ជីវប្រវត្តិនៃ ភិក្ខុវជិរប្បញ្ញោ សាន សុជា
|
|
|
ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជាខ្ញុំរៀបចំសរសេរឡើងដោយផ្ទាល់ដៃខ្លួនឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែងត្រូវបានសរសេររៀបរាប់ដោយបុគ្គលដទៃ ជំនួសសាមីជីវិត ។ អ្នកសរសេរតែងតែនិយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះអ្នកសរសេរ ពុំបានដឹងចិត្ត ឬបំណងរបស់សាមីជីវិតច្បាស់លាស់ផង ចង់លើកតម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូលហេតុនេះហើយ ដែលនាំឲ្យជីវប្រវត្តិ ខុសឃ្លាតចាកសេចក្តីពិតយ៉ាងច្រើន ។ សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេមិនអាចបំភ្លេចបាន ក្រោយពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយមិនចង់ឲ្យជីវប្រវត្តិរបស់ខ្លួន ពោរពេញដោយភាពអំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀតឪកាសដែលខ្លួនកំពុងមានជីវិតនៅឡើយ សរសេរជីវប្រវត្តិនេះឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជាខ្ញុំចង់អួតពីជីវិតខ្លួនឯងទេ គឺមានន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។ និយាយបែបនេះហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។ តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែសេចក្តីស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មានអាពាធធ្ងន់ស្ទើរតែដាច់ជីវិតច្រើនលើកច្រើនគ្រាមកហើយ បើមិនសរសេរទុកឲ្យហើយពិតជាហួសពេល, ដើម្បីកុំឲ្យគេយករឿងមិនពិតទៅសូធ្យភូតភរនៅមុខឈាបនដ្ឋានច្រើនពេក ។ ក្រោយពេលដែលសរសេររួច បើបុណ្យអនុគ្រោះឲ្យជីវិតខ្ញុំរស់បានច្រើនឆ្នាំតទៅទៀត ខ្ញុំក៏មិនចាំបាច់ចំណាយពេលវេលាឆ្លើយតបសំនួរ របស់ពុទ្ធបរិស័ទដោយច្រើន ដែលតែងតែចង់ដឹងពីប្រវត្តិរបស់ខ្ញុំដែរ ហើយប្រវត្តិដែលបានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារជាងការដែលខ្ញុំឆ្លើយផ្ទាល់មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ។ ទាញយកសៀវភៅនេះ សូមចុចត្រង់នេះ ដោយ៥០០០ឆ្នាំ |

