អានអត្ថបទ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ១៩,៥៨២ ដង)
បញ្ញាសម្បទា

|
បញ្ញាសម្បទា
ដល់ព្រមដោយបញ្ញា ពាក្យថា " បញ្ញា " មានបទវិគ្រោះថា " បជានាតីតិ > បញ្ញា = ឈ្មោះថា បញ្ញា ព្រោះអត្ថថា សេចក្ដីដឹងទូទៅ " សំដៅដល់ការដឹងនូវសេចក្ដីពិតតាមធម្មជាតិ គឺរមែងដឹងទូទៅនូវអរិយសច្ចៈទាំងឡាយដោយមានន័យថា នេះជាទុក្ខ នេះជាហេតុនាំឲ្យកើតទុក្ខជាដើម។ បញ្ញា គឺជាធម្មជាតិដែលដឹងបាន នូវសង្ខារធម៌ទាំងឡាយ ដែលស្ថិតនៅក្នុងភាពជា អនិច្ចំ ( មិនទៀង ) ទុក្ខំ ( ជាទុក្ខ ) និងជា អនត្តា( មិនមែនខ្លួន ) ។ បញ្ញា កាលកើតឡើងហើយ រមែងវិនិច្ឆ័យ បានថា អ្វីពិត អ្វីមិនពិត អ្វីល្អ អ្វីអាក្រក់ អ្វីត្រូវ អ្វីខុស អ្វីគួរ អ្វីមិនគួរ អ្វីជាគុណ អ្វីជាទោស និងអ្វីជា ប្រយោជន៍ អ្វីមិនមែនជាប្រយោជន៍ជាដើម។ បញ្ញា រមែងដឹងនូវហេតុផលនៃធម្មជាតិ គឺដឹងថា ហេតុយ៉ាងណាផលក៏យ៉ាងនោះបើហេតុមិនមាន ទោះបីបង្ខំក៏មិនអាចកើតឡើងបាន។ កាលបានដឹងយ៉ាងនេះ ចិត្តរមែងផុតស្រឡះចាកការកង្វល់ព្រោះយល់ច្បាស់ថា អ្វីដែលកើតឡើងចំពោះជីវិតសុទ្ធតែសមហេតុផលទាំងអស់។ បញ្ញាសម្បទា ដែលជាគុណសម្បត្តិរបស់ព្រះអរិយសាវ័ក គឺដឹងការកើត និងការសូន្យទៅនៃសង្ខារធម៌ ដឹងគិតធម្មតារបស់លោកនិងជីវិត ដែលមានការកើតចាស់ឈឺស្លាប់។ អ្វីៗដែលកើតឡើងរមែងមានការវិនាសទៅវិញរលត់ទៅវិញជាធម្មតា ហើយរំលត់នូវសេចក្ដីប្រកាន់ ដោយការដឹងច្បាស់ថា សង្ខារធម៌ទាំងពួងមិនគួរប្រកាន់ថា ជារបស់ស្ថិតស្ថេរមាំមួន ( យំកិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មន្តិ = ធម្មជាតិណាមានការកើតឡើងជាធម្មតា ធម្មជាតិនោះទាំងអស់ រមែងរលត់ទៅវិញជាធម្មតា ) ។ ការបើមិនមានបញ្ញាយល់ដឹងអំពីលោក និងជីវិតតាមសេចក្ដីពិត ពោលគឺមិនបានឃើញនូវសភាវធម៌ដែលមានការកើតឡើងនិងរលត់ទៅ មិនបានកំណត់ដឹងនូវសភាពធម្មតារបស់សង្ខារធម៌ ទាំងឡាយទេ ហើយថែមទាំងមិនបានសិក្សាឲ្យយល់ដឹងអំពីអ្វីដែលជាសេចក្ដីសុខប្រាសចាកទោស ប្រាសចាកកង្វល់ប្រាសចាកការហួងហែងទេ ប្រាកដជានឹងឲ្យតំលៃតែទៅលើកាមគុណប៉ុណ្ណោះ ថាជាសេចក្ដីសុខស្រួលក៏កំពូល។ បញ្ញា ដែលនឹងអាចកើតឡើងបាន មិនមែនកើតឡើងដោយឯងៗ ឬក៏ដោយអាស្រ័យការអង្វរករសុំអំពីអ្នកដទៃនោះឡើយ។ ហេតុនាំឲ្យកើតបញ្ញា៣យ៉ាង ក- សុតមយបញ្ញា បញ្ញាកើតឡើងដោយសារការស្ដាប់ឬរៀនសូត្រពីអ្នកដទៃ។ សុតៈ (ការស្ដាប់) គឺជាឧបករណ៍ដ៏សំខាន់របស់បញ្ញ ឯចំណែកបញ្ញាឲ្យសេចក្ដីសម្រេចដល់សុតៈពោលគឺបញ្ញាជាផលរបស់សុតៈនោះឯង។
