អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,១៣៨ ដង)
មង្គលទី ៤

|
មង្គលទី ៤
បដិរូបទេសវាសោ ច កិរិយានៅក្នុងប្រទេសដ៏សមគួរទុកជាមង្គលដ៏ឧត្តម ។ ប្រទេសដ៏សមគួរនោះ សម្តៅយកប្រទេសដែលបរិបូណ៌ទៅដោយធម៌វិន័យ បើគ្រាពុទ្ធសម័យ សម្តៅយកមជ្ឈិមប្រទេស ជាប្រទេសបរិបូណ៌ដោយធម៌វិន័យហើយស្ថិតនៅពាក់កណ្តាលផែនដី ទុកថាជាបដិរូបប្រទេស ព្រោះប្រទេសនោះមានព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធ និងព្រះអគ្គសាវកព្រះពុទ្ធតែងកើតតែងស្ថិតនៅក្នុងទីនោះ បុគ្គលដែលនៅក្នុងមជ្ឈិមប្រទេសនោះ រមែងបានអនុត្តរិយធម៌ គឺធម៌ដ៏ប្រសើរលើសលប់ ៦ ប្រការគឺ ទស្សនានុត្តរិយៈ ឃើញប្រសើរ គឺឃើញព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងអគ្គសាវកព្រះពុទ្ធ ១ សវនានុត្តរិយៈ ស្តាប់ប្រសើរគឺ ស្តាប់ព្រះពុទ្ធជាដើម ១ លាភានុត្តរិយៈ បានប្រសើរ គឺបាននូវសទ្ធាចិត្ត ជឿកម្មជឿផល ជឿគុណព្រះរតនៈស្រ័យជាដើម ១ សិក្ខានុត្តរិយៈ សិក្សារៀនសូត្រប្រសើរ គឺ សិក្សាធម៌អាថ៌ ឬធម្មវិន័យពុទ្ធសាសនា ១ បារិចរិយានុត្តរិយៈ បម្រើប្រសើរ គឺបានបម្រើធ្វើជាឧបដ្ឋាក ឬឧបដ្ឋាយិកាព្រះពុទ្ធឬក៏ជាវេយ្យាវច្ចករៈព្រះសង្ឃ ១ អនុស្សតានុត្តរិយៈ រឮកប្រសើរ គឺរឮកដល់គុណ ១០ យ៉ាង មានរឮកពុទ្ធគុណ ធម្មគុណ សង្ឃគុណ ជាដើម ១ ( រួម ៦ ប្រការ ) ហើយបុគ្គលនោះមានសទ្ធា មានសេចក្តីស្នេហាជាប់មិនដាច់ដោយចំណែកមួយ ដូចរឿងព្រាហ្មណ៍ម្នាក់ឈ្មោះវគ្គលិ នៅក្នុងក្រុងសាវត្ថី បានឃើញព្រះពុទ្ធជាម្ចាស់ហើយ ក៏មានចិត្តជ្រះថ្លាកើតសេចកត្តីសេ្នហាជាប់ចិត្តស្អិតក្នុងព្រះពុទ្ធរូបនោះ ចង់តែមើលព្រះរូបមិនចេះឆ្អែតឆ្អន់សោះ ទើបដល់ខ្លួនចេញពីផ្ទះទៅបួសក្នុងសំណាក់ព្រះសាស្តា លុះបួសហើយកាលណា គ្មានគិតសិក្សារៀនសូត្រធម៌អាថ៌អ្វីសោះ គិតតែពីតាមមើលព្រះបរមរូបរបស់ព្រះពុទ្ធអង្គនោះ លុះឧបនិស្ស័យដែលអាស្រ័យនឹងសេចក្ដីអប់រំក្នុងព្រះសាស្តាចាស់ក្លាហើយ ទើបព្រះអង្គមានព្រះពុទ្ធដីកាថា នែ! វគ្គលិ អ្នកឯងកុំមើលរូបតថាគតដោយមំសចក្ខុអ្នកឡើយ អ្នកចូរមើលធម៌ ចូរពិចារណាឲ្យឃើញធម៌តថាគតវិញចុះ អ្នកណាឃើញធម៌ អ្នកនោះឈ្មោះថាឃើញតថាគត អ្នកណាឃើញតថាគតអ្នកនោះឈ្មោះថាឃើញធម៌ ឯអ្នកឯងនេះគិតមើលត្រឹមតែរូបតថាគតប៉ុណ្ណោះ មិនមើលធម៌តថាគតដោយមំសចក្ខុសោះឡើយ ណ្ហើយចុះអ្នកឯងចូលជៀសចេញពីទីនេះទៅ, វគ្គលិភិក្ខុនោះ កាលឮព្រះពុទ្ធជាម្ចាស់ទ្រង់បណ្តេញចេញដូច្នោះហើយ ក៏នឹកតូចចិត្តណាស់ស្រែកទ្រហោយំ ហើយដើរឡើងទៅលើភ្នំដរាបដល់កំពូល អាត្មាអញរស់នៅធ្វើអ្វីទៀតឡើយ បើខានឃើញព្រះសាស្តាហើយ ស្លាប់ទៅប្រសើរជាងរស់នៅ ហើយប្រុងនឹងផ្តួលខ្លួន ប្រមៀលទម្លាក់មកពីលើកំពូលភ្នំឲ្យស្លាប់ គ្រានោះព្រះសាស្តាទ្រង់ជ្រាបហើយ ក៏ព្រះអង្គធ្វើបាដិហារ្យហាក់បីដូចជាព្រះអង្គ យាងទៅគង់ចំពោះភក្រ្តវគ្គលិភិក្ខុនោះ ហើយបញ្ចេញព្រះរស្មី ៦ ប្រការ បោយព្រះហស្ថហៅភិក្ខុវគ្គលិថា នែ! វគ្គលិ ៗ ហើយទ្រង់ប្រទានធម៌ទេសនាចំពោះមុខវគ្គលិ ៗ ក៏មានចិត្តជ្រះថ្លាកើតឧព្វេង្គាបីតិ អណ្តែតខ្លួនឡើងទៅអាកាសហើយលឿនឆ្ពោះទៅកាន់វត្តជេតពន ក្នុងគ្រានោះ ប្រាជ្ញាក៏ចុះឃើញច្បាស់នូវចតុរារិយសច្ច បានសម្រេចព្រះអរហត្តកាត់កិលេសជាសមុច្ឆេទប្បហារ សោយសារបាននៅក្នុងប្រទេសដ៏សមគួរ បរិបូណ៌ដោយបត្ថុសក្តិសិទ្ធិមានព្រះពុទ្ធជាដើម ដូចបានអធិប្បាយមកខាងដើមនោះឯង ។ ដកស្រង់ចេញពីសៀវភៅ អធិប្បាយមង្គលសូត្រសង្ខេប រៀបរៀងដោយៈ ព្រះវិន័យធរ អនុគុណ ឯក-ញឹម ធម្មិស្សរោ វត្តធម្មិស្សរារាម ខែត្រសៀមរាប វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |