អានអត្ថបទ
ផ្សាយ : ១៧ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៨២៤ ដង)
សម្ដេចព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ ឥន្ទញ្ញាណោ ភុល ទេស

|
ព្រះរាជជីវប្រវត្តិសង្ខេប
នៃ សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជថ្នាក់ទី២ នៃគណៈធម្មយុត្តិកនិកាយ ព្រះនាម ឥន្ទញ្ញាណោ ភុល ទេស ព.ស ២៤៩៨~២៥០៩ សម្ដេចទ្រង់សម្ភពនៅថ្ងៃអាទិត្យ ទី១៥កើត ខែស្រាពណ៍ ឆ្នាំថោះ ត្រីស័ក ព.ស ២៤៣៤ (គ.ស ១៨៩១)ក្នុងភូមិ កោះរះ សង្កាត់កោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ បិតានាម ភុល មាតានាម ទៃ។ កាលនៅកុមារ សម្ដេចមានព្រះជន្មាយុ បាន១០ឆ្នាំ ក្នុងឆ្នាំជូត ទោស័ក ព.ស ២៤៤៣ (គ.ស ១៩០០) បានទៅនៅសិក្សារអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូអាចារ្យ សំ វត្តកោះរះ គណៈមហានិកាយ។ លុះព្រះជន្ម បាន១១ឆ្នាំ ក្នុងឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៤៤៤ (គ.ស ១៩០១) បិតាបាននាំមកអោយនៅវត្តបទុមវតីរាជរារាម ក្នុងក្រុងភ្នំពេញ ក្នុងសំណាក់ព្រះគ្រូ ម៉ៅ ក្រុមព្រះមុនី កេត កាលនៅជាព្រះវរមេធា។លោកបានសិក្សាអក្សរសាស្ត្រជាតិ លេខនពន្ត និងធម្មវិន័យ ចេះចាំស្ទាត់ល្មមប្រើការបាន។ លុះជន្មាយុ បាន១៥វស្សា បានចូលបព្វជ្ជា ជាសាមណេរក្នុងវត្តបទុមវតីរាជររារាម នៅថ្ងៃ៨កើត ខែអាសាធ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៤៤៨ (គ.ស ១៩០៥) ក្នុងសំណាក់សម្ដេច ព្រះវន័រត ដែលតមកជាព្រះមង្គលទេពាចារ្យ ជាសង្ឃនាយក ព្រះនាម ភន្ទគូ អៀម ជាព្រះឧបជ្ឈាយ៍។ លុះព្រះជន្ម បាន២១វស្សា បានចូលឧបសម្បទាជាភិក្ខុភាវៈ ក្នុងពុទ្ធសីមា វត្តបទុមវតី រាជវរារាម នៅថ្ងៃអាទិត្យ ១៣កើត ខែអាសាធ ឆ្នាំកុរ ត្រីស័ក ព.ស ២៤៥៤ (គ.ស ១៩១១) វេលាម៉ោង៩ព្រឹក ក្នុងសំណាក់ សម្ដេចព្រះមង្គលទេពាចារ្យ ព្រះនាម ភន្ទគូ អៀម ជាព្រះឧបជ្ឈាយ៍ បាននាមបញ្ញត្តិថា ឥន្ទញ្ញាណោ។ ទ្រង់ព្រះផ្នួសបាន៤៤វស្សា ព្រះជន្មាយុបាន ៦៥ឆ្នាំ ទ្រង់បានឡើងសមណស័ក្តិជា ព្រះសុធម្មាធិបតី សង្ឃនាយកស្ដីទី និងជាចៅអធិការវត្តបទុមវតីរាជវរារាម នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំមមែ សប្តស័ក ព.ស ២៤៩៨(៣១-១-១៩៥៦)។ ទ្រង់ព្រះផ្នួសបាន ៥២ព្រះវស្សា ព្រះជន្មាយុបាន ៦៦វស្សា ទ្រង់បានឡើងសមណស័ក្តិ ជាសម្ដេចព្រះសុធម្មាធិបតី សង្ឃនាយកពេញទីនៅថ្ងៃ ព្រហស្បតិ៍ ១៣រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស ២៤៩៦ (២៨-២-១៩៥៧)។ ទ្រង់ព្រះផ្នួសបាន ៥២វស្សា ព្រះជន្មាយុបាន ៧៣វស្សា សម្ដេច ព្រះនរោត្តម សីហនុ ឧបយុវរាជ ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រោសប្រគេនព្រះឋានៈជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី២ នៃគណៈធម្មយុត្តិកនិកាយ ដែលជាសមណស័ក្ដិដ៏ខ្ពង់ខ្ពស់បំផុត នៃគណៈធម្មយុត្តិកនិកាយ ដែលជាសមណស័ក្ខិដ៏ខ្ពង់ខ្ពស់បំផុត និងទ្រង់ត្រាស់ឲ្យប្រើរាជស័ព្ទ ចំពោះសម្ដេចព្រះសង្ឃ រាជព្រមទាំងមានប្រសិទ្ធិភាពដូចខាងក្រោមៈ -ព្រះសុវណ្ណកោច្ឆៈពិសេស -ផ្លិតស្រួចពិសេស -រងព្រះសិរពិសេស -ទង់សំរាប់ព្រះទីនាំងរថយន្ត ពិសេស ដោយព្រះរាជក្រឹត្យលេខ ២៤ រ.វចុះថ្ងៃទី ២៨ ខែវិច្ចិកា គ.ស ១៩៦៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥០៦។ នៅថ្ងៃទី ០២ ខែមករា គ.ស ១៩៦៦ សម្ដេចទ្រង់បានប្រឈួនជាទំងន់ ដោយព្រះរោគគ្រុន ព្រះកាសរោគ(រោគក្អក) និងព្រះសាសរោគ(រោគហឺត) មកជ្រៀតជ្រែក លាយឡំគ្នាផង រហូតដល់រាត្រីថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥០៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា គ.ស ១៩៦៦ វេលាម៉ោង ២១និង២០នាទី សម្ដេចទ្រង់សោយទីវង្គត ក្នុងព្រះជន្មគំរប់៧៥វស្សា។ ដោយ៥០០០ឆ្នាំ |