អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៧៨ ដង)
កម្មផលជាច្បាប់របស់ជីវិត

|
អ្នកដែលបានយល់ដឹងអំពីជីវិត រមែងជាអ្នកធ្ងន់ក្នុងហេតុ ផល ចេះមើលឃើញដល់ការធ្វើ និងផលនៃការធ្វើនោះៗ មិនចេះ តែជឿដោយងងឹតឥតពិចារណា មានការភ្ញាក់ផ្អើលផ្សេងៗ ដូចជា រឿងទឹកទន្លេស័ក្តិសិទ្ធិជាដើម ។
ក្នុងបិដកលេខ ២០ ទំព័រ ១២៦ នៅក្នុង វត្ថូបមសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពី ការលាងបាបក្នុងព្រះពុទ្ធសាសនា ដែលមានសេចក្តីដូចតទៅ ៖ សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ឈ្មោះសុន្ទរិកភារទ្វាជៈ អង្គុយនៅជិតព្រះមានព្រះភាគ ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា ចុះព្រះគោតមដ៏ចម្រើន ធ្លាប់យាងទៅកាន់ស្ទឹងពាហុកា ដើម្បីលាង ជម្រះដែរឬ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ប្រយោជន៍អ្វីដោយស្ទឹងពាហុកា ស្ទឹងពាហុកានោះនឹងធ្វើអ្វីឱ្យ ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ព្រោះថា ស្ទឹងពាហុកាមានជនច្រើនគ្នាសន្មតហើយថាជាស្ទឹងបរិសុទ្ធ បពិត្រ ព្រះគោតមដ៏ចម្រើន ព្រោះថាស្ទឹងពាហុកា មានជនច្រើនគ្នា សន្មតហើយថាជាបុណ្យ ម៉្យាងទៀត ជនច្រើនគ្នាតែងបណ្តែត បាបកម្មដែលគេធ្វើហើយ ចោលទៅក្នុងស្ទឹងពាហុកា (នេះដែរ )។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សម្តែងដោយបទគាថាទាំងឡាយចំពោះសុន្ទរិកភារទ្វាជព្រាហ្មណ៍ថា ៖ ជនពាលមានកម្មអាក្រក់ (ក្នុងសន្តាន ) បើទុកជាចូលទៅ កាន់ស្ទឹងពាហុកាក្តី កាន់កំពង់ឈ្មោះអធិកក្កៈក្តី កាន់កំពង់ឈ្មោះ គយាក្តី កាន់ស្ទឹងឈ្មោះសុន្ទរិកាក្តី កាន់ស្ទឹងឈ្មោះសរស្សតីក្តី កាន់កំពង់ឈ្មោះបយាគៈក្តី ឬក៏កាន់ស្ទឹងឈ្មោះពាហុមតីក្តី អស់កាល ជានិច្ច ក៏នៅតែមិនស្អាតឡើយ ព្រោះថាស្ទឹងឈ្មោះសុន្ទរិកានឹង ធ្វើអ្វីឱ្យ កំពង់ឈ្មោះបយាគៈនឹងធ្វើអ្វីឱ្យ ស្ទឹងឈ្មោះពាហុកានឹង ធ្វើអ្វីឱ្យ ព្រោះថាស្ទឹងឈ្មោះសុន្ទរិកាជាដើម មិនដែលលាងជម្រះ សត្វមានពៀរ មានបាបកម្មដ៏ក្លៀវក្លា ដែលខ្លួនធ្វើហើយ មានកម្ម ដ៏លាមកនោះ ឱ្យស្អាតបានឡើយ ផគ្គុណឫក្ស (ឫក្សល្អក្រៃលែង ) តែងមានសព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ ឧបោសថ តែងមាន សព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ ការកាន់យកនូវវត្ត តែង សម្រេចសព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ មានកម្មដ៏ស្អាត ។ ម្នាលព្រាហ្មណ៍ អ្នកចូរលាងជម្រះខ្លួនក្នុងសាសនាតថាគតវិញ អ្នកចូរធ្វើសេចក្តីក្សេមក្សាន្តចំពោះពួកសត្វទាំងពួងចុះ បើអ្នកមិន និយាយកុហក បើអ្នកមិនបៀតបៀនសត្វ បើអ្នកមិនកាន់យកនូវ ទ្រព្យ ដែលគេមិនបានឱ្យ មានចិត្តជឿហើយ មិនមានសេចក្តី កំណាញ់ អ្នកចាំបាច់ទៅកាន់កំពង់ទឹកធ្វើអ្វីទៀត អ្នកផឹកទឹក (ឬងូត ) តែក្នុងកំពង់ទឹក របស់អ្នកឯង (បានហើយ ) ។ កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ទើបសុន្ទរិកភារទ្វាជព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះ គោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ ដែលព្រអះង្គសម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ហាក់ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញរបស់ដែល កំបាំង ពុំនោះដូចជាគេប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេកាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹតដោយគិតថា មនុស្ស មានភ្នែកតែងមើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គសូមដល់នូវ ព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក ខ្ញុំព្រះអង្គសូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទាក្នុង សំណាក់នៃព្រះគោតមដ៏ចម្រើន ។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ក៏ បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ។ ភារទ្វាជភិក្ខុដ៏មានអាយុ ដែលបានឧបសម្បទា មិនទាន់អស់កាល យូរប៉ុន្មាន ជាភិក្ខុម្នាក់ឯង ចៀសចេញ (ចាកពួក ) ជាអ្នកមិន ប្រមាទ មានព្យាយាមដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ (ព្រះនិព្វាន ) ពួកកុលបុត្រដែលចេញចាកផ្ទះ ហើយចូលទៅកាន់ ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា (ភារទ្វាជភិក្ខុ ) ក៏បានធ្វើឱ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គ ព្រហ្មចារ្យ ដោយប្រាជ្ញារបស់ខ្លួនដោយខ្លួនឯងក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ មិនយូរប៉ុន្មានក៏ បានដឹងច្បាស់ថា ជាតិកំណើតរបស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌ អញក៏បាននៅរួចហើយ កិច្ចដែលត្រូវធ្វើ អញក៏បានធ្វើ ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជភិក្ខុដ៏មាន អាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ ។ ក្នុងថេរីគាថា បិដកលេខ ៥៧ ទំព័រ ១៨៩ នាងបុណ្ណិកា បនាទូន្មានព្រាហ្មណ៍អ្នកងូតទឹកលាងបាប មានសេចក្តីដូចតទៅ ៖ ខ្ញុំជាស្ត្រីអ្នកដងទឹក មានការខ្លាចទណ្ឌភ័យនៃជនជាម្ចាស់ ទាំងឡាយ ត្រូវភ័យអំពីវាចានិងទោសបៀតបៀន ហើយចុះទឹក រាល់ពេលក្នុងកាលត្រជាក់រងា ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចអ្នក ណា ទើបចុះទឹករាល់ពេល មានខ្លួនញាប់ញ័រ ទទួលរងរងាដ៏ ក្រៃលែង ។ ព្រា-ម្នាលនាងបុណ្ណិកាដ៏ចម្រើន នាងដឹង (ថាខ្ញុំ ) កំពុងធ្វើ កុសលកម្មជាគ្រឿងបិទនូវបាបកម្មដែរ ម្តេចក៏សួរដេញដោល ។ បុគ្គលណា ទោះចាស់ក្តី ក្មេងក្តីបានធ្វើបាបកម្មហើយ បុគ្គលនោះ រមែងរួចចាកបាបកម្មនោះ ព្រោះការស្រោចស្រពដោយទឹក ។ បុ-អ្នកល្ងង់ណាហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែល ល្ងង់ដែរ (ថាបុគ្គល )រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រព ដោយទឹក (បើដូច្នេះ ) កង្កែប អណ្តើក នាគ ក្រពើ ឬសត្វដទៃ ណាមួយ ដែលត្រាច់ទៅក្នុងទឹកទាំងអស់ នឹងទៅកាន់ឋានសួគ៌ ដោយពិត ។ ឯពួកជនអ្នកសម្លាប់ទ្រាយ សម្លាប់ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែលមាន កម្មដ៏លាមក ពួកជនទាំងនោះ ក៏រួចចាកបាបកម្ម ព្រោះការ ស្រោចស្រពដោយទឹកដែរ។ ប្រសិនបើស្ទឹងទាំងនោះ អាចបន្សាត់ ចោលនូវបាប ដែលអ្នកធ្វើក្នុងកាលមុនបាន ស្ទឹងទាំងនោះក៏អាច បន្សាត់ចោលនូវបុណ្យរបស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នក នឹងទៅជាបុគ្គលក្រៅស្រឡះ ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះ បាបកម្មណា ហើយចុះត្រាំទឹក គ្រប់ៗពេល ម្នាលព្រាហ្មណ៍ អ្នក កុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក ) ឱ្យរងាបៀតបៀននូវសម្បុរ សរីរៈរបស់អ្នកឡើយ ។ ព្រា-នាងដឹកនាំខ្ញុំដែលដើរផ្លូវខុស ឱ្យដើរទៅតាមផ្លូវដ៏ ប្រសើរ ម្នាលនាងដ៏ចម្រើន ខ្ញុំសូមជូនសាដកសម្រាប់ស្រោចស្រពទឹកនេះដល់នាង ។ បុ-សំពត់សាដកចូរនៅជារបស់អ្នកដដែលចុះ ខ្ញុំមិនត្រូវការ សំពត់សាដក (របស់អ្នក ) ទេ ។ បើអ្នកខ្លាចសេចក្តីទុក្ខ បើសេចក្តី ទុក្ខមិនជាទីស្រឡាញ់នៃអ្នកទេ អ្នកកុំធ្វើបាបកម្ម ទោះបីក្នុងទីវាល ក្តី ក្នុងទីកំបាំងក្តី ។ បើអ្នកនឹងធ្វើ ឬកំពុងធ្វើបាបកម្ម សូម្បីអ្នក ហោះរត់ទៅក៏មិនរួចចាកទុក្ខ ។ បើអ្នកខ្លាចសេចក្តីទុក្ខ បើសេចក្តី ទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹងចុះ ចូរ សមាទានសីលទាំងឡាយចុះ ការដល់នូវទីពឹងនិងការសមាទាន សីលនោះ នឹងញ៉ាំងអ្នកឱ្យរួចចាក (ទុក្ខ ) ។ ព្រា-ពីដើមខ្ញុំជាព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជាព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌ដោយវេទ ជាអ្នកមានសួស្តី ជាអ្នកលាង បាប ។ ក្នុងគម្ពីរឧទាន ពោធិវគ្គ បិដកលេខ ៥២ ទំព័រ ១២៦ នៅក្នុង ជដិលសូត្រ ព្រះអង្គទ្រង់ឧទានដូច្នេះថា ៖ បុគ្គលមិនដែលស្អាត ព្រោះទឹកដែលមនុស្សច្រើននាក់ រមែងនាំគ្នាចុះងូតនោះទេ សច្ចៈ ១ ធម្ម ១ មាននៅក្នុងបុគ្គល ណា បុគ្គលនោះទើបឈ្មោះថា ជាអ្នកស្អាតផង ឈ្មោះថា ជា ព្រាហ្មណ៍ផង ។ ក្នុងអដ្ឋកថា មង្គលជាតក បនាពោលអំពីព្រាហ្មណ៍ម្នាក់ អ្នកនៅក្នុងនគររាជគ្រឹះ ជាអ្នកប្រកាន់មង្គលភ្ញាក់ផ្អើល មិនជ្រះថ្លា ក្នុងព្រះរតនត្រ័យ ជាបុគ្គលមិច្ឆាទិដ្ឋិ មានភោគទ្រព្យច្រើន ។ ក្នុងកាលនោះ កណ្តុរបានកាត់នូវសំពត់សាដកមួយគូរបស់ គាត់ ។ ដល់ពេលគាត់ត្រូវការឱ្យគេយកសំពត់នោះមក ទើបដឹងថា ត្រូវកណ្តុរកាត់ដាច់ជាអន្លើៗទៅហើយ ។ ព្រាហ្មណ៍គិតថា សំពត់ នេះជាអពមង្គល បើទុកនៅនឹងផ្ទះនាំឱ្យមានការវិនាសយ៉ាងក្រៃលែង គឺវាដូចជាកាឡកណ្ណីមួយអ៊ីចឹង ទាំងមិនអាចឱ្យដល់បុត្រ ធីតា ឬទាសកម្មករផង ព្រោះសេចក្តីវិនាសនឹងកើតមានដល់អ្នក ទទួលនូវសំពត់នោះទៅគ្រប់គ្នា ត្រូវយកទៅចោលក្នុងព្រៃខ្មោច ទើបបាន ។ ព្រាហ្មណ៍មិច្ឆាទិដ្ឋិ មិនឱ្យពួកទាសកម្មករយកទៅចោលទេដោយខ្លាចពួកទាសកម្មករ នាំយកនូវសំពត់នោះទៅប្រើប្រាស់ បណ្តាលឱ្យវិនាសតៗគ្នា ។ទើបព្រាហ្មណ៍ប្រាប់ឱ្យកូនប្រុសរបស់ គាត់យកឈើឆ្កឹះទាក់នូវសំពត់នោះ នាំទៅចោលនៅព្រៃខ្មោច ហើយត្រូវងូតទឹកជ្រមុជឱ្យលិចក្បាលសឹមត្រឡប់មកផ្ទះវិញ ។ ព្រះបរមសាស្តាសម្មាសម្ពុទ្ធគងប្រ់ថាប់នៅវត្តវេឡុវន ទ្រង់ ជ្រាបឧបនិស្ស័យនៃព្រាហ្មណ៍ពីរនាក់ឪពុកនិងកូន ព្រះអង្គបាន យាងទៅកាន់ព្រៃខ្មោចនោះ ហើយទ្រង់កាន់យកនូវសំពត់សាដក ដែលកូនប្រុសរបស់ព្រាហ្មណ៍បានចោលហើយ ទាំងដែលកូនប្រុស នោះឃាត់ព្រះអង្គមិនឱ្យចាប់ ដោយអាងថា ជារបស់ចង្រៃ ។ ព្រះ បរមសាស្តាទ្រង់កាន់យកនូវសំពត់មួយគូនោះ វិលត្រឡប់មកកាន់ វត្តវេឡុវនវិញ ។ កាលដែលកូនប្រុសត្រឡប់មកជំរាបរឿងរ៉ាវ ដល់ឪពុក ហើយ ឪពុកនិងកូនក៏ប្រញាប់នាំគ្នាទៅកាន់វត្តវេឡុវន ដើម្បីសូម ឱ្យព្រះសម្មាសម្ពុទ្ធចោលនូវសំពត់នោះទៅវិញ ។ ព្រាហ្មណ៍គិតថា បើព្រះសមណគោតម ប្រើសំពត់នេះទៅ វាត្រូវធ្វើឱ្យលំបាកដល់ ព្រះអង្គផង ត្រូវវិនាសវត្តវេឡុវនផង ម៉្លោះហើយគេនឹងនិន្ទាស្តីថា មកដល់យើងជាពិតប្រាកដ ដូច្នេះ យើងត្រូវយកសំពត់សាដកថ្មីៗ ទៅថ្វាយដល់ព្រះសមណគោតម ដើម្បីសូមឱ្យព្រះសមណគោតមចោលនូវសំពត់ចង្រៃនោះ ។នៅពេលដែលព្រាហ្មណ៍ឪពុក និងកូនប្រុសបានទៅដល់វត្ត ហើយ ព្រាហ្មណ៍ជាឪពុកបានក្រាបទូលព្រះសម្មាសម្ពុទ្ធដោយសព្វ គ្រប់ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកយើង មានឈ្មោះថាជាបព្វជិត ដូច្នេះ សំពត់ចាស់ៗដែលគេចោលនៅ ព្រៃខ្មោច ឬគំនរសំរាមជាដើម រមែងសមគួរដល់ពួកយើង ឯ ចំណែកព្រាហ្មណ៍ឯង មិនមែនទើបតែឥឡូវនេះទេ ពីជាតិមុនមក ក៏ធ្លាប់ប្រកាន់នូវលទ្ធិដូច្នេះដែរ ។ កាលដែលព្រាហ្មណ៍អារាធនាហើយ ព្រះអង្គទ្រង់ត្រាស់ សម្តែងនូវរឿងរ៉ាវអតីតជាតិ មានសេចក្តីប្រហែលគ្នានឹងបច្ចុប្បន្ន ដែរ គ្រាន់តែកាលណោះ ព្រះបរមពោធិសត្វជាតាបសបានឈាន ហើយប្រោសព្រាហ្មណ៍ ឯព្រាហ្មណ៍ក៏បានយកព្រះបរមពោធិសត្វ ជាសរណៈ ។ ក្នុងបិដកលេខ ៥៨ ទំព័រ ៣៨ មង្គលជាតក ព្របះរមសាស្តាទ្រង់ត្រាស់ថា ៖ មង្គលទាំងឡាយក្តី ឧត្បាតទាំងឡាយក្តី សុបិនទាំងឡាយក្តី លក្ខណៈទាំងឡាយក្តី ដែលបុគ្គលណាបានផ្តាច់បង់ហើយ បុគ្គល នោះឈ្មោះថា អ្នកកន្លងផុតនូវទោសនៃមង្គល (ភ្ញាក់ផ្អើល ) ។ ជា អ្នកគ្របសង្កត់នូវយុគក្កិលេស (ក្រោធ ១ ការចងគំនុំ ១ ការ រមិលគុណ ១ និងការវាយឫកស្មើ ១ ទាំង ៤ នេះ ហៅ យុគក្កិលេស ) និងយោគក្កិលេស (កាមយោគ ១ ភវយោគ ១ ទិដ្ឋិយោគ ១ អវិជ្ជាយោគ ១ ) រមែងមិនមកកើតទៀតឡើយ ។ ដោយសេចក្តីថា បុគ្គលណាមិនប្រកាន់មង្គលភ្ញាក់ផ្អើល មិនប្រកាន់ឧត្បាត មិនប្រកាន់ការយល់សប្តិ មិនប្រកាន់លក្ខណៈ ជោគល្អ ឬជោគអាក្រក់ បុគ្គលនោះឈ្មោះថា ជាអ្នកកន្លងផុតនូវ ទោសនៃការប្រកាន់មង្គលភ្ញាក់ផ្អើល ។ ព្រះបរមសាស្តា ទ្រង់សម្តែងធម៌ឱ្យព្រាហ្មណ៍ឪពុក និងកូន បានសម្រេចសោតាបត្តិផល ។ ក្នុងអដ្ឋកថា នក្ខត្តជាតក បនាពោលអំពី ត្រកូលមួយនៅ ក្រៅក្រុងសាវត្ថី បានទៅស្តីដណ្តឹងកុលធីតាម្នាក់នៅក្នុងក្រុងសាវត្ថី ដើម្បីជាប្រយោជន៍ដល់កូនប្រុសរបស់ខ្លួន ។ គេបានសន្យាថ្ងៃ កំណត់មកទទួលយកកូនស្រីទៅកាន់ត្រកូលខាងប្រុស ប៉ុន្តែ លុះ ដល់ថ្ងៃកំណត់ ត្រកូលខាងប្រុសគេបានសួរអាជីវកម្នាក់ដែលបាន ចូលទៅកាន់ត្រកូលរបស់ខ្លួនថា លោកម្ចាស់ដ៏ចម្រើន ថ្ងៃនេះពួក ខ្ញុំនឹងធ្វើនូវមង្គលមួយ តើនក្ខត្តឫក្សល្អដែរទេ ? អាជីវកមានការខឹងក្រោធជាខ្លាំង ព្រោះគិតថាពួកអស់នេះមិនសួរយើងពីដំបូង ឥឡូវដល់ថ្ងៃទៅហើយទើបតែសួរ យើងនឹង ផ្តល់មេរៀនឱ្យគេម្តង ដូច្នេះហើយក៏ពោលថា ថ្ងៃនេះមិនល្អទេ អ្នកទាំងអស់គ្នាកុំធ្វើមង្គលឡើយ បើចចេសចេះតែធ្វើនឹងមានការ វិនាសធំ ។ ពួកមនុស្សក្នុងត្រកូលក៏ជឿអាជីវកនោះ ហើយក៏ មិនបានទៅទទួលយកកូនស្រីក្នុងថ្ងៃហ្នឹងឡើយ ។ ចំណែកត្រកូលខាងស្រី បានចាត់ការមង្គលរៀបចំចាំទទួល ភ្ញៀវខាងប្រុស លុះមិនឃើញពួកគេមកតាមសន្យា ក៏លើកធីតាឱ្យ ទៅត្រកូលដទៃសម្រេចស្រេចបាច់ក្នុងថ្ងៃនោះដែរទៅ ។ ថ្ងៃស្អែកឡើងត្រកូលក្រៅក្រុងក៏បាននាំគ្នាមកដល់សូមយក កូនស្រី ពួកអ្នកក្នុងក្រុងក៏បានតិះដៀលថា ពួកអ្នកឯងសមនឹង ឈ្មោះអ្នកក្រៅក្រុងមែនហើយ ជាមនុស្សខ្វះសម្បត្តិរបស់មនុស្ស ល្អ ជាមនុស្សអាក្រក់ សន្យាគ្នាហើយ មើលងាយពាក្យសន្យា មិន មកតាមកំណត់ អញ្ជើញទៅតាមផ្លូវដែលអ្នករាល់គ្នាមកនោះវិញ ទៅ ពួកយើងលើកកូនស្រីយើងឱ្យអ្នកផ្សេងទៅហើយ ។ ពួកអ្នកក្រៅក្រុង ខំប្រឹងឈ្លោះនឹងអ្នកក្រុងអស់មួយសន្ទុះ ធំ លុះដឹងប្រាកដថាមិនបានកូនក្រមុំពិតហើយ ក៏នាំគ្នាត្រឡប់ទៅ វិញតាមផ្លូវដែលមកនោះឯង ។ រឿងទាំងអស់បានជ្រាបដល់ព្រះមានព្រះភាគ ព្រះអង្គទ្រង់ ត្រាស់ព្រះជាតក ពីអាជីវកនោះធ្លាប់បំផ្លាញមង្គលរបស់គេតាំងពីជាតិមុនមកដែរ ។ ក្នុងជាតិមុននោះ អ្នកក្រុងពារាណសី ទៅស្តីដណ្តឹងកូនស្រី អ្នកជនបទ ហើយមិនទៅតាមសន្យា ព្រោះថាជឿតាមពាក្យកុហក របស់អាជីវក ។ រឿងរ៉ាវមានទំនងដូចគ្នា ខុសត្រង់ថាអ្នកជនបទ បានតិះដៀលអ្នកក្រុងពារាណសីថា ពួកអ្នករាល់គ្នាឈ្មោះថាជា អ្នកក្រុង ប៉ុន្តែខ្វះនូវសម្បត្តិរបស់មនុស្សល្អ ព្រោះមិនគោរពពាក្យ សន្យា ។ ក្នុងកាលណោះ ព្រះបរមពោធិសត្វជាបណ្ឌិត បានពោល ថា ផ្កាយទាំងឡាយនឹងមានប្រយោជន៍អ្វី ព្រោះការបានកូនស្រី ក្រមុំជាឫក្សល្អស្រេចទៅហើយ មិនមែនទេឬ ? រួចហើយទើប ព្រះបរមពោធិសត្វពោលនូវគាថា ៖ ក្នុងបិដកលេខ ៥៨ ទំព័រ ២២ នក្ខត្តជាតក បណ្ឌិត បុរសពោធិសត្វ ពោលថា ៖ នក្ខត្តំ បដិមានេន្តំ អត្ថោ ពាលំ ឧបច្ចគា អត្ថោ អត្ថស្ស នក្ខត្តំ កឹ ករិស្សន្តិ តារកាតិ ។ ប្រែថា ៖ ប្រយោជន៍រមែងកន្លងបង់នូវមនុស្សល្ងង់ដែល រាប់អាននូវនក្ខត្តឫក្ស ប្រយោជន៍ជានក្ខត្តឫក្សរបស់ប្រយោជន៍ ឯផ្កាយទាំងឡាយនឹងធ្វើអ្វីបាន ។ អដ្ឋកថានក្ខត្តជាតក បណ្តាបទទាំងនោះ បទថា បដិមានេន្តំ ដោយសេចក្តីថា អ្នករង់ចាំមើល អធិប្បាយថា រវល់តែរង់ចាំមើល នក្ខត្តឫក្សនឹង មានក្នុងពេលនេះ នឹងមានក្នុងកាលឥឡូវនេះ ។ បទថា អត្ថោ ពាលំ ឧបច្ចគា ដោយសេចក្តីថា ប្រយោជន៍ ពោលគឺការបាននូវកូនក្រមុំ កន្លងផុតនូវមនុស្សល្ងង់ ដែលជាអ្នកក្រុងពារាណសីនោះ ។ បទថា អត្ថោ អត្ថស្ស នក្ខត្តំ ដោយសេចក្តីថា បុគ្គល ស្វែងរកនូវប្រយោជន៍ណា ប្រយោជន៍ដែលគេបានហើយនោះឯង ឈ្មោះថាជានក្ខត្តឫក្សរបស់ប្រយោជន៍ ។ បទថា កឹ ករិស្សន្តិ តារកា ដោយសេចក្តីថា តើដួង ផ្កាយទាំងឡាយក្នុងអាកាសក្រៅអំពីនេះ នឹងញ៉ាំងប្រយោជន៍ដូចម្តេចឱ្យសម្រេចបាន ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១០ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |