អានអត្ថបទ
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៦,៦០៣ ដង)
តេសញ្ច យោ និរោធោ ច

|
បាទទី ៣ នៃព្រះគាថា ដែលព្រះអស្សជិត្ថេរ បានសម្ដែងប្រាប់ដល់ព្រះសារីបុត្ត ព្រះអដ្ឋកថាវិន័យ មហាខន្ធកៈ បានពន្យល់សេចក្ដីថា តេសំ ឧភិន្នម្បិ សច្ចានំ យោ អប្បវត្តិនិរោធោ តញ្ច តថាគតោ អាហាតិ អត្ថោ ។ តេនស្ស និរោធសច្ចំ ទស្សេតិ ។ មានសេចក្ដីថា ព្រះតថាគតត្រាស់សម្ដែងនូវនិរោធ គឺការមិនប្រព្រឹត្តទៅនៃសច្ចៈសូម្បីទាំង ២ ( គឺទុក្ខសច្ចនិងសមុទយសច្ច ) នោះផង ។ ដោយពាក្យនេះឯង ដែលព្រះថេរៈសម្ដែងនូវនិរោធសច្ចដល់ព្រះសារីបុត្តនោះ ។
អថ វា តេសញ្ច យោ និរោធោតិ ឯត្ថ តេសំ យោ និរោធោ ច និរោធុបាយោ ចាតិ ឯវំ ទ្វេបិ សច្ចានិ ទស្សិតានិ ហោន្តីតិ ។ ម្យ៉ាងទៀត ក្នុងបាទនៃព្រះគាថា ដែលថា តេសញ្ច យោ និរោធោ ច នេះ គឺសូម្បីសច្ចៈទាំង ២ ( បានដល់និរោធសច្ចនិងមគ្គសច្ច ) ដែលព្រះថេរៈសម្ដែងហើយ យ៉ាងនេះថា ការរលត់នៃសច្ចៈទាំង ២ នោះ ( គឺទុក្ខសច្ចនិងសមុទយសច្ច ) និងឧបាយនៃការរលត់សច្ចៈទាំង ២ នោះឯង ដោយប្រការដូច្នេះ ។ សេចក្ដីដែលព្រះអដ្ឋកថាពន្យល់ក្នុងបាទនៃព្រះគាថា តេសញ្ច យោ និរោធោ ច នេះ គឺព្រះអស្សជិត្ថេរ ប្រកាសសច្ចៈ ២ គឺនិរោធសច្ច និងមគ្គសច្ច ។ និរោធសច្ច បានដល់ការរលត់សច្ចៈ ២ ខាងដើម គឺទុក្ខសច្ចនិងសមុទយសច្ច ចំណែកមគ្គសច្ចវិញ បានដល់ឧបាយនៃការរលត់ទុក្ខសច្ចនិងសមុទយសច្ចហ្នឹងឯង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ |