អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៦២៥ ដង)
សង្គហធម៌របស់បុត្រធីតា

|
សង្គហធម៌របស់បុត្រធីតា
ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យបានជាអ្នកមានកតញ្ញូកតវេទីតាធម៌ចំពោះមាតាបិតា បុត្រធីតាត្រូវតបស្នងសងគុណមាតាបិតាវិញ ដោយសង្គហធម៌ ៥ យ៉ាង និង សម្បទា ៤ យ៉ាង។ សង្គហធម៌ ៥ យ៉ាង គឺ៖ ១- ភតោ នេសំ ភរិស្សាមិ បុត្រធីតា គប្បីចិញ្ចឹមថែរក្សាមាតាបិតាវិញ ដោយផ្គត់ផ្គង់ ទំនុកបំរុងនូវបច្ច័យទាំងឡាយ ៤ មានជូនសំលៀកបំពាក់ បាយទឹក នំចំណី ត្រីសាច់ សំពត់អាវសាវ ស្បៃ កន្ទេលខ្នល់ខ្នើយ ពូកគ្រែ ព្រែព្រំ មុងភួយសម្រាប់បិទបាំង រាងកាយ និងថ្នាំកែរោគ...។ ២- កិច្ចំ នេសំ ករិស្សមិ បុត្រធីតា គប្បីជួយធ្វើការងារមាតាបិតា បើសិនជាលោកមានធុរៈពឹងពាក់យើង។ ធម្មតាកូនតែងមានកិច្ចការផ្ទាល់ខ្លួនច្រើនណាស់ ប៉ុន្តែបើសិនជាលោកទាំងពីរមានធុរៈត្រូវពឹងពាក់នោះ កូនត្រូវបញ្ឈប់ការងារខ្លួនសិនទោះបីរវល់យ៉ាងណាក៏ដោយ មិនត្រូវធ្វើព្រងើយកន្ដើយ ឬធ្វើមិនដឹងមិនឮនោះទេ។ ៣- កុលវំសំ ឋបេស្សាមិ បុត្រធីតា គប្បីថែរក្សា វង្សត្រកូលឲ្យបានល្អ ត្រូវការពារកេរ្តិ៍ឈ្មោះមាតាបិតារបស់ខ្លួន និងតំកើងវង្សត្រកូលឲ្យមានកេរ្តិ៍ឈ្មោះ ពិរោះ ក្រអូបសុះសាយក្នុងសង្គម ព្រមទាំងរៀបចំឥរិយាបថ អាកប្បកិរិយា ឬកពា មារយាទ ឲ្យបានថ្លៃថ្នូរ ត្រូវដឹងស្គាល់ឋានៈរៀមច្បង ខ្ពស់ទាបរបស់មនុស្សកុំឲ្យត្រូវដូចបូរាណពោលថា "ដឹងឆ្ងើយត្បិតដង កូនសោតរែងឆ្គង ត្បិតមេបា"។ បុត្រធីតាត្រូវមានសីលធម៌ សុជីវធម៌ជានិច្ច ហើយប្រព្រឹត្តតែអំពើដែលមានប្រយោជន៍ដល់ខ្លួន និង សង្គម។ ៤- ទាយជ្ជំ បដិបជ្ជាមិ បុត្រធីតា គប្បីគោរពប្រតិបត្តិមាតាបិតាឲ្យបានល្អ ដោយត្រៃបណាម គឺ ការគោរពប្រណិប័តន៍ដោយទ្វារទាំង បី ជាពិសេសពេលដែលគាត់មានវ័យចាស់ជរា។ មិនត្រូវធ្វើមុខ ក្រញូវ ចងចិញ្ចើម ពោលពាក្យទ្រគ្រោះបោះបាក ឬ មានកាយវិការ ច្រងេងច្រងាង ច្រឡោងខាម ពាក្យសំដី រម៉ាំងរមោក បញ្ជួសបន្សោក តបតពាក្យសំដី ឲ្យមាតាបិតាចុកណែនដើមទ្រូងស្រក់ទឹកភ្នែក។ ៥- ទក្ខិណំ អនុប្បទស្សាមិ បុត្រធីតា គប្បីដឹងថា ពេលមាតាបិតា ធ្វើមរណកាលទៅកាន់លោកខាងមុខ យើងជាកូនត្រូវធ្វើបុណ្យឈាបនកិច្ច ព្រមទាំងធ្វើបុណ្យឲ្យបានញឹកញាប់ ហើយជារឿយៗ ដើម្បីឧទ្ទិសកុសលជូនចំពោះលោកទាំងពីរ គឺមាតាបិតាព្រមទាំងញាតិកាទាំងប្រាំពីរសន្ដាន។ សម្បទាធម៌ ៤ យ៉ាងគឺៈ ១- សទ្ធាសម្បទា ដល់ព្រមដោយសទ្ធា។ ប្រសិនបើមាតាបិតា ជាអ្នកគ្មានសទ្ធា ជឿលើកម្មផលទេ បុត្រធីតា គប្បីដឹកនាំគាត់ទាំងពីរនាក់ ឲ្យមានសទ្ធាជ្រះថ្លាឡើង។ ២- សីលសម្បទា ដល់ព្រមដោយសីល។ ប្រសិនបើមាតាបិតា ជាអ្នកទ្រូស្ដសីល មានការសម្លាប់សត្វជាដើម បុត្រធីតា គប្បីពន្យល់ណែនាំលោកទាំងទ្វេឲ្យរក្សាសីលឡើង។ ៣- ចាគសម្បទា ដល់ព្រមដោយការលះ។ ប្រសិនបើមាតាបិតាជាមនុស្សកំណាញ់ស្វិតស្វាញ មិនចេះចំណាយធនធានធ្វើទានទេ បុត្រធីតាគប្បីពន្យល់ណែនាំ កុំឲ្យគាត់លុះក្រោមអំណាចមច្ឆរិយៈធ្វើជាទាសករនៃទ្រព្យសម្បត្តិ ឲ្យគាត់ចេះបរិច្ចាគធនធានធ្វើជាទានឡើង។ ៤- បញ្ញាសម្បទា ដល់ព្រមដោយបញ្ញា។ ប្រសិនបើមាតាបិតា ជាអ្នកមិនចូលចិត្តស្ដាប់ធម៌ទេសនា ឬ សិក្សារៀនសូត្រធម៌អាថ៌ ចំរើនមេត្តាភាវនាទេនោះ បុត្រធីតា គប្បីពន្យល់ណែនាំគាត់ឲ្យចេះស្ដាប់ធម៌ សិក្សាអត្ថន័យរបស់ព្រះធម៌ ហើយតាំងចិត្តចំរើននូវកម្មដ្ឋាន ដើម្បីឲ្យកើតបញ្ញាចាក់ធ្លុះឡើង។ កុលបុត្រកុលធីតា កាលបើបានអនុវត្តនូវសង្គហធម៌ទាំង ៥ យ៉ាង និង សម្បទា ៤ យ៉ាង ដូចបានពោលមកខាងលើដោយម៉ត់ចត់មិនធ្វេសប្រហែស ចំពោះលោកអ្នកដ៏មានគុណ គឺ មាតាបិតានិងមានឈ្មោះថាបានបំពេញ បូជាទាន ឬ បដិការទាន ព្រមទាំងមានឈ្មោះថា កតញ្ញូកតវេទីបុគ្គល ផង។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀបរៀងដោយ ឈុន គឹមអៀត ដោយ៥០០០ឆ្នាំ |