អានអត្ថបទ
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ២,២៤៦ ដង)
អដ្ឋិសេនជាតកទី៨

|
(ព្រះបាទពារាណសី សួរពោធិសត្វថា) បពិត្រតាបសព្រះនាមអដ្ឋិសេនៈ ខ្ញុំមិនដែលស្គាល់ពួកស្មូមណា ពួកស្មូមនោះ ប្រជុំគ្នាមករកខ្ញុំ ហើយសូម (នូវវត្ថុដែលខ្លួនត្រូវការ) ហេតុអ្វីក៏លោកមិនសូមខ្ញុំ។
(តាបសពោធិសត្វ ពោលថា) បុគ្គលអ្នកសូម រមែងមិនជាទីស្រឡាញ់ (នៃអ្នកឲ្យ) បុគ្គលអ្នកមិនឲ្យនូវរបស់ដែលគេសូមរមែងមិនជាទីស្រឡាញ់ (នៃស្មូម) ព្រោះហេតុនោះ បានជាអាត្មាមិនសូមមហារាជ កុំឲ្យមហារាជ ស្អប់អាត្មាឡើយ ។ (ព្រះរាជាត្រាស់ថា) សមណព្រាហ្មណ៍ ណារស់ដោយការសូម តែមិនសូមវត្ថុខ្លូនត្រូវសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃ ឲ្យខូចបុណ្យផង ឈ្មោះថាមិនបានរស់ស្រួល ដោយខ្លួនឯងផង ។ សមណព្រាហ្មណ៍ណា រស់ដោយការសូម ហើយសូមនូវវត្ថុដែលខ្លួនត្រូវការសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃឲ្យបានបុណ្យផង ឈ្មោះថា រស់នៅស្រួល ដោយខ្លួនឯងផង ។ បុគ្គលមានប្រាជ្ញាទាំងឡាយ ឃើញពួកស្មូម មកដល់ហើយ មិនដែលប្រទូស្ត លោកជាព្រហ្មចារីបុគ្គលជាទីស្រឡាញ់នៃខ្ញុំ លោកប្រាថ្នារបស់ណា ដែលត្រូវនិយាយសូម លោកចូរសូមចុះ ។ (ពោធិសត្វ ពោលថា) បុគ្គលមានប្រាជ្ញាទាំងឡាយ មិនដែលសូមទេ ស្រេចតែនឹង (ឧបដ្ឋក) អ្នកមានប្រាជ្ញា គួរដឹង(ខ្លួនឯងចុះ) ពួកអរិយៈ គ្រាន់តែឈរឧទ្ទិសស្ងៀមៗប៉ុណ្ណោះ នុ៎ះជាការសូម របស់ពួកអរិយៈ។ (ព្រះរាជា ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមប្រគេនមេគោមានសម្បុរក្រហម១ពាន់ ព្រមទាំងគោឈ្មោលដល់លោកម្ចាស់ ដ្បិតថា បុគ្គលមានមារយាទដ៏ប្រសើរ បានស្តាប់គាថារបស់លោកដែលប្រកបដោយធម៌ហើយមិនឲ្យដល់បុគ្គល មានអាចារៈដ៏ប្រសើរ (ដូចគ្នា) ដូចម្តេចបាន ។ ចប់ អដ្ឋិសេនជាតកទី៨ បិដក៥៩ ទំព័រ៨៤ ដោយ៥០០០ឆ្នាំ |