Reading Article
Public date : 27, Jul 2019 (23,550 Read)
រឿងព្រះឥន្ទនិម្មិតជាយក្ខ

|
រឿងព្រះឥន្ទនិម្មិតជាយក្ខ
(ចាក ម វា) (ការលះបង់ជីវិតចំពោះបំណងល្អ មិនដែលសាបសូន្យ) កាលពីព្រេងនាយមានព្រះរាជាមួយព្រះអង្គមួយ ព្រះនាមធម្មសោកណ្ឌកៈ តាំងពីបានទទួលរាជអភិសេកមកទ្រង់មានបំណងតែមួយ គឺចង់ស្តាប់ព្រះសទ្ធម្មទេសនា បានចាត់ព្រះរាជបំរើឲ្យយកប្រាក់តាំងពី ១ពាន់កហាបណៈដរាបដល់ ១ កោដិទៅរកជួលអ្នកចេះសំដែងម៌មកសំដែងឲ្យស្តាប់មិនបានសោះ ក៏លះបង់រាជសម្បតិ្តត្រេចទៅស្វែងរកស្តាប់ធម៌តែព្រះអង្គឯង។
កាលនោះមានព្រះឥន្រ្ទបានជ្រាបហើយ ក៏និម្មិតជាយក្ខធំអស្ចារ្យ មានអាការៈសំបើមគួរឲ្យស្ញប់ស្ញែង គឺមានសម្បុរដូចជាកំពូលភ្នំអញ្ជន មាត់ធំមានចង្កូមលៀនចេញមកក្រៅ ភ្នែកធំក្រហមច្រាលដូចគំនរភ្លើងដែលកំពុងឆេះ ទ្រូងខូង ច្រមុះមានចុងក្រហមសក់និងពុកមាត់ពុកចង្កាពណ៌ទង់ដែងរួញក្រញាញ់ ពោះធំ ពណ៌ខៀវ សំឡេងគ្រហឹមឮដូចផ្គរលាន់ ដៃមានក្រចកវែងៗ ប្រឡាក់សុទ្ធតែឈាម មានដំបងគ្រឿងសស្រា្តវុធប្រដាប់នៅក្នុងដៃមាឌធំខ្ពស់ស្មើត្នោតលៃ ជូលឈរកៀកជិតព្រះធម្មសោកណ្ឌរាជៗ បានឃើញយក្ខនោះឥតមានខ្លាចញញាប់ញ័រឡើយ បែរជាមានព្រះតម្រិះថា យក្ខដែលមានអនុភាពបែបនេះ ប្រហែលជាចេះសំដែងធម៌ ក៏ទ្រង់មានព្រះតម្រាស់ត្រាស់សួរទៅយក្ខថាៈ បពិត្រមហាយក្ខជាសំឡាញ់ អ្នកមានអនុភាពច្រើន មានអាការៈក្លាហាន បានមកជួបនឹងយើងប្រសើរណាស់ ព្រោះយើងបានលះបង់រាជសម្បត្តិនិងព្រះរាជវង្ស ចូលមកក្នុងព្រៃនេះដើម្បីរកអ្នកចេះសំដែងធម៌ដទេសនាឲ្យស្តាប់ ឥឡូវនេះបើអ្នកចេះធម៌ សូមសំដែងធម៌ឲ្យយើងស្តាប់។ ឥន្ទយក្ខនិយាយតបវិញថាៈ បពិត្រមហារាជយើងបានចេះធម៌ដែលព្រះពុទ្ធពីបុរាណទ្រង់សំដែងទុកមក ប៉ុន្តែបើយើងសំដែងថ្វាយព្រះអង្គស្តាប់ តើព្រះអង្គបូជាអ្វីដល់យើង។ ព្រះបាទធម្មសោកណ្ឌរាជ ទ្រង់មានព្រះបន្ទូលថាយើងគ្មានអ្វីទេ មានតែសេរីកាយរបស់យើងនោះឯង សូមបូជាធម៌របស់អ្នក បើអ្នកសំដែងធម៌ឲ្យយើងស្តាប់ហើយអ្នកបរិភោគយើងចុះ ឥន្ទយក្ខនិយាយថាស្រួលហើយប៉ន្តែយើងអស់កំឡាំងណាស់ ព្រោះអត់បានស៊ីអាហារយូរថ្ងៃហើយ បើបានបរិភោគឲ្យមានកំឡាំងសិន ទើបសំដែងធម៌ថ្វាយមហារាជបាន។ លំដាប់នោះព្រះរាជា ទ្រង់មានបន្ទូលថា បើអ្នកបរិភោគយើងហើយ ធ្វើម្តេចយើងនឹងបានស្តាប់ធម៌អ្នក ដែលយយើងស៊ូលះបង់ជីវិត និងរាជសម្បតិ្តចូលមកក្នុងព្រៃនោះ ក៏ព្រោះតែចង់ស្តាប់ធម៌នោះឯង។ ឥន្ទយក្ខនិយាយថា បើដូច្នោះសូមមហារាជឡើងទៅលើកំពូលភ្នំដែលខ្ពស់នេះចុះ កាលបើឡើងទៅដល់កំពូលភ្នំនោះហើយ លោតចុះមកឲ្យចំមាត់យើងៗ នឹងសំដែងធម៌ថ្វាយឲ្យបានប្រយោជន៍ទាំងអស់គ្នា គឺមហារាជក៏បានស្តាប់ យើងក៏បានបរិភោគមហារាជ។ ព្រះរាជាទ្រង់សណ្តាប់ពាក្យមហាឥន្ទយក្ខហើយទ្រង់ព្រះចិន្តាថា ពាក្យដែលយក្ខនិយាយនេះគួរហើយ ថ្ងៃនេះបំណងរបស់អញសម្រេចហើយ អញត្រូវតែលះបង់ជីវិតដើម្បីស្តាប់ធម៌ចុះ ទើបមានបន្ទូលទៅកាន់ឥន្ទយក្ខថា ម្នាលសំឡាញ់ពាក្យអ្នកនិយាយអម្បាញមិញនេះប្រពៃណាស់ អ្នកជាបុគ្គលមានឧបការគុណច្រើនដល់យើងពិត ព្រោះហេតុនោះយើងនឹងធ្វើតាមពាក្យរបស់អ្នក សូមអ្នកកុំរង្កៀលចិត្តឡើយ ចំាសម្តែងធម៌ឲ្យយើងស្តាប់ចុះ លុះមានព្រះបន្ទូលដូច្នេះហើយ ក៏ឡើងទៅឈរលើកំពូលភ្នំ ហើយបន្លឺនូវព្រះសូរសីហនាទថា ថ្ងៃនេះអញបានបូជាជីវិតផងរាជសម្បត្តិផង ចំពោះព្រះធម៌ទេសនា បពិត្រមហាយក្ខ យើងមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ចំពោះទេសនារបស់អ្នកសូមអ្នកសំដែងមកចុះ ទ្រង់មានបន្ទូលហើយ ក៏លោតសំដៅទៅក្នុងមាត់យក្ខដែលហាចាំពីក្រោម។ ខណៈពេលនោះយក្ខក៏ក្លាយខ្លួនទៅជាព្រះឥន្ទវិញភ្លាម ហើយបីពរព្រះរាជាហោះទៅស្ថានត្រៃត្រឹង្សឲ្យគង់លើថ្មបណ្ឌុកម្ពល បូជាដោយគ្រឿងសក្ការទិព្វច្រើនជាអនេក ហើយថ្វាយដំណើរដល់ព្រះរាជាថា សូមមហារាជប្រុងស្តាប់ធម៌ចុះខ្ញុំនឹងសំដែងធម៌បានស្តាប់ពីសំណាក់ព្រះសម្ពុទ្ធអំពីបុរាណថាៈ អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ ឱបជិត្វា និរុជ្ឈត្វា តេ សំវូបសមោ សុខោ។
ព្រះបាទធម្មសោណ្ឌករាជ កាលបើបានស្តាប់នូវធម្មទេសនារបស់ព្រះឥន្ទហើយ មានសេចក្តីរីករាយក្រៃលែង ហាក់ដូចជាបានស្តាប់អំពីសំណាក់នៃព្រះសម្ពុទ្ធ។ បន្ទាប់អំពីធម្មទេសនានោះមក ព្រះឥន្រ្ទបានសំដែងប្រាប់នូវសេចក្តីសុខក្នុងទេវលោកសព្វគ្រប់ហើយ ក៏នាំព្រះរាជាត្រឡប់ទៅស្ថានមនុស្សឲ្យសោយរាជសម្បត្តិដូចដើមវិញុ។ ព្រះបាទធម្មសោណ្ឌករាជក្នុងកាលនោះ គឺព្រះសម្ពុទ្ធបរមគ្រូយើងនេះឯង។ ដោយ៥០០០ឆ្នាំ |