ព្រះមានព្រះភាគ ទ្រង់ត្រាស់នូវអានិសង្សនៃការស្ដាប់ធម៌មាន៥យ៉ាងគឺ (១)- អស្សុតំ សុណាតិ អ្នកស្ដាប់តែងបានស្ដាប់រឿងមិនទាន់បានស្ដាប់។ (២)- សុតំ បរិយោទបេតិ រឿងណាដែលធ្លាប់ស្ដាប់ហើយ តែមិនទាន់ចូលចិត្តច្បាស់នឹងចូលចិត្តច្បាស់ឡើងបាន។ (៣)- កង្ខំ វិហនតិ កម្ចាត់បង់នូវសេចក្ដីសង្ស័យចេញបាន។ (៤)- ទិដ្ឋឹ ឧជុំ ករោតិ រមែងធ្វើសេចក្ដីយល់ឃើញឲ្យត្រង់។ (៥)- ចិត្តមស្ស បសីទតិ ចិត្តអ្នកស្ដាប់រមែងជ្រះថ្លា។ ខ- ចិន្តាមយបញ្ញា បញ្ញាកើតឡើងដោយការគិតពិចារណា។ កាលបានឮបានដឹងអ្វីហើយ ស្រាប់តែប្រកាន់ជឿភ្លាម ដោយមិនមានការគិតពិចារណាឲ្យបានល្អិតល្អន់ ពិតជាមិនប្រពៃឡើយ ព្រោះអាចថានឹងខុសចាកការពិតបាន។
សម័យមួយ ពួកកាលាមក្សត្រទាំងឡាយបានស្ដាប់នូវវាទៈនៃសាសនាផ្សេងៗ ដែលសុទ្ធតែអះអាងថាខ្លួនបរិសុទ្ធ ពួកកាលាមក្សត្រទាំងឡាយនោះមិនដឹងថាត្រូវជឿវាទៈនៃសាសនាណា ទើបចូលទៅគាល់ព្រះមានព្រះភាគ.......។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់នឹងកាលាមក្សត្រទាំងឡាយថា " ម្នាលកាលាមក្សត្រទាំងឡាយ អ្នកទាំងឡាយចូលមក - អ្នកកុំប្រកាន់ដោយគ្រាន់តែឮតាមគ្នា - កុំប្រកាន់តាមពាក្យបរម្បរា - កុំប្រកាន់ថាបានឮដូច្នេះ - កុំប្រកាន់ដោយអាងក្បួនតម្រា - កុំប្រកាន់តាមហេតុដែលត្រិះរិះ - កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ - កុំប្រកាន់ដោយគ្រាន់តែត្រិះរិះនូវអាការៈ - កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យសមនឹងសេចក្ដីយល់ឃើញ - កុំប្រកាន់ដោយយល់ថាមានសភាពគួរ ( ជឿ ) - កុំប្រកាន់ដោយគិតថា សមណៈ ( នេះ ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រទាំងឡាយ កាលបើអ្នកទាំងឡាយដឹងដោយខ្លួនឯងថា ធម៌ទាំងនេះជាអកុសល ធម៌ទាំងនេះប្រកបដោយទោស ធម៌ទាំងនេះអ្នកប្រាជ្ញតិះដៀល ធម៌ទាំងនេះបុគ្គលបានសមាទានពេញលេញហើយ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ។ ម្នាលកាលាមក្សត្រទាំងឡាយ ក្នុងកាលនោះ អ្នកទាំងឡាយត្រូវលះបង់ចោលចេញ "។ ក្នុងពុទ្ធភាសិតខាងលើនេះ បានបង្អុលបង្ហាញឲ្យសត្វលោកមានការគិតពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តជឿទៅលើរឿងអ្វីមួយ ដាច់ខាតកុំជឿដោយគ្មានការគិតពិចារណាឲ្យសោះ។ គ- ភាវនាមយបញ្ញា បញ្ញាសម្រេចដោយការចម្រើនភាវនា សំដៅដល់ការអប់រំចម្រើន វិបស្សនា។ ដើម្បីឲ្យបញ្ញាកាន់តែមានកម្លាំង ត្រូវតែមានការអប់រំចម្រើន សតិប្បដ្ឋានវិបស្សនាដោយអត់ធន់ ក្នុងការប្រាថ្នាចង់បាននូវផលច្រើនៗ ប៉ុន្តែអានិសង្សដែលទទួលបានគួរជាទីគាប់ចិត្តនោះ គឺការមានសតិនិងបញ្ញាដែលចម្រើនឡើង ឃើញច្បាស់នូវសង្ខារធម៌នោះឯង។ អ្នកអប់រំចម្រើនវិបស្សនា ត្រូវតែជាអ្នកត្រង់ចំពោះខ្លួនឯង គឺដឹងថានៅមានកិលេសគ្របសង្កត់ញាំញីចិត្តរាល់ថ្ងៃ ហើយក៏មិនប្រាថ្នាឲ្យកិលេសនោះអស់ទៅដោយមិនមានការសិក្សាររលឹកដឹងនោះឡើយ។ គ្រប់បុថុជ្ជនទាំងអស់ មិនអាចក្លាយទៅជាព្រះអរហន្តភ្លាមៗបានឡើយ ទាល់តែមានការរំលត់នូវលោភៈដែលកើតរួមជាមួយនឹងសក្កាយទិដ្ឋិ ដែលប្រកាន់នូវសភាវធម៌កើតរួមគ្នា ថាជាតួខ្លួន ជាសត្វ ជាបុគ្គលឲ្យអស់ជាសមុច្ឆេទសិន ទើបកិលេសដែលនៅសល់ដទៃៗទៀត នឹងរំលត់ដាច់អស់ទៅជាសមុច្ឆេទ បន្តបន្ទាប់តាមលំដាប់បាន។ ប្រសិនបើមិនអប់រំចម្រើនបញ្ញា រហូតដល់បានឃើញថា ការឃើញ ការឮ...... ការដឹងរឿងរ៉ាវផ្សេងៗ ត្រឹមតែជាសភាវធម៌ មិនមែនជាតួខ្លួន សត្វបុគ្គល ដែលកើតឡើងព្រោះបច្ច័យ ហើយក៏រលត់ទៅវិញយ៉ាងឆាប់រហ័សដូច្នេះទេ ពិតជាមិនអាចរំលត់នូវកិលេសទាំងឡាយដូចជាការស្រឡាញ់ ស្អប់ គាប់ ទាស់ ជាដើមបានឡើយ។ ផ្លូវប្រតិបត្តិដ៏ជាក់លាក់ ដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែង ដើម្បីឲ្យសត្វលោកប្រតិបត្តិឲ្យរួចផុតទុក្ខនោះ មានតែ១គត់ គឺអរិយមគ្គដែលប្រកបដោយអង្គ៨ប្រការគឺ (១)- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ បានដល់បញ្ញាចេតសិក។ (២)- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់វិតក្កចេតសិក។ (៣)- សម្មាវាចា សំដីត្រូវ បានដល់ សម្មាវាចាចេតសិក។ (៤)- សម្មាកម្មន្តៈ ការងារត្រូវ បានដល់ សម្មាកម្មន្តចេតសិក។ (៥)- សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ បានដល់សម្មាអាជីវចេតសិក។ (៦)- សម្មាវាយាមៈ សេចក្ដីព្យាយាមត្រូវ បានដល់វីរិយចេតសិក។ (៧)- សម្មាសតិ សេចក្ដីរំលឹកត្រូវ បានដល់សតិចេតសិក។ (៨)- សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវបានដល់ឯកគ្គតាចេតសិក។ មុនពេលដែលលោកុត្តរចិត្ត កើតឡើងចេតសិកជាអង្គមគ្គ៥ (វៀរវិរតិចេតសិក៣ ព្រោះវិរតិចេតសិក៣នេះ កើតព្រមគ្នាទាំង៣បានតែនៅក្នុងលោកុត្តរចិត្តប៉ុណ្ណោះ) រមែងកើតឡើងធ្វើចិត្តរួមគ្នាក្នុងខណៈដែលសតិរលឹកដឹងលក្ខណៈ នៃសភាវធម៌ដែលជានាមធម៌ ឬរូបធម៌យ៉ាងណាមួយ តាមភ្នែក តាមត្រចៀក តាមច្រមុះ តាមអណ្ដាត តាមកាយ ឬតាមចិត្ត ហើយបញ្ញាចេតសិកដែលកើតរួមនឹងសម្មាសតិក្នុងខណៈនោះ ក៏ផ្ដើមសង្កេតពិចារណា ដឹងលក្ខណៈនៃនាមធម៌ ឬរូបធម៌នោះៗបន្តិចម្ដងៗសន្សឹមៗ ជារឿយៗទៅរហូតបានដឹងច្បាស់ ថាជានាមធម៌ ឬរូបធម៌តាមសេចក្ដីពិត។ ការចម្រើនសតិប្បដ្ឋានវិបស្សនា ដែលជាការអប់រំចម្រើនបញ្ញា ដើម្បីឲ្យដឹងច្បាស់នូវអរិយសច្ចធម៌នោះ នាំឲ្យកើតបរិញ្ញា៣គឺ ញាតបរិញ្ញា បញ្ញាដែលប្រចក្សលក្ខណៈនៃនាមធម៌នឹងរូបធម៌ដោយប្រាកដច្បាស់ថា មិនមែនជាតួខ្លួន ដោយនាមរូបបរិច្ឆេទញាណជាដើមទៅ។ តីរណបរិញ្ញា គឺបញ្ញាដែលកំណត់ដឹងនូវនាមរូបថា មិនទៀង ជាទុក្ខ ជារោគ ជាពក ជាព្រួញជាសេចក្ដីលំបាក ជាអាពាធ....... ជាគ្រឿងកើតឡើង ជាគ្រឿងដល់នូវការវិនាស... ដោយឧទយព្វយញ្ញាណ។ បហានបរិញ្ញា គឺការពិចារណានូវសេចក្ដីរលត់ទៅនៃនាមធម៌និងរូបធម៌ រហូតដឹងច្បាស់នូវការរលត់ទៅនៃនាមធម៌និងរូបធម៌ដោយភង្គញាណ ដោយបញ្ញាដែលដឹងជុំវិញទូទៅកាន់តែចម្រើនឡើង ក៏ផ្ដើមលះបង់នូវសេចក្ដីត្រេកអរ ក្នុងនាមធម៌និងរូបធម៌ ព្រោះឃើញទោសនៃនាមរូបកាន់តែច្បាស់ឡើងៗជាបហានបរិញ្ញា ជាដើមទៅរហូតដល់មគ្គញាណ។ នៅក្នុងបដិច្ចសមុប្បាទ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងអំពីឫសគល់នៃសង្សារវដ្ដ គឺអវិជ្ជា។ អវិជ្ជា គឺជាមេនៃសង្ខារធម៌ទាំងពួង ហើយសង្ខារធម៌គ្រប់ប្រការដែលកើតឡើងទាំងអស់ សុទ្ធតែជាទុក្ខ ព្រោះតាំងនៅក្នុងសភាពមិនទៀង មានការប្រែប្រួល វិនាសទៅវិញដោយឥតមានសេសសល់ តែថា បើអវិជ្ជានៅមាន សង្ខារធម៌គ្រប់ប្រការតែងតែកើតរលត់ៗ ក្នុងសង្សារវត្ដឥតមានទីបញ្ចប់ឡើយ។ ធម្មជាតិដែលអាចកម្ចាត់បង់នូវអវិជ្ជាបាន គឺមានតែវិជ្ជាប៉ុណ្ណោះ អង្គធម៌បានដល់បញ្ញាចេតសិក។ ដូច្នេះ ក្រៅពីការអប់រំចម្រើននូវបញ្ញាហើយ មិនមានវិធីផ្សេងដទៃណាដើម្បីកម្ចាត់បង់ នូវមោហៈ អវិជ្ជាបានឡើយ។ បញ្ញា បានផ្ដល់ឲ្យនូវភាពត្រឹមត្រូវដល់គុណសម្បត្តិដទៃៗច្រើនទៀត។ បញ្ញា បានធ្វើឲ្យសទ្ធា ជាសទ្ធាដែលត្រឹមត្រូវទៅតាមសេចក្ដីពិត មិនភ្លាំងភ្លាត់ទៅជារឿងភ្ញាក់ផ្អើលផ្សេងៗ។
បញ្ញា ធ្វើឲ្យសីល ជាសីលដែលជាទីត្រេកអររបស់ព្រះអរិយៈទាំងឡាយ មិនក្លាយទៅជាសីលព្វតបរាមាស។ បញ្ញា គឺជាគុណសម្បត្តិដ៏សំខាន់បំផុតរបស់ព្រះអរិយសាវ័កទាំងឡាយ និងជាទិសដៅនៃការហ្វឹកហាត់អប់រំខ្លួនរបស់ព្រះអរិយសាវ័កជាបន្តទៅ រហូតដល់អស់ទៅនៃអវិជ្ជា ដោយឥតមានសេសសល់។ បញ្ញា គឺជាភ្នែកដ៏មានសិរីអាចឆ្លុះមើលឃើញនូវបក្ខពួករបស់សត្រូវ គឺកិលេសគ្រប់ប្រការបាន និងជាអាវុធក៏ប្រសើរអាចកាប់ប្រហារនូវមេខ្លោងរបស់បក្ខពួកសត្រូវ គឺអវិជ្ជាឲ្យអស់ទៅបាន។ ដូច្នេះ បញ្ញា ទើបជាគុណជាតិដ៏ប្រសើរដែលអ្នកប្រាថ្នាសុខត្រូវតែអប់រំចម្រើន ផ្ដើមឡើងដោយការមានសទ្ធា និងការស្ដាប់ជាដើម។ ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |