អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៦៧,៦៩៨ ដង)
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង

|
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ ១- ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃប្រៀបដូចជា លោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ។ ២- ព្រះពុទ្ធប្រៀបដូចជាព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃប្រៀបដូចជាលោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ។ ៣- ព្រះពុទ្ធប្រៀបដូចជាអ្នកដុតព្រៃ ព្រះធម៌ដុតព្រៃ គឺកិលេសប្រៀបដូចជាភ្លើងដុតព្រៃ ព្រះសង្ឃដែលជាបុញ្ញក្ខេត្ត ព្រោះដុតកិលេសបានហើយប្រៀបដូចជាភូមិភាគដែលជាស្រែព្រោះដុតព្រៃអស់ហើយ។ ៤- ព្រះពុទ្ធប្រៀបដូចជាមហាមេឃដែលឲ្យនូវភ្លៀង ព្រះធម៌ប្រៀបដូចជាទឹកភ្លៀង ព្រះសង្ឃអ្នករម្ងាប់នូវលំអងកិលេស ប្រៀបដូចជាជនបទដែលរម្ងាប់នូវលំអងធូលីព្រោះភ្លៀងធ្លាក់។ ៥- ព្រះពុទ្ធប្រៀបដូចជាសារថីដ៏ប្រសើរ ព្រះធម៌ប្រៀបដូចជាឧបាយសម្រាប់បង្វឹកសេះអាជានេយ្យ ព្រះសង្ឃប្រៀបដូចជាហ្វូងសេះអាជានេយ្យដែលហ្វឹកហាត់ល្អហើយ។ ៦- ព្រះពុទ្ធប្រៀបដូចជាអ្នកដកព្រួញ ព្រោះទ្រង់ដកសរគឺទិដ្ឋិបានអស់ ព្រះធម៌ប្រៀបដូចជាឧបាយដកសរចេញបាន ព្រះសង្ឃជាអ្នកដែលត្រូវដកសរគឺទិដ្ឋិចេញបានហើយ ប្រៀបដូចជាជនដែលត្រូវដកសរចេញបាន។ ៧- ព្រះពុទ្ធប្រៀបដូចជាពេទ្យភ្នែក ព្រោះទ្រង់បកស្រទាប់មោហៈចេញបានហើយ ព្រះធម៌ប្រៀបដូចឧបាយជាគ្រឿងបកភ្នែក ព្រះសង្ឃមានស្រទាប់ភ្នែកបងហើយមានភ្នែកគឺញាណដ៏ភ្លឺថ្លា ប្រៀបដូចជាជនដែលបកភ្នែកមានភ្នែកភ្លឺ។ ៨- ព្រះពុទ្ធប្រៀបដូចជាពេទ្យដ៏ពូកែ ព្រោះទ្រង់អាចកម្ចាត់នូវព្យាធិ គឺកិលេស ព្រមទាំងអនុស័យចេញបាន ព្រះធម៌ប្រៀបដូចជាថ្នាំដែលផ្សំត្រឹមត្រូវហើយ ព្រះសង្ឃដែលមានព្យាធិគឺកិលេស និងអនុស័យរម្ងាប់ហើយ ប្រៀបដូចជាពពួកជនដែលមានព្យាធិ រម្ងាប់ហើយព្រោះកបនឹងថ្នាំ។ ៩- ព្រះពុទ្ធប្រៀបដូចជាអ្នកចង្អុលផ្លូវ ព្រះធម៌ប្រៀបដូចជាផ្លូវល្អ គឺផ្លូវដែលសម្រាប់រួចផុតពីភ័យ ព្រះសង្ឃប្រៀបដូចជាអ្នកដើរផ្លូវដល់ទីដែលផុតភ័យ។ ១០- ព្រះពុទ្ធប្រៀបដូចជាអ្នកអុំទូកដ៏ចំណាន ព្រះធម៌ប្រៀបដូចជាទូក ព្រះសង្ឃប្រៀបដូចជាអ្នកដើរផ្លូវបានដល់ត្រើយ។ ១១- ព្រះពុទ្ធប្រៀបដូចជាព្រៃហិមពាន្ត (ព្រៃដែលមានទឹកសន្សើម) ព្រះធម៌ប្រៀបដូចជាឱសថដែលកើតនៅព្រៃហិមពាន្តនោះ ព្រះសង្ឃប្រៀបដូចជាជនអ្នកមិនមានរោគព្រោះប្រើថ្នាំ។ ១២- ព្រះពុទ្ធប្រៀបដូចជាអ្នកប្រទានទ្រព្យ ព្រះធម៌ប្រៀបដូចជាទ្រព្យ ព្រះសង្ឃអ្នកអរិយទ្រព្យមកដោយប្រពៃ ប្រៀបដូចជាជនអ្នកបានទ្រព្យតាមបំណង។ ១៣- ព្រះពុទ្ធប្រៀបដូចជាអ្នកចង្អុលកំណប់ទ្រព្យ ព្រះធម៌ប្រៀបដូចជាកំណប់ទ្រព្យ ព្រះសង្ឃប្រៀបដូចជាជនអ្នកបានកំណប់ទ្រព្យ។ ១៤- ព្រះសម្មាសម្ពុទ្ធជាវិរបុរស ប្រៀបដូចជាអ្នកប្រទាននូវការមិនមានភ័យ ព្រះធម៌ប្រៀបដូចជាការមិនមានភ័យ ព្រះសង្ឃដែលរួចពីភ័យគ្រប់យ៉ាង ប្រៀបដូចជាជនដល់នូវការមិនមានភ័យ។ ១៥- ព្រះពុទ្ធប្រៀបដូចជាអ្នកលួងលោម ព្រះធម៌ប្រៀបដូចជាការលួងលោម ព្រះសង្ឃប្រៀបដូចជាជន អ្នកត្រូវលួងលោម។ ១៦- ព្រះពុទ្ធប្រៀបដូចជាមិត្តល្អ ព្រះធម៌ប្រៀបដូចជាពាក្យដាស់តឿនដែលជាពាក្យមានប្រយោជន៍ ព្រះសង្ឃប្រៀបដូចជាជនអ្នកជួបប្រសព្វនូវប្រយោជន៍ព្រោះធ្វើតាមពាក្យរបស់មិត្តល្អ។ ១៧- ព្រះពុទ្ធប្រៀបដូចជាអណ្ដូងនាំឲ្យកើតទ្រព្យ ព្រះធម៌ប្រៀបដូចជាទ្រព្យដែលមានសារៈ ព្រះសង្ឃប្រៀបដូចជាជនអ្នកប្រើទ្រព្យដែលជាសារៈ។ ១៨- ព្រះពុទ្ធប្រៀបដូចជាអ្នកស្រោចទឹកងូតឲ្យព្រះរាជកុមារ ព្រះធម៌ប្រៀបដូចជាទឹកស្រោចស្រពលើព្រះរាជកុមារតាំងពីព្រះសីសៈចុះមក ព្រះសង្ឃអ្នកបានទទួលនូវការស្រោចស្រពទឹកល្អហើយ ដោយទឹកគឺព្រះសទ្ធម្ម ប្រៀបដូចជាក្រុមព្រះរាជកុមារដែលបានស្រង់ទឹកល្អហើយ។ ១៩- ព្រះពុទ្ធប្រៀបដូចជាជាងធ្វើគ្រឿងប្រដាប់ ព្រះធម៌ប្រៀបដូចជាគ្រឿងប្រដាប់ (អលង្ការ) ព្រះសង្ឃជាអ្នកប្រដាប់ដោយព្រះសទ្ធម្ម ប្រៀបដូចជាព្រះរាជឱរសទាំងឡាយដែលទ្រង់ប្រដាប់ហើយ។ ២០- ព្រះពុទ្ធប្រៀបដូចជាដើមចន្ទន៍ ព្រះធម៌ប្រៀបដូចជាក្លិនដែលកើតអំពីខ្លឹមចន្ទន៍នោះ ព្រះសង្ឃបានរម្ងាប់នូវសេចក្ដីក្ដៅក្រហាយចិត្តដោយព្រះសទ្ធម្ម ប្រៀបដូចជាជនអ្នករម្ងាប់នូវភាពក្ដៅផ្លូវកាយ ព្រោះបើលម្អិតខ្លឹមចន្ទន៍នោះឯង។ ២១- ព្រះពុទ្ធប្រៀបដូចជាបិតា អ្នកចែកទ្រព្យមរតកប្រកបដោយធម៌ ព្រះធម៌ប្រៀបដូចជាទ្រព្យមរតក ព្រះសង្ឃអ្នកទទួលនូវទ្រព្យមរតកគឺព្រះសទ្ធម្មប្រៀបដូចជាបុត្រទាំងឡាយ ដែលជាអ្នកទទួលនូវទ្រព្យមរតក។ ២២- ព្រះពុទ្ធប្រៀបដូចជាផ្កាឈូកដែលរីក ព្រះធម៌ប្រៀបដូចជាលំអងកេសរដែលកើតក្នុងផ្កាឈូកនោះ ព្រះសង្ឃប្រៀបដូចជាភមរជាតិ (មានសត្វឃ្មុំជាដើម) ដែលក្រេបយកលំអងកេសរក្នុងផ្កាឈូក។ គប្បីប្រកាសព្រះសរណត្រ័យនោះ ដោយសេចក្ដីឧបមារទាំងឡាយ ដូចពោលមកនេះឯង។ ដកស្រង់ចេញពីសៀវភៅ ប្រជុំត្រ័យរ័ត្ន រៀបរៀងដោយ ឆាយ ការ៉ាណូ ដោយ៥០០០ឆ្នាំ |