អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,០២០ ដង)
កូន

|
កូន គឺជាអ្នកដែលពុកម៉ែបង្កើត ឲ្យមានរូបរាងឡើង ដោយទឹកដោះរបស់ម៉ែ នឹងដោយអាហារបាយទឹក ដែលពុកខំប្រឹងប្រែងស្វែងយកមកចិញ្ចឹមជីវិតម៉ែនិងជីវិតកូន។ កូនជាអ្នកដែលធ្វើឲ្យពុកម៉ែមានភាពកក់ក្ដៅក្នុងចិត្តព្រោះត្បិតមានកូន គ្រាន់តែពុកម៉ែដឹងថាកូនកើតមក ក្នុងចិត្តពុកម៉ែជ្រូតជ្រាប ដោយព្រហ្មវិហារធម៌ ហើយពុកម៉ែបញ្ជូននូវព្រហ្មវិហារធម៌នោះ ឆ្ពោះទៅកាន់កូនដែលទើបតែនឹងកើតមកដោយក្ដីស្រលាញ់និងដោយការទទួលខុសត្រូវ គ្រប់យ៉ាង។
អ្នកដែលធ្វើឲ្យពុកម៉ែសប្បាយរីករាយ គ្រប់ពេលវេលា និងអ្នកដែលជាទីស្រលាញ់ពេញចិត្ត ក្នុងជីវិតរបស់ពុកម៉ែគឺជារូបកូន ហើយអ្នកដែលធ្វើឲ្យពុកម៉ែកើតទុក្ខលំបាកចិត្តគ្រប់ពេលវេលាក៏ជាកូនដែរ។ អ្វីៗគ្រប់យ៉ាងដែលពុកម៉ែធ្វើ គឺដើម្បីកូន ពុកម៉ែហ៊ានលះបង់របស់គ្រប់បែបយ៉ាង ឲ្យតែអាចចិញ្ចឹមកូនឲ្យមានជីវិតល្អប្រសើរបាន ពុកម៉ែមិនដែលរារែកឡើយ ដោយហោចទៅសូម្បីតែជីវិត ក៏ពុកម៉ែមិនខ្លាចក្នុងការលះបង់ ដើម្បីកូនដែរ។ កូន ពុកម៉ែសប្បាយចិត្តណាស់ ដែលកូនកើតមកជាកូនរបស់ពុកម៉ែ តែពុកម៉ែសោកស្ដាយណាស់ដែរ ពេលដែលពុកម៉ែណែនាំទូន្មានកូន តែកូនមិនស្ដាប់ ប្រាប់កូន តែកូនមិនតាម។ កូន តើអ្នកដឹងទេថា ពុកម៉ែមានដួងហឬទ័យល្អយ៉ាងណាចំពោះកូន ពុកម៉ែចង់នៅក្បែរកូនរហូតដល់សូន្យសង្ខារ ពុកម៉ែចង់អោបកូនរាល់ថ្ងៃ ពុកម៉ែចង់ថ្នាក់ថ្នមកូន ដូចកាលកូននៅពីតូចណាស់ ទោះបីជាកូនធំមានស្វាមីភរិយាហើយក៏ដោយ តែសម្រាប់ពុកម៉ែនៅតែចាត់ទុកកូនជាកូនក្មេងដដែលល នៅក្នុងបេះដូងរបស់ពុកម៉ែ ស្រលាញ់កូន ថ្នាក់ថ្នមកូន ពីដើមយ៉ាងណា ដល់ពេលឥឡូវក៏នៅតែយ៉ាងនោះ មិនប្រែប្រួលឡើយ។ កូន ពុកម៉ែពេញចិត្តណាស់នឹងចិញ្ចឹមកូន ទោះបីជាកូនធំឡើងមិនចិញ្ចឹមពុកម៉ែវិញក៏ដោយ ក៏ពុកម៉ែមិនថាអ្វីឡើយ ព្រោះពុកម៉ែចិញ្ចឹមកូន ដោយមិនទាមទាអ្វីពីកូនឡើយ ពុកម៉ែចិញ្ចឹមកូន ដោយស្មោះត្រង់ពីចិត្ត គ្មានគិតចង់បានអ្វីពីកូនទេ។ កូន គឺជាកែវភ្នែកទាំងគូរបស់ពុកម្ដាយ ឬដូចជាចរណៃ ដែលញ៉ាំងរស្មីជីវិតពុកម៉ែឲ្យភ្លឺថ្លាបានទោះបីជាយប់គ្មានដួងខែ តែដួងចិត្តពុកម៉ែ មិនងងឹតដូចយប់គ្មានដួងខែឡើយ ព្រោះពុកម៉ែមានដួងផ្កាយដ៏តូចមួយ ដែលមានពន្លឺភ្លឺនឹកស្មានមិនដល់ជួយបំភ្លឺជីវិតពុកម៉ែ ដួងផ្កាយដ៏តូចនោះ មិនគឺនរណា ដទៃឡើយក្រៅអំពីកូន។ កូន គឺជាដុំពេជ្យ ដែលមានតម្លៃកាត់ថ្លៃមិនបាននៅក្នុងចិត្តពុកម៉ែ ពុកម៉ែសង្កេតឃើញថា ពេលវេលាដែលអត់មានកូន ជីវិតរបស់ពុកម៉ែ ដូចជាសោះកក្រោះ គ្មានរស់ជាតិអ្វីទាល់តែសោះ តែក្នុងរយៈពេលដែលមានកូន ជីវិតពុកម៉ែដូចជាស្រស់បំព្រង មានភាពរីករាយខុសប្រក្រតី ព្រោះអាស្រ័យកូនដែលជាដុំពេជ្រដ៏មានតម្លៃរបស់ពុកម៉ែ។ រាល់ការលះបង់គ្រប់យ៉ាង របស់ពុកម៉ែទៅលើកូន ពុកម៉ែគ្មានពាក្យថា ស្ដាយក្រោយឡើយ ទោះការលះបង់នោះបានទទួលការតបស្នងពីកូនក្ដី មិនទទួលក្ដី ក៏គ្មានអ្វីដែលថា ឲ្យពុកម៉ែសោកស្ដាយដែរ ពុកម៉ែមានតែសប្បាយចិត្ត ដែលពុកម៉ែបានធ្វើអ្វីៗដើម្បីកូន ព្រោះពុកម៉ែគិតថាតួនាទី ក្នុងនាមជាលោកឪពុក អ្នកម្ដាយ គឺពុកម៉ែបានបំពេញយ៉ាងល្អហើយដូច្នេះគ្មានអ្វីដែលថា ឲ្យពុកម៉ែមានវិប្បដិសារី ចំពោះកូនឡើយ។ កូន មានច្រើនណាស់ មានទាំងកូនល្អ មានទាំងកូនអាក្រក់ បើបាបកម្មរបស់ពុកម៉ែនៅសេសសល់ពីអតីតជាតិ ប្រាកដជាជួបកូនអាក្រក់ តែបើបុណ្យរបស់ពុកម៉ែមាន នឹងជួបកូនល្អមិនខាន។ ដូច្នេះសូមពុកម៉ែទាំងឡាយ កុំតូចចិត្តនឹងខ្លួនឯង ដែលមានកូនអាក្រក់អ្វី ត្រូវព្រមទទួលយកនូវអំពើ ដែលយើងធ្លាប់សាងពីមុនមក ព្រោះកាលពីមុន យើងអាចជាអ្នកមិនដឹងគុណឪពុកម្ដាយ ធ្វើបាបចិត្តគាត់ឲ្យរាល់ថ្ងៃក៏ថាបាន ទើបមានកម្មពៀរមកដល់ជាតិនេះ ត្រូវកូនធ្វើបាបចិត្តវិញ អញ្ចឹងហើយយើងគួរតែទទួលកម្មពៀរវេរាឲ្យហើយទៅ កុំបាច់ខឹងនឹងគេធ្វើអី ចាត់ទុកថាយើងសងគេទៅចុះ។ កូន អើយកូនកើតមកពីម៉ែឪ កូន បានរស់នៅក្នុងលោកា កូន រស់ព្រោះលោកថែរក្សា កូន គ្រប់រូបាឧស្សាហ៍គិត។ កូន មានសាច់ឈាមពុកម៉ែឲ្យ កូន កុំបណ្ដោយធ្លោយគំនិត កូន មានពុកម៉ែរស់នៅជិត កូន គួរប្រណិបត្តិគាត់រាល់ថ្ងៃ។ កូន ជាចរណៃថ្លៃជាងពេជ្រ កូន ចាំងរំលេចដោយរស្មី កូន មិនដឹងខ្លួនទេឬអ្វី កូន រស់រាល់ថ្ងៃព្រោះអ្នកណា។ កូន ចូរដឹងចុះណាពិសី កូន រស់មានន័យល្អថ្លៃថ្លា កូន រស់ព្រោះមានមាតាបិតា កូន ត្រូវរក្សាអ្នកមានគុណ។ ដកស្រង់ចេញពីសៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ ដោយ៥០០០ឆ្នាំ |