អានអត្ថបទ
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២៦,៧២៧ ដង)
ទោសនៃសេចក្ដីក្រោធ

|
ទោសនៃសេចក្ដីក្រោធ
ធម្មតាមនុស្សណាមួយ ដែលច្រឡោតខឹងឡើងចំពោះនរណាម្នាក់, បើអ្នកម្ខាងគេអត់ធន់បាន មិនខឹងតបវិញសោះ ហើយអ្នកម្ខាងនោះនៅតែចចេសខឹងនឹងគេ ដរាបដល់ជេរប្រទេចផ្ដាសាគេថែម ៗ ញយៗ ដងទៅ អ្នកដែរខឹងហើយជេរគេដោយបំពាននោះ ក៏នឹងត្រឡប់ជាភ័យខ្លួនវិញ ឬនឹងត្រឡប់ជាមានសេចក្ដីអន្តរាយដល់ខ្លួនវិញមិនខាន; ដូចព្រានសុខនឈ្មោះកោកៈ។ សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ៖ រឿង ព្រានសុនខឈ្មោះ កោកៈ ព្រានសុនខឈ្មោះកោកៈនោះ បណ្ដើរសុនខ ១ ហ្វូងទៅបណ្ដេញសត្វក្នុងព្រៃ។ ថ្ងៃនោះក៏ចួនប្លតសូន្យទទេ មិនបានសត្វអ្វី ១ សោះ។ លុះប្រទះនឹងភិក្ខុ ១ រូបក៏គិតថា ៖ " ការដែលអញមិនបានសត្វក្នុងថ្ងៃនេះ មិនទាស់ពីរឿងអ្វីទេ, ច្បាស់ជាទាស់ពីព្រោះតែអញឃើញមនុស្សកាឡកិណ្ណីនេះឯង បានជាឆ្នែងអស់ " នឹកខឹងក្នាញ់ក្នុងចិត្តដូច្នោះ ក៏ពន្យុះឆ្កែឲ្យដេញខាំលោក។ ភិក្ខុនោះស្ទុះឡើងដើមឈើ។ ព្រានឆ្កែក៏តាមទៅចាក់បាទជើងលោកនឹងលំពែង, ទោះបីលោកអង្វរយ៉ាងណាក៏មិនស្ដាប់; ចេះតែចាក់ដរាបដល់របូតចីវរបស់លោកធ្លាក់ចុះមកគ្របលើខ្លួន។ ឯហ្វូងឆ្កែ កាលបើឃើញដូច្នោះ, សម្គាល់ថាលោកធ្លាប់ចុះមក ហើយក៏នាំគ្នាខាំត្រជាក់ជញ្ជែងព្រាននោះដរាបដល់ស្លាប់។ កាលបើឆ្កែអស់ចៀសចេញទៅហើយភិក្ខុនោះចុះមក, កើតមានសេចក្ដីសង្ស័យក្រែងខូចសីលរបស់លោក ក៏ទៅក្រាបបង្គំទូលសួរព្រះបរមសាស្ដា ៗ ព្រះអង្គទ្រង់ត្រាស់ថា ៖ " សីលរបស់អ្នកមិនធ្លុះធ្លាយទេ " ហើយទ្រង់សម្ដែងព្រះគាថា ថា៖ យោ អបទុដ្ជស្ស នរស្ស ទុស្សតិ សុទ្ធស្ស បោសស្ស អនង្គណស្ស តមេវ ពាលំ បច្ចេតិ បាបំ សុខុមោ រជោ បដិវាតំវ ខិត្តោ។ សេចក្ដីថា៖ មនុស្សល្ងង់ខ្លៅណាមួយទៅប្រទូស្ដនឹងនរជនតែឥតប្រទូស្ដដល់ខ្លួន ហើយគេជាមនុស្សល្អបរិសុទ្ធ ជាមនុស្សឥតទួលពោលគឺកិលេស, អំពើបាបនោះឯងតែងត្រឡប់មកត្រូវមនុស្សល្ងង់ខ្លៅនោះវិញមិនខាន, ដូចធូលីដ៏ល្អិតដែលបុគ្គលបាចច្រាសខ្យល់ តែងត្រឡប់មកត្រូវខ្លួនវិញ។ អ្នកដែលមិនចេះអត់អន់ ច្រើនមានសេចក្ដីវិនាសអន្តរាយដូចរឿងព្រានដែលនិទានមកនេះ។ ព្រោះហេតុដូច្នោះ បណ្ឌិតទាំងឡាយដែលប្រាថ្នាមិនឲ្យមានភ័យ និងពៀរដល់ខ្លួន គួរពិចារណាឲ្យឃើញទោសរបស់ ទោសៈ ថា ៖ " ដូចជាភ្លើងដុតខ្លួន និងអ្នកដទៃឲ្យខ្លោចផ្សា " ហើយគួរសមាទាននូវអធិវាសនក្ខន្តី ថា ៖ " ថ្ងៃនេះអញនឹងរក្សាសីលអធិវាសនក្ខន្តី មិនក្រោធខឹងនឹងនរណាទេ " លុះសមាទានដូច្នេះរួចហើយ ត្រូវប្រុងស្មារតីរឭកដល់ការសមាទាននោះឲ្យរឿយៗ; បើក្រែងវង្វេងភ្លេចត្រូវធ្វើគ្រឿងសម្គាល់យ៉ាងណាមួយទុកនឹងខ្លួន មានកួចជាយសំពត់ចំណាំជាដើម, លុះក្រឡេកឃើញគ្រឿងសម្គាល់នោះ ក៏នឹងនឹកឃើញឡើងភ្លាមមិនវង្វេងភ្លេចឡើយ; ខំហាត់ញយ ៗ ទៅក៏មុខជាធ្លាប់ទៅឯង។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |