អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២៧១ ដង)
ជរាសូត្រ

|
ជរាសូត្រ
បិដកលេខ ៥៤ ទំព័រ ២៧៥ (ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងព្រះសូត្រនេះនៅនគរ លាកេត) អប្បំ វត ជីវិតំ ឥទំ ឱរំ វស្សសតាបិ មិយ្យតិ សចេបិ អតិច្ច ជីវតិ អថខោ សោ ជរសាបិ មិយ្យតិ ។ ជីវិតនេះមានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី១០០ ឆ្នាំ ប្រសិនបើរស់ហួសពី១០០ ឆ្នាំ សត្វនោះនឹងស្លាប់ដោយជារាជាប្រាកដ ។ សោចន្តិ ជនា មមាយិតេ ន ហិ សន្តិ និច្ចា បរិគ្គហា វិនាភាវសន្តមេវិទំ ឥតិ ទិស្វា នាគារមាវសេ ។ ជនទាំងឡាយតែងសោក ព្រោះវត្ថុដែលប្រកាន់ថា របស់យើង សេចក្តីប្រកាន់ថា របស់យើង សេចក្តីប្រកាន់ជារបស់ទៀងទាត់មិនមានឡើយ ជីវិតនេះមានការព្រាត់ប្រាសចាករបស់ដែលមានជាធម្មតា អ្នកប្រាជ្ញលុះឃើញដូច្នេះហើយ រមែងមិននៅគ្រប់គ្រងផ្ទះឡើយ ។ មរណេនបិ តំ បហិយ្យតិ យំ បុរិសោ មមយិទន្តិ មញ្ញតិ ឯតម្បិ វិទិត្វា បណ្ឌិតោ ន មមត្តាយ នមេថ មាមកោ ។ បុរសសំគាល់របស់ណាថា នេះជារបស់អញ រមែងលះរបស់នោះដោយមរណៈ ឯអ្នកប្រាជ្ញរាល់អានព្រះរតនត្រ័យ ជ្រាបច្បាស់នូវទោសនោះហើយ រមែងមិនបង្អោន (ចិត្ត) ទៅដើម្បីសេចក្តីប្រកាន់ថា របស់យើងឡើយ ។ សុបិនេន យថាបិ សង្គតំ បដិពុទ្ធោ បុរិសោ ន បស្សតិ ឯវម្បិ បិយាយិតំ ជនំ បេតំ កាលកតំ ន បស្សតិ ។ បុរសអ្នកភ្ញាក់ (ពីដេក) រមែងមិនឃើញរូបារម្មណ៍ជាដើមដែលមកជួបប្រទះ ដោយការយល់សប្តិ យ៉ាងណាមិញ បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើកាលកិរិយាទៅកាន់លោកខាងមុខ ក៏យ៉ាងនោះដែរ ។ ទិដ្ឋាបិ សុតាបិ តេ ជនា យេសំ នាមមិទំ បវុច្ចតិ នាមមេវាវសិស្សតិ អក្ខេយ្យំ បេតស្ស ជន្តុនោ ។ ជនទាំងនោះដែលគេឃើញហើយ ឮហើយ គេតែងហៅឈ្មោះ កាលលះលោកនោះទៅ នៅសល់តែឈ្មោះសម្រាប់ហៅប៉ុណ្ណោះ ។ សោកបរិទេវមច្ឆរំ ន ជហន្តិ គិទ្ធា មមាយិតេ តស្មា មុយោ បរិគ្គហំ អចរឹសុ ខេមទស្សិនោ ។ ពួកសត្វមានសេចក្តីលោភ តែងមិនលះបង់ នូវសេចក្តីសោកខ្សឹកខ្សួលនិងសេចក្តីកំណាញ់ ក្នុងវត្ថុដែលជាទីរាប់អានបានឡើយ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ដែលឃើញព្រះនិព្វានថាជាទីក្សេមហើយ រមែងលះបង់សេចក្តីប្រកាន់បាន ។ បដិលីនចរស្ស ភិក្ខុនោ ភជមានស្ស វិវិត្តមាសនំ សាមគ្គិយមាហុ តស្ស តំ យោ អត្តានំ ភវនេ ន ទស្សយេ ។ ភិក្ខុណាមិនសម្តែងខ្លួនក្នុងភព (ថ្មីទៀត) អ្នកប្រាជ្ញទាំងឡាយ ហៅអំពើនោះ របស់ភិក្ខុ នោះ ដែលជាអ្នកប្រព្រឹត្តជៀសគេច និង ជាអ្នកភប់ប្រសព្វ អាសនៈស្ងាត់ ថាជាការមរម្យហើយ ។ សព្វត្ថ មុនី អនិស្សិតោ ន បិយំ កុព្វតិ នោបិ អកប្បិយំ តស្មី បរិទេវមច្ឆរំ បណ្ណេ វារិ យថា ន លិម្បតិ ។ អ្នកប្រាជ្ញមិនបានអាស្រ័យ ក្នុងអោយតនៈទាំងអស់ឡើយ មិនធ្វើសត្វនិង សង្ខារឲ្យជាទីស្រឡាញ់ ទាំងមិនធ្វើសត្វនិង សង្ខារឲ្យមិនជាទីស្រឡាញ់ សេចក្តីខ្សឹកខ្សួលនិងសេចក្តីកំណាញ់មិនជាប់ក្នុងសន្តានរបស់ព្រះខីណាស្រពនោះ ដូចទឹកមិនប្រឡាក់សើស្លឹកឈូកដូច្នោះដែរ ។ ឧទកពិន្ទុ យថាបិ បោក្ខរេ បទុមេ វារិ យថា ន លិម្បតិ ឯវម មុនី នោ បលិម្បតិ យទិទំ ទិដ្ឋំ សុតំ មុតេសុ វា ។ ដំណក់ទឹកមិនដក់នៅលើស្លឹកឈូក ដូចម្តេចក្តី ទឹកមិនទទឹកនាផ្កាឈូកដូម្តេចក្តី អ្នកប្រាជ្ញមិនជាប់នៅក្នុងអារម្មណ៍ណានីមួយដែលបានឃើញ ដែលបានឮ ឬ ដែលជាបានប៉ះពាល់ ក៏ដូច្នោះដែរ ។ ធោនោ ន ហិ តេន មញ្ញតិ យទិទំ ទិដ្ឋំ សុតំ មុតេសុ វា នាញ្ញេន វិសុទ្ធិមិច្ឆតិ ន ហិ សោ រជ្ជតិ នោ វិរជ្ជតីតិ ។ មួយទៀត ព្រះអរហន្តមិនសំគាល់ក្នុងអារម្មណ៍ណានីមួយដែលបានឃើញ ដែលបានឮ ឬដែលបានប៉ះពាល់ ដោយវត្ថុនោះៗ ឡើយ ទាំងមិនប្រាថ្នាការស្អាតដោយវត្ថុដោយដទៃទេ ព្រោះព្រះអរហន្ត នោះមិនត្រេកត្រអាល ហើយក៏មិនមែនប្រទូស្តទាស់ មាននូវទោមនស្ស (ដូចកល្យាណបុថុជ្ជន និង សេក្ខបុគ្គល) ឡើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |