឌបាត្រដោយខ្លួនឯង ។ លុះធ្វើភត្តកិច្ចរួចហើយ ធ្វើនូវទីសម្រាប់នៅដល់មាតាបិតាទៀត តាំងអំពីពេលនោះចេះតែបំរើមាតាបិតាមិនដែលដាច់ មិនត្រឹមតែប៉ុណ្ណោះទេភិក្ខុនោះជូននូវបក្ខិកភត្ត ដែលខ្លួនបានហើយដល់មាតាបិតាទៀត ហើយនិមន្តទៅបិណ្ឌបាត្រដោយខ្លួនឯងទើបបានឆាន់ មិនទាន់មិនឆាន់ ថ្ងៃដែលភិក្ខុនោះបានចង្ហាន់តិចណាស់ ថ្ងៃដែលមិនបានមានច្រើន ភិក្ខុនោះបានសំពត់សម្រាប់ចាំវស្សាក៏ដោយ វត្ថុតិចតូចដ៏ទៃក៏ដោយក៏យកទៅជួនមាតាបិតា ទាំងអស់ហើយដេរកំណាត់សំពត់ចាស់ៗ ដែលមាតាបិតាប្រើហើយ យកមកប្រើប្រាស់ខ្លួនឯង ។ ភិក្ខុនោះដែលអាពាធកើតអំពីការ បំរើមាតាបិតាបៀតបៀន ហើយយ៉ាងណា ក៏ទៅជាស្គមមានកំឡាំងខ្សោយ ។ ភិក្ខុទាំងឡាយឃើញភិក្ខុអ្នកបំរើមាតាបិតា នោះទើបសួរដឹងហេតុសព្វគ្រប់ បែរជាតិះដៀលភិក្ខុនោះវិញ ទៅក្រាបបង្គំទូលព្រះសាស្តា ៗ ត្រាស់នឹងភិក្ខុទាំងឡាយឲ្យហៅភិក្ខុអ្នកបំរើមាតាបិតានោះមក ទ្រង់ជ្រាបហើយក៏ចង់ឲ្យភិក្ខុនោះជ្រាបសេចក្តីថា ទ្រង់ប្រទានពរសព្ទសាធុការប្រកាសនូវបុព្វាចារ្យរបស់ខ្លួន ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុអ្នកឯងបំរើជនណា ? ជននោះត្រូវជាអ្វីនិងអ្នក ? ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ជននោះជាមាតាបិតារបស់ខ្ញុំព្រះអង្គ ។ ក្នុងពេលនោះព្រះសាស្តាទ្រង់ប្រទានសព្ទសាធុការអស់វារៈ ៣ដងដល់ភិក្ខុនោះ សាធុ សាធុ សាធុ ទ្រង់ត្រាស់ថាអ្នកស្ថិតនៅក្នុងផ្លូវដែលតថាគតដើរហើយ តថាគតប្រព្រឹត្តនូវបុព្វាចារ្យចិញ្ចឹមមាតាបិតា ទើបទ្រង់សំដែងសុវណ្ណសាមជាតក ក្នុងមហានិបាតត្រាស់ថាម្នាលភិក្ខុទាំងឡាយ ឈ្មោះថាការចិញ្ចឹមមាតាបិតា ជាវង្សនៃអ្នកប្រាជ្ញទាំងឡាយ ទើបប្រកាសនូវសច្ចៈទាំងឡាយ ។លុះដល់ទីបំផុតនៃសច្ចភិក្ខុនោះ បានសម្រេចសោតា ក្នុងពេលនោះទៅ ។ ( ព្រះមហា ង៉ោ អ៊ីវស៊ីន ) វាយបញ្ចូលអត្តបទនេះដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |