អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,៤២៣ ដង)
លក្ខណៈព្រះពុទ្ធសាសនា

|
លក្ខណៈព្រះពុទ្ធសាសនា ព្រះអង្គទ្រង់ត្រាស់សំដែងថា ខន្តីជា-តបធម៌ឧត្ដម តបធម៌គឺធម៌ជាគ្រឿងដុតបំផ្លាញនូវកិលេសក្នុងសន្ដានចិត្ត មនុស្សសម័យដើមមុនព្រះអង្គបានត្រាស់ដឹង គេនិយមធ្វើតបធម៌ច្រើនបែប ច្រើនយ៉ាងណាស់ ប៉ុន្តែសុទ្ធតែជារបៀបធ្វើខ្លួនឲ្យលំបាកឥតប្រយោជន៍ ជាការធ្វើទារុណកម្មយ៉ាងខ្លាំងក្លា ឲ្យដល់រូបកាយរបស់ខ្លួនឯង ដោយយល់ថា ធ្វើរបៀបនេះនឹងនាំឲ្យគេបានបរិសុទ្ធ ដល់ទីបំផុតនៃសាសនាឬលទ្ធិរបស់គេ។
តាមពិតកិលេសមិនមែនមានរូបកាយជាប្រភពនៃកំណើតនោះទេ សូម្បីសត្វក្នុងអរូបភពក៏នៅមានកិលេសដែរ ប៉ុន្តែប្រភពពិតប្រាដករបស់កិលេស គឺអវិជ្ជាដែលមិនដឹងនូវក្នុងសច្ចធម៌។
អំណត់គឺសេចក្ដីអត់ធន់ ជាភ្លើងដុតកំទេចនូវអវិជ្ជា ព្រោះសេចក្ដីអត់ធន់ជាកម្លាំង ក្នុងការញ៉ាំងកុសលធម៌ទាំងពួងឲ្យសម្រេច ដូចកម្លាំងកាយរបស់បុរស ដែលញ៉ាំងឲ្យការងារនោះៗមានការ ភ្ជួររាស់ជាដើម សម្រេចទៅបាន ។ សេចក្ដីអត់ធន់គឺជាវិជ្ជាមួយដ៏យ៉ាងខ្ពង់ខ្ពស់បំផុត ដែលសត្វលោកមិនងាយរៀនចេះ ប៉ុន្តែបើបុគ្គលណាប្រកបបាននូវវិជ្ជានេះ បុគ្គលនោះរមែងរួចផុតអំពីការញាប់ញ័រ ដោយលោកធម៌ទាំង៨ គឺ មានលាភ១ អត់លាភ១ មានយស១ អត់យស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១។ ក្នុងជីវិតទាំងគ្រហស្ថ ទាំងបព្វជិត សុទ្ធតែមានសេចក្ដីលំបាក ដូច្នេះទើបគ្រប់គ្នាត្រូវចេះអត់ទ្រាំ គឺអត់ទ្រាំបំពេញការងារតាមតួនាទី ទាំងជាការងារប្រាសចាកទោសផង ឲ្យសម្រេចទៅបាន ជាពិសេសគឺអត់ទ្រាំបានចំពោះអារម្មណ៍ក្នុងលោក រឿងរ៉ាវផ្សេងៗ ដែលមានជាប្រចាំក្នុងជីវិត ។ អារម្មណ៍ឯណាមួយក្នុងលោក អារម្មណ៍នោះគេតែងរៀនគឺរៀនទទួលយកស្មារតី រៀនទាំងអត់ស្រលាញ់ អត់ស្អប់ អត់វង្វេង អត់ស្រវឹង អត់តក់ស្លុត និងរៀនលះបង់។ ចំពោះវិជ្ជាថ្នាក់ឧត្ដមក្នុងជីវិត គឺវិជ្ជាអាចទ្រាំបាន ឃើញអារម្មណ៍ក្នុងលោកទាំងអស់ ជារបស់សម្រាប់ស្រាវជ្រាវ ឃើញការទ្រាំបានជាការរៀនចប់ ឃើញការមិនជាប់ជំពាក់ ជាសញ្ញាប័ត្រនៃការប្រឡងចេញ ។ ដូច្នេះលក្ខណៈសំខាន់ដែលត្រូវយល់ដឹង គឺព្រះពុទ្ធសាសនាមានការទ្រាំបាន ជាលក្ខណៈ ការទ្រាំបានគឺជាទង់ជ័យព្រះពុទ្ធសាសនា។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |