អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៤,២៣៨ ដង)
អ្នកខ្មាសបាប ខ្លាចបាប

|
អ្នកខ្មាសបាប ខ្លាចបាបសង្រួមក្នុងទ្វារអ្នកប្រាជ្ញ
ហៅថាអ្នករក្សាខ្លួនពិត ពាក្យថា ខ្មាស មានន័យថា សេចក្ដីអៀនអន់។ ពាក្យថា បាប មានន័យថា ដែលលាកមក ពុំប្រសើរ អាក្រក់។ មួយទៀត ពាក្យថា ខ្លាចមានន័យថា ដែលមិនហ៊ាន មិនអាច គឺ មិនធ្វើបាប មិនធ្វើអាក្រក់ ព្រោះអាក្រក់រមែងនាំសេចក្ដីទុក្ខមកឲ្យ។ ពាក្យថា រក្សា មានន័យថា ថែ ថែទាំ បីបាច់ ចិញ្ចឹម កាន់ កាប់ ជាដើម។ គ្រហស្ថ និង បព្វជិតទាំងឡាយ តើបានយល់ពីការខ្មាសបាប ខ្លាចបាប និង ការរក្សាខ្លួនហើយឬនៅបើបានយល់ហើយ ត្រូវតែយល់តទៅទៀត បើសិនជាមិនបានយល់ហើយ ត្រូវតែព្យាយាមសិក្សាឲ្យបានច្រើនស្វែងយល់ឲ្យណាស់ ទើបប្រសើរថ្លៃថ្លាដល់ខ្លួនឯង។ អ្នកណាមួយមិនខ្មាសបាប មិនខ្លាចបាប ហើយខំតែរក្សាត្រឹមរូបសម្បត្តិខាងក្រៅ អ្នកនោះក៏នៅតែឈ្មោះថា មិនរក្សាខ្លួនដដែល។ មួយខណៈចិត្តក៏គិតរឿងបាប មួយជំហានក៏គិតរឿងបាប មួយវិនាទីក៏គិតរឿងបាប មួយថ្ងៃក៏គិតរឿងបាប មួយសប្ដាហ៍ក៏គិតរឿងបាប មិនដែលចេះខ្មាសបាប និង មិនដែលចេះខ្លាចបាប តើនេះឈ្មោះថា រក្សាខ្លួននៅត្រង់ណាទៅ។ ការវៀរចាកបាបធម៌ គឺ ជាសារៈសម្រាប់ជីវិតមនុស្សគ្រប់គ្នា។ ខ្មាសបាប មិនខ្មាសបុណ្យ ខ្លាចបាប មិនខ្លាចបុណ្យ នេះទើបបណ្ឌិតហៅថា រក្សាខ្លួន។ សង្រួមក្នុងទ្វារ គឺ សង្រួមផ្លូវកាយ វាចា ចិត្តព្រោះពាក្យថាទ្វារនេះ គឺ មានន័យថា ច្រក ឬ ផ្លូវ។ សង្រួមមិនធ្វើបាប តាមកាយ វាចា ចិត្ត ហើយប្រព្រឹត្តអត្តចរិតឲ្យបានប្រពៃ ទៅតាមមាគ៌ានៃបណ្ឌិតក៏ឈ្មោះថា រក្សាខ្លួន។ រក្សាអ្វី ស្មើនឹងការរក្សាខ្លួននេះមិនមានឡើយ។ បើសូម្បីតែខ្លួនឯងមិនរក្សាមិនបានទៅហើយ តើគួរនឹងរក្សានរណាបានទៀត។ ជនដែលនាខ្លួនឯងឲ្យផុតចាកបាប ជននោះគឺឈ្មោះថា ស្ងួនគ្រងបមបីរក្សាថែខ្លួនដោយពិត។ ការរក្សាខ្លួននេះ មិនមែនទាល់តែអ្នកបួសនោះទេ អ្នកមិនបួសក៏រក្សាបានដូចគ្នា ដូចជាយើងទទួលទានអាហារចឹង មិនមែនទាល់តែអ្នកបួសឯណា អ្នកមិនបួសក៏អាចទទួលទានអាហារបានដូចគ្នា។ មនុស្ស មិនមែនសំខាន់នៅលើរូបសម្បត្តិទាំងស្រុងនោះទេ អ្វីដែលសំខាន់នោះគឺ ចេះរក្សាខ្លួនឯងឲ្យបានឆ្ងាយពីនរកនៃអកុសលធម៌ នេះទើបជារឿងសំខាន់ដែលអាក់ខានមិនបានឡើយ បើសិនជាអាក់ខានហើយ គឺស្មើនឹងសម្លាប់ខ្លួនឯង ឬ ច្រានខ្លួនឯងឲ្យទៅនរកដូច្នោះឯង។ ខ្ញុំកំពុងតែគិតថា គ្មាននរណាចង់ទៅនរកនោះឡើយ ហើយក៏គ្មាននរណាដែលចង់ឲ្យខ្លួនឯងរងនូវសេចក្ដីទុក្ខលំបាកដែរ។ ការរក្សាខ្លួននេះ គឺ សាហាយៈធម៌ (ធម៌ជាសម្លាញ់) ដ៏ល្អដែលយើងត្រូវទទួល។ លាភយកជាដើម មិនមែនជាកល្យាណធម៌ទេតែវាជាគ្រឿងបន្លំធ្វើឲ្យយើងភ្លេចរក្សាខ្លួនបាន។ មនុស្សឆ្លាតទៅបាន មិនមែនទាល់តែមានរូបស្អាតស្អំនោះឡើយ ការពិការដៃជើងក៏អាចឆ្លាតបានដូចតែគ្នា។ បើខ្លួនឆ្លាតត្រឹមត្រូវហើយ នឹងបានរក្សាគ្រងខ្លួនស្ងួនបានយ៉ាងល្អប្រសើរ នឹងប្រព្រឹត្តទៅដើម្បីរួចចាកទុក្ខដ៏ពិតប្រាកដបានទៀតផង។ ចូរពង្រឹងស្មារតីឲ្យបានប្រពៃ ពេលបានស្មារតីល្អហើយនឹងរក្សាខ្លួនងាយរក្សាខ្លួនងាយហើយ ការរួចចាកទុក្ខក៏ងាយដែរ។ ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ៥០០០ឆ្នាំ |