អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២១,៦១៧ ដង)
និយមន័យទូទៅនៃសុខភាពផ្លូវចិត្ត

|
និយមន័យទូទៅនៃសុខភាពផ្លូវចិត្ត
ការរស់នៅប្រកបដោយសុខភាពល្អ គឺ ជាបំណងប្រាថ្នាទូទៅរបស់មនុស្សគ្រប់រូប។ អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា សុខភាពចែកចេញជាបួនផ្នែកគឺ សុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ជំនឿស្មារតី និងសុខភាពសង្គម។ សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ បុគ្គលដែលមានសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយមាំមួន ពុំមានជម្ងឺដម្កាត់ប្រចាំកាយ រមែងញ៉ាំងឲ្យជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយសេចក្ដីសុខ និងភាពស្រស់ថ្លាជាប្រចាំ។ អ្នកឯកទេសខាងសុខភាពផ្លូវចិត្ត បានឯកភាពគ្នាជាទូទៅថា អ្នកដែលមានសុខភាពផ្លូវចិត្តល្អ គឺជាបុគ្គលដែលមានអារម្មណ៍ជ្រះថ្លា មានអាកប្បកិរិយានិងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន មានសមត្ថភាពអាចដោះស្រាយបញ្ហា ឬវិបត្តិផ្សេងៗដោយអារម្មណ៍វិជ្ជមាន និងអាចបំពេញការងារក្នុងជីវិតរស់នៅបានយ៉ាងល្អប្រសើរ។ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ យុវជនគ្រប់ៗរូបត្រូវតែចេះថែទាំសុខភាពរបស់ខ្លួន ទាំងសុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ។ ការបង្កើនចំណេះដឹងអំពីរបៀបថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺជាវិធីមួយចាំបាច់បំផុតសម្រាប់យុវជនគ្រប់រូបក្នុងការឈានទៅផ្លាស់ប្ដូរនូវអាកប្បកិរិយានិងឥរិយាបថ ព្រមទាំងទង្វើផ្សេងៗដែលមានលក្ខណៈអវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីឲ្យក្លាយទៅជាចំណែកមួយយ៉ាងសំខាន់នៃការថែទាំសុខភាពបឋម។ ដកស្រង់ចេញពីសៀវភៅ យុវជននិងការថែទាំសុខភាពផ្លូវចិត្ត ដោយ៥០០០ឆ្នាំ |