មហាឃោសានន្ទ(ព្រះនាមពេញសម្តេចព្រះមហាឃោសានន្ទ)(២៣ឧសភា១៩១៣-១២មីនា២០០៧)ជាសម្តេចសង្ឃរាជដែលទទួលស្គាល់ដោយប្រជាជនកម្ពុជានិរទេសដោយព្រះអង្គបានគង់នៅក្រៅប្រទេសកម្ពុជាក្នុងអំឡុងពេលសម័យខ្មែរក្រហមនិងសម័យកុម្មុយនិស្តនៅប្រទេសកម្ពុជា។
ព្រះនាមរបស់ព្រះអង្គជាភាសាបាលីគឺ«ឃោសានន្ទ»ដែលមានន័យថាជា«អ្នកឃោសនាដោយរីករាយ»(ឃោស៖សំឡេងប្រកូក,សម្រែកខ្លាំង,ការបន្លឺសំឡេង+អានន្ទ៖សេចក្តីសប្បាយ,សេចក្តីរីករាយ,សេចក្តីសុខសាន្ត,ប្រាមោទ្យ)។ព្រះអង្គប្រសូតនៅខេត្តតាកែវនៅប្រទេសកម្ពុជានាឆ្នាំ១៩១៣នៅក្នុងគ្រួសារអ្នកស្រែនៅទន្លេចតុមុខ។កាលនៅពីក្មេងព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះពុទ្ធសាសនានិងបានចូលបម្រើជាក្មេងវត្តកាលពីអាយុ៨ឆ្នាំ។ព្រះសង្ឃក្នុងវត្តស្ងើចក្មេងវត្តរូបនោះណាស់ហើយនៅអាយុ១៤ឆ្នាំព្រះអង្គបានបួសជាលោកនេន។ព្រះអង្គបានសិក្សាភាសាបាលីនៅពុទ្ធិកសាលាក្នុងវត្តហើយបន្ទាប់មកទៀតបាននិមន្តទៅបំពេញការសិក្សានៅពុទ្ធិកវិទ្យាល័យនៅភ្នំពេញនិងខេត្តបាត់ដំបងមុននឹងនិមន្តទៅប្រទេសឥណ្ឌាដើម្បីស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅវិទ្យស្ថាន«នវនាលន្ទាមហាវិហារ»ឯរដ្ឋពិហារប្រទេសឥណ្ឌា។
ការអប់រំ
ព្រះមហាឃោសានន្ទបានទទួលការហ្វឹកហាត់ពីគ្រូជាច្រើនអង្គក្នុងសាសនាព្រះពុទ្ធដូចជាព្រះសង្ឃ១អង្គពីប្រទេសជប៉ុនព្រះនាមហ៊្វូជិអ៊ិនិឈិដាត់ស៊ឺ(藤井日達)និងសម្តេចព្រះសង្ឃរាជជួនណាតជាដើម។
នៅឆ្នាំ១៩៦៥ព្រះមហាឃោសានន្ទបានចាកចេញពីប្រទេសកម្ពុជាទៅភាវនាធម៌នៅក្នុងវត្តរបស់ព្រះអាចារ្យប៉ែនធម្មធរោ(พระอาจารย์แป้นธมฺมธโร)គឺវត្តឆាយណា(วัดชายนา)នៅក្នុងព្រៃមួយជិតទីរួមខេត្តនគរស្រីធម្មរាជនៅភាគខាងត្បូងនៃប្រទេសថៃ។បួនឆ្នាំក្រោយមកពោលគឺក្នុងអំឡុងពេលដែលព្រះអង្គនៅតែកំពុងសិក្សានៅក្នុងវត្តព្រៃរបស់ព្រះអាចារ្យធម្មធរោនោះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាប់ផ្តើមទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជាក្នុងគោលបំណងកាត់ផ្ដាច់ផ្លូវលំហូជីមិញនិងបញ្ចប់សង្គ្រាមវៀតណាម។ប្រទេសកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីហើយប្រជាជនត្រូវបែកខ្ញែកព្រាត់ប្រាសគ្នា។
សម័យខ្មែរក្រហម
ពួកខ្មែរក្រហមបានរឹបអូសយកប្រទេសទាំងមូលហើយវាសនានៃព្រះពុទ្ធសាសនាខ្មែរត្រូវស្ថិតក្នុងភាពមិនទៀង។ប៉ុលពតដែលធ្លាប់រស់នៅក្នុងវត្តអារាមកាលនៅក្មេងបានប្រកាសថាព្រះសង្ឃជាបញ្ញើក្អែគគ្មានប្រយោជន៍អ្វីនោះទេហើយជាវណ្ណៈមួយក្នុងរបបសក្តិភូមិចាស់។ដោយសារការឃោសនាដ៏គួរឲ្យរន្ធត់បែបនោះពួកខ្មែរក្រហមបានផ្សឹកព្រះសង្ឃហើយបញ្ជូនទៅធ្វើស្រែចម្ការដូចប្រជាជនដទៃទៀតដែរឬក៏ពួកខ្មែរក្រហមបានធ្វើទារុណកម្មលើព្រះសង្ឃឬបញ្ជូនទៅរៀនសូត្រនិងធ្វើគត់ចោលទៀតផង។ព្រះសង្ឃខ្លះទៀតត្រូវបានបង្ខំឲ្យប្រព្រឹត្តខុសនឹងវិន័យរបស់ព្រះសង្ឃដោយត្រូវបានគេភ្ជង់កាំភ្លើង។ចាប់តាំងពីពេលនោះមករហូតដល់ពេលរបបខ្មែរក្រហមត្រូវរលំលែងមានព្រះសង្ឃនៅក្នុងប្រទេសកម្ពុជាហើយនិងវត្តជាច្រើនបានត្រូវគេកម្ទេចចោល។
នៅគ្រានោះមានជនជាតិខ្មែរជាច្រើនបានចាប់ផ្តើមរត់ចេញពីប្រទេសកម្ពុជាទៅផ្តុំគ្នាតាមបណ្តោយព្រំប្រទល់ប្រទេសថៃដោយតំណាលទាំងរឿងរ៉ាវដែលអ្នកក្រៅពិបាកជឿស្តីពីរបបប្រល័យពូជសាសន៍ដ៏គួរឲ្យភ័យរន្ធត់នោះ។
នៅឆ្នាំ១៩៧៨ព្រះមហាឃោសានន្ទបានចាកចេញពីអាស្រមបទក្នុងព្រៃហើយបាននិមន្តទៅដល់ជំរំជនភៀសខ្លួននៅតាមព្រំប្រទល់ប្រទេសថៃនិងខ្មែរនិងបានចាប់ផ្តើមជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួនដែលរត់មកប្រទេសថៃនោះ។នៅតាមជំរំនានាជនភៀសខ្លួនដែលខានបានជួបព្រះសង្ឃជាច្រើនឆ្នាំមកនោះពេលឃើញមុខព្រះមហាឃោសានន្ទក៏រំភើបចិត្តយ៉ាងក្រៃលែងហើយក៏ស្រក់ទឹកភ្នែកស្រែកយំកាលណាព្រះមហាឃោសានន្ទសូត្រមន្ត្រដែលជនជាតិខ្មែរធ្លាប់ឮធ្លាប់សូត្រជាច្រើនជំនាន់ច្រើនតំណមុនឆ្នាំសូន្យនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម។ព្រះអង្គបានចែករំលែកនូវអត្ថបទព្រះធម៌ដល់ជនភៀសខ្លួនជាធម្មទានសម្រាប់ចម្រើនព្រះបរិត្តនិងបំផុសគំនិតដើម្បីលើកទឹកចិត្តរបស់ជនភៀសខ្លួនដ៏វេទនាទាំងនោះ។
ការស្ថាបនាឡើងវិញ
ព្រះមហាឃោសានន្ទបានជួយដល់ប្រទេសជាតិនិងជួយឲ្យព្រះពុទ្ធសាសនាខ្មែរកើតឡើងវិញនៅឆ្នាំ១៩៨០។ព្រះអង្គបានធ្វើជាអ្នកតំណាងប្រជាជនខ្មែរក្នុងជំរំជនភៀសខ្លួននិងតំណាងរដ្ឋាភិបាលខ្មែរនិរទេសកម្ពុជានៅឯអង្គការសហប្រជាជាតិ។
នៅពេលដែលរបបប៉ុលពតរលំនាឆ្នាំ១៩៧៩ព្រះមហាឃោសានន្ទគឺជាព្រះសង្ឃ១អង្គក្នុងចំណោមព្រះសង្ឃខ្មែរ៣០០០អង្គដែលបានផុតពីស្លាប់ក្នុងចំណោមព្រះសង្ឃចំនួន៦ម៉ឺនអង្គនៅប្រទេសកម្ពុជាមុនឆ្នាំ១៩៧៦។ក្នុងឆ្នាំ១៩៧៩នៅតាមជាយដែនខ្មែរ-ថៃព្រះអង្គបានកសាងវត្តក្នុងជំរំជនភៀសខ្លួនទាំងឡាយហើយបានបំបួសព្រះសង្ឃជាតិខ្មែរទោះបីជាមានការហាមប្រាមពីអាជ្ញាធរយោធាថៃក៏ដោយ។
នៅឆ្នាំ១៩៨០ព្រះមហាឃោសានន្ទនិងបព្វជិតសាសនាគ្រីស្ទាន១រូបគឺគ្រូគង្វាលភីធ័រឡរ៉ែន្សផនដ៍(PeterL.Pond)បានបង្កើត«បេសកកម្មអន្តរសាសនាដើម្បីសន្តិភាពនៅកម្ពុជា»។លោកទាំងពីរបានរកឃើញអតីតព្រះសង្ឃនិងដូនជីរាប់រយអង្គនិងរាប់រយនាក់ដែលបានរួចពីស្លាប់ដើម្បីឲ្យពួកអតីតសង្ឃនិងដូនជីទាំងនោះអាចបួសឬកាន់សីល១០ឡើងវិញនិងកាន់កាប់មុខងារឡើងវិញក្នុងវត្តអារាមខ្មែរទូទាំងពិភពលោកផងដែរ។នៅខែមិថុនាឆ្នាំ១៩៨០រដ្ឋាភិបាលថៃសម្រេចចិត្តបង្ខំជនភៀសខ្លួនរាប់ពាន់នាក់ឲ្យធ្វើមាតុភូមិនិវត្តន៍។លោកគ្រូគង្វាលផនដ៍និងព្រះមហាឃោសានន្ទក៏បានរៀបចំការតវ៉ាប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍ទាំងបង្ខំនូវជនភៀសខ្លួនពីជំរំស្រះកែវ(សាកែវ)។
នៅឆ្នាំ១៩៨៨ព្រះសង្ឃខ្មែរមួយក្រុមដែលបាននិរទេសខ្លួនចាកចេញពីប្រទេសកម្ពុជាបានជ្រើសតាំងព្រះមហាឃោសានន្ទជាសង្ឃរាជ។ព្រះមហាឃោសានន្ទបានយល់ព្រមទទួលឋានៈនេះជាបណ្តោះអាសន្នដរាបដល់ប្រទេសកម្ពុជានឹងមានសន្តិភាពឡើងវិញ។នៅជំនាន់នោះគឺនៅទសវត្សរ៍ឆ្នាំ១៩៨០សម្តេចព្រះមហាសង្ឃរាជនៅប្រទេសកម្ពុជាគឺសម្តេចទេពវង្សដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្រោមការគាំទ្រពីសាធារណរដ្ឋសង្គមនិយមវៀតណាមបានតែងតាំងកាលពីឆ្នាំ១៩៨១។
ធម្មយាត្រា
នៅឆ្នាំ១៩៩២ជាឆ្នាំដំបូងដែលអង្គការសហប្រជាជាតិបានអនុវត្តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៃឆ្នាំ១៩៩១ទើបព្រះមហាឃោសានន្ទដឹកនាំធម្មយាត្រានៅថ្នាក់ជាតិជាលើកដំបូងសម្រាប់ផ្តល់នូវសន្តិភាពដល់ប្រទេសខ្មែរទាំងមូលដើម្បីឲ្យជនជាតិខ្មែរមានសេចក្តីសង្ឃឹមនិងសន្តិភាពឡើងវិញ។ធម្មយាត្រានេះបានធ្វើដំណើរនិងចំណាយពេលអស់រយៈពេល១៦ថ្ងៃនិង២០០គ.ម.ឆ្ពោះទៅកាន់តំបន់ខ្មែរក្រហមដោយឆ្លងកាត់ដីដែលពួកខ្មែរក្រហមបានបង្កប់គ្រាប់មីន។បន្ទាប់មកព្រះអង្គនាំធម្មយាត្រាជាច្រើនឆ្ពោះមកប្រទេសកម្ពុជាទាំងមូលជាមួយមនុស្សចំនួនប្រមាណ២០០ទៅ៣០០នាក់រៀងរាល់ឆ្នាំ(មានទាំងព្រះសង្ឃដូនជីនិងឧបាសកឧបាសិកា)។នៅឆ្នាំ១៩៩៥មានរហូតដល់៥០០នាក់ដែលធ្វើធម្មយាត្រា។នៅឆ្នាំ១៩៩៥នោះមានពួកខាង«បូជនីយេសចរណ៍អន្តរជំនឿដើម្បីសន្តិភាពនិងជីវិត»បានទៅជួបនិងរួបរួមគ្នាជាមួយពួកអ្នកធ្វើធម្មយាត្រានោះ។ក្រុមទាំង២បានដើរឆ្លងកាត់ប្រទេសកម្ពុជាពីព្រំប្រទល់ថៃរហូតដល់ព្រំប្រទល់វៀតណាមដោយបានដើរកាត់តំបន់ដែលពួកខ្មែរក្រហមកាន់កាប់អស់រយៈពេលច្រើនថ្ងៃ។ដោយហេតុតែបានបង្រៀននូវភាពអហិង្សានិងកសាងវត្តអារាមខាងពុទ្ធសាសនាទូទាំងពិភពលោកដើម្បីជួយជ្រោមជ្រែងដល់ជនជាតិខ្មែរដែលត្រូវនិរទេសឲ្យឋិតនៅក្នុងសាសនាប្រកបដោយសន្តិភាពរបស់ខ្លួននេះបានជាព្រះមហាឃោសានន្ទបានទទួល«រង្វាន់នៃសេចក្តីក្លាហាននិងមនសិការពីមូលនីធិភីសអាប្បេយ៍(អាស្រមបទសន្តិភាព)»(PeaceAbbeyCourageofConscienceAward)។
គេបានដាក់ឈ្មោះព្រះអង្គថាជា«មហាត្មៈគន្ធីនៃប្រទសកម្ពុជា»។លោកស្រីឃ្លែរប៊នផិល្ល(ClaibornePell)ដែលជាប្រធានគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភាអាមេរិកាំងបានស្នើឈ្មោះរបស់ព្រះអង្គចំពោះរង្វាន់សន្តិភាពណូបែល[១៣]។គេក៏បានស្នើព្រះនាមព្រះអង្គចំពោះរង្វាន់នេះនៅឆ្នាំ១៩៩៥,១៩៩៦និង១៩៩៧ដោយយល់ឃើញសកម្មភាពរបស់ព្រះអង្គក្នុងការនាំសន្តិភាពដល់ប្រទេសកម្ពុជា។ព្រះមហាឃោសានន្ទក៏មានតួនាទីជាទីប្រឹក្សាឲ្យ«ពុទ្ធសាសនិកសម្ព័ន្ធដើម្បីសន្តិភាព»(BuddhistPeaceFellowship)ហើយព្រះអង្គគង់ម្តងម្កាលនៅវត្តអារាមបាលិលេយ្យដែលកសាងដោយជនភៀសខ្លួនខ្មែរនៅទីក្រុងហ្វ៊ីឡាឌែលហ៊្វីយ៉ារដ្ឋផេនស៊ីលវ៉ានីញ៉ាស.រ.អា.។
សម្តេចព្រះមហាឃោសានន្ទបានទទួលអនិច្ចធម្មនៅក្រុងន័រធ៍ហាំប៍តុនរដ្ឋម៉ាស្សាឈូសេត្តស៍នៃសហរដ្ឋអាមេរិកនៅថ្ងៃទី១២ខែមីនាឆ្នាំ២០០៧៕
ប្រភពដកស្រង់អត្ថបទ
ប្រភពសំឡេងmp3
ដោយ៥០០០ឆ្នាំ