អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៩,២៣៨ ដង)
សាត្ថកសម្បជញ្ញៈ

|
សាត្ថកសម្បជញ្ញៈ
សាត្ថកសម្បជញ្ញៈ ដឹងឋានមានប្រយោជន៍នោះ មានអធិប្បាយថា ភិក្ខុក្នុងព្រះពុទ្ធសាសនានេះដែលប្រកបដោយសម្បជញ្ញៈ គឺសេចក្ដីពិចារណាឃើញនិងដឹងខ្លួនដោយសព្វគ្រប់នោះ កាលបើគិតថាទៅប្រទេសណានីមួយ នឹងបានទៅដោយប្រញាប់តាមអំណាចចិត្តដែលគិតនោះក៏ទេ ពិចារណាឲ្យឃើញថាមានប្រយោជន៍ឬឥតប្រយោជន៍ជាមុនថា៖ ដែលអាត្មាអញទៅក្នុងទីនោះ តើនឹងមានប្រយោជន៍ឬទេ? បើឃើញថា ទៅក្នុងទីនោះនឹងមានប្រយោជន៍ គឺនឹងបានទស្សនាការឃើញព្រះចេតិយ ឃើញពោធិព្រឹក្ស ឃើញព្រះសង្ឃ ឃើញមហាថេរ ឬឃើញអសុភដែលមានទំនាក់ទំនងឲ្យកើតព្រះត្រៃលក្ខណ៍ ពិចារណាឃើញប្រយោជន៍យ៉ាងនេះហើយទើបទៅ។ បើពិចារណាទៅហើយឃើញថាមិនមានប្រយោជន៍ក៏កាត់គមិកចិត្តនោះចេញ មិនបានទៅក្នុងទីដែលប្រាសចាកប្រយោជន៍នោះឡើយ។ ព្រោះការដែលបានទស្សនាការឃើញព្រះចេតិយ ឃើញពោធិព្រឹក្ស ឃើញមហាថេរ ឃើញអសុភនោះឯង តែងជាបច្ច័យឲ្យចម្រើនសីលគុណ សមាធិគុណបញ្ញាគុណ។ ព្រះយោគាវចរអង្គខ្លះដែលមានឧបនិស្ស័យ បានកសាងសន្សំមកអំពីបុព្វជាតិ កាលបើឃើញព្រះចេតិយឃើញពោធិព្រឹក្ស ក៏កើតបីតិប្រាមោទ្យមានពុទ្ធគុណជាអារម្មណ៍ លុះពិចារណាបីតិប្រាមោទ្យនោះដោយខយវយៈ គឺកិរិយាអស់ទៅនិងសូន្យទៅហើយ ក៏បានសម្រេចព្រះអរិយមគ្គ អរិយផលដោយលំដាប់ៗ ដរាបដល់ព្រះអរហត្តដោយសារតែបានឃើញបានថ្វាយបង្គំបានបូជា ព្រះចេតិយនិងពោធិព្រឹក្សជាបច្ច័យនោះក៏មាន។ ព្រះយោគាវចរអង្គខ្លះបានទស្សនាការឃើញព្រះសង្ឃ ហើយកើតបីតិប្រាមោទ្យដែលមានសង្ឃរតនៈជាអារម្មណ៍ហើយពិចារនាបីតិប្រាមោទ្យនោះដោយខយវយៈ ក៏បានសម្រេចព្រះអរិយមគ្គ អរិយផលដោយលំដាប់ៗ ដរាបដល់ព្រះអរហត្តដោយសារតែបានឃើញព្រះសង្ឃជាបច្ច័យនោះ ក៏មាន។ ព្រះយោគាវចរអង្គខ្លះបានឃើញមហាថេរ ហើយបានធ្វើសេចក្ដីគោរពនិងឋិតនៅក្នុងឱវាទរបស់លោក បានសម្រេចព្រះអរហត្តក៏មាន។ ព្រះយោគាវចរអង្គខ្លះបានទស្សនាឃើញអសុភហើយ ចម្រើនព្រះកម្មដ្ឋាន បានសម្រេចបឋមជ្ឈាន ក៏ពិចារណាអង្គឈានគឺ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតានោះដោយខយវយៈបានសម្រេចព្រះអរហត្តក៏មាន។ កិរិយាដែលបានឃើញព្រះចេតិយ ឃើញពោធិព្រឹក្ស ឃើញព្រះសង្ឃ ឃើញមហាថេរ និងឃើញអសុភនោះឯង រមែងនាំមកនូវប្រយោជន៍ដូចសម្ដែងមកហើយនេះ។ ហេតុដូច្នោះបានជាភិក្ខុដែលមានសេចក្ដីប្រាថ្នានឹងត្រាច់ទៅស្វែងរកប្រយោជន៍ មានថ្វាយបង្គំព្រះចេតិយ ឬពោធិព្រឹក្សជាដើមនេះ បានឈ្មោះថា សាត្ថកសម្បជញ្ញៈ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |