អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៨,២៤២ ដង)
ការធ្វើបុណ្យផ្លូវវាចា

|
ការធ្វើបុណ្យផ្លូវវាចា
ការមិននិយាយភូតភរកុហក បោកប្រាស់អ្នកដទៃ ដោយពាក្យសម្តី មិននិយាយញុះញង់ស៊កសៀត មិននិយាយសម្តីអាក្រក់ ទ្រគោះបោះបោក ជេរប្រទេច មិននិយាយសម្តីឥតប្រយោជន៍ ដោយសេចក្តីមិនលោភ មិនក្រោធខឹង មិនវង្វេងជាហេតុ នេះហៅថា ធ្វើវាចាថ្នាក់សីល ។ ការពោលសរសើរ ព្រះគុណនៃឧត្តមបុរស មានព្រះពុទ្ធ ព្រះធម៌ព ព្រះសង្ឃ និងគុណមាតាបិតាជាដើម ឬនិយាយទូន្មានណែនាំពន្យល់អ្នកដទៃ ឲ្យស្គាល់ខុសត្រូវ បាប បុណ្យ គុណទោស និងស្គាល់អំពើដែលជាប្រយោជន៍ និងមិនមែនជាប្រយោជន៍ ទាំងជួយបង្ហាត់បង្រៀនវិជ្ជាល្អគ្រប់បែបយ៉ាង តាមខ្លួនចេះដឹង ដែលជាវិជ្ជាប្រាសចាកទោស មិនលាក់លាមទុក ការធ្វើប្រយោជន៍ដល់ខ្លួន និងអ្នកដទៃ ដោយសម្តីទាំងនេះ ហៅថា ធ្វើបុណ្យវាចាថ្នាក់ទាន ។ ពិសេស បានប្រាប់ឧបាយផ្លូវការចិញ្ចឹមត្រូវ ( សម្មាអាជីវោ ) ពោលពាក្យពេចន៍ត្រូវ ( សម្មាវាចា ) ការជួយណែនាំទាំងនោះ ត្រូវប្រកបដោយមេត្តាករុណា ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះហៅថា ធ្វើបុណ្យវាចា ថ្នាក់សីលផង ថ្នាក់ទានផង ។ កាលបុរសស្រ្តីទាំងឡាយ ចេះអប់រំវាចា មិននិយាយពាក្យរោយរាយឥតប្រយោជន៍ក្នុងពួកក្រុម ហើយគេចចៀសចាកទៅរកទីស្ងាត់ នៅអប់រំកាយ អប់រំចិត្ត ដោយការដេក ដើរ ឈរ អង្គុយ តាំងស្មារតី បរិកម្មភាវនា បទកម្មដ្ឋានណាមួយតាមគាប់ចិត្ត ជាឧបាយទប់អារម្មណ៍ឲ្យហ្នឹងនៅតែមួយ ដើម្បីឲ្យបានទទួលសេចក្តីស្ងប់ ( សមាធិចិត្ត ) ទាំងកម្លាំងឲ្យពន្លឺដល់បញ្ញា នេះហៅថា ធ្វើវាចាថ្នាក់ភាវនា ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |