អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១១,០៧១ ដង)
កម្ចាត់ហេតុនៃទុក្ខចោល

|
កម្ចាត់ហេតុនៃទុក្ខចោល
យើងត្រូវស្វែងរកហេតុនៃសេចក្តីទុក្ខ សេចក្តីនេះចូលក្នុងគោលនៃអរិយសច្ច គឺទុក្ខអរិយសច្ច ដោយសេចក្តីថាកាលមានទុក្ខយ៉ាងណាមួយកើតឡើង យើងត្រូវស្រាវជ្រាវរាវរកហេតុ បើបានជួបប្រទះហើយត្រូវកម្ចាត់បង់នូវហេតុនោះចោល ។ ទុក្ខខ្លះកើតមកពីការមិនបានសម្រេចដូចក្តីប្រាថ្នា ជាការខកចិត្តអស់សង្ឃឹម ។ មនុស្សដែលមានការខកចិត្តក្នុងរឿងសេ្នហា ភាគច្រើនតែបន្ទោសគេតែម្ខាងប៉ុណ្ណោះបន្ទោសថាគេមិនស្មោះត្រង់នឹងខ្លួនគេបោកប្រាស់ខ្លួនជាដើមម្ល៉ោះហើយក៏ទុក្ខទោមនស្ស និងខឹងក្រោធរហូតដល់ថ្នាក់សម្លាប់ជីវិតគេ ឬសងសឹកគេដោយប្រការណាមួយ ដើម្បីរំសាយកំហឹងរបស់ខ្លួន ។ កាលសម្លាប់គេឬព្យាបាទគេបានសមតាមប្រាថ្នាហើយ សេចក្តីទុក្ខមិនមែនរលត់ទៅនោះឡើយ មានតែចម្រើនឡើងថែមទៀត ព្រោះជាការបង្កនូវហេតុនៃសេចក្តីទុក្ខ ដូចជាការបន្ថែមឧសឲ្យដល់ភ្លើងដូច្នោះឯង ។ ដោះស្រាយបញ្ហាមិនចំណុច វាប្រៀបបីដូចជាការលេបរបស់ស្លែងដើម្បីព្យាបាលរោគដូច្នេះដែរ សូម្បីសមតាមបំណងក៏ពិតហើយ ប៉ុន្តែរោគមិនបានរម្ងាប់ទៅឡើយមានតែរើឡើងហើយធ្វើទុក្ខខ្លាំងលើសដើម ។ តាមពិតហេតុនៃសេចក្តីទុក្ខនេះ គឺសេចក្តីស្រឡាញ់ដែលនៅក្នុងចិត្តរបស់ខ្លួនហ្នឹងឯង តើយើងគួរសំកុកកើតទុក្ខ រង់ចាំឲ្យអ្នកដទៃត្រឡប់មកស្រឡាញ់យើងវិញ ទើបយើងបាត់កើតទុក្ខឬយ៉ាងម៉េច ? តើបើយើងប្រើបញ្ញាពិចារណាការពិត យើងនឹងទទួលយកការពិត ហើយអប់រំចិត្តដើម្បីលះកាត់នូវសេចក្តីស្រឡាញ់ចោលចេញ សេចក្តីទុក្ខរមែងមិនមានឡើយ ។ មនុស្សប្រុសស្រីភាគច្រើន គឺច្រើនតែចាប់ហេតុខុសទើបមិនអាចដោះបញ្ហាបាន ។ រឿងដទៃៗ ផ្សេងទៀត ក្រៅពីរឿងសេ្នហានេះ ក៏មានទំងដូចគ្នាត្រូវព្យាយាមស្រាវជ្រាវរាវរកដើមហេតុឲ្យបានត្រឹមត្រូវ ហើយគប្បីកម្ចាត់នូវដើមហេតុនេះឲ្យអស់រលីងទៅ ទើបសេចក្តីទុក្ខវារលត់ទៅបាន ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |