អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,២៤៧ ដង)
បន្ទោរបង់សេចក្តីក្រោធឆួលឡើងហើយដូចបុគ្គលបន្សាបពិសពស់

|
ភិក្ខុណា បន្ទោរបង់សេចក្តីក្រោធ ដែលឆួលឡើងហើយ ដូចបុគ្គលបន្សាបពិសពស់ ដែលជ្រាបទៅ ដោយឱសថទាំងឡាយ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ(១) ដូចពស់ សកសំណក ចាស់គ្រាំគ្រាចេញ ។
ភិក្ខុណា ផ្តាច់បង់រាគៈមិនមានសេសសល់ ដូចគេកាត់ផ្កាឈូក ដែលដុះក្នុងស្រះ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា បានផ្តាច់បង់តណ្ហា មិនមានសេសសល់ញ៉ាំងតណ្ហា ដែលជាកិលេសជាតិ ត្រាច់ទៅអន្ទោលទៅដោយរហ័ស ឲ្យរីងស្ងួត ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់ គ្រាំគ្រាចេញ ។ ភិក្ខុណាកំចាត់មានះ មិនមានសេសសល់ ដូចជំនន់ធំ កំចាត់បង់នូវស្ពានបបុស ដែលទុព្វលភាពក្រៃលែង ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់ គ្រាំគ្រាចេញ ។ ភិក្ខុណា កាលស្វែងរកមិនបាន នូវសារៈ ក្នុងភពទាំងឡាយ ដូចបុគ្គលស្វែងរក នូវផ្កាឰដ៏ដើមល្វាទាំងឡាយ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ សេចក្តីក្រោធ មិនមានក្នុងសន្តាន នៃភិក្ខុណា មួយទៀតភិក្ខុណា ប្រព្រឹត្តកន្លង នូវបុណ្យនិងបាប ភិក្ខុនោះ ឈ្មោះថា បានលះបង់ ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា កំចាត់បង់ ផ្តាច់បង់ ឲ្យជ្រះស្រឡះនូវវិតក្កៈទាំងឡាយ ខាងក្នុងសន្តាន មិនមានសេសសល់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ប្រព្រឹត្តកន្លងនូវបបញ្ចធម៌ (២) ទាំងអស់នេះបាន ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ព្រោះដឹងច្បាស់ថា ធម្មជាតិ មានខន្ធជាដើម ទាំងអស់នេះមិនទៀតទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកលោភៈ ដោយគិតថា ធម្មជាតិមានខន្ធជាដើម ទាំងអស់នេះ មិនទៀតទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាករាគៈ ដោយគិតថា ធម្មជាតិ មានខន្ធជាដើម ទាំងអស់នេះ មិនទៀតទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកទោសៈ ដោយគិតថា ធម្មជាតិមានខន្ធជាដើម ទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកមោហៈ ដោយគិតថា ធម្មជាតិមានខន្ធជាដើម ទាំងអស់នេះ មិនទៀតទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ អនុស្សយក្កិលេស ណាមួយ មិនមានដល់ភិក្ខុណា ឬអកុសលមូល ដែលភិក្ខុដកចេញហើយ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់ គ្រាំគ្រាចេញ ។ កិលេស ដែលកើតអំពី សេចក្តី ក្រវល់ក្រវាយ ណាមួយដែលជាបច្ច័យ ដើម្បីមកកាន់ត្រើយខាងអាយ គឺសក្កាយ មិនមានដល់ភិក្ខុណា ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ កិលេសដែលកើតអំពី ព្រៃគឺតណ្ហា ណាមួយជាមូលហេតុ ដើម្បីចងសត្វ ទុកក្នុងភព មិនមានដល់ភិក្ខុណា ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា លះបង់នីវរណៈ ៥ ប្រការ ជាអ្នកមិនតានតឹង ឆ្លងសេចក្តីងឿងឆ្ងល់ ប្រាសចាកសរ គឺកិលេស ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ចប់ ឧរគសូត្រទី១ ______________________ (១) ពាក្យថា ត្រើយខាងអាយ បានដល់សំយោជនៈ ៥ យ៉ាង ជាចំណែកខាងក្រោម ព្រោះថា សំយោជនៈទាំងនេះ ជាហេតុនាំសត្វឲ្យខកនៅក្នុងសង្សារវដ្ត ។ អដ្ឋកថា ។ (២) ធម៌នេះមាន ៣ គឺ តណ្ហា ១ មានះ ១ ទិដ្ឋិ ១ ជាធម៌ញ៉ាំងសត្វឲ្យមានដំណើរយឺតយូរក្នុងសង្សារវដ្ត ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៤ ទំព័រ ១-៦ ដោយ៥០០០ឆ្នាំ |