អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៤,០៨២ ដង)
ចេះជួយខ្លួនឯងនិងពឹងខ្លួនឯងជាមុន

|
ចេះជួយខ្លួនឯងនិងពឹងខ្លួនឯងជាមុន
មនុស្សយើង ត្រូវពឹងពាក់អាស្រ័យគ្នាជានិច្ច ប៉ុន្តែមនុស្សដែលយើងពឹងបានច្រើនបំផុត គឺខ្លួនយើង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ទូនា្មនថា " ខ្លួនជាទីពឹងនៃខ្លួនឯង " ។ នេះ ជាការពិតដែលអាចពិសោធបានគ្រប់ពេលវេលា ។ ព្រះអង្គ ទ្រង់ត្រាស់បន្តមួយឃ្លាទៀតថា " ខ្លួនដែលហ្វឹកហាត់បានល្អ ហើយឈ្មោះថាបាននូវទីពឹងដែលគេបានដោយកម្រ" នេះ ជាការសម្តែងឲ្យយល់ឃើញថា ពឹងខ្លួនឲ្យជួយខ្លួនឯងគឺហ្វឹកហាត់ អប់រំទូន្មានឲ្យមានការចេះដឹងនិងឲ្យមាននូវសមត្ថភាព ក្នុងការងារ ដូច្នេះរមែងបានជាទីពឹង ឲ្យដល់ខ្លួនឯង ។ សូមឲ្យយើងគ្រប់គ្នាប្រើពេលវេលាឲ្យអស់ទៅ ក្នុងការអប់រំបន្ទុំនូវចំណេះដឹង និងសមត្ថភាព ព្រោះឳកាសល្អ រមែងមានជានិច្ច សម្រាប់អ្នកដែលមានចំណេះដឹង និង មានសមត្ថភាពដ៏ខ្ពង់ខ្ពស់ ប៉ុន្តែសូមកុំលើកតម្កើងខ្លួនថាយើង មិនត្រូវអង្វរអ្នកណានោះឡើយ ។ ការពឹងខ្លួនឯងបាននោះ គឺពិតជាធ្វើឲ្យយើងរីករាយចិត្តក្រៃលែងណាស់ នេះជាសិរីសួស្តីរបស់មនុស្ស ។ ការងារដែលយើងធ្វើ ជាវិធីដ៏សំខាន់ក្នុងការពឹងខ្លួនឯង ។ យើងត្រូវហ្វឹកហាត់ជួយខ្លួនឯង រហូតដល់អស់សមត្ថភាព កុំចេះតែសង្ឃឹមជំនួយពីខាងក្រៅខ្លាំងពេក ។ ចំពោះអ្នកដែលត្រូវការបដិបត្តិធម៌ សូមឲ្យកាន់យកការងារក្នុងតួនាទីរបស់ខ្លួនជាការបដិបត្តិ គឺបំពេញតួនាទីឲ្យបានល្អជាទីបំផុត ។ ការបំពេញនូវតួនាទីឲ្យបានល្អជាទីបំផុតនោះឯងគឺជាការបដិបត្តិធម៌ដ៏ល្អក្រៃលែង ។ យើងមិនបានខូចចិត្តថា យើងមិនមានពេលសម្រាប់បដិប្តិធម៌ឡើយ ព្រោះយើងបានយល់ពីការបដិបត្តិធម៌ថាជាអ្វីទៅហើយនោះ ពោលគឺការបំពេញនូវតួនាទីរបស់ខ្លួនហ្នឹងឯង ប៉ុន្តែក្នុងសេចក្តីនេះគឺ ត្រូវតែជាការងារប្រាសចាកទោស ជាការងារដែលមានប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃ ។ អត្តា ហិ អត្តនោ នាថោ កោហិ នាថោ បរោ សិយា ខ្លួន ជា ទីពឹង ពនឹង អាត្មា អ្នក ផ្សេង ម្តេចរ៉ា នឹងថាពឹងបាន ។ អត្តនា ហិ សទន្តេន ទូន្មាន ខ្លួនជាក់ ជាអ្នក ក្លាហាន ច្បាំងនឹង កិលេស ក្នុងចិត្ត សន្តាន ខ្លួនល្អកល្យាណ ព្រះបានត្រាស់ថា ។ នាថំ លភតិ ទុល្មភំ បាននូវ ធម្មំ ទីពឹង អស្ចារ្យ ទីពឹង នេះ ក្រ កម្រ អ្នកណា ក្នុងវដ្ត សង្សារ ស្រវា តោងបាន ។ សុខចិត្ត រួមនឹង គុណភាព ជីវិត មង្គល ល្អ ពិត ជីវិត ក្សេមក្សាន្ត រៀបរាប់ ខ្លីៗ សេចក្តី ប៉ុន្មាន សូមឲ្យអ្នកអានបានសុខចិត្តហោង ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត និងគុណភាពនៃជីវិត រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។ វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |