15
ថ្ងៃ ច័ន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៩,៤៨១
Today
ថ្ងៃម្សិលមិញ ១៤២,៦៨៥
ខែនេះ ៨២១,៨០៦
សរុប ២៣៦,២៣៧,២២៨
free counters
កំពុងទស្សនា ចំនួន
អត្ថបទបិដក
images/articles/3104/756ryergre.jpg
ផ្សាយ : ១២ សីហា ឆ្នាំ២០២១ (អាន: ៦៥៥ ដង)
[១១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា ជនត្រូវកាត់បង់ធម៌ប៉ុន្មាន ត្រូវលះបង់ធម៌ប៉ុន្មាន ត្រូវអប់រំធម៌ប៉ុន្មានតទៅ ភិក្ខុកន្លងបង់ នូវធម៌ ជាគ្រឿងចំពាក់ប៉ុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន។ [១២] ព្រះមានព្រះភាគ ត្រាស់តបថា ជនត្រូវកាត់សំយោជនៈ ជាចំណែកខាងក្រោម៥ ត្រូវលះបង់សំយោជនៈ ជាចំណែកខាងលើ៥ ត្រូវអប់រំ នូវឥន្ទ្រិយ ទាំង៥ តទៅ ភិក្ខុកន្លងបង់នូវសង្គៈ គឺធម៌ជាគ្រឿងចំពាក់ [សំដៅយក រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ។] ទាំង៥យ៉ាង ទើបហៅថា អ្នកឆ្លងអន្លង់បាន។ កតិច្ឆិន្ទិសូត្រ ទី ៥ បិដកភាគ ២៩ ទំព័រ ៦ ឃ្នាប ១១ ដោយ​៥០០០​ឆ្នាំ​
images/articles/3102/5twerfsd.jpg
ផ្សាយ : ១២ សីហា ឆ្នាំ២០២១ (អាន: ៦៩៦ ដង)
[៤] ទៀបក្រុងសាវត្ថី… គ្រានោះឯង លុះរាត្រីបឋមយាមកន្លងទៅហើយ ទេវតាអង្គមួយ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ ។ [៥] លុះទេវតាអង្គនោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរឬ។ ម្នាលអ្នកមានអាយុ តថាគត ដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរ។ បពិត្រព្រះអង្គនិទ៌ុក្ខ ចុះព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដោយប្រការដូចម្តេចអេះ ។ [៦] ព្រះមានព្រះភាគត្រាស់តបថា ម្នាលអ្នកមានអាយុ ព្រោះការអស់ទៅនៃកម្ម និងភព ដែលមាននន្ទីជាឫសគល់ និងការអស់ទៅព្រម នៃសញ្ញា និងវិញ្ញាណ ព្រោះរលត់ស្ងប់រម្ងាប់វេទនាទាំងឡាយ យ៉ាងនេះ បានជាតថាគត ដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ។ និមោក្ខសូត្រ ទី ២ បិដកភាគ ២៩ ទំព័រ ៣ ឃ្នាប ៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3100/64egedrer.jpg
ផ្សាយ : ១២ សីហា ឆ្នាំ២០២១ (អាន: ៥៨៣ ដង)
អានខាងដើមអត្ថបទ [១៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌ដោយអាការសព្វគ្រប់ ក៏កើតប្រាកដឡើង។ ក្សត្រិយ៍ ជាព្រះរាជាបានមុទ្ធាភិសេក ទ្រង់ទតឃើញហើយ ទើបទ្រង់ព្រះតម្រិះ ដូច្នេះថា អើអាត្មាអញ ក៏ធ្លាប់បានឮរឿងនេះមកហើយថា ក្សត្រិយ៍អង្គណា ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ ទាំងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង ព្រះរាជាអង្គនោះ នឹងបានជាស្តេចចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេចចក្រពត្តិហើយតើ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់ក្រោកចាកអាសនៈហើយ ទើបយកព្រះហស្តខាងឆ្វេង ចាប់កុណ្ឌី យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករតន៍ ហើយត្រាស់ថា ចក្ករតន៍ដ៏ចម្រើន ចូរអណ្តែតទៅ ចក្ករតន៍ដ៏ចម្រើន ចូរមានជ័យជំនះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ចក្ករតន៍នោះឯង ក៏អណ្តែតត្រសែត ទៅកាន់ទិសខាងកើត ទើបព្រះបាទចក្រពត្តិ ទ្រង់ស្តេចទៅតាមក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ព្រមទាំងចតុរង្គសេនា ក៏ចូលទៅតាំងព្រះរាជនិវេសន៍ ក្នុងប្រទេសនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកស្តេចណា ដែលជាសត្រូវ គង់នៅក្នុងទិសខាងកើត ព្រះរាជាទាំងនោះ ក៏ស្តេចចូលទៅគាល់ព្រះបាទចក្រពត្តិហើយ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជារបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ក៏មានព្រះបន្ទូល យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករតន៍នោះ ក៏ចុះកាន់សមុទ្រទិសខាងកើត ហើយឆ្លងឡើង វិលទៅកាន់ទិសខាងត្បូង។បេ។ ចុះកាន់សមុទ្រទិសខាងត្បូង ហើយឆ្លងឡើង វិលទៅកាន់ទិសខាងលិច។បេ។ ចុះកាន់សមុទ្រទិសខាងលិច ហើយឆ្លងឡើង វិលទៅកាន់ទិសខាងជើង ព្រះបាទចក្រពត្តិ ក៏ស្តេចទៅតាមខាងក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន នៅក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ស្តេចក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ទ្រង់ក៏មានព្រះរាជឱង្ការ យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ពួកស្តេចណា ជាសឹកសត្រូវ ក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ តពីនោះមក ចក្ករតន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាព្រំប្រទល់ រួចត្រឡប់មកកាន់រាជធានីនោះវិញ ហើយឋិតនៅ (ក្នុងរបៀងនៃសាលាវិនិច្ឆ័យ) ទៀបទ្វារ នៃព្រះបរមរាជវាំង របស់ព្រះបាទចក្រពត្តិ (នៅនឹងថ្កល់) ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺទ្វារ ក្នុងព្រះបរមរាជវាំង នៃព្រះបាទចក្រពត្តិ (ឲ្យភ្លឺព្រោងព្រាត)។ ម្នាលភិក្ខុទាំងឡាយ ចក្ករតន៍បែបនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ។ [១៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហត្ថិរតន៍ (ដំរីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (ដំរីកែវនោះ) ជាស្តេចដំរី ឈ្មោះ ឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈតូចធំ សមរម្យទាំងអស់។ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះព្រះបាទចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើ យានដំរីល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ ឯហត្ថិរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូរអង្វែងហើយ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលហត្ថិរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើហត្ថិរតន៍នោះ) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រានូវផែនដី មានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះក្រយារហារ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់។ ម្នាលភិក្ខុទាំងឡាយ ហត្ថិរតន៍ មានសភាពយ៉ាងនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ។ [១៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អស្សរតន៍ (សេះកែវ) ក៏កើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ។ (អស្សរតន៍នោះ) ជាស្តេចសេះឈ្មោះ វលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃកក្អែក មានសក់ (សក្បុស) ដូចជាបណ្តូលស្មៅយ៉ាប្លង ជាសេះមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះស្តេចចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះ ល្អណាស់ហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អស្សរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាសេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូអង្វែងហើយ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលអស្សរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើអស្សរតន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រា ផែនដីដែលមានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះស្ងោយ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់។ ម្នាលភិក្ខុទាំងឡាយ អស្សរតន៍មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ [១៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត មណិរតន៍ ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ មណិរតន៍នោះ ជាកែវពិទូរ្យ មានជាតិដ៏ល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ។ ម្នាលភិក្ខុទាំងឡាយ មណិរតន៍នោះឯង មានពន្លឺផ្សាយទៅ បានមួយយោជន៍ជុំវិញ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើល នូវមណិរតន៍នោះឯង មុនដំបូង ទ្រង់ប្រជុំអស់ចតុរង្គសេនាមក ហើយទ្រង់ស្ទួយកែវមណីឡើង ទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវី ទៅក្នុងទីងងឹតអព្ទក្នុងរាត្រី។ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំគាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារ ដោយសារពន្លឺ (កែវ) នោះឯង។ ម្នាលភិក្ខុទាំងឡាយ មណិរតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ [១៦២] ម្នាលភិក្ខុទាំងឡាយ តទៅទៀត ឥត្ថីរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ ត្រង់នយលក្ខណៈ លេខ១។] (ស្រីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ស្រីកែវនោះ មានរូបឆោមដ៏ល្អ គួរឲ្យអ្នកផងពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែងកន្លងហួសសម្បុរស្ត្រីមនុស្ស តែមិនដល់សម្បុរទិព្វទេ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្អូក) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលភិក្ខុទាំងឡាយ ឯឥត្ថីរតន៍នោះឯង ក្នុងរដូវត្រជាក់ មានខ្លួនក្តៅ ក្នុងរដូវក្តៅ មានខ្លួនត្រជាក់។ ម្នាលភិក្ខុទាំងឡាយ មិនតែប៉ុណ្ណោះសោត ឥត្ថីរតន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បល ផ្សាយចេញអំពីមាត់។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង ជាស្ត្រីតែងក្រោកឡើងមុន តែងអង្គុយក្រោយ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ នយលក្ខណៈ លេខ២។] យកចិត្តទុកដាក់ធ្វើការអ្វីៗ ប្រព្រឹត្តតម្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះហឫទ័យ របស់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង សូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លងស្តេចចក្រពត្តិទៅហើយ ម្តេចឡើយនឹងប្រព្រឹត្តកន្លងដោយកាយបាន។ ម្នាលភិក្ខុទាំងឡាយ ឥត្ថិរតន៍ មានសភាពយ៉ាងនេះឯង តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ [១៦៣] ម្នាលភិក្ខុទាំងឡាយ តទៅទៀត គហបតិរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៣ ត្រង់នយលក្ខណៈ លេខ១។] (គហបតីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ឯគហបតិរតន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាចមើលឃើញកំណប់ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតិរតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិ ក៏ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលគហបតិរតន៍នោះឯង មុនដំបូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរតន៍នោះ យ៉ាងនេះថា ម្នាលគហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់ និងមាស។ គហបតិរតន៍នោះ ក្រាបបង្គំទូលតបថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការតែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង គហបតិរតន៍នោះ លូកដៃទាំងពីរចុះទៅក្នុងទឹក ចាប់លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលស្តេចចក្រពត្តិថា បពិត្រមហារាជ ល្មមហើយដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើព្រះរាជកិច្ចបានហើយ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ខ្ញុំព្រះអង្គថ្វាយហើយ។ ស្តេចចក្រពត្តិ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ អ្នកឯងថ្វាយយើងហើយ។ ម្នាលភិក្ខុទាំងឡាយ គហបតិរតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ [១៦៤] ម្នាលភិក្ខុទាំងឡាយ តទៅទៀត បរិនាយករតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៤ ត្រង់នយលក្ខណៈ លេខ១។] (បរិនាយកកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (បរិនាយកកែវនោះ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចេញទៅ ឲ្យចេញទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបាន។ បរិនាយករតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិហើយ ទើបក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងប្រៀនប្រដៅថ្វាយ។ ម្នាលភិក្ខុទាំងឡាយ បរិនាយករតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ (៧ប្រការ) នេះឯង។ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង តើដូចម្តេចខ្លះ។ [១៦៥] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ មានព្រះរូបល្អ គួរឲ្យអ្នកផងពិតពិលរមិលមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវីវណ្ណ ដ៏ល្អក្រៃលែង ជាងមនុស្សឯទៀត ក្នុងលោកនេះ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី១។ [១៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិមានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលយូរអង្វែង ក្រៃលែងជាងមនុស្សទាំងឡាយឯទៀត។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី២។ [១៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់មិនមានអាពាធ មិនមានទុក្ខ ប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី៣។ [១៦៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បិតាជាទីស្រឡាញ់ពេញចិត្ត នៃកូនទាំងឡាយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិដែរ។ ម្នាលភិក្ខុទាំងឡាយ កូនទាំងឡាយ ជាទីស្រឡាញ់ពេញចិត្ត នៃបិតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលមុនដម្បូង ទ្រង់ស្តេចទៅកាន់ទីឧទ្យាន ដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅគាល់ស្តេចចក្រពត្តិ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំស្តេចទៅ ដោយរួសរាន់ឡើយ សូមឲ្យយើងខ្ញុំព្រះអង្គ ឃើញព្រះអង្គ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចចក្រពត្តិ ទ្រង់ត្រាស់នឹងសារថីថា ម្នាលសារថី អ្នកកុំបររថទៅ ដោយរួសរាន់ឡើយ។ សុំឲ្យខ្ញុំឃើញព្រាហ្មណ៍ និងគហបតីទាំងឡាយ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ នេះផង ដោយឫទ្ធិ ៤យ៉ាង នេះផង តើទ្រង់សោយនូវសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និងឫទ្ធិនោះ ជាហេតុដែរឬអ្វី។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចចក្រពត្តិ សូម្បីប្រកបដោយរតនៈតែមួយៗ ក៏គង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ៤យ៉ាង (នោះ)។ [១៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់នូវដុំថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលតថាគត កំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្ត មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ៤យ៉ាង ទ្រង់សោយសេចក្តីសុខ សោមនស្សណា ព្រោះរតនៈ និងឫទ្ធិ៍នោះ ជាហេតុ។ សេចក្តីសុខនោះ ប្រៀបផ្ទឹមនឹងសេចក្តីសុខទិព្វ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង ក៏ដូច្នោះដែរ។ [១៧០] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ បើអំណើះកាលយូរអង្វែងទៅម្តងៗ ក៏មកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាលខ្លះ ត្រកូលព្រាហ្មណមហាសាលខ្លះ ត្រកូលគហបតីមហាសាលខ្លះ ជាត្រកូលស្តុកស្តម្ភ មាំមួន មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានប្រាក់មាសច្រើន មានគ្រឿងឧបករណ៍ច្រើន មានធញ្ញជាតជាទ្រព្យច្រើន។ មួយទៀត ជនជាបណ្ឌិតនោះ មានរូបល្អ គួរពិតពិលរមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អ ដ៏ក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ និងគ្រឿងប្រទីប។ ជនជាបណ្ឌិតនោះ តែងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ហើយដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ [១៧១] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកលេងល្បែងភ្នាល់ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះនោះ ឈ្មោះថា ជាការឈ្នះតែបន្តិចបន្តួចទេ។ ចំណែកជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះឯង ទើបឈ្មោះថា ការឈ្នះធំជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា បណ្ឌិតភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ ចប់ពាលបណ្ឌិតសូត្រ ទី៩។ ពាលបណ្ឌិតសូត្រ ទី ៩ - បិដកភាគ ២៧ ទំព័រ ១៦១ ឃ្នាប ១៣៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3097/5gerwer.jpg
ផ្សាយ : ១១ សីហា ឆ្នាំ២០២១ (អាន: ៧០៤ ដង)
[៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា។] ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ក៏ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ចប់សូត្រទី៤។ ហីនាធិមុត្តិកសូត្រ ទី ៤ - បិដក ៣២ ទំព័រ ៣០ ឃ្នាប ៣២ ដោយ​៥០០០​ឆ្នាំ​
images/articles/3096/54ydfegrf.jpg
ផ្សាយ : ១១ សីហា ឆ្នាំ២០២១ (អាន: ៨៧៨ ដង)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង លុះរាត្រីបឋមយាមកន្លងទៅហើយ ទេវតាអង្គមួយ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយឈរក្នុងទីដ៏សមគួរ។ [២] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គឆ្លងនូវអន្លង់ ដោយហេតុដូចម្តេចហ្ន៎។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ តថាគតមិនឈប់ មិនប្រឹង តែឆ្លងអន្លង់បាន។ បពិត្រព្រះអង្គនិទ៌ុក្ខ ចុះព្រះអង្គមិនឈប់ មិនប្រឹង តែឆ្លងអន្លង់បាន តើដូចម្តេច។ ម្នាលអាវុសោ កាលណាតថាគតឈប់ តថាគតនឹងលិចចុះ ក្នុងកាលនោះ កាលណាតថាគតប្រឹង តថាគតនឹងរសាត់ឃ្លាតទៅ ក្នុងកាលនោះ ម្នាលអាវុសោ តថាគតមិនឈប់ មិនប្រឹង តែឆ្លងអន្លង់បាន យ៉ាងនេះឯង។ តាំងពីយូរណាស់ហើយ ខ្ញុំទើបតែនឹងបានឃើញខីណាសវព្រាហ្មណ៍ ជាអ្នករំលត់កិលេស ដែលមិនឈប់ មិនប្រឹង តែឆ្លងតណ្ហា ដែលផ្សាយទៅក្នុងលោកបាន។ [៣] លុះទេវតានោះ ពោលពាក្យនេះចប់ហើយ ព្រះសាស្តា ក៏មានព្រះហឫទ័យរីករាយ។ គ្រានោះឯង ទេវតាអង្គនោះ ដឹងថា ព្រះសាស្តារបស់អញ មានព្រះហឫទ័យរីករាយ ដូច្នេះហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះឯង។ ឱឃតរណសូត្រ ទី ១ - បិដកភាគ ២៩ ទំព័រ ១ ឃ្នាប ១ ដោយ​៥០០០​ឆ្នាំ​
images/articles/3095/35tregre.jpg
ផ្សាយ : ១១ សីហា ឆ្នាំ២០២១ (អាន: ៧០៥ ដង)
[៩] ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសុខមកឲ្យ។ [១០] ព្រះមានព្រះភាគត្រាស់ថា កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកសំឡឹងយកសេចក្តីស្ងប់ គួរតែលះបង់អាមិសៈ ក្នុងលោកចេញ។ អច្ចេន្តិសូត្រ ទី ៤ - បិដកភាគ ២៩ ទំព័រ ៥ ឃ្នាប ៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3080/202t___trch.jpg
ផ្សាយ : ១០ សីហា ឆ្នាំ២០២១ (អាន: ៥៩១ ដង)
......អានត្រលប់ទៅដើមអត្ថបទ... [១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយាកើតព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត ការកើតប្រាកដនៃខន្ធ ការបាននូវអាយតនៈណា របស់សត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជរា។ ជរា គឺសេចក្តីចាស់គ្រាំគ្រា ឬការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការរួញថយនៃអាយុ ការទ្រុឌទ្រោមឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាមរណៈ។ ភាវៈនៃចិត្តដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ សេចក្តីបែកធ្លាយទៅ សេចក្តីបាត់បង់ទៅ សេចក្តីវិនាសជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តីបែកធ្លាយ នៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់ផ្តិលនូវជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺសេចក្តីស្តាយស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោកសៅ សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តីក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយាយំអណ្តឺតអណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃការយំអណ្តឺតអណ្តក ភាវៈនៃការយំបម្រះននៀលណា របស់សត្វដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយ ពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកកាយ សេចក្តីមិនសប្បាយកាយ សេចក្តីលំបាកដែលកើតអំពីកាយសម្ផ័ស្ស ការទទួលរងសេចក្តីមិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកក្នុងចិត្ត សេចក្តីមិនសប្បាយក្នុងចិត្ត សេចក្តីលំបាកដែលកើតអំពីមនោសម្ផ័ស្ស ការទទួលអារម្មណ៍មិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត ភាវៈនៃសេចក្តីតានតឹងក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ណា ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នានូវសេចក្តីមិនសប្បាយ ប្រាថ្នានូវអំពើ ដែលមិនក្សេមចាកយោគៈ ចំពោះបុគ្គលនោះ កិរិយាបានជួបគ្នា កិរិយាជួបជុំគ្នា កិរិយាប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នា នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិវិប្បយោគទុក្ខ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការមិនបានជួបគ្នា មិនបានជួបជុំគ្នា កិរិយាមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិវិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ជាតិ កុំគប្បីមកដល់យើងទាំងឡាយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯង ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីឈឺថ្កាត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានសេចក្តីស្លាប់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ មានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា ពុំនោះសោត សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់ចិត្ត សេចក្តីខ្លោចផ្សាចិត្ត កុំគប្បីមកដល់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នា នេះឯង ក៏ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចឧបាទានក្ខន្ធទាំង៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ឧបាទានក្ខន្ធទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគតហៅថា ឧបាទានក្ខន្ធទាំងឡាយ៥ ដោយសេចក្តីបំប្រួញថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។ សមុទយសច្ចនិទ្ទេស [១៣៤] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហាណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ គឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តីប្រាថ្នាក្នុងកាមគុណ)១ ភវតណ្ហា [អដ្ឋកថា ថា ភវតណ្ហានេះ ជាឈ្មោះនៃតម្រេកក្នុងរូបភព និងអរូបភព ដែលប្រកបដោយសស្សតទិដ្ឋិ គឺយល់ឃើញថា សត្វទៀង លោកទៀង កើតឡើងព្រោះសេចក្តីប្រាថ្នាចំពោះភព។] (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ [តាមន័យក្នុងអដ្ឋកថា និងដីកាថា តម្រេក ប្រកបដោយឧច្ឆេទទិដ្ឋិ គឺយល់ថា សត្វស្លាប់ទៅសូន្យ ហៅថា វិភវតណ្ហា។]) ១។ [១៣៥] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើងក្នុងទីណា កាលដែលជាប់នៅ តើជាប់នៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោកដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងចក្ខុនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុនុ៎ះ។ សោតៈក្នុងលោក។ ឃានៈក្នុងលោក។ ជិវ្ហាក្នុងលោក។ កាយក្នុងលោក។ មនោក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោនុ៎ះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោវិញ្ញាណនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង វេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវរសារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីសម្គាល់ នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការគិតសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក ។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក ។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក ។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក ។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការពិចារណានូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។ និរោធសច្ចនិទ្ទេស [១៣៦] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច។ ការអស់ទៅ និងការរលត់ទៅ ដោយមិនមានសេសសល់ ការលះបង់ ការរលាស់ចោល ការជម្រុះចោល ការមិនមានអាល័យ ចំពោះតណ្ហានោះឯង (ហៅថា ទុក្ខនិរោធអរិយសច្ច)។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានោះឯង កាលដែលបុគ្គលលះបង់ តើលះបង់ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ តែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលដែលរលត់ទៅ តែងរលត់ទៅក្នុងអារម្មណ៍នុ៎ះ។ ចុះអារម្មណ៍អ្វី ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុនុ៎ះ។ សោតៈ ក្នុងលោក ។ ឃានៈ ក្នុងលោក ។ ជិវ្ហា ក្នុងលោក ។ កាយ ក្នុងលោក ។ មនោ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងមនោនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោនោះ ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក ។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក ។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក ។ រសារម្មណ៍ទាំងឡាយ ក្នុងលោក ។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក ។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងធម្មារម្មណ៍នុ៎ះ ។ ចក្ខុវិញ្ញាណ ក្នុងលោក ។ សោតវិញ្ញាណ ក្នុងលោក ។ ឃានវិញ្ញាណ ក្នុងលោក ។ ជិវ្ហាវិញ្ញាណ ក្នុងលោក ។ កាយវិញ្ញាណ ក្នុងលោក ។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក ។ សោតសម្ផ័ស្ស ក្នុងលោក ។ ឃានសម្ផ័ស្ស ក្នុងលោក ។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ កាយសម្ផ័ស្ស ក្នុងលោក ។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តី សម្គាល់នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការគិតសន្សំនូវ ធម្មារម្មណ៍នុ៎ះ ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីប្រាថ្នានូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីប្រាថ្នានូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីត្រិះរិះនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីត្រិះរិះនូវ ធម្មារម្មណ៍នុ៎ះ ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក ។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក ។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក ។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក ។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការពិចារណានូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។ ទុក្ខនិរោធគាមិនីបដិបទាសច្ចនិទ្ទេស [១៣៧] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ អរិយមគ្គដែលប្រកបដោយអង្គ៨ប្រការនេះឯង (ហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច)។ អរិយមគ្គ ដែលប្រកបដោយអង្គ៨ប្រការ តើដូចម្តេច គឺសម្មាទិដ្ឋិ (សេចក្តីយល់ឃើញត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ)១ សម្មាវាចា (ការនិយាយពាក្យត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តីព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីនឹករលឹកត្រូវ)១ សម្មាសមាធិ (ការតម្កល់ចិត្តឲ្យនឹងត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដឹងច្បាស់ ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីប្រជុំឲ្យកើតទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីរលត់ទៅនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងបដិបទាទៅកាន់ធម៌ជា ទីរលត់នៃទុក្ខណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាសង្កប្បៈ។ សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម សេចក្តីត្រិះរិះ ដើម្បីការមិនព្យាបាទ សេចក្តីត្រិះរិះ ដើម្បីការមិនបៀតបៀន ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសង្កប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាចា។ ចេតនាវៀរចាកកិរិយានិយាយពាក្យមិនពិត ១ ចេតនាវៀរចាកសម្តីញុះញង់ ស៊កសៀត ១ ចេតនាវៀរចាកសម្តីទ្រគោះបោះបោក ១ ចេតនាវៀរចាកការពោលពាក្យរោយរាយឥតប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាកម្មន្តៈ។ ចេតនាវៀរចាកកិរិយា ញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង១ ចេតនាវៀរចាកកិរិយាកាន់យករបស់ ដែលគេមិនបានឲ្យ១ ចេតនាវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាកម្មន្តៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយរស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើងហើយ ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យ ចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសល ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ លុះភិក្ខុចូលទៅជិតរម្ងាប់នូវវិតក្កៈ និងវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ចូលកាន់ចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ឥតទុក្ខ ឥតសុខ ព្រោះលះបង់នូវសេចក្តីសុខផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស អំពីមុនផង ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ដោយបការដូច្នេះឯង។ ម្យ៉ាងទៀត ស្មារតីជាគ្រឿងកំណត់នូវសច្ចៈ៤ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន ក៏គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យដោយតណ្ហា និងទិដ្ឋិផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ សច្ចបព្វៈ ។ ចប់ ធម្មានុបស្សនា។ [១៣៨] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ នេះ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបាន ពោលមកហើយនេះ ។ អស់៥ឆ្នាំ។ អស់៤ឆ្នាំ។ អស់៣ឆ្នាំ។ អស់២ឆ្នាំ។ អស់១ឆ្នាំ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះ អស់៧ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះអស់៦ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបានពោលមកហើយយ៉ាងនេះ។ អស់៥ខែ។ អស់៤ខែ។ អស់៣ខែ។ អស់២ខែ។ អស់១ខែ។ អស់កន្លះខែ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បាន ចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ថ្ងៃ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាមប្រាថ្នាដោយពិត គឺថា នឹងបាន សម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន សម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធដោយវិសេស របស់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួលរំជួលចិត្តទាំងឡាយ ដើម្បីរលត់ទៅនៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីដល់នូវអរិយមគ្គ ជាធម៌សម្រាប់ស្រោចស្រង់ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែលតថាគតបានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋានទាំង៤នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ។ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។ ចប់ មហាសតិប្បដ្ឋានសូត្រ ទី៩។ មហាសតិប្បដ្ឋានទី ៩ បិដកភាគ ១៧ ទំព័រ ២៤៤ ឃ្នាប ១១១ ដោយ ៥០០០ឆ្នាំ
