អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៩៣៣ ដង)
រឿងសេដ្ឋីបុត្រ

|
រឿងសេដ្ឋីបុត្រ
( ចាក ម. អ. ) ( គុណនៃការពោលពាក្យពិតទៀងត្រង់ ) កាលយូរលង់ណាស់មកហើយ មានសេដ្ឋីបុត្រ ៣នាក់នៅក្នុងក្រុងពារាណសី ។ ជូនជាក្នុងនគរនោះមានស្រះមួយដ៏ពោរពេញទៅដោយផ្កាឈូកក្រហម ស រីកស្គុះស្គាយគួរជាទីមនោរម្យក្រៃពេក តែមានបុរសកំបុតច្រមុះម្នាក់ជានាក់ថែរក្សា ។
ថ្ងៃមូយសេដ្ឋីបុត្រទាំង ៣ នាក់នោះចងប្រដាប់កាយដោយកម្រងផ្កាហើយ ក៏ចូលទៅរកបុរសកំបុតច្រមុះហើយគិតថា យើងនឹងពោលនូវគុណ របស់បុរសកំបុតច្រមុះនោះដោយពាក្យមិនពិត ហើយនិយាយសុំផ្ការៀងៗខ្លួន ។ សេដ្ឋីបុត្រទី ១ ពោលសុំដោយបទជាគាថា ថា ៖ យថា កេសា ច មស្សុ ច ឆិន្មំ ឆិន្មំ វិរូហតិ ឯវំ រូហតុ តេ នាសា បទុមំ ទេហិ យាចិតោ ។
សក់និងពុកមាត់ ដែលគេកាត់កោរហើយរមែងដុះវិញ យ៉ាងណាច្រមុះអ្នកក៏ដុះវិញយ៉ាងនោះ ចូរឲ្យផ្កាឈូកដល់ខ្ញុំ ។ សេដ្ឋីបុត្រទី ២ ពោលថា ៖ យថា សារទិកំ ពីជំ ខេត្តេ វុត្តំ វិរូហតិ ឯវំ រូហតុ តេ នាសា បទុមំ ទេហិ យាចិតោ ។
ពូជដុះក្នុងសរទកាល ដែលគេព្រោះក្នុងស្រែយ៉ាងណា ច្រមុះអ្នកក៏ដុះយ៉ាងនោះដែរ ចូរឲ្យផ្កាឈូកមកខ្ញុំ ។ ឯសេដ្ឋីបុត្រទី ៣ ពោលថា ៖ ឧភោបិ បលបន្តេតេ អបិ បទ្មានិ ទស្សតិ វជ្ជុំ វា តេ ន វា វជ្ជុំ នត្ថិ នាសាយ រូហនា
ទហិ សម្ម បទុមានិ ត្វំបិ មេ តស្ស យាចិតោ ។
សេដ្ឋីបុត្រទាំងពីរនោះ ពោលព្រោះចង់បញ្ចេះដើម្បីធ្វើឲ្យអ្នកឲ្យផ្កាឈូក តាមការពិតសេដ្ឋីបុត្រនោះពោលក្តី មិនពោលក្តី ធម្មតាច្រមុះមិនល្បីថាដុះវិញឡើយ ម្នាលសំឡាញ់ខ្ញុំសុំផ្កាអ្នក ចូរអ្នកឲ្យផ្កាដល់ខ្ញុំ ។ បុរសកំបុតច្រមុះឮពាក្យនេះហើយពោលតបថា សេដ្ឋីបុត្រទាំងពីរនាក់នេះពោលមុសារវាទ រកការពិតគ្មាន ឯសេដ្ឋីបុត្រទី៣ ពោលតាមពិត ខ្ញុំនឹងឲ្យផ្កាដល់សេដ្ឋីបុត្រទី ៣ ហើយហុចឲ្យនូវបាច់ផ្កាដល់ធំ ដល់សេដ្ឋីបុត្រទី៣នោះ ។ ( ព្រះមហា សំ សុខ និសិ្សតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |