អានអត្ថបទ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៤៦,៤៥៧ ដង)
អំពី អវិជ្ជា និង វិជ្ជា

|
មហាវារសំយុត្តខ្សែ ១៦ និង បដិសម្ភិទាខ្សែ ៩
ព្រះញាណបវរវិជ្ជា អែម ចាងហ្វាងសាលាបាលីជាន់ខ្ពស់ អធិប្បាយ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩២៧ មហាវារសំយុត្តខ្សែ ១៦ សម្ដែងថាមានភិក្ខុ ១ អង្គ មាននាមនិងគោត្រមិនប្រាកដ ទូលសួរព្រះដ៏មានព្រះភាគ កាលដែលព្រះអង្គគង់នៅវិហារព្រះជេតពន នគរសាវត្ថី ដោយបាលីថា ៖ អវិជ្ជាអវិជ្ជាភន្តេវុច្ចតិ កតមានុខោភន្ដេអវិជ្ជា កិតាវតាចអវិជ្ជាគតោហោតិ ។ ប្រែថា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន កិរិយាល្ងង់ខ្លៅមិនដឹងព្រះអង្គពោលឲ្យឈ្មោះថាអវិជ្ជា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើនអវិជ្ជានោះតើដូចម្ដេច ? បុគ្គលដែលលុះក្នុងចំណោមនៃអវិជ្ជា មានដោយហេតុប៉ុន្មានយ៉ាង ? ។ ព្រះដ៏មានព្រះភាគព្រះអង្គសម្ដែងវិសជ្ជនាថាៈ យំខោភិក្ខុទុក្ខេអញាណំ ទុក្ខសមុទយេអញាណំ ទុក្ខនិរោធេអញាណំ ទុក្ខនិរោធគាមិនិបដិបទាយអញាណំ អយំវុច្ចតិកិក្ខុអវិជ្ជា ឯតាវតាចអវិជ្ជាគតោហោតិ ។ ប្រែថាៈ ម្នាលភិក្ខុ សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងកងទុក្ខឯណាមែនពិត សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងសភាវៈគឺតណ្ហា ជាទីប្រជុំបណ្ដាលឲ្យកើតឡើងនូវកងទុក្ខឯណាមែនពិត សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងឧបាយជាទីរំលត់នូវកងទុក្ខឯណាមែនពិត ម្នាលភិក្ខុសេចក្ដីល្ងង់ពុំដឹងច្បាស់ ៤ យ៉ាងនេះ ព្រះតថាគតពោលឲ្យឈ្មោះថាអវិជ្ជា បុគ្គលដែលលុះអំណាចនៃអវិជ្ជាដោយហេតុមានប្រមាណប៉ុណ្ណេះឯង ។ ![]() ភិក្ខុនោះ ទូលសួរនូវវិជ្ជាតទៅទៀត ដោយបាលីថា ៖ វិជ្ជាវិជ្ជាតិភន្តេវុច្ចតិ កតមានុខោភន្តេវិជ្ជា កិតាវតាចវីជាគតោហោតិ ។ ប្រែថាៈ បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន កិរិយាដែលចេះដឹងច្បាស់ ព្រះអង្គពោលឲ្យឈ្មោះថាវិជ្ជា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន វិជ្ជានោះតើដូចម្ដេច ? បុគ្គលដែលលុះក្នុងអំណាចនៃវិជ្ជា កើតបានដោយហេតុប៉ុន្មាន ? ព្រះដ៏មានព្រះភាគទ្រង់សម្ដែងវិសជ្ជនាថា ៖ យំខោភិក្ខុ ទុក្ខេញាណំ ទុក្ខសមុទយេញណំ ទុក្ខនិរោធញាណំ ទុក្ខនិរោគាមិនិបដិបទាយញាណំ អយំវុច្ចតិភិក្ខុវិជ្ជា ឯតាវតាចវិជ្ជាគតោហោតិ។ ប្រែថាៈ ម្នាលភិក្ខុ សេចក្ដីចេះដឹងច្បាស់ក្នុងកងទុក្ខឯណាមែនពិតសេចក្ដីចេះដឹងច្បាស់ក្នុងសភាវៈ គឺតណ្ហាជាទីប្រជុំបណ្ដាលឲ្យកើតឡើងនូវកងទុក្ខឯណាមែនពិត សេចក្ដីដឹងច្បាស់ក្នុងឧបាយជាទីរំលត់នូវកងទុក្ខឯណាមែនពិត សេចក្ដីដឹងច្បាស់នូវផ្លូវប្រព្រឹត្តទៅកាន់ទីរំលត់ទុក្ខឯណាមែនពិត ម្នាកភិក្ខុ សេចក្ដីចេះដឹងច្បាស់ទាំង ៤ យ៉ាងនេះ ព្រះតថាគតពោលឲ្យឈ្មោះថាវិជ្ជា បុគ្គលដែលដល់នូវវិជ្ជា កើតមានដោយហេតុមានប្រមាណប៉ុណ្ណេះឯង ។ ![]() ម្យ៉ាងវិញទៀត ក្នុងគម្ពីរ បដិសម្ភិទា ខ្សែ ៩ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គសម្ដែងនូវទោសនៃអវិជ្ជាមាន ៥ ដោយបាលីថា ៖ បញ្ចហាការេហិ អវិជ្ជាយអាទីនវោហោតិ ប្រែថាៈ ទោសរបស់អវិជ្ជា កើតមានដល់សត្វ ដោយអាការទាំងឡាយ ៥ យ៉ាង ។ កតមេហិបញ្ចហាការេហិ អវិជ្ជាយអាទីនវោហោតិ អនិច្ចត្ថេនអវិជ្ជាយអាទីនវោហោតិ ទុក្ខត្ថេនអវិជ្ជាយ-អាទីនវោហោតិ អនត្តត្ថេនអវិជ្ជាយអាទីនវោហោតិ សន្តាបត្ថេនអវិជ្ជាយអាទីនវោហោតិ វិបរិណាមណត្ថេន-អវិជ្ជាយអាទីនវោហោតិ ឥមេហិបញ្ចហិអាការេហិ អវិជ្ជាយអាទីនវោហោតិ ។ ប្រែថាៈ ទោសរបស់អវិជ្ជាកើតមានដល់សត្វ ដោយអាការទាំងឡាយ ៥ យ៉ាងដូចម្ដេចខ្លះ ? វិសជ្ជនាថា ទោសរបស់អវិជ្ជាកើតមានដល់សត្វ ដោយអត្ថថាញ៉ាំងសត្វមិនឲ្យតាំងនៅជានិច្ចមួយ ទោសរបស់អវិជ្ជាកើតមានដល់សត្វ ដោយអត្ថថា ញ៉ាំងសត្វឲ្យដល់នូវសេចក្ដីទុក្ខ ប្រព្រឹត្តទៅក្នុងកាយ និងចិត្តមួយ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឲ្យមានតែស្រាយ ៗ មិនឲ្យមានខ្លឹមសារមួយ ទោសរបស់អវិជ្ជាកើតមានដល់សត្វ ដោយអត្ថថា ញ៉ាំងសត្វឲ្យក្ដៅក្រហាយសព្វប្រព្រឹត្តទៅក្នុងកាយ និងចិត្តជានិច្ចមួយ, ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឲ្យទ្រុឌទ្រោមចាស់ជរាគ្រាំគ្រាប្រែប្រួលទៅជាប្រក្រតីមួយ, ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអាការទាំងឡាយ ៥ យ៉ាងនេះឯង ។ អវិជ្ជាដែលនឹងរលត់សូន្យទៅដោយអាការ ៨ យ៉ាងដោយបាលីថា ៖ កតមេហិ អដ្ឋហិអាការេហិ អវិជ្ជានិរុជ្ឈតិ និទាននិរោធេនអវិជ្ជានិរុជ្ឈតិ សមុទយនិវោធេនអវិជ្ជានិរុជ្ឈតិ ជាតិនិរោធេនអវិជ្ជានិរុជ្ឈតិ ហេតុនិរោធេនអវិជ្ជានិរុជ្ឈតិ បច្ចយនិរោធេនអវិជ្ជានិរុជ្ឈតិ ញាណុប្បាទេនអវិជ្ជានិរុជ្ឈតិ និរោធុបដ្ឋានេនអវិជ្ជានិរុជ្ឈតិ ឥមេហិ អដ្ឋហិអាការេហិអវិជ្ជានិរុជ្ឈតិ ។ ប្រែថា អវិជ្ជារលត់សូន្យទៅដោយអាការទាំងឡាយ ៨ យ៉ាងដូចម្ដេច ? វិសជ្ជនា អវិជ្ជារលត់សូន្យទៅ ដោយកិរិយារលត់នូវនាម និងរូបដែលជាទីតាំងកើតឡើងនៃកងទុក្ខ ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយារលត់នូវសភាវៈគឺតណ្ហា ដែលជាទីប្រជុំកើតឡើងនៃកងទុក្ខ ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយារលត់នូវជាតិ ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយារលត់នូវបច្ច័យ គឺអាហារ និងផស្ស និងនាមរូប ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយាកើតឡើងនៃញាណគឺប្រាជ្ញដឹងច្បាស់ ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយាបង្កើតឡើងប្រាកដនៃនិរោធ ១ ថែមអវិជ្ជា ១ ទៀត ដែលជាមេដើមរលត់សូន្យទៅដោយធម៌ទាំង ៧ ខាងដើមនេះត្រូវជា ៨ អវិជ្ជារលត់សូន្យទៅ ដោយអាការទាំងឡាយ ៨ នេះ ។ សម្ដែងអំពីអវិជ្ជា និង វិជ្ជាចប់សេចក្ដីជាសង្ខេបប៉ុណ្ណេះ ៕ ដោយ៥០០០ឆ្នាំ |