images/articles/3079/202ttrch.jpg
ផ្សាយ : ១០ សីហា ឆ្នាំ២០២១ (អាន: ៦១៥ ដង)
......អានត្រលប់ទៅដើមអត្ថបទ... ធម្មានុបស្សនា ការពិចារណានូវធម៌ [១២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះកាមច្ឆន្ទៈមាននៅ ក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះអសុភនិមិត្ត ឬចំពោះសភាវៈមិនទៀងថាទៀង ទុក្ខថាសុខ មិនមែនខ្លួន ថាខ្លួន ដូច្នេះជាហេតុនាំឲ្យកើតកាមច្ឆន្ទៈ។] កិរិយាលះបង់ នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះសភាវៈមិនទៀង ថាមិនទៀងមែន ទុក្ខថា ទុក្ខមែន មិនមែនខ្លួន ថាមិនមែនខ្លួនពិត ដូច្នេះ ជាហេតុលះបង់នូវកាមច្ឆន្ទៈ។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺកំណត់ ឬរៀននូវអសុភនិមិត្ត គឺអារម្មណ៍ថា មិនល្អ១ កិរិយាប្រកបរឿយៗ នូវការចម្រើនអសុភ១ ភាវៈជាអ្នកមានទ្វារគ្រប់គ្រងល្អក្នុងឥន្ទ្រិយទាំងប្រាំមួយ១ ភាវៈជាអ្នកដឹងប្រមាណ ក្នុងការបរិភោគភោជន១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នករៀន ឬនិយាយតែពាក្យដែលជាទីសប្បាយ១។] កាមច្ឆន្ទៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [កាមច្ឆន្ទៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។]។ ទោះព្យាបាទមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះបដិឃនិមិត្ត គឺអារម្មណ៍ ដែលខ្ទាំងខ្ទប់ចិត្ត ជាហេតុនាំឱ្យកើតព្យាបាទ។] កិរិយាលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះមេត្តាជាចេតោវិមុត្តិ គឺមេត្តាចិត្ត ដែលបានអប្បនាឈាន ជាហេតុឲ្យលះបង់នូវព្យាបាទបាន។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺ រៀនមេត្តានិមិត្ត១ កិរិយាប្រកបរឿយៗ នូវការចម្រើនមេត្តា១ ពិចារណាឃើញនូវភាវៈនៃសត្វ ដែលមានកម្ម ជារបស់ខ្លួន១ ភាវៈជាអ្នកច្រើនដោយការពិចារណា១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នកនិយាយ នូវពាក្យជាទីសប្បាយ១។] ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ព្យាបាទមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។]។ ទោះថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅក្នុងសន្តានចិត្តអាត្មាអញ ទោះថីនមិទ្ធៈមិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះថីនមិទ្ធៈដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ហេតុដែលនាំឲ្យកើតថីនមិទ្ធៈ មាន ៥ប្រការ គឺមិនត្រេកអរ១ ច្រអូសឬទម្រន់កាយ១ មិតពត់កាយ១ ពុលបាយ១ រួញចិត្ត១។] កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ហេតុដែលលះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ ព្យាយាមដែលប្រារព្ធផ្តើមឡើងជាដំបូង១ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ (សេចក្តីខ្ជិល)១ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចចាកកោសជ្ជៈ១។ ម្យ៉ាងទៀតថា លះបង់ដោយធម៌៦ប្រការ គឺ កាន់យកនិមិត្ត ក្នុងការបរិភោគហួសប្រមាណ១ ភាពនៃកិរិយាផ្លាស់ប្តូរឥរិយាបថ១ ការធ្វើទុកក្នុងចិត្ត ចំពោះអាលោកសញ្ញា១ នៅក្នុងឱកាសដែលស្រឡះ១ ភាពជាអ្នករាប់រកកល្យាណមិត្ត១ ភាពជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។] ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ថីនមិទ្ធៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។]។ ទោះឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈមិនមាន នៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត ជាហេតុនាំឱ្យកើតឧទ្ធច្ចកុក្កុច្ចៈ។] ផង ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដែលជាគ្រឿងរម្ងាប់ចិត្ត ជាហេតុលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈបាន។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកសេពនូវបុគ្គលដែលចម្រើន១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នកនិយាយនូវពាក្យដែលជាទីសប្បាយ១។] ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ឧទ្ធច្ចៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ ឯកុក្កុច្ចៈមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។]ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះធម៌ ដែលជាទីតាំង នៃសេចក្តីសង្ស័យ ជាហេតុនាំឱ្យកើតវិចិកិច្ឆា។] ផង កិរិយាលះបង់នូវវិចិកិច្ឆាដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះកុសលធម៌ជាដើម ជាហេតុឲ្យលះបង់វិចិកិច្ឆាបាន។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកច្រើនទៅដោយចិត្តដែលជឿស៊ប់១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។] ផង វិចិកិច្ឆាដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [វិចិកិច្ឆា មិនកើតតទៅទៀត ដោយសារសោតាបត្តិមគ្គ។]ផង។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណៈទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ នីវរណៈបព្វៈ ។ ខន្ធបព្វៈ [១២៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានតទៅទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ (ពិចារណាឃើញដូច្នេះថា) រូប មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាទីកើតឡើងនៃរូប មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃរូប មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] វេទនា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃវេទនា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃវេទនា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] សញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃសញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] សង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃសង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃសង្ខារ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] វិញ្ញាណមានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។]។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ ខន្ធបព្វៈ។ អាយតនបព្វៈ [១៣០] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវភ្នែកផង ដឹងច្បាស់នូវរូបទាំងឡាយផង មួយវិញទៀត សញ្ញោជនៈណា ដែលអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះ [អដ្ឋកថាថា កិលេសជាត ជាគ្រឿងចងសត្វទុក ហៅថា សញ្ញោជនៈ មាន១០យ៉ាងគឺ កាមរាគៈ១ បដិឃៈ១ មានៈ១ ទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ភវរាគៈ១ ឥស្សា១ មច្ឆរិយៈ១ អវិជ្ជា១។] ផង សញ្ញោជនៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវត្រចៀកផង ដឹងច្បាស់នូវសំឡេងទាំងឡាយផង។ ដឹងច្បាស់នូវច្រមុះផង ដឹងច្បាស់នូវក្លិនទាំងឡាយផង។ ដឹងច្បាស់នូវអណ្តាតផង ដឹងច្បាស់នូវរសទាំងឡាយផង។ ដឹងច្បាស់នូវកាយផង ដឹងច្បាស់នូវផោដ្ឋព្វៈទាំងឡាយផង។ ដឹងច្បាស់នូវចិត្តផង ដឹងច្បាស់នូវធម្មារម្មណ៍ទាំងឡាយផង សញ្ញោជនៈណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ កើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះផង សញ្ញោជនៈដែលមិនទាន់កើតឡើង ហើយកើតឡើងដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា សំយោជនៈទាំង១០ កើតឡើងព្រោះអាស្រ័យហេតុផ្សេងគ្នា គឺកាមរាគសំយោជនៈ គឺតម្រេកត្រេកអរ ដោយអំណាច កាម ចំពោះអារម្មណ៍គួរប្រាថ្នា ដែលមកកាន់គន្លងចក្ខុទ្វារ។ បដិឃសំយោជនៈ គឺសេចក្តីក្រោធ ចំពោះអារម្មណ៍ ដែលមិនគួរប្រាថ្នា។ មានសំយោជនៈ គឺសេចក្តីសម្គាល់ថា បើក្រៅតែអំពីអញ មិនមានអ្នកណាមួយ អាចចម្រើននូវអារម្មណ៍នុ៎ះបានឡើយ។ ទិដ្ឋិសំយោជនៈ គឺសេចក្តីប្រកាន់ នូវរូបារម្មណ៍នុ៎ះថាទៀង ថាឋិតឋេរ។ វិចិកិច្ឆាសំយោជនៈ គឺសេចក្តីសង្ស័យ ចំពោះរូបារម្មណ៍នុ៎ះ ថាជាសត្វ ឬថាជារបស់សត្វ។ ភវរាគសំយោជនៈ គឺសេចក្តីប្រាថ្នាក្នុងភពថា ភពនេះយើងតែងបានដោយងាយ ក្នុងសម្បត្តិភព។ សីលព្វត្តបរាមាសសំយោជនៈ គឺសេចក្តីប្រកាន់នូវសីលព្វត្តថា សីលព្វត្តយ៉ាងនេះ យើងអាចសមាទានកាន់យកបាន។ ឥស្សាសំយោជនៈ គឺសេចក្តីច្រណែនថា សូមកុំឲ្យជនដទៃបានរូបារម្មណ៍នេះឡើយ។ មច្ឆរិយសំយោជនៈ គឺសេចក្តីកំណាញ់លាក់លៀមរូបារម្មណ៍ ដែលខ្លួនបានហើយ នឹងបុគ្គលដទៃ។ អវិជ្ជាសំយោជនៈ គឺសេចក្តីមិនដឹងនូវសហជាតធម៌ទាំងអស់។] ផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់ដោយបហានៈ២យ៉ាងគឺ តទង្គប្បហានៈ១ វិក្ខម្ភនប្បហានៈ១។]ផង សញ្ញោជនៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [សំយោជនៈទាំង៥ប្រការ គឺទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ឥស្សា១ មច្ឆរិយៈ១ ដែលមិនកើតតទៅទៀត ដោយសារ សោតាបត្តិមគ្គ។ កាមរាគៈ បដិឃៈ ទាំងពីរដែលនៅគ្រោតគ្រាត មិនកើតតទៅទៀត ដោយសារសកទាគាមិមគ្គ។ ដែលយ៉ាងល្អិត មិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។ មានៈ១ ភវរាគៈ១ អវិជ្ជា១ ដែលមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។ ឯសំយោជនៈ ដែលកើតអាស្រ័យនូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក៏ត្រូវតាមន័យនេះដែរ។]ផង។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង និងធម៌ដែល សូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែ ជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ អាយតនបព្វៈ។ ពោជ្ឈង្គបព្វៈ [១៣១] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះសតិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [អដ្ឋកថាថា ការធ្វើយោនិសោមនសិការៈឲ្យច្រើនក្នុងសម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅឲ្យធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌ជាភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាកបុគ្គលភ្លេចស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បីតម្កល់សតិគ្រប់ឥរិយាបថ១។] ផង កិរិយាចម្រើនពេញ បរិបូណ៌ នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [អដ្ឋកថាថា ការធ្វើយោនិសោមនសិការៈឲ្យច្រើនក្នុងសម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌ជាភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាកបុគ្គលភ្លេចស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បីតម្កល់សតិគ្រប់ឥរិយាបថ១។]ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [អដ្ឋកថា ថា ធម៌ដែលជាហេតុនាំអោយកើតធម្មវិចយសម្ពោជ្ឈង្គមាន៧ គឺ សភាវៈសាកសួរ១ ធ្វើវត្ថុខាងក្នុង គឺសក់ រោម ជាដើម និងវត្ថុខាងក្រៅ គឺចីវរ សេនាសនៈ ជាដើម អោយស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ មានសតិន្ទ្រិយជាដើម ឲ្យស្មើគ្នា១ វៀរចាកបុគ្គលដែលអាប់ឥតប្រាជ្ញា១ រាប់រកបុគ្គល ដែលមានប្រាជ្ញា១ ពិចារណា ចំពោះបញ្ចក្ខន្ធដ៏ជ្រៅដោយញាណចរិយា១ បង្អោនចិត្តទៅ ដើម្បីកំណត់ ធម្មវិចយសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ដែលជាហេតុ នាំឱ្យកើតវិរិយសម្ពោជ្ឈង្គមាន១១គឺ ពិចារណាឃើញនូវភ័យតិចតួច១ ឃើញនូវអានិសង្ស (នៃការព្យាយាម)១ ពិចារណាឃើញនូវផ្លូវដែលគួរទៅ១ កោតក្រែងចំពោះបិណ្ឌបាត១ ពិចារណាឃើញនូវអរិយទ្រព្យទាំង៧ ថាជាទ្រព្យមរតកធំ១ នូវព្រះសាស្តាជាធំ១ នូវជាតិជាធំ១ នូវសព្រហ្មចារីបុគ្គលជាធំ១ វៀរចាកបុគ្គលខ្ជិលច្រអូស១ រាប់រកបុគ្គលមានព្យាយាម១ បង្អោនចិត្តទៅ ដើម្បីកំណត់នូវវិរិយសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះបីតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ធម៌ដែលជាហេតុនាំឲ្យកើតបីតិសម្ពោជ្ឈង្គមាន១១គឺ រលឹកដល់ព្រះពុទ្ធ១ ព្រះធម៌១ ព្រះសង្ឃ១ សីល១ បរិច្ចាគ១ ធម៌នាំឱ្យកើតជាទេវតា១ ព្រះនិព្វាន១ វៀរចាកបុគ្គលមិនស្អាត១ រាប់រកបុគ្គលស្អាត១ ពិចារណាតាមបាសាទនីយសូត្រ១ បង្អោនចិត្តទៅ ដើម្បីតម្កល់ បីតិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះបស្សទ្ធិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ធម៌ដែលជាហេតុនាំឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គមាន៧គឺ ត្រូវការភោជនថ្លៃថ្លា១ ត្រូវការរដូវសប្បាយ១ ត្រូវការឥរិយាបថសប្បាយ១ ប្រកបខ្លួនអោយតាំងនៅជាកណ្តាល១ វៀរចាកបុគ្គលអ្នកស្ងួនគ្រងកាយ១ រាប់រកបុគ្គល ដែលមានកាយស្ងប់ស្ងាត់១ បង្អោនចិត្តទៅ ដើម្បីតម្កល់បស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះសមាធិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [អដ្ឋកថាថា ធម៌ជាហេតុនាំឱ្យកើតសមាធិសម្ពោជ្ឈង្គ មាន១១គឺ ធ្វើវត្ថុខាងក្នុង និងខាងក្រៅឱ្យស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ ឱ្យស្មើគ្នា១ ឈ្លាសក្នុងកសិណនិមិត្ត១ ផ្គងចិត្តឡើងតាមសម័យ១ សង្កត់សង្កិនចិត្តតាមសម័យ១ ធ្វើចិត្តអោយរីករាយ (ចំពោះសំវេគវត្ថុ៨ប្រការ) តាមសម័យ១ ធ្វើចិត្តឱ្យសំឡឹង (នូវអារម្មណ៍)១ វៀរចាកបុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន១ រាប់រកបុគ្គលដែលមានចិត្តខ្ជាប់ខ្ជួន១ ពិចារណានូវឈានវិមោក្ខ១ បង្អោនចិត្តទៅ ដើម្បីឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ធម៌ដែលជាហេតុនាំឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ មាន៧គឺ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល ចំពោះសត្វ១ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល ចំពោះសង្ខារ១ វៀរចាកបុគ្គល ដែលមានការទំនុកបំរុង ចំពោះសត្វ និងសង្ខារ១ រាប់រកបុគ្គលដែលមានចិត្តជាកណ្តាល ចំពោះសត្វ និងសង្ខារ១ បង្អោនចិត្តទៅ ដើម្បីឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ គ្រប់ឥរិយាបទ១។] ផង។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង។ ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត និងសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ ពោជ្ឈង្គបព្វៈ។ ចប់ បឋមភាណវារៈ។ សច្ចបព្វៈ ទុក្ខសច្ចនិទ្ទេស [១៣២] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសភាវៈរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ គឺកំណើត ដែលកើតជាដំបូង ក៏ជាទុក្ខ ជរា គឺសេចក្តីចាស់គ្រាំគ្រា ក៏ជាទុក្ខ មរណៈ គឺសេចក្តីស្លាប់ ក៏ជាទុក្ខ សោកៈ គឺសេចក្តីស្តាយស្រណោះ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តីលំបាកកាយ ទោមនស្ស គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារទាំងឡាយ ដែលមិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តីព្រាត់ប្រាស ចាកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គលកាលចង់បាននូវរបស់ណា មិនបាន ឯការមិនបានរបស់នោះ ក៏ជាទុក្ខ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធ៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។ .......អានបន្តបញ្ចប់អត្ថបទនេះ..........
images/articles/3077/20iiook.jpg
ផ្សាយ : ១០ សីហា ឆ្នាំ២០២១ (អាន: ១៤០៣ ដង)
កោសម្ពិយសូត្រ ទី៨ [១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ ក៏សម័យនោះឯង ពួកភិក្ខុក្នុងក្រុងកោសម្ពី បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ អ្នកចូរហៅភិក្ខុទាំងឡាយនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុនោះ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យភិក្ខុនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។ [១៨១] លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច សម័យណាដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ បានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានតាំងយ៉ាងនោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮដូច្នេះថា សម័យណា ដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ មិនបានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង ម្នាលមោឃបុរសទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយដឹងដូចម្តេច ឃើញដូចម្តេច បានជាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នា ឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ម្នាលមោឃបុរសទាំងឡាយ ហេតុនោះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ ដល់អ្នកទាំងឡាយ អស់កាលជាយូរអង្វែង។ [១៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៦ប្រការនេះ ជាទីរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ធម៌ទាំងឡាយ៦ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរតាំងកាយកម្មប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គលក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួររលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត លាភណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីតែវត្ថុដែលរាប់ចូលក្នុងបាត្រ ភិក្ខុជាអ្នកបរិភោគ មិនចែករំលែកលាភទាំងឡាយ មានសភាពដូច្នោះទេ គឺជាអ្នកបរិភោគសាធារណ៍ ដោយពួកសព្រហ្មចារីបុគ្គល ដែលមានសីល នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត សីលណាមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលល្អ ដែលវិញ្ញូជនតែងសរសើរ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយវិញទៀត ទិដ្ឋិ [អដ្ឋកថា ថា សម្មាទិដ្ឋិ ប្រកបដោយសោតាបត្តិមគ្គ។] ណា ដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វ ដែលធ្វើតាម ឲ្យអស់ទៅនៃសេចក្តីទុក្ខបាន ដោយប្រពៃ ភិក្ខុប្រកបដោយទិដ្ឋិស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងទិដ្ឋិ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ទាំង៦ប្រការនេះឯង ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃបាន។ ម្នាលភិក្ខុទាំងឡាយ កំពូលនៃផ្ទះមានកំពូល ជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទុក្ខ ដោយប្រពៃបាន យ៉ាងនោះដែរ។ [១៨៣] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិដ៏ប្រសើរ ដែលជាទីស្រោចស្រង់ ដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់សេចក្តីទុក្ខបាន ដោយប្រពៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែងពិចារណាដូច្នេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនដឹងច្បាស់ មិនឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេសនោះ តាំងនៅក្នុងសន្តាន អាត្មាអញ មិនទាន់លះបង់បាន មានដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានកាមរាគគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានព្យាបាទគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានថីនមិទ្ធៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានឧទ្ធច្ចកុក្កច្ចៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានវិចិកិច្ឆាគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ ខ្វល់ខ្វាយដោយការគិតនូវលោកនេះហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានសេចក្តីខ្វល់ខ្វាយ ដោយការគិតនូវលោកខាងមុខហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនបានដឹងច្បាស់ មិនបានឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេស ដែលតាំងនៅក្នុងសន្តាននោះ ដែលថាអាត្មាអញ មិនទាន់លះបង់បាន មិនមានឡើយ ចិត្តរបស់អាត្មាអញ បានតំកល់ទុកប្រពៃហើយ ដើម្បីត្រាស់ដឹងនូវអរិយសច្ចធម៌ទាំងឡាយ។ នេះជាញាណទី១ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។ [១៨៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណាដូច្នេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តើបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន ឬហ្ន៎។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តែងបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន។ នេះជាញាណទី២ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។ [១៨៥] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ករមែងពិចារណា ដូច្នេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិមានសភាពយ៉ាងនោះដែរ តើមានឬហ្ន៎។ អរិយសាវ័កនោះ ក៏ដឹងយ៉ាងនេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិ មានសភាពយ៉ាងនោះ មិនមានទេ។ នេះជាញាណទី៣ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៦] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិ គឺការចេញចាកអាបត្តិ មានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ មានសភាពយ៉ាងនោះខ្លះដែរ តែថា ភិក្ខុនោះ រមែងសំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវការសង្រួមតទៅ។ ម្នាលភិក្ខុទាំងឡាយ ដូចជាកុមារក្មេងជាកូនខ្ចីនៅដេកផ្ងារនៅឡើយ ប៉ះពាល់រងើកភ្លើងដោយដៃក្តី ដោយជើងក្តី ក៏ដកមកវិញជាប្រញាប់ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គលដែលប្រកបដោយទិដ្ឋិ គឺការចេញចាកអាបត្តិមានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិមានសភាពយ៉ាងនោះខ្លះដែរ តែថាភិក្ខុនោះ សំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវកិរិយាសង្រួមតទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៤ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៧] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយធ្វើការងារអ្វីៗខ្ពស់ និងទាបរបស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថាគេមានសេចក្តីប្រាថ្នាក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោមានកូនខ្ចី ខំប្រឹងស៊ីស្មៅផង ថ្និតថ្នមកូនផង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយ ធ្វើការងារអ្វីៗខ្ពស់ និងទាប របស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថា គេមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៥ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៨] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនុ៎ះ តែងត្រូវការយកចិត្តទុកដាក់ ចំពោះអ្នកសំដែងធម៌វិន័យ ដែលតថាគត បានសំដែងទុកមក ហើយប្រមូលចិត្តមកឲ្យមូល ផ្ទៀងត្រចៀកប្រុងស្តាប់ធម៌ (នោះ)។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៦ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៩] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនោះ រមែងបានអត្ថវេទ បានធម្មវេទ និងបាមោជ្ជ ដែលប្រកបដោយធម៌ ចំពោះអ្នកសំដែងធម្មវិន័យ ដែលតថាគត បានសំដែងទុកមក។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៧ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៩០] ម្នាលភិក្ខុទាំងឡាយ ធម្មតានៃអរិយសាវ័ក ដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ សម្រេចល្អហើយ ក្នុងការធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ ឈ្មោះថា ជាអ្នកប្រកបដោយសោតាបត្តិផល។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។ ចប់ កោសម្ពិយសូត្រ ទី៨។ កោសម្ពិយសូត្រ ទី ៨ ឬ ធម៌ ៦ យ៉ាងនេះ ធ្វើឲ្យមនុស្សចេះស្រលាញ់គ្នា បិដកភាគ ២២ ទំព័រ ៣៤៦ ឃ្នាប ១៨០ ដោយ៥០០០ឆ្នាំ
images/articles/3064/gle_Search.jpg
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៧៩៧ ដង)
១. អវិជ្ជាសូត្រ [៦១] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់អវិជ្ជា មិនប្រាកដទេ អវិជ្ជាមិនមានក្នុងកាលមុនអំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អវិជ្ជានេះ តថាគតពោលយ៉ាងនេះ តែថា អវិជ្ជា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រាកដដោយអាហារ មិនបានពោលថា អវិជ្ជាឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អវិជ្ជា។ គប្បីឆ្លើយថា នីវរណៈ ៥។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់នីវរណៈ ៥។ គប្បីឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ទុច្ចរិត ៣។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាតគពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ការមិនមានសតិ មិនមានសម្បជញ្ញៈ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់អយោនិសោមនសិការៈ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តីមិនជឿ)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធិយៈ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ (ការមិនស្តាប់ព្រះសទ្ធម្ម)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ (ការសេពគប់អសប្បុរស)។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈពេញបរិបូណ៌ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ រមែងញុំាងការមិនមានសតិ និងមិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈពេញបរិបូណ៌ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិតទាំង ៣ ពេញបរិបូណ៌ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះឯង។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ ជ្រោះភ្នំល្អាង និងអូរតូចពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំ ឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ មហាសមុទ្រសាគរពេញបរិបូណ៌យ៉ាងនេះ ឧបមា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជា ឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់វិជ្ជា និងវិមុត្តិ។ គប្បីឆ្លើយថា ពោជ្ឈង្គ ៧។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពោជ្ឈង្គ ៧ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ពោជ្ឈង្គ ៧។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិប្បដ្ឋាន ៤ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិប្បដ្ឋាន ៤។ គប្បីឆ្លើយថា សុចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សុចរិត ៣។ គប្បីឆ្លើយថា ការសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា សតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ និងសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិ និងសម្បជញ្ញៈ។ គប្បីឆ្លើយថា យោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់យោនិសោមនសិការៈ។ គប្បីឆ្លើយថា សទ្ធា។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធាប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធា។ គប្បីឆ្លើយថា សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា សប្បុរិសសំសេវៈ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធា ពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូច ឲ្យពេញ ជ្រោះភ្នំ ល្អាង និងអូរតូច ពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធាពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ យមកវគ្គ ទី ២ ឬ អាហាររបស់ធម៌នីមួយៗ បិដកភាគ ៥០ ទំព័រ ២៤៦ ឃ្នាប_ ៦១ ដោយ៥០០០ឆ្នាំ
images/articles/3062/202ddha_Jayant.jpg
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៤៧៩ ដង)
[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមានចិត្តចុះកាន់សេចក្តីញញើតញញើម។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកសម្លាប់សត្វ ១ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ជាអ្នកនិយាយពាក្យកុហក ១ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមានចិត្តចុះកាន់សេចក្តីញញើតញញើម។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ ឧបាសកជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកក្លៀវក្លា។ វិសារទសូត្រ ទី២ [៧២] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមិនក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកសម្លាប់សត្វ ១។បេ។ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមិនក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកវៀរចាកបាណាតិបាត ១។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥យ៉ាងនេះឯង ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ និរយសូត្រ ទី៣ [៧៣] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ចោល។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកសម្លាប់សត្វ ១។បេ។ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ចោល។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងរមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកវៀរចាកបាណាតិបាត ១។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។ បិដក ៤៥ ទំព័រ ១៤៨ ឃ្នាប ៧១ ដោយ៥០០០ឆ្នាំ
images/articles/3061/202book.jpg
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៤៣៤ ដង)
[៤៨] ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដី នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ១ ម្នាលភិក្ខុទាំងឡាយ ត្រើយសមុទ្រខាងអាយ និងត្រើយសមុទ្រខាងនាយ នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ២ ម្នាលភិក្ខុទាំងឡាយ ព្រះអាទិត្យរះឡើងអំពីទិសណា អស្តង្គតទៅក្នុងទិសណា នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៣ ម្នាលភិក្ខុទាំងឡាយ ធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៤។ ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយមាន ៤ យ៉ាងនេះឯង។ មេឃ និងផែនដី រមែងឆ្ងាយអំពីគ្នា ត្រើយសមុទ្រនោះ លោកពោលថា ឆ្ងាយអំពីគ្នា ព្រះអាទិត្យជាអ្នកធ្វើនូវពន្លឺ រះឡើង អំពីទិសណា អស្តង្គតទៅវិញ ក្នុងទិសណា រមែងឆ្ងាយអំពីគ្នា បណ្ឌិតទាំងឡាយ ពោលថា ធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស ឆ្ងាយក្រៃលែងឆ្ងាយជាងនោះទៅទៀត។ សមាគមរបស់ពួកសប្បុរស មិនបានញ្រត់ប្រាសចាកគ្នា សមាគមរបស់ ពួកសប្បុរស ឋិតនៅដរាបណា ធម៌របស់ពួកសប្បុរស ក៏មាននៅដរាបនោះ។ សមាគមរបស់ពួកអសប្បុរស តែងញ្រត់ប្រាសទៅឆាប់ ព្រោះហេតុនោះ ធម៌ទាំងឡាយ របស់ពួកសប្បុរស ទើបឈ្មោះថា ឆ្ងាយអំពីធម៌របស់ពួកអសប្បុរស។ បិដក ៤២ ទំព័រ ១២២ ឃ្នាប ៤៨ ដោយ៥០០០ឆ្នាំ
« ថយបន្ទាប់ »
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