អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៣៨ ដង)
បញ្ហាផ្សេងៗ

|
បញ្ហាផ្សេងៗ
១. ហេតុដូចម្តេចបានជាក្នុងព្រះវិន័យ មានគរុធម៌ឲ្យភិក្ខុនីថ្វាយបង្គំភិក្ខុ ? - ព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតឲ្យស្ត្រីមកបួសក្នុងព្រះពុទ្ធសាសនា គឺជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ស្រី្តក្នុងសម័យនោះ ។ ព្រះអង្គជាមហាវីរបុរសទី១ ដែលជួយស្ត្រីក្នុងលោក អាចនិយាយបានថាព្រះអង្គស៊ូដើម្បីសិទ្ធស្ត្រីក៏បាន ។ យើងបានជ្រាបតាមប្រវត្តសាស្ត្រ ហើយមនុស្សក្នុងសម័យមុននោះ គេចាត់ទុកស្ត្រីភេទថាមិនបានការយ៉ាងណាខ្លះ ។តាមកុលសម្ព័ន្ធដែលប្រមូលកម្លាំងគ្នា គេនិយមកម្លាំងបាយជាសំខាន់ ហើយគេចាត់ទុកស្ត្រីជាអ្នកបម្រើក្បែរជើងរបស់គេដែលជាបុរស ដូច្នេះទើបមានពាក្យថា(បាទបរិចាវិកា) ។ បាទបរិចារិកា គឺភរិយាហ្នឹងឯងហើយបុរសអាចមានបាទបរិចារិកាដល់រាប់សិបនាក់ ដល់រាប់រយ រាប់ពាន់នាក់ទៀតផង ។ ទៅតាមលទ្ធិសាសនាដទៃៗក៏គេមិនលើកតម្កើងស្រ្តីឡើយ គេចាត់ទុកស្រ្តីថាជាភេទមិនបរិសុទ្ធ ។ - តាមព្រះវិន័យព្រះពុទ្ធសាសនាតម្រូវឲ្យភិក្ខុនីថ្វាយបង្គំភិក្ខុ មិនមែនជារឿងមើលងាយចំពោះភេទស្ត្រីឡើយ ។ តាមពិតព្រះពុទ្ធទ្រង់រៀបចំចាត់ចែងឲ្យភិក្ខុមើលថែភិក្ខុនីណាស់ដូចបងប្រុសមើលថែប្អូនស្រីអីចឹងឯង ។ ច្បាប់ភិក្ខុនី មិនត្រូវនៅចាំវស្សាក្នុងអាវាសដែលមិនមានភិក្ខុឡើយ ។ ម្យ៉ាងទៀត ភិក្ខុត្រូវទទួលយកឱវាទអំពីភិក្ខុរាល់កន្លះខែ រីឯភិក្ខុជាអ្នកប្រទានឳវាទអំពីភិក្ខុរាល់កន្លះខែ រីឯភិក្ខុជាអ្នកប្រទានឳវាទត្រូវប្រកបដោយអង្គ៨ គឺ ១ ភិក្ខុ ជាអ្នកមានសីល សង្រួមតាមបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ (មារយាទ) និងទីគោចរ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ (សូម្បីទោសនោះ) មានប្រមាណតិចតួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ២. ភិក្ខុជាពហុស្សូតទ្រទ្រង់ពុទ្ធវចនៈ សន្សំនូវពុទ្ធវចនធម៌ ទាំងឡាយណា ពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាងចុង តែងប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថបទាំងព្យញ្ជនៈ ភិក្ខុនោះចាំច្រើនហើយ ទ្រទ្រង់ហើយសន្សំហើយ ដោយវាចាដ៏ស្ងាត់រត់មាត់ ចូលចិត្តច្បាស់លាស់យល់ត្រូវល្អដោយទិដ្ឋិ(គឺបញ្ញា) ៣. ចំណែកព្រះបាតិមោក្ខទាំងពីរ ភិក្ខុនោះក៏ចេះចាំដោយពិស្តារចែកចេញដោយប្រពៃចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អដោយសុត្ត(គឺខន្ធកៈនិងបរិវារៈ) ដោយអនុព្យញ្ជនៈ ៤. ភិក្ខុនោះ មានវាចាពោលត្រឹមត្រូវដោយសិថិលធនិតជាដើមមានសំឡេងពីរោះ ៥. ភិក្ខុនោះជាអ្នកអាចដើម្បីនឹងឲ្យឳវាទដល់ភិក្ខុនីបាន ៧. ភិក្ខុនោះមិនធ្លាប់ប្រព្រឹត្តកន្លងនូវគរុធម៌ ជាមួយនឹងភិក្ខុនី ដែលស្លៀកដណ្តប់សំពត់ជ្រលក់ដោយទឹកចត់ បួសចំពោះព្រះដ៏មានព្រះភាគនេះ៨. ភិក្ខុនោះមានវស្សាម្ភៃឬមានវស្សាជាងម្ភៃ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវភិក្ខុដែលប្រកបដោយអង្គទាំងឡាយ៨ នេះ ឲ្យជាអ្នកផ្តល់ឳវាទចំពោះភិក្ខុនី ។
តាមការពិនិត្យដោយល្អិតល្អន់ យើងឃើញថាភិក្ខុមានកិច្ចត្រូវភិក្ខុនីក្នុងនាមជាបងប្រុសនិងក្នុងនាមជាគ្រូអាចារ្យ ។ - ការគោរពសំពះថ្វាយបង្គំគឺជាគុណធម៌ដ៏សំខាន់មិនមែនបានសេចក្តីថាអន់នោះឡើយ ជាកិច្ចបដិបត្តិរក្សាព្រះធម៌ព្រះវិន័យដ៏សមគួរ តាមដែលព្រះពុទ្ធអង្គទ្រង់សម្តែងនិងបញ្ញត្តហើយ ។ គោបិកាសក្យធីតា ជាឧបាសិកាទំនុកបម្រុងភិក្ខុសង្ឃបូជាថ្វាយបង្គំព្រមទាំងទទួលយកឱវាទអំពីភិក្ខុនោះៗលុះដល់អស់ជីវិតគោបិកាឧបាសិកា បានជាទេវបុត្រនៅឋានតាវត្តិង្សឈ្មោះគោបកៈ ជាបុត្រនៃសក្កទេវរាជ ។ ឯចំណែកភិក្ខុបើអង្គជាអ្នកផ្តល់ឳវាទលុះអស់ជីវិតបានកើតក្នុងកំណើតគន្ធព្វគឺទេវតារបាំ (ទេវតាថ្នាក់ចាតុកម្មហារាជិកាទិសខាងកើត) ។ លុះដល់ទេវតាគន្ធព្វបម្រើព្រះឥន្ធទើបគោបកទេវបុត្ររំលឹកដាស់តឿនដោយពា្យថា (អ្នកទាំងឡាយយកមុខទៅទុកក្នុងទីណា ...) ។ -ការរៀបចំស្ថាប័នសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់រៀបចំដោយសព្វញ្ញតញ្ញាណ ដើម្បីឲ្យសាសនាតាំងនៅបានយូរ ។យើងក៏គួរជ្រាបហើយថា ការដែលឲ្យស្រីមកនៅជាមួយប្រុស វាមានបញ្ហាយ៉ាងណា ។ ដូច្នេះភិក្ខុនីដែលប្រព្រឹត្តរក្សានូវគរុធម៌ទាំង៨ ប្រការ ឈ្មោះថាបានរក្សានូវព្រះពុទ្ធសាសនា ឲ្យឋិតនៅបានយូរ ។ សូមជ្រាបថានេះជាព្រះវិន័យតែបើតាមផ្លូវធម៌វិញ ត្រូវគោរពកោតក្រែងគ្នាទៅវិញទៅមក ទើបព្រះសទ្ធម្មឋិតនៅបានយូរអង្វែង ។ - ប្រយោជន៍សំខាន់បំផុតនៅក្នុងធម្មវិន័យនេះគឺមិនមែននៅលើលាភយស ឋានៈឬការគោរពលើកតម្កើងនោះទេ តាមពិតទាំងភក្ខុទាំងភិក្ខុនី ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងធម្មវិន័យនេះដើម្បីការរួចផុតចាកទុក្ខ ព្រោះកម្ចាត់បង់នូវតណ្ហាបានសម្រេច ។ បុគ្គលដែលអស់តណ្ហា បានដល់ត្រើយនៃភពបី លែងទាមទារអ្វីទៀតទាំងអស់នេះទើបជាការសម្រេចសិទ្ធិអំណាចរបស់ខ្លួនដល់ទីបំផុត មានឥស្សរៈមានសេរីភាពគ្រប់យ៉ាង ឈប់ជាទាសៈនៃតណ្ហា ក្នុងវដ្តសង្សារតទៅទៀត ។ ២- ហេតុដូចម្តេចបានជាស្ត្រីមិនអាចត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ? - ទាក់ទងទៅនឹងពុទ្ធការរកធម៌ និងមហាបរិច្ចាគដែលព្រះបរមពោធិសត្វត្រូវបំពេញ អស់កាលដ៏យូរអង្វែងនោះ បើតាំងនៅក្នុងភេទជាស្រីគឺមិនអាចនឹងបំពេញឲ្យដល់កម្រិតបានឡើយ ដូច្នេះនិយតបរមពោធិសត្វ ត្រូវឋិតនៅក្នុងភេទជាបុរស ។ មុននឹងចូលមកជានិយតបរមពោធិសត្វ ព្រះអង្គក៏ធ្លាប់ជាស្ត្រីភេទដែរ ។ រឿងស្រីរឿងប្រុសមនុស្សយើងម្នាក់ៗ សុទ្ធតែធ្លាប់ចាប់កំណើតដូចគ្នា ស្ត្រីក៏ប្រាថ្នាជាព្រះសម្មាសម្ពុទ្ធបានដែរ ។ - ព្រះសម្មាសម្ពុទ្ធចាំបាច់ត្រូវតែឋិតនៅក្នុងភេទជាបុរស ព្រោះមនុស្សក្នុងសម័យព្រះពុទ្ធត្រាស់ដឹងនោះៗ គេប្រកាន់រឿងប្រុសនេះណាស់ ដូច្នេះបើព្រះពុទ្ធជាស្រីមនុស្សភាគច្រើននោះគេមិនគោរពព្រះពុទ្ធឡើយ ហើយក៏មិនបានស្តាប់ធម៌ ។ តាមពិតព្រះសម្មាសម្ពុទ្ធផ្ទាល់ព្រះអង្គទ្រង់ពុំបានប្រកាន់ខ្លួនព្រះអង្គដោយមានះណាមួយឡើយតែ ព្រះពុទ្ធត្រូវតែបដិសន្ធិនៅក្នុងត្រកូលខ្ពង់ខ្ពស់ ជាចំាបាច់ទោះក្សត្រឬព្រាហ្មណ៍ មូលហេតុ ដើម្បីឲ្យមនុស្សប្រកាន់ត្រកូលប្រកាន់វណ្ណៈនោះៗ គេព្រមគោរពព្រះអង្គហើយស្តាប់ព្រះធម៌ លុះដល់គេបានស្តាប់ហើយឃើញសច្ចធម៌ ទើបគេដឹងច្បាស់ដោយខ្លួនឯងថា (ខ្លឹមសារនៃជីវិតមិនមែននៅលើវណ្ណៈឬភេទជាដើមឡើយ) ។
-យើងអាចគិតថា អតីតជាតិរបស់ព្រះអង្គក៏ជាស្រីគ្រាន់តែដូរភេទមកជាប្រុសហើយត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដើម្បីជួយសត្វលោកតែប៉ុណ្ណោះ ។ តាមពិត (ពុទ្ធ) ដោយសភាវធម៌គឺមិនមែនស្រីមិនមែនប្រុសឡើយ គឺជាបញ្ញាចាក់ធ្លុះនូវអរិយសច្ចៈទាំង៤ ។ ព្រះអង្គចម្លងនូវ(ពុទ្ធ) មកឲ្យសត្វលោកតាមរយៈនៃការសម្តែងធម៌របស់ព្រះអង្គ ។ (ពុទ្ធ) ជាទីប្រជុំនៃពោធិបក្ខិយធម៌៣៧ប្រការអាចមកឋិតនៅក្នុងបរុសក៏បាន ស្រ្តីក៏បាន ។ សព្វថ្ងៃពុទ្ធបរិស័ទមិនបានឃើញព្រះរូបកាយនៃព្រះអង្គតែអាចឃើញ (ពុទ្ធ) ដោយសភាវៈ បានតាមរយៈនៃបញ្ញាចាក់ធ្លុះនូវសច្ចៈធម៌ ។ ក្រៅអំពីសម្មាសម្ពុទ្ធ មិនមាននរណាក្នុងលោកនេះ និងក្នុងលោកដទៃ អាចដឹងបញ្ញារបស់ព្រះសម្មាសម្ពុទ្ធដោយសព្វគ្រប់ឡើយ ប៉ុន្តែ ការឃើញនូវសច្ចធម៌នៃបុគ្គលណា ដែលជាសាវ័កនៃព្រះពុទ្ធនោះ បុគ្គលនោះឯង ល្មមនឹងដឹងបានថា ព្រះពុទ្ធពិតព្រះធម៌ពិត ព្រះសង្ឃពិត ។ - មារាធិរាជក៏មិនមានភេទស្ត្រីដែរ គឺជាទេវបុត្តមារ ។ ចំណុចនេះតើយើងគិតយ៉ាងណាដែរ? តាមពិតអ្វីដែលសំខាន់បំផុតក្នុងជីវិតមនុស្សយើង ក៏ដូចជាជីវិតសត្វលោកដទៃ គឺបញ្ញា ។ បញ្ញា ទើបអាចច្បាំងឈ្នះកិលេសក្នុងខ្លួនបាន ហើយផុតទុក្ខផុតភ័យ ។ សូមឲ្យប្រាកដច្បាស់គ្រប់គ្នាថា ( បញ្ញាមិនមែនប្រុស មិនមែនស្រីឡើយ ) ។ ៣. ហេតុដូចម្តេចបានជាក្នុងគម្ពីរព្រះពុទ្ធសាសនាមានកន្លែងខ្លះតិះដៀលស្ត្រី ដូចពាក្យថា (ស្ត្រីជាមន្ទិលដល់ព្រហ្មចរិយធម៌ ) និងឃើញមាននៅក្នុងព្រះជាតកផ្សេងៗដូចក្នុងកុណាលជាតកជាដើម ? - តាមពិតមិនមែនតែស្ត្រីទេ ដែលជាមន្ទិលដល់ព្រហ្មចរិយធម៌ រូបសំឡេង ក្លិន រស និងផោដ្ឋព្វៈ របស់បុរសក៏គ្របសង្កត់ចិត្តរបស់ស្ត្រី ហើយឋិតនៅបានដូចគ្នា ដែរ ។ - ការសម្តែងព្រះធម៌របស់ព្រះពុទ្ធអង្គ ដល់បុគ្គលដែលនឹកអាល័យទៅរកភេទដែលផ្ទុយគ្នា ព្រះអង្គត្រូវរំលឹកឲ្យមានស្មារតីក្នុងរក្សាព្រហ្មចរិយធម៌ ទៅតាមឧបនិស្ស័យនៃបុគ្គលម្នាក់ ។ - អ្វីដែលជាមន្ទិលសៅហ្មង តាមពិតគឺជាកិលេស ក្នុងចិត្តនៃបុគ្គលម្នាក់ៗ រៀងៗខ្លួន គ្រាន់តែមានរូបសំឡេង ក្លិន រស និង ផោដ្ឋព្វៈ ក្នុងបុគ្គលដែលមានភេទផ្ទុយគ្នាជាអារម្មណ៍ប៉ុណ្ណោះ ។ - បើមិនទាក់ទិនក្នុងរឿងអ្នកបួសទេ ព្រះពុទ្ធទ្រង់ត្រាស់ថា (ភរិយា បរមា សខា ភរិយាជាមិត្តសម្លាញ់ដ៏ក្រៃលែង ) ។ ម្យ៉ាងទៀត ក្នុងអបរិហានិយធម៌ ៧ យ៉ាងជាធម៌បដិបត្តិនាំឲ្យមានសេចក្តីច្រើន មិនមានសេចក្តីសាបសូន្យឡើយ ។ ក្នុងចំណុចទី៥ គឺការថែរក្សាស្ត្រីក្នុងត្រកូល (ទាំងម្តាយទាំងកូនស្រី) ឲ្យរស់នៅដោយល្អមិនគំរាមកំហែង មិនចាប់បង្ខំ ឲ្យនៅរួម (ក្នុងអំពើអនចារ) សេចក្តីច្រើនតែងមានប្រាកដក្នុងដែនសេចក្តីសាបសូន្យមិនមានឡើយ ។ - ព្រះនាងមទ្រីបានពោលទៅរកព្រះបាទសញ្ជយមហារាជ ជាព្រះបិតាក្មេកដូច្នេះថាៈ យា ទលិទ្ទី ទលិទ្ទស្ស អឌ្ឍា អឌ្ឍស្ស កិត្តិមា តំ វេ ទេវា បសំសន្តិ ទុក្ករំ ហិ ករោតិ សា ។ ស្ត្រីណាដែលមានកិត្តិយស កេរ្តិ៍ឈ្មោះ កាលស្វាមី ទ័លក្រ ក៏ជាស្ត្រីទ័លក្រជាមួយដែរ កាលស្វាមីស្តុកស្តម្ភក៏ជាស្រ្តីរួមស្តម្ភជាមួយស្វាមីផងដែរ ពួកទេវតារមែងសរសើរស្ត្រីនោះឯង ព្រោះថា ស្ត្រីនោះធ្វើអំពើដែលគេធ្វើបានដោយក្រ ។ - ក្នុងព្រះសាសនានេះ ស្រ្តីដែលជាបណ្ឌិត ជាសប្បុរសនិងជាព្រះអិយបុគ្គលមានច្រើនណាស់ ។ ដូច្នេះការសិក្សាព្រះធម៌ត្រូវសិក្សាទិសដៅនៃព្រះធម៌ បំណងនៃឳវាទ បុគ្គលអ្នកស្តាប់ អធ្យាស្រ័យអ្នកសម្តែង ។ ល ។ ដើម្បីកុំឲ្យច្រឡំក្នុងការបដិបត្តិ ។ ៤. កន្លែងខ្លះគេថា ភេទស្រីជាភេទមិនបរិសុទ្ធគេមិនឲ្យចូលទៅកៀកជិតគល់ព្រះពោធិព្រឹក្ស ឬឡើងទៅថ្នាកលើដើម្បីថ្វាយបង្គំព្រះពុទ្ធប្បដិមាឡើយ តើរឿងនេះយ៉ាងដូចម្តេចដែរ ? - ព្រះសម្មាសម្ពុទ្ធ ពុំបានសម្តែងថា បុរសទើបបរិសុទ្ធ ឯស្ត្រីមិនបរិសុទ្ធឡើយនោះទេ ប៉ុន្តែព្រះអង្គទ្រង់ត្រាស់សម្តែងថាៈ (បុគ្គលធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង មិនធ្វើបាបដោយខ្លួនឯងទេ រមែងបរិសុទ្ធដោយខ្លួនឯងបរិសុទ្ធឬមិនបរិសុទ្ធជារបស់ចំពោះខ្លួនអ្នកដទៃមិនអាចញ៉ាំងអ្នកដទៃឲ្យបរិសុទ្ធបានឡើយ ) ។ - ចំពោះភេទស្រីដែលជាហីនភេទ មិនត្រូវប្រែថាភេទទន់ខ្សោយ ឯការទន់ខ្សោយនេះចំពោះតែរូបកាយប៉ុណ្ណោះទៅតាមច្បាប់ធម្មជាតិ ។ ម្យ៉ាងទៀតគួរឃើញដល់ទុក្ខរបស់ស្ត្រី៥ យ៉ាង ដែលមិនមានចំពោះបុរស។ ៥ យ៉ាងគឺ (១) ប្រាសចាកអំពីញាតិ ទៅកាន់ត្រកូលខាងប្តីទាំងនៅក្មេង (ស្វាមីគួរផ្តល់នូវភាពកក់ក្តៅឲ្យដល់ភរិយារបស់ខ្លួន) ។ (២) មានរដូវ (ពេលខ្លះបង្កបញ្ហាឲ្យកើតមានការប្រែប្រួលផ្លូវចិត្ត បុរសគួរយល់) ។ (៣) មានគភ៌ (នាងប្រាថ្នាការយកចិត្តទុកដាក់អំពីស្វាមីពិសេសជាងធម្មតា ។ ស្វាមីត្រូវទាំងទំនុកបម្រុងកាយចិត្តនាងដោយគុណធម៌ ឲ្យនាងបានជាមាតាល្អរបស់កូន) ។ (៤) សម្រាលកូន (ជាពេលដែលនាងឈឺលំបាកខ្លាំងផ្លូវកាយ ទាក់ទងដល់អាយុជីវិតទៀតផង ។ ស្វាមីត្រូវយកចិត្តទុកដាក់ហាក់ដូចជាទុក្ខលំបាកផ្ទាល់ខ្លួន ) ។ (៥) បម្រើស្វាមី (ស្វាមីមិនត្រូវគិតតែខ្លួនឯងនោះឡើយ ត្រូវមានមេត្តាករុណា មានការអើពើដោយទឹកចិត្តតបស្នងវិញ ) ។ ពិតមែនតែស្ត្រីមានកម្លាំងកាយទន់ខ្សោយ ប៉ុន្តែកម្លាំងចិត្តមិនខ្សោយឡើយ ព្រោះទៅតាមសេចក្តីពិតហើយនោះ ស្ត្រីមានសេចក្តីអត់ធន់ មានការលះបង់ដ៏យ៉ាងខ្ពង់ខ្ពស់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន និងស្មោះស្ម័គ្រចំពោះស្វាមី ។ នោះពោលចំពោះស្ត្រីក្នុងព្រះពុទ្ធសាសនា ដែលបានអប់រំបន្ទុំឧបនិស្ស័យក្នុងគុណធម៌ទាំងឡាយ ។ - ហីនា ធម្មា ពួកធម៌ថោកទាប បានដល់អកុសលចិត្តុប្បាទ ១២ ដួង ឯពួកធម៌សៅហ្មង បានដល់កិលេសទាំងឡាយ ។ សូមកុំច្រឡំអកុសលធម៌ទាំងអស់នេះថាជាស្រី្តភេទឲ្យសោះ ។ ៥.ក្នុងបាលីតែងតែយកភេទប្រុសមកសម្តែងប៉ុន្តែខ្លឹមសាររួមទាំងស្រីផងដែរ ដូចជាបុរិសទម្មសារថិ ឬសទ្ធីធវិត្តំ បុរិសស្ស សេដ្ឋំ ជាដើម តើគួរយល់ដឹងយ៉ាងណា ? - ភេទប្រុសឋិតក្នុងឋានៈជាបងប្រុសរបស់ភេទស្រីនេះពោលចំពោះភាវរូប តាមច្បាប់ធម្មជាតិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាប ។ - មិនមែនមានន័យថា បុរសខ្ពង់ខ្ពស់ជាងស្ត្រីក្នុងបុគ្គលប្បញ្ញត្តិជាទូទៅនោះទេ ព្រោះថា ក្នុងលោកនេះស្ត្រីខ្លះមានការចេះដឹងជាងបុរសខ្លះក៏មានទាំងដែលមាននូវគុណធម៌ជាងបុរសខ្លះក៏មានដែរ ទាំងដែលជាមាតាជាដើម ។ ដូច្នេះត្រូវយល់ដឹងអំពីភាវរូបទាំងពីរគឺបុរិសភាវរូប និង ឥត្ថីភាវរូប ជាបរមត្ថសុទ្ធអាស្រ័យកម្លាំងកម្មជាបច្ច័យដោយឡែក ។ - មិនមែនស្ត្រីត្រូវគោរពបុរស ព្រោះតែរឿងភេទនោះទេ តែត្រូវគោរពដល់គុណធម៌ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា (ត្រូវគោរពដល់បុគ្គលដែលគួរគោរព ត្រូវបូជាដល់បុគ្គលដែលគួរបូជា ) កូនប្រុសស្រីត្រូវគោរពមាតាបិតាសិស្ស ត្រូវគោរពគ្រូ ដោយមិនប្រកាន់ក្នុងរឿងស្រីប្រុសឡើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ស្ត្រីក្នុងពុទ្ធសាសនា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |