អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២២៨ ដង)
បុគ្គលជាបណ្ឌិតនិងលក្ខណៈរបស់បណ្ឌិត

|
បុគ្គលជាបណ្ឌិតនិងលក្ខណៈរបស់បណ្ឌិត
សត្វទាំងលាយឯណាមួយ ជាអ្នកប្រកបដោយកុសលកម្មបថ ១០ មានការវៀរចាកការសម្លាប់សត្វជាដើម, សត្វទាំងឡាយនោះ ឈ្មោះថា បណ្ឌិត។ ម្យ៉ាងទៀត ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះមហាសាវ័ក ៨០ ព្រះសាវករបស់ព្រះតថាគតទាំងឡាយដទៃទៀត និងគ្រូសុនេត្រ និងអកិត្តិតាបសជាដើម ក្នុងអតីតកាល គប្បីជ្រាបថា "បណ្ឌិត" ។ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម ទាំងអស់នោះ លោកហៅថា "ជាបណ្ឌិត" ព្រោះធ្វើដំណើរទៅក្នុងប្រយោជន៍ទាំងឡាយដោយបញ្ញាគតិ។ ព្រោះហេតុនោះ ទើបព្រះអដ្ឋកថាចារ្យ លោកពោលថា "ជនទាំងឡាយណាទៅ អធិប្បាយថា "ធ្វើដំណើរទៅក្នុងប្រយោជន៍ទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន និងសម្បរាយិកភព ដោយបញ្ញាគតិ ព្រោះហេតុនោះ ជនទាំងឡាយនោះ ទើបឈ្មោះថា បណ្ឌិត"។ សូម្បីក្នុងគម្ពីរសទ្ទនីតិលោកក៏ពោលទុកថា " បឌិ ធាតុ ប្រព្រឹត្តទៅក្នុងកិរិយាទៅ, បញ្ញាឯណា រមែងទៅ គឺធ្វើដំណើរទៅក្នុងប្រយោជន៍ទាំងឡាយសូម្បីដ៏ល្អិតសុខុម គឺដឹងនូវអាការៈសូម្បីមានការបៀតបៀនជាដើមនូវអរិយសច្ចទាំងឡាយ មានសេចក្ដីទុក្ខជាដើម ហេតុនោះ បញ្ញានោះ ទើបឈ្មោះថា បណ្ឌា បុគ្គលណាទៅគឺធ្វើដំណើរទៅ បានដល់ ប្រព្រឹត្តទៅដោយបញ្ញា ដែលមានឈ្មោះថា បណ្ឌា ហេតុនោះ បុគ្គលនោះ ទើបឈ្មោះថា បណ្ឌិត, ម្យ៉ាងទៀត បុគ្គលឯណាទៅ គឺធ្វើដំណើរទៅដោយញាណគតិព្រោះហេតុនោះ បុគ្គលនោះ ទើបឈ្មោះថា "បណ្ឌិត"។ ចំណែកលក្ខណៈរបស់បណ្ឌិត គប្បីជ្រាបដោយអំណាចនៃសុចរិតទាំងឡាយ មានការគិតនូវរឿងដែលគិតល្អជាដើមដែលព្រះមានព្រះភាគទ្រង់ត្រាស់ទុក ក្នុងពាលបណ្ឌិតសូត្រយ៉ាងដូច្នេះថា "ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត មានហេតុជាគ្រឿងចំណាំថាជាបណ្ឌិត (បណ្ឌិតលក្ខណ) មានហេតុជាគ្រឿងសម្គាល់ថាជាបណ្ឌិត (បណ្ឌិតនិមិត្ត) មានចរិតជាបណ្ឌិត (បណ្ឌិតាបទាន) ៣ យ៉ាងនេះ។ ហេតុ ៣ យ៉ាង តើអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតក្នុងលោកនេះ ជាអ្នកគិត គំនិតល្អ (សុចិន្តិតចិន្តី) ១ និយាយសម្ដីល្អ (សុភាសិតភាសី) ១ ធ្វើអំពើល្អ (សុកតកម្មការី) ១" ដូច្នេះ។ក៏ពាក្យថា សុចិន្តិតចិន្តី ដូច្នេះ ជាដើម បណ្ឌិតគប្បីប្រកបដោយអំណាចនៃសុចរិត មានមនោសុចរិតជាដើម ដូច្នេះឯង។ ន័យដទៃទៀត ជនទាំងឡាយឯណា រមែងបានទទួលនូវប្រយោជន៍ទាំងឡាយ ២ គឺប្រតិបត្តិដើម្បីបានទទួលនូវប្រយោជន៍ទាំង ២ នោះ, ជនទាំងឡាយនោះ ឈ្មោះថា បណ្ឌិតព្រោះព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ ក្នុងឧភោអត្ថសូត្រ ក្នុងកោសលសំយុត្ត យ៉ាងដូច្នេះថា៖ " ធីរជន លោកហៅថា "បណ្ឌិត" ព្រោះទាញយកប្រយោជន៍ (ទាំង ២) បាន គឺប្រយោជន៍ក្នុងបច្ចុប្បន្ន និងប្រយោជន៍ក្នុងសម្បរាយិកភព"។ ជនទាំងឡាយឯណា កាត់ចោលនូវប្រយោជន៍ទាំង ២ យ៉ាង កាន់យកនូវហេតុមិនមែនជាប្រយោជន៍ទាំង ២ យ៉ាង ជនទាំងឡាយនោះ ឈ្មោះថា ពាល។ មែនពិត ជនទាំងឡាយនោះ លោកហៅថា "ពាល" ក៏ព្រោះកាន់យកនូវហេតុដែលមិនមែនជាប្រយោជន៍ទាំងឡាយ ២ ប្រការ និងលោកហៅថា "ពាល" ក៏ព្រោះកាត់ផ្ដាច់ចោលនូវប្រយោជន៍ទាំងឡាយ ២ ប្រការ។ កិរិយាស័ព្ទថា "លន្តិ" នោះ ចាត់ចូលក្នុងពួកធាតុមាន ភូ ធាតុ ជាដើម ដោយការបង្គាប់ថា "លា ធាតុ មាន ទ្វិ ស័ព្ទ ជាបទប្រៀបធៀប ប្រព្រឹត្តទៅក្នុងអត្ថថា កាន់យក"។ កិរិយាស័ព្ទថា "លនន្តិ" នោះ ចាត់ចូលក្នុងពួកធាតុ មាន កឹ ធាតុ ជាដើមដោយការបង្គាប់ថា "លុ ធាតុ មាន ទ្វិ ស័ព្ទ ជាបទប្រៀបធៀបប្រព្រឹត្តទៅក្នុងអត្ថថា កាត់ចោល" ដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |