អានអត្ថបទ
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៧,៤៩១ ដង)
បញ្ហាខកចិត្ត

|
បញ្ហាខកចិត្តនេះ មានទូទៅចំពោះសត្វលោកដែលជាអ្នកមានសេចក្តីសង្ឃឹមទៅលើអ្វីមួយ ហើយមិនបានសម្រេច ។ សេចក្តីសង្ឃឹមក៏ជាចំណែកមួយនាំឲ្យមានកម្លាំងចិត្តក្នុងការងារដែរ ប៉ុន្តែបើបុគ្គលអ្នកមាននូវសេចក្តីសង្ឃឹមនោះ មិនបានកំណត់ហេតុផលឲ្យជាក់លាក់ ថែមទាំងមិនបានធ្វើទុកក្នុងចិត្តនូវសេចក្តីពិតរបស់សង្ខារលោកទេនោះ រោគខកចិត្តដែលជាបញ្ហាឈឺចាប់ និងសោកសៅ ត្រូវបានកើតឡើងនៅពេលដែលមិនបានសម្រេចដូចក្តីសង្ឃឹម ។ សេចក្តីសង្ឃឹម ដែលមិនបានកំណត់ហេតុផលឲ្យជាក់លាក់ មានជាអាទិ៍ដូចជាៈ
- សង្ឃឹមថា មនុស្សគ្រប់គ្នានឹងមាននូវឧត្តមគតិ ឬមាននូវគតិធម៌ ជាមនុស្សល្អទាំងអស់គ្នា ។ - សង្ឃឹមថា មនុស្សក្នុងលោកនឹងស្រឡាញ់ខ្លួន ទទួលស្គាល់គ្រប់ ៗ គ្នា ។ - សង្ឃឹមថា អ្នកដទៃមានសេកច្តីស្រឡាញ់ស្មោះចំពោះខ្លួនរហូត មិនប្រែប្រួល ។ - សង្ឃឹមថា ខ្លួនឯងនឹងបានទៅជាបុគ្គលយ៉ាងនេះ យ៉ាងនោះតាមការតាំងចិត្ត ។ អ្វី ៗ ក្នុងលោក សុទ្ធតែមានហេតុផលនិងការពិត កាលបើចេះតែមានសេចក្តីសង្ឃឹម ដោយមិនបានកំណត់ហេតុឲ្យបានច្បាស់លាស់ លុះដល់ហេតុអត់បាន ឬហេតុមិនគ្រប់គ្រាន់ ផលក៏មិនបានសម្រេចតាមសេចក្តីសង្ឃឹមនោះ ៗ រូចហើយមិនចេះកំណត់ដឹងទៅលើការពិតទៀតថា អ្វីដែលកើតឡើង គឺចាត្រូវតែកើត និង អ្វីណាដែលមាន គឺវាត្រូវតែមាន ដូច្នេះការខកចិត្តព្រមទាំងសេចក្តីសទុក្ខសោក រមែងគ្របសង្កត់ចិត្តខ្លាំង ។ មនុស្សយើងកាលណាជួបប្រទះនូវការខកចិត្ត គួរគិតពិចារណាដូចតទៅនេះ - នេះជាការពិតនៃជីវិតក្នុងលោក ។ - លោកនេះ មិនធ្លាប់មានការប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នារបស់អ្នកណាឡើយ សូម្បីតែព្រះជាម្ចាស់ដែលគេប្រាប់ថាជាអ្នកសាងនូវលោក ក៏នៅតែគ្រប់គ្រងលោកនេះ និង គ្រប់គ្រងមនុស្សសត្វទាំងឡាយមិនបានផង ។ - សង្ខារធម៌ មិនបានឋិតនៅក្រោមអំណាចអ្នកណាមួយឡើយ សូម្បីតែព្រះព្រហ្ម ដែលគេប្រាប់ថា ជាអ្នកលិខិតគ្រប់យ៉ាងគឺព្រហ្មលិខិតនោះឯង នៅតែធ្វើឲ្យមនុស្សល្អដូចព្រហ្ម ឬល្អតាមព្រះព្រហ្មប្រាថ្នានោះ ៗ មិនបានផងដែរ ។ - ទោះជាមនសុស្ណាខ្លាំងពូកែក្នុងលោកប៉ុនណា កាចសាហាវយ៉ាងណា ក៏មនុស្សនោះ មិនអាចចាត់ការចំពោះសង្ខារលោកបានដែរ ។ អ្នកដែលបានប្រកាន់ថាអញនិងរបស់អញកន្លងមក សុទ្ធតែធ្លាប់ឈឺចាប់ក្នុងដើមទ្រូង សោកសៅដម្បៅរួចមកហើយ ទាំងអ្នកដែលបាន អះអាងថាខ្លួនពូកែក្នុងការគ្រប់គ្រងប្រទេសនគរ ឬថាជាអ្នកខ្លាំងពូកែផ្នែកសេដ្ឋកិច្ចពិភពលោកជាដើម សុទ្ធតែធ្លាប់ខកចិត្តឬកំពុងតែខកចិត្តហ្នឹងឯង ។ បុគ្គលណាមិនព្រមទទួលការពិត ត្រូវទទួលការឈឺចាប់ផ្លូវចិត្តជាពិតប្រាកដ ដូច្នេះកិច្ចការសំខាន់បំផុតរបស់យើងដែលបានកើតមកក្នុងលោកនេះ គឺត្រូវរៀនឲ្យបានចេះដឹងនូវការពិតនៃជីវិត និង ការពិតក្នុងលោក ។ បុគ្គលណា ៗ ជំទាស់នឹងធម្មជាតិដែលប្រែប្រួល បុគ្គលនោះ ៗ ត្រូវទទួលការខកចិត្តនិងឈឺចាប់ខ្លោចផ្សាជាពិតប្រាកដ ។ ចំណែកបុគ្គលដែលដឹងទាន់ការពិត និង អប់រំចិត្តឲ្យព្រមទទួលការពិតនោះបាន ឈ្មោះថារៀនចេះនូវអនត្តលក្ខណសូត្រ មិនមានការខកចិត្ត ទាំងដែលប្រាសចាកនូវការសង្ឃឹមអ្វី ៗ ពីលោកនេះ ហើយបានចូលដល់សេចក្តីសុខស្ងប់ ទៀងទាត់មិនប្រែប្រួល ។ ដកស្រង់ចេញពីសៀវភៅៈ គតិធម៌ រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |