អានអត្ថបទ
ផ្សាយ : ២៤ តុលា ឆ្នាំ២០២២ (អាន: ៧៤,៨២៥ ដង)
អង្គនៃឧបោសថសីល ឬ សីល៨

|
ការរក្សាឧបោសថសីល ឬសីល៨ មានភាពខុសប្លែកគ្នា ពីការរក្សានិច្ចសីល ឬ សីល៥ ព្រោះការរក្សាឧបោសថសីល ធ្វើឡើងតែ៤ថ្ងៃ (ឬ៤សីល)ក្នុងមួយខែ គឺថ្ងៃ ៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីលក្នុងថ្ងៃនីមួយៗ រក្សាតែមួយយប់មួយថ្ងៃប៉ុណ្ណោះ។ មានថ្ងៃដទៃទៀតដែលរាប់បញ្ចូលក្នុងថ្ងៃឧបោសថដែរ ប៉ុន្តែសព្វថ្ងៃនេះ ជាទូទៅគឺកំណត់យកតែបួនថ្ងៃ ឬបួនសីលដូចបានរៀបរាប់ខាងលើ ។
![]() ចំណែកឯសីល៥វិញ មិនបានកំណត់កាលឬកំណត់ថ្ងៃដូច្នេះទេ ព្រោះសីល៥ គឺជាសីលដែលត្រូវរក្សាជារៀងរាល់ថ្ងៃ ជានិច្ចនិរន្តរ៍ ដូច្នេះហើយទើបមានវេវចនស័ព្ទមួយទៀតហៅថា និច្ចសីល ។ កិច្ចនៃឧបោសថសីល មានការពន្យល់ក្បោះក្បាយនៅក្នុងសៀវភៅ “គិហិបដិបត្តិ” នៅក្នុងទីនេះសូមលើកយកតែគោល និងអង្គនៃសិក្ខាបទមកចែកជូនតែប៉ុណ្ណោះ។ គោលនិងអង្គនៃសិក្ខាបទមួយចំនួនដូចគ្នានឹងសីល៥ដែរ សូមពិនិត្យនឹងសង្កេតតាមសិក្ខាបទនានាដូចខាងក្រោមនេះ ៖ ១-បាណាតិបាត វេរមណី វៀរចាកការសម្លាប់សត្វ ។ ◊ បាណាតិបាត មានអង្គ៥ គឺ៖ ១-បាណោ សត្វមានជីវិត ២-បាណសញ្ញិតា សេចក្ដីដឹងថា សត្វមានជីវិត ៣-វធកចិត្ដំ ចិត្ដគិតនឹងសម្លាប់ ៤-ឧបក្កមោ ព្យាយាមនឹងសម្លាប់ ៥-តេនមរណំ សត្វស្លាប់ដោយការព្យាយាមនោះ ![]() ២-អទិន្នាទានា វេរមណី វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយ ឬ ដោយវាចា (វៀរចាកលួចទ្រព្យគេ)។ ◊ អទិន្នាទាន មានអង្គ៥ គឺ៖ ១-បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។ ២-បរបរិគ្គហិតសញ្ញិតា សេចក្ដីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។ ៣-ថេយ្យចិត្ដំ ចិត្ដគិតនឹងលួច។ ៤-ឧបក្កមោ ព្យាយាមនឹងលួច។ ៥-តេនហរណំ លួចបានមកដោយការព្យាយាមនោះ។ ៣- អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។ ◊ អព្រហ្មចរិយា មានអង្គ ៤ ១ – ភេទនវត្ថុ វត្ថុជាទីទម្លាយនូវសីល គឺទ្វារទាំង ៣០ ចំពោះត្រង់ទ្វារណាមួយ។ ២ – សេវនចិត្តំ គិតនឹងសេព។ ៣ – តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។ ៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។ ៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក។ ◊ មុសាវាទ មានអង្គ៤ គឺ៖ ១-អតថំវត្ថុ វត្ថុមិនពិត។ ២-វិសំវាទនចិត្ដំ ចិត្ដគិតនឹងពោលឲ្យខុស។ ៣-តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។ ៤-បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ។ ![]() ៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។ ◊ សុរាមេរយៈ មានអង្គ៤ គឺ៖ ១-មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹង គឺសុរា និងមេរ័យ។ ២-បាតុកម្យតាចិត្ដំ ចិត្ដគិតបម្រុងនឹងផឹក។ ៣-តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។ ៤-តស្សបានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។ ៦-វិកាលភោជនា វេរមណី វៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។ ◊ វិកាលភោជន មានអង្គ ៣ ១ – វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់អរុណរះ។ ២ -យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើងដរាបដល់ថៃ្ងត្រង់។ ៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។ ៧-និច្ចគីតវាទិតវិសូកទស្សនមាលាគន្ធ វិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី វៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលល្បែងដែលជាសត្រូវដល់កុសលធម៌ និងករិយាទ្រទ្រង់និងប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។ ◊ នច្ចគីតព្រមទាំង មាលារួមជាសិក្ខាបទមួយ មានអង្គ ៦ ១-នច្ចគីតាទិ ការលែ្បងមានរាំ និងច្រៀងជាដើម។ ២ -កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ ។ ៣ -សុតទស្សនត្ថាយគមនំ ទៅដើម្បីស្តាប់ ឬមើល ហើយបានស្តាប់ឬមើល។ ៤ – មាលាទិ វត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម ។ ៥ -ធារណច្ឆន្ទតា សេចក្តីប្រាថ្នា នឹងប្រដាប់តាក់តែង។ ៦-តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ។ ![]() ៨-ឧច្ចាសយនមហាសយនា វេរមណី វៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។ ◊ ឧច្ចាសយន មានអង្គ ៣ ១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។ ២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។ ៣-បរិភោគករណំ បានដេក ឬ អង្គុយ។ កាលបើឧបាសកឧបាសិកា ប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយអង្គក្នុងសិក្ខាបទ នោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះ ក៏មិនបានឈ្មោះថាកន្លងនូវសិក្ខាបទនោះទេ។ ប្រភព ដោយ ៥០០០ឆ្នាំ |